តំណាងក្រុមប្រឹក្សាសហជីពជាតិ ដែលមានសមាជិកស្ថាបនិកចំនួន១៥ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងវិស័យការងាររបស់ក្រុមកម្មករ កាត់ដេរសំលៀកបំពាក់ ក្រោយពេលដែលសហគមន៍អឺរ៉ុប នឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅថ្ងៃទី១២ សីហាខាងមុខ។ បន្ថែមពីបញ្ហាEBA នេះ ក្រុមសហជីព ក៏ព្រួយបារម្ភផងដែរ ពីបញ្ហាផលប៉ះពាល់នានា ដោយសារជំងឺកូវីដ១៩។
តំណាងក្រុមប្រឹក្សាសហជីពជាតិ ដែលធ្វើការលើវិស័យការងារ យល់ឃើញថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្នទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកមក។ បញ្ហាប្រឈមខ្លាំងក្នុងវិស័យការងារជាច្រើនមិនទាន់បានដោះស្រាយ ហើយបញ្ហាខ្លះនាំឲ្យមានផលលំបាកយ៉ាងខ្លាំងដល់កម្មករនិយោជិត ដែលរងផលប៉ះពាល់ផលដែរ។
នៅក្នុងលិខិតរបស់តំណាងក្រុមប្រឹក្សាសហជីពជាតិ ដែលមានសមាជិកស្ថាបនិកចំនួន១៥ ដាក់ជូនទៅក្រសួងការងារកាលពីថ្ងៃទី៧ សីហា បានទាមទារឱ្យរដ្ឋាភិបាលដោះស្រាយចំនួន ៩ចំណុច ដែលរួមមានស្នើឲ្យរដ្ឋាភិបាល បន្តចរចា និងដំឡើងប្រាក់ឈ្នួលអប្បបរមានៅវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង តាមកម្មវិធីដូចបានកំណត់ ដើម្បីឲ្យកម្មករនិយោជិក ទទួលបានប្រាក់ឈ្នួលសមរម្យ និងថ្លៃថ្នូរនៅឆ្នាំបន្ទាប់ និងស្នើឲ្យរដ្ឋាភិបាលផ្អាកការងារវិសោធនកម្មច្បាប់ស្តីពីការងារមាត្រា ១៤៤ ច្បាប់ស្ដីពីការកាត់បន្ថយប្រយោជន៍ការងារវេនយប់ពី ១៣០% មកត្រឹម ១០០% និងមាត្រា១៦២ ស្ដីពីការលុបចោលថ្ងៃបុណ្យចំថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម។
ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក អាត់ ធន់ បញ្ជាក់ថា មូលហេតុនៃការដាក់លិខិតនេះឡើង គឺដោយសារតែ រាល់បញ្ហាដែលកើតមានឡើងក្រោយពីវិបត្តិកូវីដ១៩ នេះបានប៉ះពាល់ដល់កម្មករ និងបញ្ហាប្រឈមផ្សេងៗ។
លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែលុបចោលលិខិតពីរចុះនៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ របស់នាយកដ្ឋានវិវាទការងារ ដែលអនុញ្ញាតឲ្យ និយោជកបិទសហគ្រាសក្រោយពីបានព្យួរការងារចំនួន ២ខែ ដោយមិនបាច់បង់សោហ៊ុយសំណងជំងឺចិត្ត និងប្រាក់បំណាច់ទូទាត់ដល់កម្មករ។ លោកក៏ស្នើឲ្យចោលសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី២ មិថុនា ឆ្នាំ២០២០ ស្ដីពីការពន្យារពេលបើកប្រាក់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០។
លោកបន្ថែមថា លិខិតទាំងពីរនេះបានប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមកម្មករ[] ដោយសារតែនិយោជកទាំងអស់ព្យាយាមបិទក្រុមហ៊ុន[] ដោយមិនបានទូទាត់ត្រឹមត្រូវ ដោយយោងលិខិតរបស់ក្រសួង។ ប៉ុន្តែតាមធាតុពិតក្រុមហ៊ុនមិនបានបិទទេ ក្រុមហ៊ុនអាចបើកឡើងវិញនៅពេលណាមួយក៏បាន៖ « និយោជកមួយចំនួនគាត់អត់ចង់បិទតាមច្បាប់ក្ស័យធនទេ ពីព្រោះគាត់គេមិនអាចឱ្យរកស៊ីទៀតឈ្មោះគាត់ក៏ខូចកេរ្តិ៍ឈ្មោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ គាត់លើកលេសនៃការដែលក្រសួងចេញលិខិតហ្នឹងគាត់បើកលុយឲ្យកម្មករតិចតួច គាត់បញ្ឈប់កម្មករគាត់ដូចបិទអ៊ីចឹង។បន្ទាប់មកគាត់បើកឡើងវិញ។ អ៊ីចឹងគាត់មានខាតអី ។ សហជីពក៏បញ្ឈប់ចោល អតីតភាពកម្មករ ១០ដុល្លា សម្រាប់ ១០ឆ្នាំហ្នឹងក៏លុបចោល កម្មករថ្មីគ្មានអ្នកណាតវ៉ា ប្រាក់ឈ្នួលទាប ហើយលក្ខខណ្ឌក៏ពិបាក។ អ៊ីចឹងគាត់ជាអ្នកជោគជ័យហើយគាត់មិនជាប់លក្ខខណ្ឌអ្វីទាំងអស់ បើតាមច្បាប់គាត់មិនអាចទៅរកស៊ីអ្វីបានទេ ដល់គាត់មិនបានអនុវត្តបិទតាមច្បាប់ផង អ៊ីចឹងគាត់រកស៊ីធម្មតាទៅ » ។
អាស៊ីសេរីបានទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ តែទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី៧ ខែសីហាថា ចាប់តាំងពីមានជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងចុងឆ្នាំ២០១៩ មានរោងចក្រចំនួន៧៥ បានបិទទ្វារ ហើយនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ នេះ មានរោងចក្រចំនួន៨៣ បានប្រកាសបិទទ្វារជាផ្លូវការ និង មានរោងចក្រចំនួន៤៥០ ទៀត បានដាក់ពាក្យដើម្បីព្យួរការងារ ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់។
វិស័យកាត់ដេរកម្ពុជាផ្តល់ការងារដល់កម្មករជាង ៨ សែននាក់ ដែលភាគច្រើនជាស្ត្រីវ័យក្មេងមកពីទីជនបទ ហើយបានគ្របដណ្ដប់លើ ៨០ភាគរយនៃការនាំចេញទៅក្រៅប្រទេស។របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កម្ពុជានាំចេញផលិតផលសំលៀកបំពាក់ក្នុងទំហំទឹកប្រាក់ជាង ៦.៤០០ លាន ដុល្លារទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ខែក្នុងឆ្នាំ ២០១៩។
រដ្ឋមន្ត្រីក្រសួងការងារលោក អិត សំហេង ធ្លាប់មានប្រសាសន៍នៅក្នុងគេហទំព័ររបស់ក្រសួងការងារថា ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗ នេះ បានបង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែម លើបញ្ហាដែលមានស្រាប់ ជាពិសេស គឺសង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោក និងកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ដើម្បីកាត់បន្ថយផល ប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និង លំនឹងជីវភាពជូន កម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការអន្តរាគមន៍បន្ទាន់ជាបន្តបន្ទាប់ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។
តែទោះជាយ៉ាងណាក៏ដោយតំណាងក្រុមប្រឹក្សាសហជីពជាតិ ទាមទារឲ្យក្រសួងការងារ បន្តពង្រីកការផ្តល់ប្រាក់ឧបត្ថម្ភចំនួន៧០ ដុល្លារ ជូនកម្មករ និយោជិតនៅក្នុងវិស័យផ្សេងៗ ទៀត ក្រៅពីវិស័យកាត់ដេរ និងផលិតស្បែកជើង។ ព្រមទាំងបន្តការពិភាក្សាជាមួយសហគមន៍អឺរ៉ុប ដើម្បីធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធEBA បន្តទៅទៀតឲ្យកម្ពុជា ដើម្បីចៀសវៀងផលប៉ះពាល់ដល់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។