កុមារ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ភាគច្រើន​បាន​បោះបង់​ការ​សិក្សា​ដោយសារ​ជីវភាព​ក្រីក្រ

ដោយ ជី វិតា
2018.10.29
Share on WhatsApp
Share on WhatsApp
fishing_net_305 មង​នេសាទ​ដែល​ច្បាប់​ហាម ត្រូវ​អ្នក​នេសាទ​នៅ​តំបន់​ចុងឃ្នាស បឹង​ទន្លេសាប​ប្រើ នៅ​ថ្ងៃ​ទី ២១ ធ្នូ ២០១១។
RFA

កុមារ​​​រស់​នៅ​ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​បឹងទន្លេសាប​ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ជា​ច្រើន​រយ​នាក់​​ បាន​បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង។ មូលហេតុសំខាន់​ដែលបង្ខំ​ឲ្យ​កុមារ​បោះបង់​ការសិក្សា​​នេះ​ ដោយសារ​តែ​ឪពុក​ម្ដាយ​មាន​ជីវភាព​ក្រីក្រ ហើយ​កុមារ​មួយ​ចំនួន​បាន​​ធ្វើ​ចំណាក​ស្រុក​ទៅ​​​ជា​មួយ​ឪពុកម្ដាយ និង​មួយ​ចំនួន​រវល់​​ជួយ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ក្នុង​​គ្រួសារ និង​ខ្វះ​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន។

ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​ស្រុក​ឯកភ្នំ​លើក​ឡើង​ថា​ កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ពួកគាត់​ក្រី​ក្រ​ ដោយសារតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ធនធាន​ជលផល​ថយ​ចុះ​ ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​រក​ចំណូល​បាន​ដូច​ពេល​មុន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្បាល​តោល​ឃុំ​កោះ​ជីវាំង​ អ្នក​ស្រី ម៉ៅ សារ៉េត រៀប​រាប​ថា អ្នក​ស្រី​មាន​ដើម​កំណើត​ជា​កូន​អ្នក​នេសាទ​នៅ​មាត់​បឹង​ទន្លេសាប​តាំង​ពី​ឆ្នាំ​១៩៧៩ មក ដោយ​មិន​មាន​មុខ​របរ​​ផ្សេង​ក្រៅ​ពី​ការ​ធ្វើ​នេសាទ​នោះ​ឡើយ ហើយ​របរ​មួយ​នេះ​ហត់នឿយ និង​មិនមាន​សម្រស់​ស្រស់​ស្អាត​ដូច​អ្នក​រស់​នៅ​ទីក្រុង​នោះ​ទេ​ ប៉ុន្តែ​ដោយសារ​​គ្មាន​ជម្រើស​ព្រោះ​​គ្រួសារ​ក្រីក្រ​​​រៀន​សូត្រ​បាន​តិចតួច​ ដូច្នេះ​មិន​អាច​ទៅ​ស្វែង​រក​ការងារ​នៅ​ទីក្រុង​បានឡើយ។ អ្នក​ស្រី​បន្ថែម​ទៀត​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ជីវភាព​គ្រួសារ​របស់​អ្នក​ស្រី​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​កាន់​ក្រីក្រ​ទៅ​ ពី​ព្រោះ​ការ​ធ្វើ​នេសាទ​មិន​សូវ​បាន​ប្រាក់​ចំណូល​ដូច​កាល​ពី​ជំនាន់​ក្នុងទសវត្ស​ឆ្នាំ១៩៩០​នោះ​ទេ ដោយ​សព្វ​ថ្ងៃ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ ៣ម៉ឹន​រៀល (៣០,០០០) ​ក្នុង​មួយ​គ្រួសារ។ អ្នក​ស្រី​ថា​ថវិកា​ចំនួន​នេះ​មិន​គ្រប់​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ ព្រោះ​ទំនិញ​ថ្លៃ ហើយ​ពួក​គាត់​ត្រូវ​ចំណាយ​ទៅ​លើ​អង្ករ​ដាំបាយ​ហូប បន្លែ​ផ្លែឈើ​ ថ្លៃ​សាំ​ចាក់​កាណូត​សម្រាប់​ធ្វើ​នេសាទ និង​សម្រាប់​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ព្រោះ​ពួក​គាត់​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​មិន​អាច​ធ្វើ​ដំណើរ​ដោយ​កង់​ ឬ​ម៉ូតូ ឬ​មធ្យោបាយ​ផ្សេង​បាន​ឡើយ៖ «ប្រាក់​ ៣ម៉ឺន​នឹង​ពេល​ដែល​លក់​បាន​លុយ​ហើយ​មាន​មន្ត្រី​ពាក់ព័ន្ធ​គេ​មក​គោះ​យក​លុយ​ពី​យើង​ខ្លះ​ទៅ​ បង់​ឈ្មួញ​ដែល​យើង​ខ្ចី​ប្រាក់​គេ​មុន​នោះ​ខ្លះ​ទៅ​ ហើយ​ត្រី​នៅ​បឹង​ទន្លេសាប​មួយ​គីឡូក្រាម​តែ​ ៣០០​រៀល​ទេ។ ដូច្នេះ​ខ្ញុំ​រក​មួយ​ថ្ងៃ​បាន​ ១០០​គីឡូក្រាម​ប៉ុណ្ណោះ​ឯង ហើយ​អង្ករ​ ៥០​គីឡូក្រាម​ដល់​ទៅ ​១៦ម៉ឺន​រៀល​មាន​អី​សល់»

អ្នក​ស្រី​បន្ត​ទៀត​ថា​ ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ជា​កត្តា​ចម្បង​ ដែល​ធ្វើ​ឲ្យ​ត្រី​នៅ​តំបន់​បឹង​ទន្លេសាប​​ហិនហោច ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ធនធាន​ជលផល​កាន់​តែ​ថយ​ចុះ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពួកគាត់​រស់​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​មិន​អាច​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​បាន។ ម្យ៉ាង​ទៀត​បាន​ជំរុញ​ឲ្យ​កុមារ​ជា​ច្រើន​បោះបង់​ការ​សិក្សា​ ដោយសារ​ទៅ​ធ្វើ​ចំណាក​ស្រុក​ជា​មួយ​ឪពុក​ម្ដាយ​ផង ​និង​មួយ​ចំនួន​ទៀត​​បង្ខំ​ឲ្យ​កូន​ឈប់​រៀន​ទាំង​នៅ​វ័យ​កុមារ ដើម្បី​ឲ្យ​ពួកគេ​បាន​នៅ​​ជួយ​ធ្វើ​ការ​ងារ​នេសាទ​ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៖ «តាំង​ពី​ជំនាន់​ម៉ែ​ខ្ញុំ​មក​គាត់​ថា​ មិន​ដែល​មាន​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​ចេះ​តែ​រក​បាន​ត្រី​លក់​សម្រាប់​ម៉ា​គ្រប់​ជីវភាព​ទៅ​ ហើយ​កូន​ចៅ​ក៏​មិន​មាន​ទៅ​ធ្វើ​ចំណាក​ស្រុក​ដែរ ហើយ​អ្នក​ទន្លេ​កូន​តែ​ដាច់​រៀន​ស្រេច​ហើយ​ អ្នក​បាន​រៀន​ទេ អ្នក​ខ្លះ​អត់​ទូក​ក៏​មាន​​ ខ្លះ​ដល់​ថ្នាក់​យក​កូន​អាយុ​ ១៣​ឆ្នាំ​ទៅ​ឲ្យ​ស៊ីឈ្នួល​គេ​ទៀត​ផង​ ហើយ​ម្ដាយ​គ្នា​តូច​ចិត្ត​ត្រង់​ថា​ មិន​ដឹង​ធ្វើ​ម៉េច ​បើ​ជីវភាព​អត់​ខ្លាំង បើ​មិន​ជួយ​ម្ដាយ។ វា​អាណិត​ណាស់​ហើយ​កូន​នោះ​ ប៉ុន្តែ​ខ្លួន​វា​អត់»

ពលរដ្ឋ​រូប​បន្ត​ថា​ តាំង​ពី​កើត​មក​មិន​មាន​សម័យ​ណា​លំបាក​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ ព្រោះ​ជីវភាព​ពួកគាត់​កាន់​តែ​ក្រីក្រ ហើយ​អ្នក​ស្រុក​ជំពាក់​ធនាគារ​វ័ណ្ឌ​ក ព្រោះ​ខ្ចី​ប្រាក់​គេ​យក​មក​ទិញ​ឧបករណ៍​នេសាទ​ សម្រាប់​ធ្វើ​នេសាទ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ ហើយ​អ្នក​ខ្លះ​រក​ប្រាក់​ធនាគារ​មិន​បាន​ក៏​រត់​ចោល​ស្រុក​ក៏​មាន​ដែរ។

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ក្បាល​តោល​ម្នាក់​ទៀត​ លោក អ៊ន អឿន ថ្លែង​អះអាង​ថា អ្នក​ដែល​ធ្វើ​នេសាទ​ខុស​ច្បាប់​ភាគ​ច្រើន​ជា​ជាតិ​វៀតណាម​ ចំណែក​ពលរដ្ឋ​ខ្មែរ​ប្រមាណ ​៩០​ភាគ​រយ​រស់​នៅ​ភូមិ​ក្បាល​តោល​មិន​មាន​លទ្ធភាព​ទិញ​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ​ដូច​ជនជាតិ​វៀតណាម​នោះ​ទេ ដោយ​​ជន​បរទេស​ទាំង​នោះ​គេ​មាន​ថវិកា​ច្រើន​ ហើយ​នាំ​គ្នា​នេសាទ​ផ្ទៃ​បឹង​ទន្លេសាប​ ចំណែក​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ នៅ​តាម​ព្រៃ​រនាម​ ដើម្បី​រស់​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ៖ «ចំពោះ​អ្នក​ដែល​នេសាទ​មិន​ហើយ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ធ្វើ​ចំណាក​ស្រុក​នៅ​សល់​តែ​អ្នក​មាន​ដែល​គេ​មាន​លទ្ធភាព​ក៏​នៅ​ក្នុង​ភូមិ​ទៅ។ ម្យ៉ាង​អ្នក​ខ្លះ​អត់​បាន​ឲ្យ​កូន​ទៅ​រៀន​ទេ​ យក​កូន​ទៅ​ស៊ីឈ្នួល​គេ​ខាន​បាន​រៀន​ អាយុ​១០​ ៧ និង ​៨​ឆ្នាំ​អី​ ក៏​ចេះ​តែ​យក​ទៅ​ឲ្យ​ស៊ីឈ្នួល​គេ​ទៅ​ ហើយ​យក​លុយ​មក​ដោះស្រាយ​ គឺ​អត់​បាន​រៀន​ភាគ​ច្រើន»

លោក​បន្ថែម​ថា​ សព្វ​ថ្ងៃ​ចំនួន​កុមារ​ដែល​បង់​ការ​សិក្សា​ដោយសារ​ជីវភាព​ក្រី​ក្រ​កើត​មាន​​កាន់​តែ​ច្រើន ក្នុង​នោះ​អ្នក​ភូមិ​នៅ​តំបន់ ​ដែល​លោក​រស់​នៅ​​មិន​តិច​ជាង​ ៧០​ភាគ​រយ​ទេ ដែល​បាន​ឲ្យ​កូន​ឈប់​រៀន​ដើម្បី​ការងារ​គ្រួសារ​ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​តាម​ឪពុកម្ដាយ​នោះ។

ប៉ុន្តែ​​​​​​​អនុប្រធាន​ភូមិ​ក្បាល​តោល​ ក្នុង​ខេត្ត​បាត់ដំបង លោក ឡេង ខេង មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មាន​សរុប​ជិត ​៨០០​គ្រួសារ​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ជាង​ ២០០​គ្រួសារ​ ហើយ​ពួក​គេ​ប្រកប​របរ​ធ្វើ​នេសាទ​នៅ​បឹង​ទន្លេសាប។ លោក​អះអាង​ថា​ ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​មាន​ប្រមាណ​ ៣០​ភាគ​រយ​ប៉ុណ្ណោះ​ ចំណែក​កុមារ​តូចៗ ​វិញ​ មាន​ប្រមាណ​ពី​ ៣០​ទៅ​ ៤០​ភាគ​រយ​ ដែល​មិន​បាន​ចូល​សាលា​ ឬ​អ្នក​ដែល​បាន​ចុះឈ្មោះ​រៀន​ហើយ​ តែ​បាន​បោះបង់​ការ​សិក្សា​ដោយសារ​ជីវភាព​ក្រីក្រ៖ «ជា​ពិសេស​ការ​ឈប់​រៀន​ភាគ​ច្រើន​គឺ​អ្នកធ្វើ​នេសាទ​នេះ​ច្រើន​តែ​ឲ្យ​កូន​នៅ​ជួយ​ដាក់​មង​​រក​ត្រី និង​ជួយ​ការងារ​ផ្ទះ​ ហើយ​គ្នា​វា​ខ្វះ​ខាត​ទៅ​ទុក​កូន​ឲ្យ​ជួយ​ធ្វើ​ការ​ងារ​ ជួន​កាល​បាន​រៀន​ខ្លះ​អត់​បាន​រៀន​ខ្លះ​ទៅ​វា​ពាក់ព័ន្ធ​ជីវភាព​តែ​ម្ដង»

ចំណែក​ពលរដ្ឋ​​នៅ​ឃុំ​កោះ​ជីវាំង​ម្នាក់​ទៀត​លោក ជា សារិន ដែល​អះអាង​ថា ​លោក​ជា​សមាជិក​គណៈកម្មការ​អនុវិទ្យាល័យ​កោះ​ជីវាំង ថ្លែង​ថា កុមារ​ដែល​បាន​បោះបង់​ការ​សិក្សា​ក្នុង​​ឃុំ​កោះជីវាំង​ក្នុង​ឆ្នាំ​២០១៧ ​និង​២០១៨​ មាន​ចំនួន​ ១២​ភាគរយ​ហើយ។ លោក​បន្ថែម​ទៀត​ថា ចំនួន​នេះ​គ្រូប​ង្រៀន​បាន​សម្ដែង​ក្ដី​កង្វល់​ខ្លាច​ទៅ​ថ្ងៃ​អនាគត​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ជួប​គ្រោះ​មិន​ចេះ​អក្សរ៖ «រឿង​នេះ​ពេល​ណា​គេ​ប្រជុំ​ប្រចាំខែ​ជួន​កាល​ប្រចាំ​អី​គេ​សរុប​ទៅ​ គឺ​សិក្សា​រៀន​ថ្នាក់​បឋម​ឈប់​ច្រើន​ជាង​ តែ​បើ​អនុវិទ្យាល័យ​ឈប់​តែ​ពេល​ប្រឡង​ឌីប្លូម​​រួច​ ហើយ​ភាគ​ច្រើន​ឈប់​នេះ​ដោយសារ​ជីវភាព​ជា​ពិសេស​កូន​ស្រី​ឈប់​ច្រើន»

ប៉ុន្តែ​អភិបាល​ស្រុក​ឯកភ្នំ​លោក​ ម៉ិល សុផល​ មាន​ប្រសាសន៍​ថា​ សព្វ​ថ្ងៃ​មិនសូវ​មាន​កុមារ​បោះបង់​ការ​សិក្សា​ដូច​ការ​លើក​ឡើង​នេះ​ទេ។ លោក​អះអាង​ថា​ ចំនួន​អ្នក​បោះបង់​ការ​សិក្សា​ដោយសារ​តែ​បញ្ហា​ជីវភាព​ក្រីក្រ​នេះ​ មាន​ប្រមាណ​​ ៨​ភាគរយ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​បវេសនកាល​ក្នុង​​ឆ្នាំ​២០១៨​នេះ​ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ ដែរ ព្រោះ​មាន​សាលារៀន​គ្រប់​ភូមិ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន៖ «បាទ! ដោយសារ​ភាព​អត់ឃ្លាន​របស់​ពលរដ្ឋ​ជូន​កាល​មិន​មាន​ទូក​មក​រៀន​ដោយសារ​ទូក​ឪពុក​ម្ដាយ​ខំ​ចូល​ព្រៃ​រក​ត្រី​​ ហើយ​ទន្លេសាប​នេះ​ពោរពេញ​ទៅ​ដោយ​ការ​នេសាទ​រដូវ​ទឹក​សម្រក»

ប៉ុន្តែ​តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន លើក​ឡើង​ថា ការ​សិក្សា​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ជួប​ការ​លំបាក​រឿង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន ព្រោះ​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក​ ឬ​កាណូត ហើយ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ថ្ម​ជើង ​ឬ​ដោយ​មធ្យោបាយ​ផ្សេង​បាន​​ឡើយ។ លោក​បន្ថែម​ទៀត​ថា​ បញ្ហា​ជីវភាព​ក្រី​ក្រ​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ​ហើយ​ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​កុមារ​មួយ​ចំនួន​ត្រូវ​បោះបង់​ការ​សិក្សា ហើយ​បញ្ហា​នេះ​រដ្ឋអំណាច​មិន​ទាន់​ដោះស្រាយ​ជូន​ពួកគាត់​បាន​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ឃើញ​ថា​បញ្ហា​នេះ​មិន​ត្រឹមតែ​ក្បាល​តោល​ទេ​នៅ​ភូមិ​ផ្សេង​ក៏​គាត់​ជួប​ការ​លំបាក​ដែរ​ការ​បង្រៀន​របស់​គ្រួ​ទៅ​បង្រៀន​ក៏​មិន​បាន​ទៀងទាត់​ ហើយ​មួយ​ទៀត​កន្លែង​វា​ឆ្ងាយ​រួច​គាត់​ទៅ​តាម​ឪពុក​ម្ដាយ​រក​នេសាទ​អីចឹង​ទៅ​មាន​ត្រូវ​ការ​មក​រៀន​ទាន់​ណា​ មាន​អី​មក​រៀន​បើ​ទូក​មាន​តែ​មួយ​នោះ»

លោក​ហ៊ុត ហាន​ បន្ត​ទៀត​ថា ឃុំ​ព្រៃចាស់​ និង​ឃុំ​កោះ​ជីវាំង​ ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ ៣ពាន់​គ្រួសារ ពឹង​ផ្អែក​ទាំង​ស្រុង​​ទៅ​លើ​របរ​ធ្វើ​នេសាទ​ ព្រោះ​ពួក​គាត់​គ្មាន​ដី​ស្រែ​ដី​ចម្ការ ដូច​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ឡើយ។ លោក​ថា ឆ្នាំ​ណា​សម្បូរ​ត្រី​ជីវភាព​របស់​ពួក​គាត់​ក៏​ប្រសើរ​ឡើង​បន្តិច ប៉ុន្តែ​ប្រមាណ​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​បរិមាណ​ត្រី​បាន​​ថយ​ចុះ​ខ្លាំង ទើប​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ក្រីក្រ​ ហើយ​អ្នក​ដែល​ខ្ចី​ប្រាក់​ពី​​ធនាគារ​​ ដើម្បី​យក​ធ្វើ​របរ​ដោះ​ស្រាយ​ជីវភាព​ មាន​កាន់​តែ​ច្រើន​ឡើង។ បញ្ហា​នេះ​ប្រសិន​បើ​រដ្ឋអំណាច​របប​លោក​ ហ៊ុន សែន​ មិន​ដោះ​ស្រាយ​បំបាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ទេ​នោះ នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់​តែ​ក្រីក្រ​ថែម​ទៀត​ ហើយ​ចំនួន​កុមារ​ដែល​បោះបង់​ការ​សិក្សា​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ដែល​​​បឹង​បង្ក​ជា​បញ្ហា​នៅ​ក្នុង​សង្គម​ទៅ​ថ្ងៃ​អនាគត ដោយ​សារ​គ្រោះ​មិន​ចេះ​អក្សរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។