កម្មករ​រោង​ចក្រ វ៉ាយអូលែត នឹង​លើក​គ្នា​ទៅ​ដាក់​ញត្តិ​ជូន លោក ហ៊ុន សែន ម្ដងទៀត​នៅ​ថ្ងៃ​ទី២៩ កក្កដា

0:00 / 0:00

ក្រុម​កម្មករ​រោង​ចក្រ​វ៉ា​យអូ​លែ​ត អាប់​ភែ​រៀល (VIOLET APPAREL CAMBODIA CO​,.LTD​.) ច្រើន​រយ​នាក់ នឹង​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី២៩ កក្កដា ដើម្បី​ស្នើសុំ​ឲ្យ​មេដឹកនាំ​រូប​នេះ ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ ។

តំណាង​កម្មករ​ម្នាក់ លោកស្រី អ៊ុង ចាន់​ធឿន​ ឲ្យដឹង​ថា​ ការ​ដាក់​ញត្តិ​លើក​នេះ គឺ​ក្រុម​កម្មករ​នឹង​មិន​ហែ​ក្បួន​ថ្មើរជើង​ទៀត​ទេ ព្រោះ​ខ្លាច​បរាជ័យ​ក្នុង​ការ​ដាក់​ញត្តិ។ ដូច្នេះ ​ក្រុម​កម្មករ​នឹង​បំបែក​គ្នា​ធ្វើ​ដំ​ណើរ​​រៀង​ៗ ខ្លួន ទៅ​​ជួប​ជុំ​គ្នា​នៅ​ខុទ្ទកាល័យ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដុំ​ដើមពោធិ៍​មុខ​វត្តបទុមវតី​ខណ្ឌដូនពេញ។

តំណាង​កម្មករ​បន្ត​ថា នៅ​ពេល​ជួបជុំគ្នា​គ្រប់​ចំនួន ក្រុម​កម្មករ​នឹង​ដាក់​ញត្តិ ជូន​​មន្ត្រី​​ខុទ្ទកាល័យ។ សំណើ​លើក​នេះ​ក្រុម​កម្មករ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រសួង​ការងារ​លុប​ចោល​សេចក្ដី​បំភ្លឺ របស់​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ចុះ​ថ្ងៃទី២៩ មិថុនា ដែល​កាត់​ប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ចំនួន ២ចំ​ណុច​ធំៗ គឺ​ប្រាក់​សោហ៊ុយ​ជំងឺចិត្ត និង​ប្រាក់​ឲ្យ​ការ​ជូនដំណឹង ពី​ការ​បិទ​រោងចក្រ។

លោកស្រី អ៊ុង ចាន់​ធឿន បន្ត​ថា ក្រៅពី​ការ​ទាមទារ​ប្រយោជន៍​រួម សម្រាប់​កម្មករ​គ្រប់​រោងចក្រ​ហើយ​នោះ​ក្រុម​កម្មករ​ទាមទារ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ នៅ​រោង​ចក្រ​វ៉ា​យអូ​លែ​ត ដោយ​តម្រូវឲ្យ​ថៅកែ​ផ្ដល់​អត្ថ​ប្រយោជន៍​ស្របច្បាប់​ទាំងអស់ តាមច្បាប់​ការងារ នៅ​ពេល​ដែល​បិទ​រោងចក្រ​ឲ្យ​កម្មករ។ លោកស្រី ប្រាប់​ថា ការ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ដោយសារ​ក្រសួង​ការងារ​ដោះស្រាយ​កន្លងមក​លំអៀង​ទៅ​ខាង​ថៅកែ​រោងចក្រ៖ « ដាក់​ញត្តិ​ហ្នឹង គឺ​យើង​ទៅ​ហ្នឹង យើង​ទៅ​ប្រមូលផ្ដុំ​នៅ​ហ្នឹង​ហ្មង ព្រោះ​បើ​ដើរ យើង​សង្ឃឹមថា អត់​ទៅដល់​ទេ ព្រោះ​បើ​យើង​ដើរ ក៏​គេ​មិន​ឲ្យ​យើង​ដើរ​ដល់​ដែរ។ អ៊ីចឹង យើង​ធ្វើ​ម្ដេច​ដាក់​ញត្តិ​ឲ្យ​ដល់​គាត់​អ៊ីចឹង​ណា »

រោង​ចក្រ​វ៉ា​យអូ​លែ​តស្ថិតនៅ​ភូមិ​ត្រពាំង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ​ថៅកែ​ជា​ជនជាតិ​ចិន និង​មានកម្ម​ករ​សរុប​ជាង​មួយ​ពាន់ (១.៣០០​) នាក់ និង​ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឱ្យ​យីហោ​ម៉ាក ណៃ (Nike​) ម៉ា​តា​លែន (Matalan​) ខា​ធ័រ (Carther​) និង ស៊ី អេន អេ (C&A)។ រោងចក្រ​នេះ​បាន​ព្យួរ​ការងារ​កម្មករ ២ខែ​គឺ​នៅ​ខែឧសភា និង​មិថុនា។ លុះដល់​ថ្ងៃកំណត់​កម្មករ​ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី១ កក្កដា ស្រាប់តែ​តំណាង​ថៅកែ​រោងចក្រ​ប្រកាស​ថា រោងចក្រ​ក្ស័យធន បណ្ដាលមកពី​វិបត្តិ​ជំងឺ​កូ​វីដ១៩​ (Covid​-19​) និង​មិនបាន​ទូទាត់​លុយ​អត្ថ​ប្រយោជន៍​គ្រប់​ចំនួន​តាមច្បាប់​ការងារ ឲ្យ​កម្មករ​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី២ កក្កដា មកដល់​បច្ចុប្បន្ន។ កាលពី​ថ្ងៃ​ទី២៤ កក្កដា ក្រុម​កម្មករ ក៏បាន​តវ៉ា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​ដើរក្បួន​តវ៉ា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ម្ដង​រួចហើយ តែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ រារាំង និង​មិនបាន​ផ្តល់​ដំណោះស្រាយ​សមរម្យ ជូន​កម្មករ​នោះ​ទេ។

បុគ្គលិក​ផ្នែក​រដ្ឋបាល​រោង​ចក្រ​វ៉ា​យអូ​លែ​ត លោក ប៊ូ សំណាង ប្រាប់​ថា​ភាគី​ថៅកែ​រក្សា​ជំហរ​ដោះស្រាយ​វិវាទ​នេះ ផ្អែក​តាមច្បាប់​ការងារ ដូចដែល​ធ្លាប់​បាន​ប្រជុំ​រួចហើយ​ជាមួយ​ក្រសួង​ការងារ៖ « ខ្ញុំ​គិត​ថា យើង​បាន​ដោះស្រាយ​ពីដើម​រួចហើយ គឺ​យើង​បាន​ប្រកាន់​ជំហរ​ដូច​បាន​ដោះស្រាយ​ជាមួយ​ក្រសួង​អ៊ីចឹង គឺ​យើង​ធ្វើអ្វី​ទៅតាម​ផ្លូវច្បាប់ »

ចំណែក​អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ូ រតនា ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​នៅ​រោង​ចក្រ​វ៉ា​យអូ​លែ​ត ប្រាប់​អាស៊ី​សេរី​ថា ខាង​ក្រសួង​បាន​សម្របសម្រួល​ជាមួយ​ភាគី​ទាំងពីរ​តាម​គោល​ការណ៍​ច្បាប់​រួច​អស់​ហើយ។ ចំពោះ ការ​មិន​ទទួលយក​ឬមិន​ទទួល​ជា​សិទ្ធិ​របស់​ភាគី​ទាំងពីរ៖ «( កម្មករ ) ម្នាក់ៗ គាត់​ចេះ​តែ​ស្រែក​ទៅ​បន្លំ​សាធារណៈ​ជន​ថា គាត់​បាន​ធ្វើការ​រាប់​ឆ្នាំ បួនដប់​ឆ្នាំ ចុងក្រោយ​មក​បើក​លុយ​បាន​មួយ​រយ ពីរ​រយ ( ដុល្លារ ) ។ តែ​គាត់​អត់​បាន​និយាយ​ពី​ខ្លួន​គាត់ ថា​គាត់​បាន​បើក​ពី​គេ​ជា​កញ្ចប់​រួចហើយ​នោះ​ទេ ព្រោះ​រោងចក្រ​ហ្នឹង គេ​បាន​ទូទាត់​ផ្ដាច់​ឲ្យ​គាត់​តាំង​ពី២០១៩ ម្ដង​ហើយ។ អ៊ីចឹង គាត់​នៅសល់​តែ ២០២០ ហ្នឹង​ទេ ហើយ​យើង​មិន​អាច​ធ្វើអ្វី​មួយ​ក្រៅពី​ច្បាប់​បានទេ យើង​ត្រូវតែ​គោរព​ច្បាប់​ទាំង​អស់​គ្នា »

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា ​វិវាទ​ការងារ​នេះ ដោះស្រាយ​មិន​ចេញ​ដោយសារ​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ធ្វើ​ហួស​តួនាទី​ដោយ បក​ស្រាយ​ច្បាប់​ស្រេចតែចិត្ត ផ្ទុយ​ពី​អត្ថន័យ​ច្បាប់​ការងារ​បណ្ដាល​ឲ្យ​ថៅកែ​យក​ធ្វើ​ជា​គោល ហើយ​ខាត​ប្រយោជន៍​កម្មករ។

តំណាង​សហជីព​រូប​នេះ សង្ឃឹមថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិវាទ​ការងារ​រោង​ចក្រ​វ៉ាយអូលែត ឲ្យ​បាន​បាន​ល្អ​ប្រសើរ​កុំ​ឲ្យ​បាត់​ប្រយោជន៍​កម្មករ​ដូច​ការដែល​លោក​បង្ហាញ ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​កាល​ពី​មុន​ពេល​បោះ​ឆ្នោត​កន្លង​មក។ ក្នុង​ករណី ក្រោយ​ទទួល​ញត្តិ​រួច​ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​វិវាទ​នេះ​បាន​លោក រ៉ុង ឈុន នឹង​ប្រជុំ​ជាមួយ​កម្មករ ធ្វើ​សកម្មភាព​ផ្សេង​ទៀត ដើម្បី​ទាមទារ​អត្ថ​ប្រយោជន៍​តាម​ផ្លូវ​ច្បាប់​ឲ្យ​ទាល់​តែ​បាន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។