អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ប្រាប់អាស៊ីសេរី នៅពីថ្ងៃទី១៤ មករាថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ជនជាតិចិនពីរនាក់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។
អ្នកនាំពាក្យទាំងពីរនាក់ មានប្រសាសន៍ដូចគ្នាថា ក្រុមសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យអស់ហើយ។ ពួកគេថា សមត្ថកិច្ចអាចនឹងឈានដល់ការចាប់ខ្លួនជនសង្ស័យក្នុងពេលឆាប់ៗ ខាងមុខនេះ។ អ្នកនាំពាក្យទាំងពីរមិនបានបញ្ជាក់ថា ជនសង្ស័យជាជនជាតិខ្មែរ ឬជនជាតិចិនដូចគ្នាទេ ហើយមូលហេតុនៃអំពើឃាតកម្មនេះ ក៏នៅមិនទាន់សន្និដ្ឋាននៅឡើយដែរ ដរាបណាអាជ្ញាធរមិនទាន់ចាប់ជនសង្ស័យបាន។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះម្នាក់អាយុ ២១ឆ្នាំ និងម្នាក់ទៀត អាយុ ៣៨ឆ្នាំ។ ពួកគេទាំងពីរនាក់ ត្រូវបានជនសង្ស័យយកខ្សែរឹតក រហូតដល់ស្លាប់។
សពជនរងគ្រោះទាំងពីរនាក់ត្រូវបានគេតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកពីប្រទេសចិន យកទៅធ្វើបុណ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។