មហា​សន្និបាត​ពី​ដំណើរ​ការ​អភិរក្ស​ឃ្មុំ​ព្រៃ​និង​អាជីវកម្ម​ទឹក​ឃ្មុំ​លើ​ទីផ្សារ

ដោយ សេក បណ្ឌិត
2014.02.28
ម៉ម ចាន់ធី ៦១០ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សហគមន៍​ទឹក​ឃ្មុំ​ក្រង់តេះ ខេត្ត​មណ្ឌលគីរី អ្នកស្រី ម៉ម ចាន់ធី ផ្ដល់​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Sek Bandith

តំណាង​សហគមន៍​ទឹក​ឃ្មុំ​ជិត ១០០​នាក់ មក​ពី​បណ្ដា​ខេត្ត​នានា និង​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា ជួប​ជុំ​គ្នា​បើក​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កុម្ភៈ។ មហា​សន្និបាត​នេះ​បាន​ពិភាក្សា​ពិស្ដារ​ពី​ដំណើរ​ការ​អភិរក្ស​ឃ្មុំ​ព្រៃ បច្ចេកទេស​ប្រមូល​ទឹក​ឃ្មុំ​ប្រកប​ដោយ​និរន្តរភាព និង​ចរាចរ​អាជីវកម្ម​ទឹក​ឃ្មុំ​នៅ​លើ​ផ្សារ ព្រម​ទាំង​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន។

ឆ្នាំ​២០១៤ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា បាន​ប្រារព្ធ​មហា​សន្និបាត​របស់​ខ្លួន ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សកម្មភាព​ការងារ​របស់​ស្ថាប័ន​នេះ ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សហគមន៍​ទឹក​ឃ្មុំ​ក្រង់តេះ ខេត្ត​មណ្ឌលគីរី អ្នកស្រី ម៉ម ចាន់ធី។ អ្នកស្រី​បាន​ថ្លែង​ចំពោះ​មុខ​សមាជិក និង​ដៃគូ​ពាក់ព័ន្ធ​ថា ការ​បើក​សន្និបាត​ប្រចាំ​ឆ្នាំ​នា​ពេល​នេះ គឺ​ជា​ពេល​សមស្រប​មួយ​សម្រាប់​សមាជិក​ជួប​ជុំ​ចែក​រំលែក​បទ​ពិសោធន៍ ចំណេះ​ដឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រាយការណ៍​ពី​ការ​រីក​ចម្រើន​នៃ​ផ្នែក​ទាំង​៤ រួម​មាន​រដ្ឋបាល ហិរញ្ញវត្ថុ ទីផ្សារ ផ្នែក​ត្រួត​ពិនិត្យ​គុណភាព​ផលិតកម្ម ជាដើម៖ «ព្រោះ​សមាជិក​ទាំងអស់​ទំនេរ​ពី​រដូវ​ប្រមូល​ផល​របស់​គាត់ និង​ជា​ពេល​វេលា​ល្អ​សម្រាប់​ក្រុម​ប្រមូល​ឃ្មុំ និង​គណៈកម្មការ​ជួប​ជុំ​ពិភាក្សា​ចែក​រំលែក​ព័ត៌មាន​ក្នុង​ចំណោម​សមាជិក (ស.ប.អ.ឃ)»

អ្នកស្រី​បន្ត​ថា ជាង​នេះ​ទៅ​ទៀត មហា​សន្និបាត​សាមញ្ញ​អាច​ចែក​រំលែក​បញ្ហា​សំខាន់ៗ​ដូច​ជា ការ​ចូល​រួម​សកម្មភាព​ជាមួយ​រដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ និង​រិះរក​យុទ្ធសាស្ត្រ​នានា សម្រាប់​អភិវឌ្ឍន៍​សហព័ន្ធ​ត​ទៅ​អនាគត។

សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០។

មន្ត្រី​សហគ្រាស​សេដាក (CEDAC) ដែល​ជា​ដៃ​សំខាន់​មួយ​ក្នុង​ការ​ប្រមូល​ទិញ​ទឹក​ឃ្មុំ​ព្រៃ លោក ឆាយ សុខលាង បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ថា ការ​ប្រមូល​ទឹក​ឃ្មុំ និង​ការងារ​អភិរក្ស​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ៖ «ទាក់ទង​នឹង​បរិមាណ​គុណភាព​អី​ប្រសើរ​ជាង​មុន ទោះ​បី​ជា​វា​មិន​ទាន់​បាន​ទៅ​ជា​ស្តង់ដារ​អន្តរជាតិ អាច​ទទួល​យក​បាន ប៉ុន្តែ​ស្តង់ដារ​ក្នុង​ស្រុក​យើង​មាន​ភាព​ប្រសើរ​ជាង​មុន»

លោក​បន្ត​ថា បរិមាណ​ទឹក​ឃ្មុំ​បាន​កើន​ឡើង​ទ្វេដង​ពី ១​ពាន់​លីត្រ ដល់ ៤​ពាន់​លីត្រ ក្នុង​មួយ​ឆ្នាំ។

អ្នកស្រី ម៉ម ចាន់ធី បង្ហាញ​ថា ការ​កើន​ឡើង​នេះ គឺ​ស្ថិត​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​កត្តា​អាកាសធាតុ​ប្រែប្រួល បញ្ហា​បច្ចេកទេស​ថែរក្សា និង​ប្រមូល​ផល​ទឹក​ឃ្មុំ៖ «កាល​ពី​ឆ្នាំ​២០១០ នោះ វា​អត់​សូវ​មាន​ភ្លៀង អ៊ីចឹង​ផ្កា​ក៏​វា​សូវ​មាន​ច្រើន និង​ជម្រក​របស់​ឃ្មុំ​ក្រេប​ទឹក ហើយ​ផ្កា​អត់​សូវ​មាន​ផ្កា​ក៏​អត់​សូវ​មាន​ដែរ»

ទោះ​យ៉ាង​ណា បរិមាណ​នេះ​មិន​ទាន់​បំពេញ​តាម​សេចក្តី​ប្រើប្រាស់​នៅ​ឡើយ។

ទន្ទឹម​នេះ ការ​អភិរក្ស​ឃ្មុំ និង​និរន្តរភាព​របស់​វា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែរ ជាពិសេស​អាជីវកម្ម​មួយ​នេះ​កំពុង​ត្រូវ​គំរាម​កំហែង​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រំលោភ​ទៅ​លើ​ព្រៃ​អភិរក្ស​ឃ្មុំ។

សមាជិក​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៣ បាន​កើន​ឡើង ១៨​ក្រុម ក្នុង​នោះ​មាន​អ្នក​ប្រមូល​ផល​ជិត ៨០០​នាក់ នៅ​ក្នុង ១៧​សហគមន៍ គឺ​សហគមន៍​ព្រៃ​ឈើ​មាន ៧​សហគមន៍ តំបន់​ការពារ​មាន​៥ និង ៥ ទៀត​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។ សហគមន៍​ទាំង​នេះ មាន​នៅ​ក្នុង​ខេត្ត​ចំនួន​៦ គឺ​ខេត្ត​មណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។