សាច់ញាតិ សកម្មជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលគាំទ្រលោក រ៉ុង ឈុន ធ្វើយុទ្ធការលើហ្វេសប៊ុក ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ចាប់ផ្ដើមពីថ្ងៃសុក្រ ទី២៧ ខែសីហា នេះតទៅ។
យុទ្ធនាការថ្ងៃសុក្រ ទាមទារឱ្យដោះលែង លោក រ៉ុង ឈុន នេះ ចាប់ផ្ដើមធ្វើរៀងរាល់ព្រឹកថ្ងៃសុក្រ ម៉ោង ៩កន្លះ។ អ្នកចូលរួម អាចពាក់អាវលោក រ៉ុង ឈុន សរសេរបដា ឬសរសេរលើក្រដាស ទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ដោយរួមទាំងថតរូបបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។ ក្រៅពីទាមទារឱ្យតុលាការលើកលែងការចោទប្រកាន់ និង ដោះលែងលោក រ៉ុង ឈុន យុទ្ធនាការនេះក៏ទាមទាររកយុត្តិធម៌ជូនយុវជនបីនាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនក្នុងពេលទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ដែរ។
ប្រធានសមាគមគ្រូបង្រៀនឯករាជកម្ពុជា អ្នកស្រី អ៊ុក ឆាយាវី ប្រាប់ថា ការយកថ្ងៃសុក្រធ្វើយុទ្ធនាការនេះ ព្រោះថ្ងៃសុក្រជាថ្ងៃ ដែលសមត្ថកិច្ចចូលចាប់ខ្លួនលោក រ៉ុង ឈុន។ អ្នកស្រីឱ្យដឹងទៀតថា ចំពោះការយកពេលព្រឹកនៃការចាប់ផ្ដើមដោយអ្នកស្រីយល់ថា ម៉ោង ៩កន្លះព្រឹក អាចផ្ដល់ពេលវេលាច្រើនដល់អ្នកចូលរួមជាងពេលយប់។ អ្នកស្រីសង្កេតឃើញថា ក្នុងថ្ងៃចាប់ផ្ដើមនេះ គឺមានអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកច្រើនបានចូលរួមធ្វើយុទ្ធនាការនេះ៖ «ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី លោកគ្រូអ្នកគ្រូទាំងអស់ អង្គការនៅក្រៅប្រទេសក៏គេគាំទ្រនូវយុទ្ធនាការនេះដែរ ដើម្បីឱ្យមានការដោះលែងលោក រ៉ុង ឈុន ក៏ដូចជាយុវជន»។
ក្រោយមានការប្រកាសធ្វើយុទ្ធការនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននាំគ្នាបង្ហោះរូបថតលោក រ៉ុង ឈុន ដោយភ្ជាប់នឹងខ្លឹមសារថា លោក រ៉ុង ឈុន ស្អាតស្អំ និងការទាមទារឱ្យដោះលែងមេសហជីព និងអ្នកឃ្លាំមើលព្រំដែនរូបនេះ។
យុវជន ម៉ា ចិត្រា ជាអ្នកចូលរួមក្នុងការងារសង្គម និងសកម្មក្នុងការបញ្ចេញមតិតាមហ្វេសប៊ុក និងធ្លាប់ធ្វើការទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាពេលកន្លងមក ឱ្យដឹងថា លោកនឹងចូលរួមក្នុងការទាមទារនេះដោយលោកនៅតែយល់ថា លោក រ៉ុង ឈុន ជាមនុស្សស្អាតស្អំ។ លោកបន្តថា ការដោះស្រាយបញ្ហាព្រំដែនរបស់រដ្ឋាភិបាលនៅរយៈពេលចុងក្រោយនេះដែលចាត់ ឱ្យមន្ត្រីជំនាញចុះជួបពលរដ្ឋនៅតាមព្រំដែន គឺរដ្ឋាភិបាលហាក់ធ្វើតាមការចង់បានរបស់លោក រ៉ុង ឈុន នាពេលកន្លងមក។ ដូច្នេះ លោកយល់ថា អ្វីដែលលោក រ៉ុង បានធ្វើកន្លងទៅគឺជារឿងត្រឹមត្រូវមិនមែនការញុះញង់នោះទេ៖ «អ៊ីចឹងចំណុចហើយដែលខ្ញុំលើកឡើងកន្លងមកថា រដ្ឋាភិបាលមិនគួរចាប់ខ្លួនអ្នកដែលឈឺឆ្អាលរឿងព្រំដែន ត្រូវលើកទឹកចិត្តគាត់វិញល្អជាជាងចាប់ខ្លួន»។
ទាក់ទងការយុទ្ធនាការនេះ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ។ រីឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលថា ការចោទប្រកាន់នេះ គឺជាការអនុវត្តច្បាប់។
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ ថ្ងៃទី៣១ កក្កដា ដោយចោទប្រកាន់និងបន្តឃុំខ្លួនលោកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពេលអ្នកឃ្លាំមើលបញ្ហាព្រំដែន សហជីព និងគ្រូបង្រៀនរូបនេះចុះឃ្លាំមើល និងផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីពាក់ព័ន្ធនឹងការចោទថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។
ក្រោយមកសមត្ថកិច្ចក៏ចាប់ខ្លួនមនុស្សចំនួន ៦នាក់ ទៀត ដែលប្រមូលផ្ដុំគ្នាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន នោះ រួមមាន យុវជនខ្មែរថាវរៈពីរនាក់ គឺ ស្ត្រី ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កញ្ញា កណិកា និងសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ទៀត។ តុលាការចោទប្រកាន់អ្នកទាំង ៦នាក់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងឃុំខ្លួនពួកគេក្នុងពន្ធនាគារព្រៃស ដូចលោក រ៉ុង ឈុន ដែរ។
ក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ឱ្យដឹងថា យុទ្ធនាការថ្ងៃសុក្រទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ជាសារប្រាប់ទៅរដ្ឋាភិបាល ឬតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន ដែលលោកនៅតែអះអាងថា ការចាប់ខ្លួនពូរបស់លោក គឺខុសច្បាប់ និងខុសម៉ោងរដ្ឋបាល៖ «ចំពោះយុទ្ធនាការនេះយើងចង់បង្ហាញថា ទោះយើងអត់បានធ្វើសកម្មភាពអីនៅក្រៅក៏យើងចង់ឱ្យបងប្អូនប្រជាពលរដ្ឋយើងថតរូបមានពាក់លោក រ៉ុង ឈុន ដើម្បីទាមទារឱ្យមានការដោះលែង»។
ក្រោយពីមានការចាប់ខ្លួនលោក រ៉ុង ឈុន ជិតមួយខែមកនេះ សាច់ញាតិ យុវជន និងអ្នកគាំទ្រលោក រ៉ុង ឈុន តែងធ្វើការទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន រួមមាន ការតស៊ូមតិនៅមុខតុលាការក្រុងភ្នំពេញ ការដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យ និងទីស្នាក់ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោក រ៉ុង វិជ្ជា ឱ្យដឹងដែរថា លោកនឹងគ្រោងដាក់ញត្តិទៅស្ថានទូតប្រទេសប្រជាធិបតេយ្យផ្សេង និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីឱ្យជួយអន្តរាគមន៍។
ចំណែក នៅលើឆាកអន្តរជាតិវិញ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ (ITUC) ចាប់ផ្តើមធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន និងកញ្ញា ស កណិកា តាំងពីថ្ងៃទី២៤ សីហា។ បណ្ដាញសហជីពអន្តរជាតិដែលតំណាងឱ្យកម្មករជាង២០០ លាននាក់ ទូទាំងពិភពលោកនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក រ៉ុន ឈុន និងកញ្ញា ស កណិកា ព្រោះពួកគេទាំងពីរនាក់ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះមានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ជាមួយគ្នានេះ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្ក្រាបតំណាងសហជីពកម្មករ និងត្រូវគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។