អាជ្ញាធរ​បន្ត​រារាំង​កូដករ​ណាហ្គាវើល​មិន​ឲ្យ​តវ៉ា​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ពី​និយោជក

ដោយ ម៉ៅ សុធានី
2022.07.27
អាជ្ញាធរ​បន្ត​រារាំង​កូដករ​ណាហ្គាវើល​មិន​ឲ្យ​តវ៉ា​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ពី​និយោជក ក្រុម​កូដករ​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ១០០នាក់​ បន្ត​ការតវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ ពី​ថៅកែ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

អាជ្ញាធរ​បន្ត​រារាំង ក្រុម​កូដករ​ណាហ្គាវើលដ៍ ប្រមាណ ១០០នាក់​មិន​ឱ្យ​តវ៉ា​ទាមទារ រក​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ថៅកែ បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី២៧ កក្កដា។ កូដករ​ណាហ្គាវើលដ៍ ថ្លែង​ថា ការ​តវ៉ា​ជា​ថ្មី​នេះ ដោយសារ ថៅកែ​ក្រុមហ៊ុន​ណាហ្គាលវើលដ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្មាន​យន្តការ​ដោះស្រាយ វិវាទ​ការងារ​របស់​ពួកគេ។ ក្រុម​កូដករ​អះអាង​ថា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ទេ​នោះ ពួក​គេ​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​តវ៉ា​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប។

កូដករ​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់ ដាក់​រនាំង​ដែក ៣ជាន់ រារាំង​ពួក​គេ​មិន​ឱ្យ​ដើរ​ទៅ​តវ៉ា​នៅ​មុខ​អាគារ ក្រុមហ៊ុន​ណាហ្គាវើលដ៏ ដែល​ជា​ភាគី​វិវាទ​នោះ​ទេ។

កូដករ​ណាហ្គាវើលដ៍​កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី២៧ កក្កដា ឱ្យ​ដឹង​ថា កញ្ញា សោក​ស្ដាយ ចំពោះ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួក​កញ្ញា​មិន​ឱ្យ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ (Nagaworld) ផ្ទាល់ ព្រោះ​វិវាទ​ការងារ​នេះ​ជាមួយ​ក្រុមហ៊ុន។ កញ្ញា បន្ត​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ទេ ហើយ​បែរ​ជា​ទៅ​ការពារ​ឱ្យ​ក្រុមហ៊ុន​វិញ ទាំង​ដែល​កូដករ​ទាំង​អស់​ជា​ជន​រង​គ្រោះ។ កញ្ញា​អះអាង​ថា អាជ្ញាធរ​មិន​ព្យាយាម​រក​ដំណោះស្រាយ ជូន​កូដករ​នោះ​ទេ ប៉ុន្តែ​តែងតែ​លាប​ពណ៍​កូដករ​ថា បាន​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ទៅ​វិញ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើក​ឡើង​ថា ក្រុម​កូដករ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​រហូត​មាន ដំណោះស្រាយ៖ «ពួក​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ព្រោះ​នេះ​ជា​វិវាទ​ការងារ​និយោជក ជាមួយ​និង​បុគ្គលិក​ទេ ប៉ុន្តែ​ពួក​គាត់ អត់​ដឹង​ថា គាត់​យក​ច្បាប់​អ្វី​ប្រើ​មក​លើ​ពួក​ខ្ញុំ បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា ដូចជា ការ​ដាច់​បារ៉ាស់​បិទ​ពួក​ខ្ញុំ​មិន​ឱ្យ​ពួក​ខ្ញុំ​ទៅ​ឈរ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ គឺ​ជា​ចេតនា​របស់​គាត់​ខ្លាច​កម្មករ​ទៅ​ឈរ​ដល់​នៅ​មុខ​ក្រុមហ៊ុន អ៊ីចឹង​បាន​គាត់​ខំ​ប្រឹង​ដាក់​បារ៉ាស់​បិទ​ទប់។ មាន​ទាំង​សណ្ដាប់ធ្នាប់ ដូចជា អាជ្ញាធរ​អី​ផ្សេង​ទៀត​មក​គ្រប់​ខណ្ឌ គឺ​មក​គ្រប់​អស់​ហើយ។ ខ្ញុំ​សោក​ស្ដាយ​ដែរ ដែល​អាជ្ញាធរ​អស់​ហ្នឹង គាត់​ប្រើ​ហិង្សា​មក​លើ​ពួក​ខ្ញុំ​ទាំង​ដែល​ពួក​ខ្ញុំ​ជា​ជន​រង​គ្រោះ គ្រាន់តែទាមទារអាហារ៣ពេល ហើយ​នឹង​ទាមទារ​ចង់​ចូល​ធ្វើ​ការ​វិញ»

ស្រដៀង​គ្នា​នេះ កូដករ​ណាហ្គាវើលដ៍​ម្នាក់​ទៀត​គឺ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែងថា កញ្ញា​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​រដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ការងារ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ។ កញ្ញាបន្ត​ថា វិវាទ​ការងារ​របស់​ពួក​កញ្ញា គឺ​វិវាទ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ប៉ុន្តែ បាន​បែរ​ជា វិវាទ​រវាង​កូដករ និង​អាជ្ញាធរ​ទៅ​វិញ។ កញ្ញា​អះអាង​ថា ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ រួម​ទាំង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​នោះ​ទេ ហើយ​បាន​ពន្យារ​ពេល​ដោះ​ស្រាយ ដើម្បី​ឱ្យ​កូដករ​ម្នាក់ៗ ជួប​បញ្ហា​ជីវភាព និង​បញ្ហា ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រួច​បញ្ឈប់​ការ​តវ៉ា៖ «យើង​ឃើញ​ជាក់​ស្ដែង​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៏ ដែល​ជា​ក្រុមហ៊ុន​បរទេស ដែល​រស់​ស៊ី​នៅ​ស្រុក​ខ្មែរ​ហ្នឹង គាត់​អត់​បាន​គោរព​ក្នុង​ច្បាប់ ដែល​មាន​ចែង​ក្នុង​សៀវភៅ​ការងារ​ទេ ។ សូម​ឱ្យ​អាជ្ញាធរ​ឈប់​រារាំង​បិទ​ផ្លូវ មិន​ឱ្យ​កូដករ​ពួក​យើង​ទៅ​ឈរ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទៀត​ទៅ ឱ្យ​ពួក​ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​របប​ក្រុមហ៊ុន​តាម​ច្បាប់​មាត្រា​កូដកម្ម ព្រោះ​ពួក​ខ្ញុំ​រាល់​ថ្ងៃ​អត់​ចង់​បាន​អ្វី​ទេ សូម​ឱ្យ​តែ​ក្រសួង និង​អាជ្ញាធរ​នៅ​ឈរ​នៅ​ចំណុច​កណ្ដាល ដើម្បី​ដោះ​ស្រាយ​នូវ​វិវាទ​របស់​ពួក​ខ្ញុំ​ធ្វើ​តាម​ច្បាប់ ដែល​មាន​បាន​ចែង​នៅ​ក្នុង​សៀវភៅ​នៃ​ច្បាប់​ការងារ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ការ​រារាំង​កូដករ​នេះ​បាន​ទេ នៅថ្ងៃ២៧ កក្កដា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​រារាំង​ក្រុម​កូដករ​នេះ ដោយ​អាជ្ញាធរ​ធ្វើ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ ព្រោះ​លោក​ថា ក្រុម​កូដករ​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​សាធារណៈ។ លោក​អះអាង​ថា កន្លង​មក​ក្រសួង​ពាក់ព័ន្ធ​តែង​តែ​រក​វិធី​ដោះ​ស្រាយ​វិវាទ​ជូន​កូដករ ប៉ុន្តែ​កូដករ​មិន​ព្រម​ទទួល​យក ហើយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​កាង​ឱ្យ​ក្រុមហ៊ុន គឺ​ជា​ការ​វាយ​តម្លៃ​មួយ​អាក្រក់ និង​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អាជ្ញាធរ គឺ​មិន​មែន​ជា​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ត្រឹមត្រូវ​ឡើយ៖ «ប្រសិន​ជា​បង​ប្អូន​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​ទីធ្លា​សាធារណៈ​ទៀត ចៀស​មិន​ផុត​ពី​ការ​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ ពីព្រោះ​តួនាទី​របស់​អាជ្ញាធរ គឺ​ជា​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​សាធារណៈ។ អ្វី​ដែល​អាជ្ញាធរ​ធ្វើ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​ក្របខ័ណ្ឌ នៃ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​រាជធានី​ភ្នំពេញ។ បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ជាង ១ពាន់ ៧រយនាក់(,៧០០នាក់) ពួក​គាត់​បាន​ទទួល​យក​ដំណោះស្រាយ​អស់​ហើយ នៅសល់ប្រហែលជាខ្ទង់១រយនាក់ទេ(១០០នាក់)ទេ ដែល​នៅ​ធ្វើ​ការ​តវ៉ា ភាគ​ច្រើន​លើសលប់ ក្នុង​ចំណោម ១០០នាក់​នោះ​គឺ បងប្អូន​សហជីព។ អ្វី​ដែល​ជា​ការ​តវ៉ា តើ​យើង​តវ៉ា ដើម្បី​ប្រយោជន៍​បុគ្គលិក​កម្មករ​ណាហ្គាវើលដ៏ ឬ​មួយ​យើង​កំពុង​តវ៉ា ដើម្បី​ផល​ប្រយោជន៍​សហជីព​ខ្លួន​ឯង ? ប្រសិនបើ​យើង​តម្កល់​ផល​ប្រយោជន៍​បង​ប្អូន​បុគ្គលិក​ណាហ្គាវើលដ៏​ជា​ធំ បង​ប្អូន ដែល​នៅ​សេសសល់​នៃ​តវ៉ា​នេះ គួរ​តែ​គោរព​តាម​សេចក្ដី​សម្រេច​របស់​មតិ​ភាគ​ច្រើន»

ជុំវិញរឿងនេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ សង្កេត​ឃើញ​ថា ភាគី​ក្រុមហ៊ុន​នៅ​តែ​គ្មាន​ឆន្ទៈ​ចង់​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ លោក​បន្ត​ថា ក្រុមហ៊ុន អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ហាក់​មាន​ចេតនា​ពន្យារ​ពេល ដើម្បី​ឱ្យ​កូដករ​អស់​លទ្ធភាព ក្នុង​ការ​ធ្វើ​កូដកម្ម​តាម​រយៈ​ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ឬ​ដាច់​ស្បៀង​អាហារ។ លោក​បន្ត​ថា ការ​អូស​បន្លាយ​ពេល​នេះ បង្ក​ឱ្យ​កើត​មាន អំពើ​ហិង្សា រវាង​អាជ្ញាធរ ទៅ​លើ​កូដករ​រហូត​ឈាន​ដល់​មាន​ការ​ប៉ះ​ទង្គិច​ជា​បន្ត​បន្ទាប់។ លោក ឃុន ថារ៉ូ ជំរុញ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​កុំ​ឱ្យ​កូដករ ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​បន្ត​ទៀត៖ «ការ​ដែល​ប្រើប្រាស់​យន្តការ គណៈកម្មការ​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា នៃ​ការ​ដោះ​ស្រាយ​នេះ វា​មិន​មែន​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ដោះស្រាយ វិវាទ​ប្រកប​ដោយ​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​ទេ ពីព្រោះ​អី គណៈកម្មការ​នេះ គឺ​ជា​គណៈកម្មការ​ក្រៅ​ប្រព័ន្ធ​មួយ ដែល​មិន​បាន​ប្រើប្រាស់​នូវ​តថភាព​ផ្នែក​ច្បាប់ នៅ​ក្នុង​ការ​កំណត់​នូវ​ឫសគល់ នៃ​វិវាទ និង​បញ្ហា​ប្រឈម​ទាក់ទង និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់ ក្នុង​ការ​ធានា​ឱ្យ​មាន​នូវ​ការ​ទទួល​ស្គាល់ មិន​មាន​ការ​រើសអើង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សហជីព​នៅ​កន្លែង​ការងារ»

ក្រុម​កូដករ​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង ៨ខែ​មក​ហើយ មិន​ទាន់​មាន ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ​ទេ។ កន្លង​មក​អាជ្ញាធរ​រដ្ឋ តែង​ប្រើ​អំពើ​ហិង្សា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ប្រចាំ ដោយ​ចាប់​រុញ​កូដករ​ឡើង​រថយន្ត​ក្រុង រួច​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ជាយ​ក្រុងភ្នំពេញ។ កូដករ​នៅ​ណាហ្គាវើលដ៍​ និង​សហជីព​ជា​ញឹកញយ​បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ការ​ប្រើ​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​ទៅ​លើ​ពួក​គេ​ឱ្យ​របួស​នៅ​រាល់​ពេល​មាន​ការ​តវ៉ា ក្នុង​នោះ​មាន​ការ​រុញ​ច្រាន​ រុញ​បោក​ផ្ទប់​នឹង​ឡាន​ក្រុង​ ធាក់ ទាត់ រំលោភបំពាន ឬ​ប៉ះ​ពាល់​កេរ្តិ៍​ខ្មាស ហើយ​ថ្មីៗ នេះ មាន​កូដករ​ម្នាក់ គឺ​កញ្ញា ពៅ រស្មី ត្រូវ​អាជ្ញាធរ​វាយ​ចំ​មុខរបួស​ធ្ងន់ កាល​ថ្ងៃ​ទី២២ កក្កដា​ជា​ដើម។

សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ចូលរួម​តាមដាន​ក្នុង​ការ​ធ្វើ​កូដកម្ម​បុគ្គលិក​ណាហ្គាវើលដ៏ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នៅ​តែ​បន្ត ដំណោះស្រាយ​វិវាទ​ការងារ​មួយ​នេះ ដើម្បី​ស្ដារ​មុខ​មាត់​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ស្រប​ពេល​កម្ពុជា ជា​ប្រធាន​ប្តូរវេន​អាស៊ាន៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។