មន្ត្រីសង្គមស៊ីវិលយល់ថា ការចាប់មនុស្សដាក់ពន្ធគារមិនមែនជាជម្រើសល្អនោះទេ ជាពិសេសចំពោះបុគ្គម្នាក់ឬពីរនាក់ ដែលនិយាយប៉ះពាល់វិធានការរបស់រដ្ឋាភិបាលក្នុងការបង្កា ឬ ទប់ស្កាត់ជំងឺកូវីដ១៩។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា អ្នកលេងបណ្ដាញសង្គម ទិកតុក (TikTok) និយាយពីរឿងចាក់វ៉ាក់សាំង ដែលអាចនឹងធ្វើឱ្យប៉ះពាល់ខ្លះដល់បម្រាមរបស់រដ្ឋាភិបាល ឬការអនុវត្តច្បាប់បង្ការជំងឺកូវីដ-១៩។ ប៉ុន្តែវិធាការផ្លូវច្បាប់នេះ ក៏នឹងធ្វើឱ្យមានការរិះគន់ថា មានការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋដែរ។ លោកថា ប្រសិនអាជ្ញាធរព្រមានរួចហើយ ប៉ុន្តែពួកគាត់នៅតែមិនស្ដាប់ ទើបអាជ្ញាធរមានវិធានការផ្លូវច្បាប់ក៏មិនទាន់ហួសពេលនោះដែរ៖ «ខ្ញុំគិតថា អ្វីជារឿងល្អនោះ គឺថាមានតែហៅគាត់ណែនាំធ្វើកិច្ចសន្យាដើម្បីឱ្យគាត់អាចវិលត្រឡប់ទៅផ្ទះគាត់វិញទៅកុំឱ្យគាត់បង្ហោះអីធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារច្បាប់ ខ្ញុំគិតថា ជារឿងប្រសើរជាងគ្រាន់តែគាត់និយាយប៉ុណ្ណឹងទៅដាក់ពន្ធនាគារមិនមែនជាការមួយចំពេញដល់សង្គមជាតិទេបាទ»។
ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុស្សបែបនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនបុរសម្នាក់ ដោយចោទប្រកាន់ថា បានបង្ហោះវីដេអូតាមបណ្ដាញសង្គម ទិកតុក (TikTok) មានចេតនាញុះញង់បង្កចលាចល។ ស្នងការនគរបាលខេត្តកំពង់ចាមលោក ឯម កុសល ឱ្យប្រព័ន្ធឃោសនាលោក ហ៊ុន សែន ដឹងនៅថ្ងៃទី១១ ខែមេសា ថាពលរដ្ឋដែលត្រូវចាប់ខ្លួននោះឈ្មោះ មាន ពន្លក ហៅបងតា ដែលមានគណនី Tiktok ឈ្មោះនាយ ប្រុញ និងមានគណនីហ្វេសប៊ុកឈ្មោះ បងតា បច្ចុប្បន្នធ្វើជាជាងកាត់កញ្ចក់នៅទីរួមខេត្តកំពង់ចាម។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងទៅតុលាការ។
ជុំវីញករណីនេះ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យនគរបាលជាតិលោក ឆាយ គឺមខឿន អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី១១ ខែមេសា ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ស្រដៀងនឹងករណីនេះដែរកាលពីថ្ងៃទី១០ ខែមេសា តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្នដែរ។ បុរសនោះជាអ្នកលេងបណ្ដាញសង្គម ទិកតុក (TikTok) គាត់និយាយពីរឿងនេះដែរ។ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់អ្នកលេងបណ្ដាញសង្គមឈ្មោះថា ប៉ាន់ សុភី ភេទប្រុស អាយុ ២៩ឆ្នាំ មានកន្លែងកំណើតនៅភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់ឱ្យមានការរើសអើង។ ការចោទប្រកាន់នេះធ្វើឡើង ក្រោយបុរសរូបនេះបានបង្ហោះវីដេអូតាមបណ្តាញសង្គម ទិកតុក (TikTok) កាលពីថ្ងៃទី៤ ខែមេសា ដោយនិយាយទាក់ទងរឿងចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ ការចាប់ខ្លួននេះ ធ្វើឡើងដោយយោងតាមដីកាតុលាការថ្ងៃទី១០ ខែមេសា ពាក់ព័ន្ធនឹងបទល្មើសដែលអាចផ្តន្ទាទោសតាមមាត្រា ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមាត្រា ៤៩៤ និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ការចាត់វិធានការលើអ្នកបញ្ចេញមតិរិះគន់ការចាក់វ៉ាក់សាំងនេះ កើតឡើងស្របពេលដែលរដ្ឋាភិបាលកំពុងបង្ខំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
មន្រ្តីបក្សកាន់អំណាច ចាត់ទុកអ្នកបញ្ចេញមតិរបស់ពលរដ្ឋតាមបណ្តាញសង្គម ជុំវិញរឿងរស៊ើបនៃការចាក់វ៉ាក់សាំងចិន ថាជាអ្នកមានបំណងមិនចង់ឲ្យមនុស្សចាក់វ៉ាក់សាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ថ្លែងថា ការមានចំណាត់ការផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ គឺជារឿងត្រឹមត្រូវ ព្រោះលោកចោទថា ពួកគាត់ទាំងនោះមានចេតនារារាំងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះថ្លែងដូចមេបក្សរបស់ខ្លួនដែរថា វិធានការបែបនេះ គឺជាផ្នែកមួយដើម្បីសុវត្ថិភាព និងអាយុវជីវិតពលរដ្ឋមួយប្រទេសដែលដាច់ខាតត្រូវអនុវត្តច្បាប់ឱ្យតឹងរ៉ឹងលើអ្នកប្រព្រឹត្តិខុស៖ «សម្លាប់អាយុជីវិតប្រជាជនអញ្ចឹងទេបានជាមានគំនិតរារាំងតាមច្បាប់ចេញថ្មីស្ដីពីការទប់ស្កាត់ជំងឺកូវីដគឺត្រូវតែមានវិធានការទាន់ពេលវេលា»។
ទន្ទឹមនឹងការបង្ក្រាបអ្នករិះគន់ការចាក់វ៉ាក់សាំងចិននេះនិងស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើគ្រប់វិធីដើម្បីបង្ខំឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងនោះ រដ្ឋាភិបាលនេះក៏ទើបតែចេញអនុក្រឹត្យថ្មីមួយទៀត ដើម្បីឲ្យស្របតាមការបង្ខំនេះ។ អនុក្រឹត្យនេះចែងពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បើតាមខ្លឹមសារនៃអនុក្រឹត្យនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនថាវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ឬគ្មាននោះទេ គឺត្រូវតែធ្វើជាដាច់ខាត ដោយមិនមែនធ្វើតាមគោលការណ៍ស្ម័គ្រចិត្តនោះឡើយ។
អនុក្រឹត្យចុះថ្ងៃទី១១ ខែមេសា ចែងថា កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការជាដើម។
កាតព្វកិច្ចចាក់វ៉ាក់សាំងនេះ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀតដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
ទោះយ៉ាងណា ក៏មានការលើកលែងចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។
ជាមួយគ្នានេះ អាជ្ញាធរបន្តបញ្ចេញសារគម្រាមចាត់ការអ្នកផ្សាយព័ត៌មាន ដែលរងការចោទប្រកាន់ ថាជាចេតនាមិនឲ្យមនុស្សទៅចាក់វ៉ាក់សាំង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ព្រមានចាប់ពលរដ្ឋញាត់គុកឱ្យតែរកឃើញថា ផ្សព្វផ្សាយព័ត៌មានដែលលោកចោទថាញុះញង់មិនឱ្យមានការចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ឱ្យដឹងកាលពីពេលថ្មីៗនេះថា ចាប់តាំងពីដើមខែមករា មានមនុស្សជិត ៣០នាក់ ហើយត្រូវរបបក្រុងភ្នំពេញចាប់ខ្លួនក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ក្រោយពីពួកគេបានរិះគន់រឿងជំងឺកូវីដ-១៩។
ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ កម្ពុជារកឃើញករណីចម្លងថ្មី ជាង ១២០០ (១២១០) នាក់ ដោយគិតជាមធ្យម គឺជាង ៤០០ នាក់ ក្នុងមួយថ្ងៃ។ ជំងឺនេះបានរាលដាលដល់រោងចក្រចំនួន ៨។ អ្នកស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ២៩ នាក់ ដោយមិនរាប់បញ្ចូលអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ ផ្សេងទៀត ដែលស្លាប់ក្នុងពេលសម្រាកព្យាបាលជំងឺនេះ ប៉ុន្តែក្រសួងសុខាភិបាល ថាស្លាប់ដោយសារមូលហេតុផ្សេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។