កម្ពុជា-ថៃ​យក​ចិត្ត​ទុក​ដាក់​រឿង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ដែល​មិន​ទាន់​ស្រប​ច្បាប់

0:00 / 0:00

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ស្នើ​អោយ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​ដើម្បី​ជៀសវាង​ការ​រំលោភ​បំពាន​របស់​ថៅកែ​ថៃ ជាពិសេស​ថៅកែ​ទូក​នេសាទ។ សំណូមពរ​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ ៣​ថ្ងៃ របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា។

​បញ្ហា​ពលករ​ខ្មែរ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ ហើយ​ត្រូវ​បាន​ថៅកែ​ថៃ ធ្វើ​បាប ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ៣​ថ្ងៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ​ដែរ។

​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង ស្នើ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ថាណាសក្តិ ប៉ាទិម៉ាប្រាកន (Thanasak Patimaprakorn) ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ថៅកែ​ទូក​នេសាទ​ថៃ ទទួល​ពលករ​ខ្មែរ​មិន​ស្របច្បាប់​ទៀត។

​ឆ្លើយ​តប​នឹង​សំណើ​របស់​កម្ពុជា ទាំង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបទេស​ថៃ ពុំ​បាន​ផ្តល់​ចម្លើយ​ណា​មួយ​ជាក់លាក់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ភាគី​ថៃ បាន​សំណូមពរ​មក​កម្ពុជា​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​ពលករ​ខ្មែរ ចូល​មក​ធ្វើការ​តាម​ទូក​នេសាទ​ជា​ពលករ​ស្រប​ច្បាប់ ដើម្បី​ជៀសវាង​ការ​រំលោភ​បំពាន់​របស់​ថៅកែ​ទូក​នេសាទ​ថៃ បន្ត​ទៀត។

បញ្ហា​នេះ ក្រសួង​ការ​ទេស​កម្ពុជា នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​ការងារ​កម្ពុជា ខណៈ​សព្វថ្ងៃ​នេះ មាន​ពលករ​ខ្មែរ​បាន​សុំ​ទិដ្ឋាការ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ពលករ​ស្រប​ច្បាប់​ជិត ២​ម៉ឺន​នាក់។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក៏​បាន​បង្ហាញ​លទ្ធផល​សំខាន់ៗ និង​វិជ្ជមាន​ជា​ច្រើន​ទៀត នៅ​ក្នុង​ជំនួប​សន្ទនា​រវាង​លោក ហោ ណាំហុង ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ នៅ​ថ្ងៃ​ទី​១១ កក្កដា ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិល​ល្ងាច ឬ​ក៏​ស្នាក់​នៅ​ក្នុង​រយៈពេល ១៥ ទៅ ៣០​ថ្ងៃ។

កិច្ច​ព្រមព្រៀង​នេះ ក៏​បាន​អនុញ្ញាត​អោយ​ពលករ​ខ្មែរ​ប្រហែល ៥០.០០០​នាក់ (ប្រាំ​ម៉ឺន) ទៀត ដែល​មិន​ទាន់​បាន​ពន្យារ​ពេល​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ បន្ត​ស្នាក់នៅ​ប្រទេស​ថៃ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​បែបបទ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់។

ទាក់ទិន​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី មាន​ប្រសាសន៍​ថា ការ​ប្រែ​ក្លាយ​ពលករ​ខ្មែរ​នៅ​បរទេស​អោយ​ទៅ​ជា​ពលករ​ស្រប​ច្បាប់​នេះ គឺ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​កម្លាំង​ពលកម្ម៖ «ការ​ដោះស្រាយ​បញ្ហា​រំលោភ​ពលកម្ម​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល​ខ្លី​នោះ ពោល​គឺ​មួយ​ជំហាន​មួយ​ជំហាន ហើយ​ត្រួត​ពិនិត្យ»

តាម​តួលេខ​របស់​ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ប្រមាណ ៧០០.០០០ (ចិតសិប​ម៉ឺន​នាក់)។

ប្រធាន​អង្គការ​ខារ៉ាម កម្ពុជា (CARAM Cambodia) ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាកស្រុក​លោក យ៉ា ណាវុធ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រង​នូវ​ភាព​អយុត្តិធម៌​ច្រើន​ណាស់ គឺ​នៅ​ពេល​ពួកគេ​កំពុង​ពេញ​កម្លាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ អនុញ្ញាត​អោយ​បន្ត​ស្នាក់​នៅ ដើម្បី​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​គេ ប៉ុន្តែ​នៅ​ពេល​ពលករ​ខ្មែរ​ធ្លាក់​ខ្លួន​ឈឺ ឬ​ពិការ ត្រូវ​បាន​គេ​ចាប់​បញ្ជូន​យក​មក​ចាក់​ចោល​នៅ​ស្រុក​ខ្មែរ​វិញ។ លោក​ក៏​ទាមទារ​រដ្ឋាភិបាល​កម្ពុជា គិត​គួរ​ផង​ដែរ​អំពី​ការ​ខាតបង់​ផ្នែក​សង្គម​នេះ៖ «អ្វី​ដែល​សំខាន់​នោះ គឺ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ព្យាយាម​បង្កើត​ការងារ​អោយ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ»

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ដឹង​នាំ​គណៈប្រតិភូ​កម្ពុជា ដែល​មាន​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ កក្កដា តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ថាណាសក្តិ ប៉ាទិម៉ាប្រាកន។

ក្នុង​ឱកាស​នោះ​ដែរ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ស្ដីពី​ការ​បើក​ច្រក​ស្ទឹងបត់-​បានណងអៀន ថ្មី​មួយ​ទៀត​រវាង​កម្ពុជា-​ថៃ នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​សម្រួល​ការ​ដឹក​ទំនិញ​ចេញ​ចូល។ ទន្ទឹម​នឹង​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បើក​ច្រក​អន្តរជាតិ​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​សម្រួល​ការ​ប្រកប​រប និង​ជំនួញ​ជួញដូរ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​តំបន់​នោះ។

ដោយឡែក​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ប្រគល់-​ទទួល វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៦​ដុំ ដែល​រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​ជូន​មក​កម្ពុជា វិញ ក្រោយ​ពី​ការ​ចរចា​ដ៏​ស្វិតស្វាញ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

​សេចក្ដី​ប្រកាស​ដដែល​លើក​ឡើង​ថា ក្នុង​ឱកាស​នៃ​ការ​ចរចា​ផ្លូវការ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​កម្ពុជា ទៅ​ពិនិត្យ​មើល​វត្ថុ​បុរាណ​ចំនួន ២០​ដុំ​ផ្សេង​ទៀត ដែល​សព្វ​ថ្ងៃ​រដ្ឋាភិបាល​ថៃ រក្សា​ទុក​នៅ​ទីក្រុង​បាងកក ក្នុង​គោល​បំណង​ស្នើ​ឲ្យ​ភាគី​ថៃ ប្រគល់​វត្ថុ​បុរាណ ដែល​ជា​របស់​ខ្មែរ​មក​វិញ៕​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។