ADB៖ សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ដោយសារ​បញ្ហា​នយោបាយ

0:00 / 0:00

ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មេសា បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៤ ថា មាន​អត្រា ៧%។ ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​នេះ គឺ​អាស្រ័យ​លើ​រយៈ​ពេល​​នៃ​ការ​ជាប់​គាំង​នយោបាយ​ ដែល​ជា​ឥទ្ធិពល​អាក្រក់​មួយ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ធ្វើ​ការ​កែប្រែ​មូលដ្ឋាន​ព្យាករណ៍​​កំណើន​​របស់​ខ្លួន​ឡើង​វិញ​ ដែល​​បាន​ថា ការ​រំពឹង​ទុក​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​​​​​​តិច​តួច​បើ​ធៀប​នឹង​ឆ្នាំ​មុន បន្ទាប់​ពី​​ស្ថាប័ន​នេះ​ កត់​សម្គាល់​ឃើញ​ថា​ វិបត្តិ​នយោបាយ​បច្ចុប្បន្ន​​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ។

របាយការណ៍​ពិសេស​ប្រចាំ​ឆ្នាំ​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ស្ដី​ពី​សេដ្ឋកិច្ច​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ មេសា បាន​បង្ហាញ​អំពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៤ ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ថយ​ចុះ​មក​ត្រឹម ៧% នៅ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មាន​កំណើន ៧.២%។

ការ​ថយ​ចុះ​ដោយសារ​តែ​មាន​ភាព​តានតឹង​ខាង​ផ្នែក​នយោបាយ​ ដែល​បាន​កើន​ឡើង​​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ និង​បញ្ហា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​ពី​សំណាក់​កម្មករ​កាត់ដេរ ​ដែល​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ធ្លាក់​ចុះ និង​បាន​បង្ក​ឲ្យ​មាន​​ការ​រំខាន​ដល់​ផលិតកម្ម​សំលៀក​បំពាក់។

នាយក​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ភាព​នឹងន​ខាង​ផ្នែក​នយោបាយ​ និង​ទីផ្សារ​ពលកម្ម​ ដែល​អាច​នឹង​បន្ត​កើន​ឡើង​នា​ពេល​ខាង​មុខ​ទៀត​ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​ល្អ​ប្រសើរ​នៅ​ពេល ២​ឆ្នាំ​ខាង​មុខ​ទៀត។ កំណើន​នេះ​​គឺ​ឆ្លុះ​បញ្ចាំង​មក​ពី​កំណើន​នៃ​ការ​នាំ​ចេញ កំណើន​ក្នុង​វិស័យ​សេវាកម្ម​ និង​ការ​ពង្រឹង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ នៅ​តាម​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ​​នៅ​លើ​ពិភពលោក។

លោក អៀរិក ស៊ីដវិច៖ «បើ​យើង​និយាយ​ដោយ​សង្ខេប ទស្សនវិស័យ​​សេដ្ឋកិច្ច​ ជា​ពិសេស​លើ​កំណើន​សេដ្ឋកិច្ច និង​អត្រា​អតិផរណា​នៅ​តំបន់ និង​ពិភពលោក គឺ​មាន​ស្ថិរភាព។ ម៉្យាង​វិញ​ទៀត ហានិភ័យ​ចំពោះ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ក៏​អាច​គ្រប់​គ្រង​បាន។ ប៉ុន្តែ​កំណើន​នោះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​រូបិយវត្ថុ​នៅ​សហរដ្ឋអាមេរិក និង​ភាព​ប្រសើរ​ឡើង​សេដ្ឋកិច្ច​​របស់​ប្រទេស​ចិន»

​បន្ថែម​លើ​​នេះ សេដ្ឋវិទូ​ថ្នាក់​ខ្ពស់​របស់​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ លោក ឌួង ពូលឡង់ មាន​ប្រសាសន៍​ថា ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៤ នេះ ហាក់​មាន​ភាព​ស្រពេចស្រពិល​ខ្លះ​​ ដោយ​ខុស​ពី​​ការ​ព្យាករ​កាល​ឆ្នាំ​មុន​ ដោយសារ​តែ​​បញ្ហា​​នយោបាយ​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០១៥​ កំណើន​សេដ្ឋកិច្ច​កម្ពុជា សង្ឃឹម​ថា​ នឹង​​ប្រសើរ​ឡើង​វិញ​​បើ​ធៀប​នឹង​ឆ្នាំ​២០១៤។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា ភាព​ជាប់​គាំង​នយោបាយ​ និង​ការ​ធ្វើ​បាតុកម្ម​កន្លង​មក បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស និង​​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយ​ចំនួន​ រង់​ចាំ​​មើល​ ភាព​ប្រសើរ​ឡើង​នៃ​​​ស្ថានការណ៍​ក្រោយ​ការ​បោះឆ្នោត​​ ឬ​អាច​និយាយ​ថា​​ អ្នក​វិនិយោគ​បរទេស​មាន​ភាព​រារែក​ក្នុង​ការ​បណ្ដាក់​ទុន​បន្ថែម។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​បញ្ជាក់​ថា​ បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​បង្ហាញ​ថា ការ​ស្នើ​សុំ​គម្រោង​វិនិយោគ​បរទេស​ មាន​ការ​កើន​ឡើង​ ស្រប​ពេល​កម្ពុជា មាន​ភាព​ជាប់​គាំង​នយោបាយ។

លោក ស៊ុន ចាន់ថុល៖ «ប៉ុន្តែ​សំណូមពរ​ខ្ញុំ​ ក្នុង​នាម​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​តួនាទី​ដើរ​ប្រមូល​ទាក់ទាញ​អ្នក​វិនិយោគ​នេះ បើ​គណបក្ស​សង្គ្រោះ ចូល​ទៅ​ដោះស្រាយ​ជាតិ​​នៅ​រដ្ឋ​សភា ការ​ដែល​ខ្ញុំ​ទៅ​ទាក់ទាញ​អ្នក​វិនិយោគ​ ប្រហែល​ជា​ស្រួល​និយាយ​​បន្តិច។ បើ​គេ​សួរ​ថា យ៉ាង​ម៉េច​ហើយ​នយោបាយ​ ដោះស្រាយ​ចេញ​ឬ​នៅ? បើ​ដោះ​ស្រាយ​មិន​ទាន់​ចេញ គឺ​ថា​ ធ្វើ​ដំណើរ​អត់​រលូន គឺ​​នៅ​រលាក់​បន្តិច ​ត្រឹង​ហ្នឹង។ ប៉ុន្តែ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ដដែល»

ប្រធាន​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច មាន​ប្រសាសន៍​ថា កត្តា​សំខាន់​ពីរ​បាន​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​​កម្ពុជា ក្នុង​​ឆ្នាំ​២០១៤។ កត្តា​ទី​មួយ គឺ​បញ្ហា​នយោបាយ​ពិត​ជា​បាន​ប៉ះពាល់​ដល់​ការ​វិនិយោគ ជា​ពិសេស អ្នក​វិនិយោគ​ថ្មី។ កត្តា​សំខាន់​ទី​ពីរ គឺ​​​ការ​តវ៉ា​របស់​កម្មករ​​​ដែល​ប៉ះពាល់​ដល់​​ការ​នាំ​ចេញ​វិស័យ​កាត់ដេរ​សំលៀក​បំពាក់។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​សំលៀក​បំពាក់​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨.៧% នៅ​ឆ្នាំ​២០១៤​ ថយ​ចុះ​ពី​ជាង ១០% នៅ​ឆ្នាំ​២០១៣។ កំណើន​វិស័យ​សេវាកម្ម​ក៏​​ថយ​ចុះ​មក​ត្រឹម​ ៧% និង​​កំណើន​វិស័យ​កសិកម្ម បាន​ថយ​ចុះ​មក​ត្រឹម ២% នៅ​ឆ្នាំ​២០១៤។ ដោយ​ឡែក​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ មាន​​ទំហំ ១.៣០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ការ​ធ្លាក់​ចុះ​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។