អាជ្ញាធរជាតិអប្សរាអះអាងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គាខប (Naga Corp) លើផ្ទៃដីជិត១០០ហិកតារ ក្នុងខេត្តសៀមរាបនោះ មិនប៉ះពាល់តំបន់ការពារក្នុងឧទ្យានជាតិអង្គរនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីសង្គមសស៊ីវិល និងពលរដ្ឋមួយចំនួន ព្រួយបារម្ភថា គម្រោងវិនិយោគខ្នាតធំមួយនេះ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្តដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៅកម្ពុជា។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់អាស៊ីសេរីថា ទីតាំងដែលក្រុមហ៊ុនណាហ្គា ខបគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នោះ គឺស្ថិតនៅខាងក្រៅតំបន់ឧទ្យានជាតិអង្គរ ហើយដីតំបន់នោះ គឺរដ្ឋាភិបាល បានរក្សាទុកជាច្រើនឆ្នាំមកហើយ សម្រាប់ចាត់ចែងការអភិវឌ្ឍន៍ផ្នែកវិស័យទេសចរណ៍។ លោក ឡុង កុសស ឆ្លើយតបថា ការបារម្ភនិងការរិះគន់កន្លងមក ធ្វើឡើងដោយគ្មានមូលដ្ឋាន និងខ្វះការយល់ដឹងអំពីគោលបំណងរបស់ក្រុមហ៊ុនណាហ្គាខប៖ «ដូចជាឆ្នាំ៩០ជាង គឺរដ្ឋាភិបាល បានរក្សាទុកផ្ទៃដី ដែលគេហៅថា ផ្ទៃដីតំបន់ទេសចរណ៍វប្បធម៌ ដែលមានផ្ទៃជាង១ពាន់ហិកតារ ដូច្នេះគម្រោងនេះ គឺស្ថិតនៅក្នុងបរិវេណដីដែលគេរក្សាទុក សម្រាប់កិច្ចការអភិវឌ្ឍន៍ខាងផ្នែកវិស័យទេសចរណ៍នេះឯង។ នេះគឺជាទស្សនវិស័យរបស់រដ្ឋាភិបាល ដែលរៀបចំអាហ្នឹងតាំងពីយូរណាស់មកហើយ វាមិនមែនជាទីតាំងដែលទើបតែនឹកឃើញទេ។ ដូច្នេះហើយទើបខ្ញុំអះអាងហើយអះអាងទៀតថា វាអត់មានប៉ះពាល់ដល់ តំបន់ការពារបេតិកភណ្ឌពិភពលោកទេ»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ អះអាងបន្តថា អាជ្ញាធរជំនាញពាក់ព័ន្ធបានត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនណាហ្គាខបនេះយ៉ាងហ្មត់ចត់ ដូច្នេះមិនមានផលប៉ះពាល់ដល់វប្បធម៌ និងប្រាសាទបុរាណនោះទេ ហើយក៏គ្មានការបើកល្បែងស៊ីសងអ្វីដែរ។ លោករំពឹងថា គម្រោងអភិវឌ្ឍន៍នេះ នឹងជួយកម្ពស់វិស័យទេសចរណ៍ប្រវត្តិសាស្ត្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុនណាហ្គាខប ដែលជាក្រុមហ៊ុនធំនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើល៍ (Naga World) បានប្រកាសកាលពីថ្ងៃទី១៥ វិច្ឆិកា ថា គម្រោងវិនិយោគរមណីយដ្ឋានក្នុងទឹកដីខេត្តសៀមរាប មានទឹកប្រាក់ជំហានដំបូងក្នុងតម្លៃ ៣៥០លានដុល្លារអាមេរិក។ គម្រោងវិនិយោគខ្នាតធំនេះ ក្រុមហ៊ុនបានជួលដីពីរដ្ឋាភិបាលមានទំហំ ៧៥ហិកតារ មានចម្ងាយ ៥រយ (៥០០) ម៉ែត្រ ពីឧទ្យានជាតិអង្គរ។ បច្ចុប្បន្នដីតំបន់នោះ គ្រប់គ្រងដោយអាជ្ញាធរអប្សរា។ គម្រោងអភិវឌ្ឍន៍នេះ រួមមានសណ្ឋាគារផ្កាយប្រាំ កន្លែងជិះក្តារលើទឹក សួនទឹកខ្នាតធំ សួនបុប្ផាចម្រុះពណ៌ ឧទ្យានវប្បធម៌បែបប្រវត្តិសាស្ត្រ និងទីក្រុងសៀមរាប ឆៃណាថោន (Siem Reap China Town) ដែលក្រុមហ៊ុនដាក់ឈ្មោះជារួមថា «Angkor Lake of Wonder» ។ រដ្ឋាភិបាលកម្ពុជាបានសម្រេចជួលឲ្យក្រុមហ៊ុន រយៈពេល៥០ឆ្នាំគិត ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០៧០ ក្នុងតម្លៃ ៤សែន ៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយដំឡើងថ្លៃ ៥ភាគរយ នៅឆ្នាំបន្ទាប់។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នេះ មិនបានប្រឆាំងជាមួយនឹងគោលការណ៍គ្រប់គ្រងតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នោះទេ ដោយសារនៅទីតាំងផ្សេងគ្នា។ លោកអះអាងជាថ្មីថា ការអភិវឌ្ឍន៍នៅតំបន់នោះ គឺជាការបង្កើតកន្លែងកម្សាន្តបែបសិប្បនិម្មិត ដោយមិនមែនជាកន្លែងកាស៊ីណូ នោះទេ។ លោកយល់ថា គម្រោងវិនិយោគនេះ នឹងផ្ដល់ការងារឱ្យពលរដ្ឋខ្មែរ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយនឹងជួយផ្តល់ចំណូលដល់រដ្ឋាភិបាលខ្មែរ។
ចំពោះសំណួរដែលថា ហេតុអ្វីបានជាគម្រោងវិនិយោគខ្នាតធំក្នុងវិស័យទេសចរណ៍នេះត្រូវធ្វើនៅខេត្តសៀមរាប ដែលជាតំបន់មានសក្ដានុពលទេសចរណ៍ស្រាប់ទៅហើយនោះ លោក ផៃ ស៊ីផាន ឆ្លើយតបថា ដោយសារទីតាំងនោះមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច។ លោកថា រដ្ឋាភិបាលនឹងប្រឹងប្រែងពង្រីកគម្រោងវិនិយោគវិស័យទេសចរណ៍ទៅតាមខេត្តដទៃទៀតជាជំហានៗ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះអះអាងថា ប្រសិនបើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនណាហ្គាខបនេះ មានករណីរំលោភសិទ្ធិការងារ ឬធ្វើឲ្យប៉ះពាល់ដល់វប្បធម៌កម្ពុជា គឺរដ្ឋាភិបាល នឹងចាត់វិធានការភ្លាម៖ «រដ្ឋាភិបាល មិនមែននឹកឃើញអីធ្វើអ៊ីចឹងទេ គេមានរបៀបរបស់គេ ។ ទី១ ដូចខ្ញុំថា អាជ្ញាធរជាតិអប្សរា ជាអ្នកថែរក្សាតំបន់វប្បធម៌ ដោយសារមានចុះកិច្ចព្រមព្រៀងជាមួយនឹងយូណេស្កូ ហើយគេមានផែនទីភូមិសាស្ត្ររបស់គេត្រឹមត្រូវ។ ទី២ សួរថា ហេតុដូចម្ដេច បានយើងឲ្យក្រុមហ៊ុនទៅធ្វើកន្លែងនោះ ដោយខេត្តសៀមរាប មានសក្ដានុពលផ្នែកទេសចរវប្បធម៌ តែអានេះផ្សេងពីលើទេសចរវប្បធម៌ទេណា គឺកម្សាន្តតើ។ ក្រៅពីទៅមើលប្រាង្គប្រាសាទ គឺមានកូនគាត់មានបង ប្អូនគាត់ទៅជាមួយផង អាចឈានចូលទៅមើលកន្លែងសិប្បនិម្មិតនោះ»។
អង្គការយូណេស្កូបានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូល ព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរ ដែលមានទំហំប្រមាណជាង ៤០០គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅខែធ្នូ ឆ្នាំ១៩៩២។ ប្រាសាទបុរាណនេះ រកចំណូលឲ្យកម្ពុជា បានរាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនា។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក ដូច្នេះរាល់ការវិនិយោគ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ និងអនុលោមទៅតាមគោលការណ៍របស់អង្គការយូណេស្កូ។ អ្នកស្រី ស្វាគមន៍ប្រសិនបើគម្រោង វិនិយោគមួយនេះ មិនបានបំពានគោលការណ៍អង្គការយូណេស្កូ ប៉ុន្តែប្រសិនបើមិនបានអនុលោមទេ គឺត្រូវពិនិត្យឲ្យបានដិតដល់ឡើងវិញ ព្រោះថា តំបន់អង្គរវត្ត ត្រូវបានអភិរក្ស និងធានានូវសោភ័ណភាព ព្រមទាំងរក្សានូវគុណតម្លៃនៃទីក្រុងបុរាណមួយនេះផងដែរ៖ «យើងដឹងហើយថា ណាហ្គា នេះគឺការវិនិយោគរបស់គាត់នេះពាក់ព័ន្ធនឹងកាស៊ីណូ អីជាដើម ដូច្នេះយើងមិនដឹងថា ទោះបីមានការធានា អ៊ីចឹងមែន តែទៅមុខវានឹងមាន ការពង្រីកវិសាលភាពយ៉ាងម៉េច។ វាជារឿងមួយដែលអាជ្ញាធរថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ត្រូវធានាថា រាល់ការវិនិយោគនេះ មិនមែនផ្តោតតែទិសដៅសេដ្ឋកិច្ចមួយមុខទេ តែការអភិវឌ្ឍន៍នេះ ត្រូវធានានូវចិរភាព និងរក្សាគុណតម្លៃសង្គមផងដែរ»។
អ្នកស្រី ចក់ សុភាព បន្តថា រដ្ឋាភិបាល ក៏ត្រូវធានាថា ក្រុមហ៊ុនណាហ្គាខបនេះ គោរពគោលការណ៍ សិទ្ធិមនុស្សផងដែរ ព្រោះថា កន្លងមក សាខារបស់ក្រុមហ៊ុនណាហ្គាខប គឺក្រុមហ៊ុនណាហ្គាវើលដ៍ ធ្លាប់មានការចោទប្រកាន់ថា រំលោភសិទ្ធិការងារកម្មករ និងសហជីព។ អ្នកស្រីយល់ថា ប្រសិនបើរដ្ឋាភិបាល មិនអាចធានានូវគោលការណ៍ទាំងនេះទេ គឺនឹងមានសំណួរចោទឡើងថា តើការទាក់ទាញវិនិយោគទុនទាំងនេះ រដ្ឋាភិបាល កំពុងឲ្យតម្លៃលើផលប្រយោជន៍សម្រាប់សង្គម និងពលរដ្ឋ ឬគ្រាន់តែផ្ដល់ផលប្រយោជន៍សម្រាប់ក្រុមហ៊ុនតែម្យ៉ាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។