«សំឡេងធម្មជាតិ»
នេះ គឺជាតន្ត្រីគងនៃសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ប្រគំបើកសមាជចម្រុះជនជាតិដើមភាគតិចលើកដំបូង ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែធ្នូ នៅភូមិប៉ាជន ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
តំណាងជនជាតិដើមភាគតិចជាង ៣០០នាក់ មកពីបណ្ដាភូមិនានាក្នុងស្រុក និងក្រុងទាំង៩នៃខេត្តរតនគិរី រួមមានជនជាតិដើម ទំពួន គ្រឹង ចារ៉ាយ កាវេត កាចក់ ព្រៅ និងជនជាតិដើមលន់ បានមកជួបជុំគ្នារៀបចំពិធីសែនព្រេនកាប់ក្របីសែនអារក្សអ្នកតាព្រៃភ្នំ តាមជំនឿវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។
សមាគមខ្មែរលើ គឺជាអ្នកផ្ដួចផ្ដើមឲ្យមានសមាជជនជាតិដើមភាគតិចលើកដំបូងនេះ ក្នុងគោលបំណងបង្កើនសមត្ថភាព និងចំណេះដឹងការផ្សារភ្ជាប់ទំនាក់ទំនងសហការរវាងបណ្ដាញសហគមន៍ជនជាតិដើម និងអាជ្ញាធរពាក់ព័ន្ធ ចែករំលែកព័ត៌មានពីលទ្ធផលការងារអភិវឌ្ឍសហគមន៍ ជាពិសេសបញ្ហាប្រឈមអំពីសិទ្ធិសម្រេចក្នុងការគ្រប់គ្រងដីធ្លី កិច្ចពិគ្រោះយោបល់ឲ្យមានការចូលរួមពីបណ្ដាញសហគមន៍ជនជាតិដើម រួមមានសិទ្ធិស្វ័យសម្រេចក្នុងការវាយតម្លៃពីស្ថានភាពការងារ និងធ្វើបច្ចុប្បន្នភាពក្រុមប្រឹក្សាភិបាលអង្គការសមាគមខ្មែរលើ លើកកម្ពស់ឲ្យមានការចូលរួមសម្រេចចិត្តពីបណ្ដាញសហគមន៍ជនជាតិដើមភាគតិច ក្នុងការបញ្ចេញគំនិតយោបល់ទៅលើផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារជនជាតិដើម។
នាយិកាប្រតិបត្តិសមាគមខ្មែរលើ លោកស្រី ដាំ ចន្ធី បានហៅសមាជចម្រុះជនជាតិដើមភាគតិចក្នុងខេត្តភាគឦសានមួយនេះ ថាជាក្តីមោទនភាពសម្រាប់ជនជាតិដើម ដែលកំពុងរងនូវការស្រុតចុះផ្នែកវប្បធម៌ ប្រពៃណី ដោយសារការយល់ដឹងជនជាតិដើមមានកម្រិត និងកង្វះការទទួលខុសត្រូវរបស់មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក្នុងការជួយទប់ស្កាត់អំពើរំលោភបំពានទៅលើសិទ្ធិរស់នៅ បញ្ហាដីធ្លី ព្រៃឈើ ធនធានធម្មជាតិដែលផ្សារភ្ជាប់ជាមួយប្រពៃណី វប្បធម៌ជនជាតិដើមតាំងពីបុរាណតមក។
លោកស្រីថ្លែងកត់សម្គាល់ថា សមាជចម្រុះជនជាតិដើមភាគតិចនេះ គឺជាការជួបជុំសំខាន់មួយ ដើម្បីឲ្យសហគមន៍រងផលប៉ះពាល់ចែករំលែកបទពិសោធន៍ និងព័ត៌មានផ្សព្វផ្សាយដល់មជ្ឈដ្ឋានថ្នាក់ដឹកនាំមូលដ្ឋាន រាជរដ្ឋាភិបាល អង្គការពាក់ព័ន្ធ ដើម្បីចូលរួមលើកស្ទួយសិទ្ធិជនជាតិដើម ដែលជាផ្នែកសំខាន់ទាក់ទិនកិច្ចថែរក្សាប្រពៃណី វប្បធម៌ជនជាតិដើមបាននៅគង់វង្ស៖ «គោលបំណងនៅក្នុងមហាសន្និបាតនេះ គឺចង់ឲ្យតំណាងសហគមន៍ទាំងអស់គាត់ចូលរួមបង្ហាញបញ្ហា និងរកដំណោះស្រាយរួមគ្នា ក្នុងរយៈពេលបីថ្ងៃ ដើម្បីឲ្យរាជរដ្ឋាភិបាល និងអង្គការដៃគូ ចូលរួមរកដំណោះស្រាយឲ្យបានប្រសើរ សមទៅនឹងប្រពៃណីវប្បធម៌សហគមន៍ជនជាតិដើមភាគតិច ហើយសមទៅនឹងគោលបំណងដែលសហគមន៍ជនជាតិដើមភាគតិចគាត់ចង់បាន»។
នៅក្នុងកិច្ចពិគ្រោះយោបល់រយៈពេលពីរថ្ងៃនៃអង្គសមាជចម្រុះជនជាតិដើមភាគតិចនេះ ក្រុមសហគមន៍បានលើកឡើងពីកង្វល់ និងការប្រឈមទៅនឹងការទន្ទ្រានចូលកាន់កាប់ដីធ្លីសហគមន៍ និងការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនសម្បទាន ដោយមិនបានពិគ្រោះយោបល់ជាមួយជនជាតិដើមដែលមានជំនឿប្រពៃណីលើព្រៃឈើ ជាពិសេសជនជាតិដើម គឺជាអ្នកបានរួមចំណែកថែរក្សាគ្រប់គ្រង និងអាស្រ័យផលពីអនុផលព្រៃឈើច្រើនជំនាន់មកហើយ។
តំណាងជនជាតិដើមគ្រឹង នៅភូមិតឺន ស្រុកកូនមុំ លោក គង់ ភៀន កត់សម្គាល់ថា សិទ្ធិជនជាតិដើមត្រូវបានគេរំលោភតាមរយៈភាពធូររលុងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងយុត្តិធម៌ ជាពិសេសការអនុវត្តច្បាប់ស្ដីពីសិទ្ធិដីធ្លីសមូហភាពជនជាតិដើម ដោយដំណើរការចុះបញ្ជីដីធ្លីសមូហភាពយឺតយ៉ាវបំផុត៖ «វាមានជួបប្រទះពីបញ្ហាជនជាតិដើមភាគតិច រកស៊ីអត់មានធូរធារទេ ឥឡូវយ៉ាប់យ៉ឺនដែរ។ របស់យើងប្រើប្រាស់ក្នុងគម្របព្រៃហ្នឹងវល្លិ កាប់ផ្ដៅជាដើមអស់ហើយ ព្រៃឈើយើងចង់តម្រូវធ្វើផ្ទះសម្បែង វាពិបាកដែរ។ ពេលយើងកប់ខ្មោចវាពិបាកអត់ដីកប់វាអស់ទៅគេហើយ»។
ចំណែកតំណាងជនជាតិកាចក់ រស់នៅឃុំតាលាវ ស្រុកអណ្ដូងមាស លោក រម៉ាម គឺ ចាប់អារម្មណ៍ថា ស្ថានការណ៍រំលោភសិទ្ធិជនជាតិដើមកើតមានខណៈរាជរដ្ឋាភិបាលបានបោះឆ្នោតទទួលស្គាល់សេចក្តីប្រកាសជាសកលនៃអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច ក្នុងឆ្នាំ២០០៧ ដែលបានប្ដេជ្ញាចិត្តគោរពការពារ និងបំពេញសិទ្ធិជាឯកជន និងសិទ្ធិសមូហភាពរបស់សហគមន៍ និងស្របពេលដែលច្បាប់ជាតិ ដូចជាច្បាប់ភូមិបាល និងច្បាប់ព្រៃឈើ បានទទួលស្គាល់សិទ្ធិសមូហភាពជនជាតិដើមចំពោះដែនដី និងផ្តល់នូវវិធានការដើម្បីបំពេញភាពសុក្រឹតនៃច្បាប់នេះ។ លោកបន្តថា សូម្បីសកម្មភាពលក់ដូរទំនិញនៅទីផ្សាររបស់សហគមន៍ ក៏ត្រូវគេរំលោភសិទ្ធិសេដ្ឋកិច្ចការចិញ្ចឹមជីវិត និងការរើសអើង៖ «បើសិនយើងជនជាតិដើមភាគតិចកាប់ពង្រីកអត់បានទេ បើអ្នកក្រុមហ៊ុនគេឈូសឆាយបាន។ វាប៉ះពាល់ធនធានធម្មជាតិ ប៉ះពាល់ព្រៃឈើ ប៉ះពាល់ដីយើងចម្ការវិលជុំ វាប៉ះពាល់ច្រើនកន្លែងគ្រប់ប្រភេទ អូរ ជ្រោះ ស្ទឹងបឹងបួ វាប៉ះពាល់ទាំងអស់»។
ចូលរួមនៅក្នុងសមាជនោះដែរ ជំទប់ទី១ឃុំតាវែងក្រោម ស្រុកតាវែង លោក ម៉ែន ធឿន ទទួលស្គាល់ថា បញ្ហាប្រឈមដែលសហគមន៍បានលើកឡើង គឺជាបញ្ហាចោទដែលបានកើតមាននៅមូលដ្ឋានជាច្រើនក្នុងខេត្ត។ ក្នុងនាមជាជនជាតិដើមភាគតិចមួយរូប លោកចូលរួមអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចតាមច្បាប់កំណត់ និងអំពាវនាវចំពោះមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាការពារសិទ្ធិ និងបណ្ដុះបណ្ដាលជនជាតិដើម ដើម្បីលើកស្ទួយប្រពៃណីវប្បធម៌ជនជាតិដើមបានប្រសើរឡើងវិញ៖ «ចង់ឲ្យរាជរដ្ឋាភិបាល ដើម្បីឲ្យគាត់ទទួលស្គាល់យ៉ាងច្បាស់ចំពោះជនជាតិដើមភាគតិចដែលរស់នៅខេត្តរតនគិរី។ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យគាត់សហការជាមួយអាជ្ញាធរ សហការដល់សហគមន៍»។
របាយការណ៍អង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ដីធ្លីចម្ការវិលជុំសមូហភាព និងដីព្រៃឈើធនធានធម្មជាតិនៅតំបន់ជនជាតិដើមភាគតិច ខេត្តរតនគិរី រាប់សិបម៉ឺនហិកតារ ត្រូវបានមជ្ឈដ្ឋានក្រៅសហគមន៍ជនជាតិដើមទន្ទ្រានកាន់កាប់ និងផ្តល់ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
ទាក់ទិនកង្វល់ និងការលើកឡើងពីការប្រឈមរបស់សមាជិកអង្គសមាជចម្រុះជនជាតិដើមភាគតិចនេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក ប៊ូ ឡាំ ទទួលស្គាល់ដែរថា ជាបញ្ហាពិតដែលបានកើតមាននៅតំបន់ជនជាតិដើមក្នុងខេត្តនេះ។ លោកសន្យានឹងនាំយកកង្វល់ទាំងអស់នោះដាក់ជូនអាជ្ញាធរពាក់ព័ន្ធ រួមគ្នាដោះស្រាយ៖ «ផ្សារបានលុង កាលមុនខ្ញុំមានរបស់ខ្ញុំត្រឹមត្រូវ ខ្ញុំចាក់ដីពីរនាក់ប្ដីប្រពន្ធ ខ្ញុំធ្វើកន្លែងសម្រាប់បងប្អូនជនជាតិដើមភាគតិច ខ្ញុំលក់ដូរ ដល់ឥឡូវប៉ាតណាប៉ាតណីអ៊ីចឹងផ្សារជនជាតិយើងគាំទ្រ។ ដាក់កញ្ច្រែងកន្លែងនេះដេញទៅកន្លែងនោះ។នេះខ្ញុំនឹងពាំនាំសន្និបាតថ្ងៃនេះ ដើម្បីធ្វើការជាមួយក្រុង ដើម្បីធ្វើការជាមួយស្រុក»។
ទោះជាយ៉ាងនេះក្តី អង្គសមាជជនជាតិដើមរំពឹងថា កិច្ចពិគ្រោះយោបល់រយៈពេលបីថ្ងៃនេះ គឺជាសារជូនទៅប្រមុខរាជរដ្ឋាភិបាល ស្ថាប័នក្រសួងពាក់ព័ន្ធ និងមន្ត្រីអង្គការជាតិអន្តរជាតិ រួមគ្នាដោះស្រាយបញ្ចប់កង្វល់ និងការប្រឈមក្នុងសហគមន៍ជនជាតិដើម ហើយផ្តល់សិទ្ធិពេញលេញក្នុងការរស់នៅចិញ្ចឹមជីវិត អភិវឌ្ឍសហគមន៍ឲ្យបានប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
