សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា អាយ.អេហ្វ.ស៊ី (International Financial Cooperation) ដែលជាសមាជិករបស់ក្រុមធនាគារពិភពលោក (World Bank Group) ផ្ដល់ប្រាក់កម្ចីរួមទៅអោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន២ នៅកម្ពុជា ដែលនឹងបង្កើនការផ្ដល់ប្រាក់កម្ចីបន្តទៀតទៅអោយអាជីវកម្មតូចៗនៅតាមទីជនបទ និងក្រុមសហគ្រាសខ្នាតតូច និងមធ្យម។
សេចក្ដីប្រកាសព័ត៌មានរបស់ IFC នៅថ្ងៃទី១៦ ខែកុម្ភៈ បញ្ជាក់ថា គេសម្រេចផ្ដល់ប្រាក់កម្ចីរួមចំនួន ៥០លានដុល្លារ ទៅអោយធនាគារអេស៊ីលីដា (ACLEDA) ដែលកញ្ចប់ថវិកានោះនឹងបង្កើនកម្ចីទៅអោយក្រុមសហគ្រាសខ្នាតតូច និងមធ្យម ហើយកម្ចីប្រមាណពាក់កណ្ដាលនឹងផ្ដល់ទៅអោយសហគ្រិនជាស្ត្រី។
នាយកគ្រប់គ្រងនៃ IFC ប្រចាំកម្ពុជា ឡាវ និងវៀតណាម លោក ឃីលី ឃេលហូហ្វើ (Kyle Kelhofer) ត្រូវស្រង់សម្ដីដាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា មួយភាគបីនៃស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។
ចំណែកសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែដដែលនេះ IFCក៏ផ្ដល់ប្រាក់កម្ចីរួមទៅអោយស្ថាប័នមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងទឹកប្រាក់ចំនួន ៥០លានដុល្លារដែរ ដែលតាមគម្រោងនឹងផ្ដល់ទៅអោយអាជីវកម្មតូចៗ ជាពិសេសវិស័យកសិកម្មនៅតាមទីជនបទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
