អាជ្ញាធរជាច្រើននាក់បន្តបង្ក្រាបដោយហិង្សាដោយហ៊ុំព័ទ្ធ និងចាប់រុញច្រានក្រុមកូដករណាហ្គាវើលដ៍ជាង ២០០នាក់ដែលពួកគេកំពុងតវ៉ាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារនៅរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣០ ខែមីនា។
តំណាងកូដករម្នាក់កញ្ញា ពៅ រស្មី ប្រាប់ អាស៊ីសេរីដឹងនៅថ្ងៃទី៣០ខែមីនានេះថាអាជ្ញាធរជាច្រើនបានឡោមព័ទ្ធ និងប្រើហិង្សា និងចាប់រុញពួកកញ្ញារុញចូលឡាន រួចដឹកយកទៅទម្លាក់ចោលជាយក្រុងភ្នំពេញដូចសព្វដង។
កញ្ញាចាត់ទុកទង្វើរបស់អាជ្ញាធរនេះថាជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយព្រោះគ្រាន់តែពួកគេទាមទាររកដំណោះស្រាយពីក្រុមហ៊ុនប៉ុណ្ណោះ៖ «វាជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំខ្លាំងណាស់ ។ ពួកខ្ញុំគ្រាន់តែត្រូវការដំណោះស្រាយពីក្រុមហ៊ុន។ ដូចដែលខ្ញុំនិយាយជាដដែលៗ អ៊ីចឹង វាជាវិវាទការងារទេ ។ អ៊ីចឹងលោកថៅកែចូលចរចាដោះគន្លឹះទី១ មិនចេញ ដោះគន្លឹះផ្សេងៗ ម៉េចចេញ បើជំហរដ៏ធំរបស់ពួកខ្ញុំ គឺចំណុចទី១ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី៣០ មីនា ដោយសារតែលោកមិនលើកទូរស័ព្ទ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ មីនា កាលពីម្សិលមិញ បានបដិសេធចំពោះការរិះគន់របស់សាធារណជនមកលើសមត្ថកិច្ច ដែលថាបានប្រើអំពើហិង្សាធ្ងន់ធ្ងរដល់ក្រុមកូដករ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយជាប់ៗ គ្នានេះអាជ្ញាធរក្រុងភ្នំពេញប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករ ដែលបន្តទាមទារដំណោះស្រាយនៅក្បែរអគារក្រុមហ៊ុន។ អាជ្ញាធរ បានរុញច្រាន ចាប់ក្រៀក បោកកូដករ ភាគច្រើនជាស្រ្តីខ្ទប់នឹងរថយន្ត រួចដឹកទៅទម្លាក់នៅក្នុងខណ្ឌព្រែកព្នៅ ដោយគ្មានបន្ទប់ទឹកប្រើប្រាស់។ ពេលទៅដល់តំបន់ជាយក្រុងភ្នំពេញ កូដករថា អាជ្ញាធរបង្ខាំងពួកគាត់នៅក្នុងរថយន្តរហូតដល់ម៉ោង ៥ល្ងាចទើបដឹកកូដករទៅទម្លាក់ទៅទីលានប្រជាធិបតេយ្យ ហើយឱ្យពួកគាត់រកមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះរៀងៗ ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។