កម្មករ​រោងចក្រ​ហ្គ្រេត​អននើរ​ខេត្ត​កណ្ដាល​ដែល​ថៅកែ​រត់​ចោល​តវ៉ា​បិទ​ផ្លូវ​លេខ​២១​អា

0:00 / 0:00

កម្មករ​រោងចក្រ​តម្បាញ​នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ប្រមាណ ៥០០​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ៩០០​នាក់ នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២១​អា ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៩ កញ្ញា។ ផ្លូវ​ជាតិ​លេខ​២១​អា ត​ភ្ជាប់​ក្រុង​តាខ្មៅ ឆ្ពោះ​ទៅ​ស្រុក​កោះធំ ជាប់​ព្រំដែន​វៀតណាម។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម កម្មករ​នៃ​រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ (Great Honor Textile Factory) បាន​បិទ​ផ្លូវ​ជាតិ​លេខ​២១​អា នៅ​ខាង​មុខ​រោងចក្រ​របស់​ខ្លួន នៅ​ចំណុច​ភូមិ​លេខ៤ ក្នុង​ឃុំ​ស្វាយរលំ ខេត្ត​កណ្ដាល មិន​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​បាន​ឡើយ។

ក្រុម​កម្មករ​ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​សម្រេច​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​នេះ ក៏​ព្រោះ​ពួក​គាត់​មិន​បាន​ទទួល​ដំណោះស្រាយ​ប្រាក់​ឈ្នួល​របស់​ពួក​គាត់​អស់​រយៈពេល ៣​ខែ​ហើយ បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ​រត់​ចោល។

កាល​ពី​ថ្ងៃ​ទី​១១ សីហា គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល បាន​ធ្វើ​អន្តរាគមន៍​ម្ដង​ហើយ​ដោយ​ចុះ​ត្រួត​ពិនិត្យ​អីវ៉ាន់​សេសសល់​នៅ​ក្នុង​រោងចក្រ និង​រឹប​អូស​ដើម្បី​លក់​ឡាយឡុង​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទាំងនោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ឋិត​នៅ​ក្រោម​ដីកា​រក្សា​ការពារ​ដោយ​តុលាការ​នៅ​ឡើយ។

កម្មការិនី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ១៦​ឆ្នាំ​មក​ហើយ គឺ​លោកស្រី សែន សុខេន ថ្លែង​ថា ពួក​គាត់​កំពុង​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​គាត់​មិន​មាន​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល និង​ថ្លៃ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ក្នុង​អំឡុង​ពេល​ដំណោះស្រាយ​នេះ៖ « ផ្ទះ​ជួល គេ​លែង​ចង់​ជួល​ ឲ្ យ​ហើយ ព្រោះ​អី​ទឹក​ភ្លើង​គេ​ចេញ​លុយ។ អ៊ីចឹង​គេ​ឲ្យ​យើង​ចេញ​លុយ ដល់​ពេល​យើង​អត់​ចេញ​លុយ​អ៊ីចឹង គេ​អត់​ចង់​ឲ្យ​នៅ​ទេ ហើយ​គេ​ឲ្យ​ស្បថ។ បើ​យើង​អត់​លុយ ២០​ដុល្លារ​ឲ្យ​ថ្លៃ​ផ្ទះ​គេ គេ​ឲ្យ​យើង​ស្បថ​ស្លាប់​ចោល​កូន​ចៅ។ ទី​មួយ បើ​យើង​នៅ​ធ្វើ​ការ យើង​អាច​ជឿ​គេ​ហូប​បាន ដល់​ពេល​ឥឡូវ​យើង​អត់​ការងារ​ធ្វើ​បី​បួន​ខែ​អ៊ីចឹង យើង​អត់​មាន​ជឿ​អី​គេ​ហូប​បាន​ទេ។ អត់​ថ្លៃ​ផ្ទះ​គេ ៣​ខែ​ទាំង​ខែ​ហ្នឹង។ ការ​ហូប​ចុក​ចេះ​តែ​ហូប​ទៅ ពង​ទា​មួយ​គ្រាប់​ស្ងោ​ដាក់​ទឹក​អំបិល​សៀង​អី ចេះ​តែ​ហូប​ទៅ »

នៅ​រសៀល​ថ្ងៃ​ទី​១៩ ដដែល អនុ​ប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខ​សញ្ញា​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ូ រតនា បាន​មក​ជួប​ចរចា​សុំ​ឲ្យ​ក្រុម​កម្មករ​បើក​ផ្លូវ​ជា​មុន​សិន ហើយ​រង់ចាំ​ថ្ងៃ​កំណត់​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២៤ កញ្ញា៖ « រោងចក្រ​វា​មាន​កូដកម្ម​យូរ​មែន ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​២៣ ខែ​៨ យើង​បាន​ចេញ​ដីកា​រឹប​អូស យើង​ឃុំ​ទ្រព្យ​សម្បត្តិ​ទាំងអស់ ហើយ​នីតិវិធី​របស់​តុលាការ គឺ​យើង​ទុក​រយៈពេល​មួយ​ខែ។ អ៊ីចឹង​ដល់​ថ្ងៃ​២៣ ខែ​៩ បើ​សិន​ជា​អត់​មាន​ភាគី​ណា​ចូល​មក​ដើម្បី​ដោះស្រាយ​ជាមួយ​កម្មករ​និយោជិត ទើប​តុលាការ​មាន​សិទ្ធិ​ប្រកាស​ឲ្យ​លក់​ឡាយឡុង​ទ្រព្យ​សម្បត្តិ ដើម្បី​ទូទាត់​ជូន​កម្មករ​និយោជិត។ អ៊ីចឹង​ថ្ងៃ​វា​អត់​ទាន់​ដល់។ យើង​ទើប​តែ​ថ្ងៃ​ទី​១៩ ទេ។ ពួក​ខ្ញុំ​មក​បិទ​ដីកា​នេះ​ថ្ងៃ​២៤ ខែ​៨។ អ៊ីចឹង​យើង​ចាំ​ដល់​ថ្ងៃ​២៤ ខែ​៩។ ឥឡូវ​នេះ គណៈកម្មការ​ចម្រុះ​ជាមួយ​មេធាវី​តំណាង​ឲ្យ​កម្មករ​និយោជិត ក៏​បាន​ធ្វើ​ពាក្យ​ស្នើសុំ​តុលាការ ដើម្បី​ឲ្យ​គាត់​ប្រកាស​លក់​ឡាយឡុង​ដែរ។ យើង​បាន​ធ្វើ​ហើយ។ អ៊ីចឹង​យើង​រង់ចាំ​នីតិវិធី​របស់​តុលាការ »

លោក​បញ្ជាក់​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២០ កញ្ញា គណៈកម្មការ​ចម្រុះ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង នឹង​មក​ជួប​ដោះស្រាយ​ជាមួយ​កម្មករ​នៅ​រោងចក្រ​នេះ​ទៀត។

ទោះ​បី​ជា​មាន​ការ​សន្យា​បែប​នេះ​ក្ដី ក្រុម​កម្មករ​នៅ​តែ​មិន​ទាន់​អស់​ចិត្ត ព្រោះ​ពួក​គាត់​បាន​ទទួល​ការ​សន្យា​ដូច​គ្នា​នេះ​ច្រើន​សា​មក​ហើយ នៅ​តែ​មិន​មាន​ដំណោះស្រាយ។ និយោជិត​ជា​អ្នក​បកប្រែ​ភាសា​ចិន ផ្នែក​ផុង​នៃ​រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ លោក អ៊ឹង សុខា មាន​ប្រសាសន៍​ថា លោក និង​កម្មករ​នៅ​តែ​រក្សា​ជំហរ​ដដែល៖ « ការ​ឆ្លើយ​តប​នេះ ពួក​ខ្ញុំ​កម្មករ​នៅ​តែ​រង់ចាំ​បិទ​ផ្លូវ​ហ្នឹង​រហូត​ដល់​ពេល​គាត់​មក​នៅ​ថ្ងៃ​២៣ មាន​ដំណោះស្រាយ​យ៉ាង​ម៉េច ខ្ញុំ​នឹង​បើក​ផ្លូវ​ឡើង​វិញ តែ​បើ​ថ្ងៃ​២៣ អត់​មាន​ដំណោះស្រាយ​ទៀត​ទេ នៅ​តែ​និយាយ​ឡេមឡំៗ​ទៀត ខ្ញុំ​នៅ​តែ​បិទ​ផ្លូវ​ទៀត។ ពេល​ដែល​គណៈកម្មការ​មក ពួក​ខ្ញុំ​នៅ​តែ​បិទ​ផ្លូវ​អ៊ីចឹង។ ប៉ុន្តែ​ផ្លូវ​បើ​ពួក​គាត់​ចង់​មើល​អីវ៉ាន់ ខ្ញុំ​បើក​ឲ្យ​មើល​អីវ៉ាន់ តែ​ពួក​ខ្ញុំ​នៅ​តែ​បិទ​ផ្លូវ។ បើ​សិន​ជា​បាន​លទ្ធផល​ហើយ ខ្ញុំ​នឹង​បើក​ផ្លូវ​ឡើង​វិញ »

ក៏ប៉ុន្តែ ពួក​គាត់​បាន​រំសាយ​គ្នា​វិញ​នៅ​ម៉ោង​ជិត ៦​ល្ងាច ហើយ​នឹង​បិទ​ផ្លូវ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា។

កម្មករ​នៃ​រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ (Great Honor Textile Factory) ចាប់​ផ្ដើម​មាន​បញ្ហា​ការងារ​ធ្វើ​មិន​គ្រប់គ្រាន់ កាល​ពី​ជាង ១០​ខែ​មុន ហើយ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល ៥០%។ ប៉ុន្តែ​ក្នុង​រយៈពេល ២-៣​ខែ​ចុង​ក្រោយ ពួក​គាត់​មិន​បាន​បើក​ប្រាក់​ឈ្នួល​ទេ ដោយសារ​ថៅកែ​រោងចក្រ​រត់​ចោល។

រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់​តម្បាញ ដែល​មាន​កម្មករ​សរុប​ជាង ៩០០​នាក់។ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល លោក ថុល នាង ថ្លែង​ថា បញ្ហា​កម្មករ​ពេល​នេះ គឺ​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ។ ដូច្នេះ លោក​ក៏​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ដែរ៕

វីដេអូ៖ កម្មករ​រោងចក្រ​ហ្គ្រេត​អននើរ​ខេត្ត​កណ្ដាល​ដែល​ថៅកែ​រត់​ចោល​តវ៉ា​បិទ​ផ្លូវ​លេខ​២១​អា

កម្មករ​រោងចក្រ​ហ្គ្រេត​អននើរ​ខេត្ត​កណ្ដាល​ដែល​ថៅកែ​រត់​ចោល​តវ៉ា​បិទ​ផ្លូវ​លេខ​២១​អា កម្មករ​រោងចក្រ​ហ្គ្រេត​អននើរ​ខេត្ត​កណ្ដាល​ដែល​ថៅកែ​រត់​ចោល​តវ៉ា​បិទ​ផ្លូវ​លេខ​២១​អា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។