ពលរដ្ឋ​ខេត្ត​សៀមរាប​គាំទ្រ​រដ្ឋាភិបាល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ សម្រាប់​រៀបចំ​ផ្ទេរ​ការ​គ្រប់គ្រង​ផ្នែក​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​ឯកជន​សុខា​អូតែល មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វិញ​ឲ្យ​ទាន់​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

ការ​បង្កើត​គណៈកម្មការ​ដែល​មក​ពី​ស្ថាប័ន​ចម្រុះ​របស់​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ប្រកាស​ដក​ហូត​សិទ្ធិ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ពី​ក្រុមហ៊ុន​សុខា​អូតែល កាល​ពី​អំឡុង​ខែ​វិច្ឆិកា មក។

តើ​ប្រជាពលរដ្ឋ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ប្រកាស​ដក​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​សុខា​អូតែល នេះ?

ប្រជាពលរដ្ឋ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​នៅ​ទី​រួម​ខេត្ត​សៀមរាប បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល ដែល​សម្រេច​ដក​ហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ឯកជន​សុខា​អូតែល មិន​ឲ្យ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ ដែល​ចូល​ទស្សនា​អង្គរ​ជា​បន្ត​ទៅ​ទៀត​នេះ។

ពួក​គេ​ចង់​ឃើញ​រដ្ឋាភិបាល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​អង្គរ​ដោយ​គ្រប់គ្រង​ចំណូល​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព ដែល​អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។

បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​តាម​តំបន់​អង្គរ ក្នុង​ចំណោម​អ្នក​រត់​រ៉ឺម៉ក​ជាច្រើន​ទៀត​ដែល​កំពុង​អង្គុយ​រង់ចាំ​ម៉ូយ គឺ​លោក សេង រ៉េត។ គាត់​មាន​ប្រសាសន៍​ដោយ​យល់​ឃើញ​ថា រដ្ឋាភិបាល​ដែល​ដក​ហូត​សិទ្ធិ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ពី​ក្រុមហ៊ុន​សុខា​អូតែល ដែល​ជា​របស់​លោក​ឧកញ៉ា សុខ គង់ នេះ គឺ​ជា​ការ​ល្អ ហើយ​ប្រហែល​ជា​ចំណូល​ថវិកា​ជាតិ​បាន​ច្រើន​ជាង​មុន ដោយសារ​តែ​មិន​បែង​ចែក​ទៅ​ឲ្យ​ក្រុមហ៊ុន។ បុរស​ដដែល​រំពឹង​ទុក​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​អង្គរ​ដោយ​ខ្លួន​ឯង​នោះ គាត់​យល់​ថា ចំណូល​ដែល​បាន​ពី​ទេសចរ​ខ្លះ អាច​នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ព្រម​ទាំង​ធ្លាក់​មក​ក្នុង​ដៃ​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​កាល​ពី​ពេល​មុន៖ «រឿង​ក្រុមហ៊ុន ខ្ញុំ​ក៏​មិន​ដឹង​ថា គេ​បាន​ចំណូល​គេ​យក​ទៅ​ធ្វើ​អ្វី​ខ្លះ​ទេ? ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល រៀបចំ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ពីព្រោះ​ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ខ្មែរ»

យុវជន​វ័យ​ក្មេង​ម្នាក់​ទៀត​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដូច​គ្នា គឺ​លោក សឿន បណ្ឌិត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ដែល​ដក​ហូត​សិទ្ធិ​នៃ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​នេះ ក៏ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​បាន គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ត្រូវ​តែ​មាន​តម្លាភាព​លើ​ប្រាក់​ចំណូល​ឲ្យ​ច្បាស់លាស់៖ «សង្ឃឹម​ថា​ប្រយោជន៍​នេះ​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់។ សង្ឃឹម​ថា ​ការ​ប្ដូរ​ពី​ក្រុមហ៊ុន ហើយ​រដ្ឋាភិបាល​គ្រប់គ្រង គឺ​គិត​ពី​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ»

កាល​ពី​អំឡុង​ខែ​វិច្ឆិកា កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ដក​សិទ្ធិ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ពី​ក្រុមហ៊ុន​សុខា​អូតែល ដែល​ជា​របស់​លោក​ឧកញ៉ា សុខ គង់ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ចាត់​ចែង​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ​រយៈពេល​វែង​មក។

ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទៅ​ទស្សនា​អង្គរ​វត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទៅ​ទស្សនា​អង្គរ​វត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA)

បន្ទាប់​ពី​ប្រកាស​ដក​ហូត​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​មក កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​មួយ ដើម្បី​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ ទៅ​ឲ្យ​ស្ថាប័ន​ចម្រុះ​របស់​រដ្ឋាភិបាល។ ក្នុង​សេចក្តី​សម្រេច​នោះ រដ្ឋាភិបាល​កំពុង​ឈាន​ទៅ​រក​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មួយ ដែល​មាន​សមាសភាព​ចម្រុះ​ស្ថាប័ន ដូចជា​មក​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មក​ពី​ក្រសួង​ទេសចរណ៍ មក​ពី​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ចំណូល​មិន​មែន​សារពើពន្ធ ព្រម​ទាំង​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប ​ជាដើម។

ទោះ​យ៉ាង​ណា មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំពោះ​កិច្ច​ណា​មួយ ហ៊ាន​អធិប្បាយ​ចំពោះ​ការ​គ្រប់គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​នឹង​ផ្ទេរ​ពី​ក្រុមហ៊ុន​យ៉ាង​ណា​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​តែង​នាំ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល ដែល​សម្រេច​ដក​ហូត​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​ឯកជន​ដែរ ក៏ប៉ុន្តែ​គាត់​នៅ​តែ​ភ័យ​ព្រួយ​លើ​បញ្ហា​ជាច្រើន នៅ​ពេល​ដែល​ការ​គ្រប់គ្រង​នេះ​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​មន្ត្រី​រដ្ឋាភិបាល៖ «ខ្ញុំ​ខ្លាច​គ្រាន់​តែ​គេ​ថា​ដក​ពី​ក្រុមហ៊ុន ទៅ​គ្រប់គ្រង​ដោយ​រដ្ឋ ប៉ុន្តែ​ភាព​ពិត គឺ​ឲ្យ​ទៅ​ឯកជន​គ្រប់គ្រង​វិញ​ដដែល។ បើ​សិន​រដ្ឋាភិបាល​គ្រប់គ្រង​ត្រូវ​មាន​គណៈកម្មការ​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​បុគ្គលិក​រដ្ឋ​ធ្វើ​ការ​ខ្ជីខ្ជា»

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​សម្ដែង​ការ​គាំទ្រ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដែរ ដោយ​គេ​យល់​ថា ការ​ដក​ហូត​សិទ្ធិ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​ឯកជន គឺ​ជា​ការ​ត្រឹមត្រូវ ពីព្រោះ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ក៏​ជា​របស់​ជាតិ​ខ្មែរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក គឺ​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មក​ពី​ស្ថាប័ន​ចម្រុះ ដើម្បី​គ្រប់គ្រង​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ។ លោក ព្រាប កុល យល់​ថា វា​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ឃើញ គឺ​គណៈកម្មការ​មួយ​នេះ​ត្រូវ​បង្កើត​ឲ្យ​មាន​យន្តការ​ច្បាស់លាស់ ចំពោះ​ចំណូល និង​ចំណាយ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នោះ៖ «យន្តការ​ហ្នឹង គឺ​ត្រូវ​ធានា​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ផ្សព្វផ្សាយ​ចំណូល និង​ចំណាយ។ ចំណុច​ទី​២ ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ការ​ធ្វើ​វិសោធនកម្ម​ដោយ​ស្ថាប័ន​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ការ​ចំណាយ និង​ចំណូល ហើយ​របាយការណ៍​សវនកម្ម​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ»

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន​ចម្រុះ​ច្របាច់​បញ្ចូល​គ្នា​នេះ អាច​នឹង​រៀបចំ​នីតិវិធី​ផ្ទេរ​ការ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​សុខា​អូតែល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។