កម្មកររោងចក្រហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co.ltd) ជិត ១.០០០នាក់ នៅខេត្តតាកែវ នាំគ្នាបន្តការតវ៉ា នៅមុខរោងចក្រ ទាមទារឲ្យមានដំណោះស្រាយ ករណីថៅកែរត់ចោលកម្មករ ដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ការងារ។
កម្មការិនីផ្នែកដេរ លោកស្រី ម៉ៅ សារ៉ន ឲ្យដឹងថា កម្មករចាប់ផ្ដើមតវ៉ា នៅថ្ងៃទី៩ កញ្ញា ហើយនៅថ្ងៃទី១០ កញ្ញា មន្ត្រីក្រសួងការងារ ចុះទៅអន្តរាគមន៍ ដោយខាងក្រសួង បានផ្ដល់ជម្រើស ២ ឲ្យកម្មករ គឺជម្រើសតវ៉ាតាមផ្លូវតុលាការ ដោយឲ្យកម្មករដាក់ពាក្យប្ដឹងទៅតុលាការ ឬជ្រើសយកការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺដាក់ពាក្យស្នើសុំលក់ឡាយឡុង សម្ភារៈក្នុងរោងចក្រ។
លោកស្រី ម៉ៅ សារ៉ន ក្រុមកម្មករ បាននាំគ្នា ដាក់ញត្តិទៅមន្ត្រីក្រសួងការងារនៅថ្ងៃទី១០ កញ្ញា ដោយស្នើសុំឲ្យថៅកែចូលដោះស្រាយ ក្នុងរយៈពេល៤៨ម៉ោង បើពុំដូច្នេះទេកម្មករនឹងលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រចែកគ្នា។ តែកម្មករ ព្រួយបារម្ភថា ការលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រ មិនគ្រប់ចំនួនលុយរបស់កម្មករ ព្រោះ កម្មករត្រូវបានលុយពីការបិទរោងចក្រនេះ សរុបទាំងប្រាក់ឈ្នួល និងប្រាក់ប្រយោជន៍ ប្រហែល ៧០០ដុល្លារ ក្នុងម្នាក់៖ « ចាំមើលសិន អាហ្នឹងមិនទាន់ច្បាស់ដែរ ព្រោះសហជីពខ្លះ និយាយដូចថា បំផុសបំផុល មិនឲ្យកម្មករនេះ ចង់ឲ្យកម្មករយកក្រៅផ្លូវការទៅវាលឿន។ ចុះបើប៉ះឡាយឡុង បានម្នាក់ ដប់ ម្ភៃ រៀល ៣០រៀល ( ដុល្លារ ) អ្វីទៅ វាម្ដេចទៅ ! ហើយបើលុយពួកយើងច្រើនណាស់។ តាមមតិខ្លះ គេថា តវ៉ាតាមផ្លូវការទៅ ព្រោះលុយពួកយើងច្រើន។ តែឥឡូវនេះ មិនដឹងយ៉ាងម្ដេចទេ ចាំមើលថ្ងៃសៅរ៍»។
នៅពេលកម្មករកំពុងតវ៉ា ទាមទារដំណោះស្រាយ ក៏មានមន្ត្រីអគ្គិសនី ចំនួន៦នាក់ មកអង្គុយមុខរោងចក្រ ចាំទារលុយថ្លៃភ្លើងពីថៅកែដែរ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី១០ កញ្ញា ដោយសារ លោកមិនទទួលទូរស័ព្ទ។ ចំណែកប្រធានសហភាពចលនាកម្មករកម្ពុជា និងតំណាងរបស់សហភាពដែលទទួលបានការពឹងពាក់ពីកម្មករ ក្នុងការជួយធ្វើជាតំណាង ក៏មិនអាចសុំការបញ្ជាក់បានដែរ។
កម្មករ ឲ្យដឹងថា ថៅកែរោងចក្រហុង សេន ថិចស្ថាយ បានព្យួរការងារកម្មកររយៈពេល ៣ខែមកហើយ កាលពីមេសា ដល់ខែមិថុនា។ នៅខែកក្កដា កម្មករបានចូលធ្វើការវិញ ដោយថៅកែតម្រូវធ្វើការងារ តែពាក់កណ្ដាល និងទទួលបានប្រាក់ឈ្នួល ចំនួន ៥០ភាគរយ ដោយសារថៅកែអះអាងថា រោងចក្រជួបវិបត្តិដោយសារជំងឺកូវីដ១៩ (Covid-19)។
ថៅកែរោងចក្រហុង សេន ថិចស្ថាយ ជាជនជាតិចិន។ រោងចក្រនេះ បើកដំណើរការរយៈពេល ៨ឆ្នាំមកហើយ ដោយកម្មករសរុបប្រហែល ៩០០នាក់ កាត់ដេរខោអាវក្នុង និងខោអាវកូនក្មេង។ តែកម្មករ ប្រាប់ថា មិនស្គាល់ម៉ាក និងមិនដឹងនាំចេញទៅលក់នៅប្រទេសណាទេ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ជំរុញ ឲ្យក្រសួងការងារ ធានាថា កម្មកររោងចក្រ ហុង សេន ថិចស្ថាយ ទទួលបានដំណោះស្រាយ និងអត្ថប្រយោជន៍ ត្រឹមត្រូវតាមច្បាប់ការងារ។ លោក យល់ថា អាជ្ញាធរ គួរតែតាមស្រាវជ្រាវរកថៅកែរោងចក្រ ហុន សេន ថិចស្ថាយ ឲ្យឃើញ ដើម្បីឲ្យទទួលខុសត្រូវកាតព្វកិច្ចសំណងកម្មករ៖ « អាជ្ញាធរហ្នឹង គាត់ត្រូវតែស្វែងរកថៅកែហ្នឹង ឲ្យមកចូលខ្លួនមក។ គាត់គ្មានទៅណាទេ ស្ថានភាពបែបហ្នឹងនោះ គាត់នៅក្នុងស្រុកហ្នឹង។ រូបភាពកន្លងមក ដែលយើងអង្កេតឃើញហ្នឹង គឺថា វាមាននូវអាតួអង្គ ចូលរួមដោះស្រាយ តែអាធាតុពិតហ្នឹង គាត់គ្មានទៅណាទេ នៅតែក្នុងស្រុកខ្មែរហ្នឹង»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ក្នុងរបាយការណ៍កិច្ចប្រជុំដំឡើងប្រាក់ឈ្នួលរបស់ក្រសួងការងារ បង្ហាញថា គិតចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩ ពីខែកុម្ភៈ មកដល់ថ្ងៃទី១០ កញ្ញា មានរោងចក្រ ៤៩១ បានព្យួរការងារ ដោយខ្លះព្យួរយូរ ហើយខ្លះទៀតព្យួររយៈពេលខ្លី ដែលបណ្ដាលឲ្យកម្មករសរុបជិតបីសែន (២៩ម៉ឺន)នាក់ រងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។