ពិធីសម្ពោធស្ពានអ្នកលឿងនឹងបញ្ចប់សេវារត់សាឡាងនៅកំពង់ចម្លងអ្នកលឿង
2015.04.06
សេវាសាឡាងធំៗ ឆ្លងកាត់ទន្លេមេគង្គនៅកំពង់ចម្លងអ្នកលឿង រវាងខេត្តកណ្ដាល និងខេត្តព្រៃវែង ដែលធ្លាប់បម្រើពលរដ្ឋកម្ពុជា រាប់ទសវត្សរ៍មកហើយត្រូវបានប្រកាសបញ្ចប់ នៅថ្ងៃទី ៦ មេសា។ ពលរដ្ឋអ្នកដំណើររីករាយចំពោះស្ពានថ្មីនេះ។
ថ្ងៃនៃការបញ្ចប់ជីវិតរត់សាឡាង នៅកំពង់ចម្លងអ្នកលឿង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអ្នកលឿងថ្មីមួយ នៅព្រឹកថ្ងៃទី ៦ មេសា៖ «ថ្ងៃនេះ គឺជាថ្ងៃដល់ទីបញ្ចប់នៃជីវិតអ្នករត់សាឡាង នៅអ្នកលឿងហើយ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះបន្តិច ដើម្បីនិយាយពីតួនាទីសាឡាង កុំបានថ្មីចោលចាស់។ ត្រូវនឹកគុណអាចាស់! អាចាស់ហ្នឹងហើយ ដែលនាំយើងឱ្យបានអាថ្មី។ កុំភ្លេចអាចាស់ បើទោះបីថាវាយ៉ាងម៉េចក៏ដោយ ប្រើវាបាន ៣៦ឆ្នាំជាងហើយ ដែលយើងប្រើវាបាន ហើយធ្វើឱ្យប្រជាជនតាំងពីក្រ ១០០% ធ្លាក់អត្រានៃភាពក្រីក្រមកនៅត្រឹមតែ ១៨%ទេ។
ស្ពានអ្នកលឿង ឬហៅតាមឈ្មោះជាភាសាជប៉ុនថា ស្ពានត្សឹបាសា (Tsubassa) គឺជាស្ពានដ៏ថ្មីប្លែកជាងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជំនួសការឆ្លងទន្លេមេគង្គដោយស្រឡាង ដែលធ្លាប់មានពីមុនមក។
ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា) គឺជាស្ពានយោងដោយខ្សែកាប ដែលតភ្ជាប់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គ រវាងតំបន់អ្នកលឿងខាងលិច គឺស្រុកលើកដែក ខេត្តកណ្ដាល ទៅតំបន់អ្នកខាងកើតក្នុងស្រុកពាមរ ខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។
ស្ពានអ្នកលឿង ក៏ជាការបញ្ចប់បញ្ហាជាច្រើនសម្រាប់អ្នកដំណើរ ដែលធ្លាប់ឆ្លងកាត់តាមសាឡាងពីមុនមក។ អ្នកដំណើរម្នាក់នៅក្នុងស្រុកលើកដែក ដែលតែងឆ្លងកាត់ជាប្រចាំ គឺលោក សី ពិសិដ្ឋ សាទរចំពោះស្ពានថ្មីនេះ៖ «ខ្ញុំរីករាយដោយសារខ្ញុំបានស្ពានឆ្លងបាទ! ព្រោះរាល់ដងពេលខ្ញុំឆ្លងសាឡាងខ្ញុំអស់លុយ ទោះបីខ្ញុំដឹកស្វាយក្នុង ១រយគីឡូ ខ្ញុំដាក់ឆ្លងអស់ ២ម៉ឺន (រៀល) ពីអ្នកលឿងទៅដល់បាវិត។ តែថ្ងៃនេះ ខ្ញុំដាក់គាត់យក ១រយគីឡូតែ ១ម៉ឺនរៀលទេ។ កាលពីមុន មានការចំណាយពេលយូរ ហើយការរង់ចាំហ្នឹងមានការយឺតយ៉ាវជាទីបំផុត។ ជាពិសេស ដូចខ្ញុំបាទមានគ្រោះថ្នាក់ចរាចរណ៍ថ្ងៃមុននៅភូមិខ្ញុំ ខ្ញុំចង់ឆ្លងទៅមន្ទីរពេទ្យបង្អែកត្រើយម្ខាង ខ្ញុំពិបាកទៅអត់បាន ព្រោះចាំសាឡាង»។
ទោះជាយ៉ាងនេះក្ដី មានប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ជាអ្នកលក់ដូរនៅកំពង់ចម្លងអ្នកលឿងនោះ នៅមិនទាន់ប្រាកដក្នុងចិត្តថា នឹងត្រូវធ្វើអ្វី ឬប្រកបរបរអ្វីនៅឡើយទេ បន្ទាប់សាឡាងនៅទីនេះឈប់រត់។
ដោយឡែកអ្នកទទួលខុសត្រូវ និងបុគ្គលិកដែលធ្លាប់រត់សាឡាងវិញ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា បានបញ្ចូលទៅក្នុងក្របខ័ណ្ឌរដ្ឋរួចហើយ៖ «ពីដើម វាជាសហគ្រាសសាធារណៈ មិនមែនជាក្របខ័ណ្ឌរដ្ឋទេ។ ប៉ុន្តែបន្ទាប់ពីបងប្អូនបញ្ចប់ភារកិច្ចហើយ តើគួរដោះស្រាយជូនគាត់យ៉ាងម៉េច? ត្រូវបញ្ចូលទៅក្របខ័ណ្ឌរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯលោក តេង ឈួន ត្រូវទៅធ្វើជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ការពិតត្រូវចូលនិវត្តន៍តាំងពីប៉ុន្មានខែមុន... ប៉ុន្តែបុគ្គលិកនានា ត្រូវបានទៅក្របខ័ណ្ឌសាធារណការអស់ហើយ សុំមកខ្ញុំផ្ទាល់ខ្ញុំចារឱ្យហើយ ៧៨នាក់ ហើយខែនេះខែឡើងប្រាក់ខែទៀត»។
ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ជាស្ពានវែងជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែងជាង ២គីឡូម៉ែត្រ (២.២១៥ម៉ែត្រ) និងទទឹងជិត ១៤ម៉ែត្រ (១៣.៥០ម៉ែត្រ)។ ស្ពាននេះមានកម្ពស់ជាង ៣៧ម៉ែត្រ (៣៧.៥០ )ម៉ែត្រ ផុតពីផ្ទៃទឹកពេលរដូវវស្សា ដែលអាចឱ្យកប៉ាល់ធំៗ ឆ្លងកាត់បាន។ បើសរុបទាំងផ្លូវឡើងទាំងសង្ខាង ស្ពានអ្នកលឿងនេះ មានប្រវែងជាង ៥គីឡូម៉ែត្រ (៥.៣១៥ម៉ែត្រ)។ ស្ពាននេះ អាចទ្រទម្ងន់ជាអតិបរមាបានប្រមាណ ២៥តោន។
ស្ពាននេះ ត្រូវបានកសាងឡើងអស់ទឹកប្រាក់ប្រមាណ១រយ ៣០លានដុល្លារ ដែលជាង៩០លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ចាប់ផ្ដើមសាងសង់ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១១ និងតភ្ជាប់ពីម្ខាងទៅម្ខាងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ មេសា ឆ្នាំ ២០១៥៕