អ្នក​ជំនាញ​ជំរុញ​ការ​អាន​ខណៈ​ពិព័រណ៍​សៀវភៅ​លើក​ទី​៦​មាន​អ្នកចូលរួម​ច្រើន

ដោយ មាន ឫទ្ធិ
2017-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ការ​តាំង​ពិព័រណ៍​សៀវភៅ​លើក​ទី​៦ ឆ្នាំ​២០១៧​នេះ មាន​អ្នកចូលរួម​ប្រមាណ ៥​ម៉ឺន​នាក់។ ទោះ យ៉ាង​ណា​ក្តី អ្នក​ជំនាញ នៅតែ​លើកទឹកចិត្ត​ឲ្យ​មាន​ការ​អាន​ឲ្យ​បាន​ច្រើន ព្រមទាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​បណ្ណាល័យ​ឲ្យ​បាន​ច្រើន​នៅ​ទូទាំង​ប្រទេស។

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦ ដែល​បាន​ចាប់ផ្ដើម តាំងពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​នៅ​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ​នោះ បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ អ្នក​រៀបចំ​ថា ពិព័រណ៍​សៀវភៅ​លើក​ទី​៦​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​រៀងរាល់​ឆ្នាំ​តាមរយៈ​កំណើន​ស្តង់​តាំង និង​លក់​សៀវភៅ កំណើន​អ្នកចូលរួម​ដែល​គេ​ប៉ាន​ស្មាន​រហូតដល់​ជាង ៥​ម៉ឺន​នាក់។

ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា និង​នាយក​អង្គការ​ស៊ីប៉ា (Sipar) លោក ហុក សុទ្ធិ ថ្លែងប្រាប់​អាស៊ីសេរី​ថា ពិពណ៌នា​សៀវភៅ​កាន់តែ​ទទួល​បាន​ការចាប់អារម្មណ៍ ពី​សាធារណជន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ លោក​រម្លឹក​ថា កាលពី​ឆ្នាំ​២០១៥ ពិព័រណ៌​សៀវភៅ​មាន​អ្នកចូលរួម ជាង​១ម៉ឺននាក់ ខណៈ​ឆ្នាំ​២០១៦​មាន​អ្នកចូលរួម ២៥០០០នាក់។ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ លោក​រំពឹង​ថា នឹង​មាន​អ្នក ចូលរួម​រហូតដល់​ជាង ៥​ម៉ឺន​នាក់ ព្រោះថា រយៈពេល​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ គឺ​មាន​អ្នក​ចូល រួម​ជាង​៤ ម៉ឺន​នាក់​ទៅ​ហើយ។ ស្តង់​សៀវភៅ​ក្នុង​ឆ្នាំ​នេះ ក៏​មាន​ការ​កើន​ឡើង រហូតដល់​៨០​ស្តង់​ដែរ ជាពិសេស គេ​កត់សម្គាល់​ឃើញ​ថា មាន​កវីនិពន្ធ​ក្មេងៗ​ជាច្រើន បាន​ចូលរួម​បង្ហាញ​ស្នាដៃ​របស់​ពួកគេ«យើង​ឃើញ​ថា​យុវជន​មក​ច្រើន​ហើយ តែ​ខ្ញុំ​នៅ​សូម​អំពាវនាវ​ដល់​ឪពុកម្ដាយ​ទាំង​អស់​នៅ​ភ្នំពេញ ទាំង​នៅ​ទូទាំង​ខេត្ត គាត់​ត្រូវ​តែ​លើក​ទឹកចិត្ត​កូន​ចូលរួម​ពិព័រណ៍​សៀវភៅ ដើម្បី​ឲ្យ​កូន​ជំនាន់​ក្រោយ​មាន​ទម្លាប់​ក្នុង​ការ​អាន។ ការ​អាន​ធ្វើ​អោយ​យើង​មាន​ប្រយោជន៍​ច្រើន ដូចជា​ធ្វើ​អោយ​យើង​មាន​ចំណេះដឹង មាន​វប្បធម៌​ទូទៅ ជា​ពិសេស​ការ​អាន​នាំ​ឲ្យ​រៀន​បាន​លទ្ធផល​ល្អ»

លោក ហុក សុទ្ធិ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បង្កើត​បណ្ណាល័យ​សាធារណៈ​ឲ្យ​បាន​ច្រើន​នៅ​តាម​ឃុំ​-​ស្រុក​-​ខេត្ត ដើម្បី​លើកកម្ពស់ ឬ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

រីឯ​នាយិកា​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​បណ្ណាល័យ និង​ឯកសារ​វិទូ​កម្ពុជា អ្នកនាង ម៉ៅ កុលាប បាន​ថ្លែង​ថា នៅ​បណ្ដា​ប្រទេស​អ្នកមាន គឺ​គេ​បណ្ដុះ​ទម្លាប់​ការ​អាន​តាំងពី​វ័យ​ទារក​មក​ម្ល៉េះ ហើយ​ប្រព័ន្ធ​អប់រំ​របស់​គេ​ទៀតសោត គឺ​ជំរុញ​ការ​អាន​ច្រើន​ខុស​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា។

អ្នកនាង ម៉ៅ កុលាប ជំរុញ​ឲ្យ​អាណាព្យាបាល រួម​ទាំង​មត្តេយ្យសាលា ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​រហូតដល់​សាលា​បឋមសិក្សា និង​សាលា​វិទ្យាល័យ ត្រូវ​បង្កើត​បណ្ណាល័យ និង​បង្កើត​កម្មវិធី​អាន​ឲ្យ​បាន​ច្រើន​ចាប់​តាំង​ពី​ទារក ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​ក្នុង​ការ​អាន​ជាប់​រហូត។ អ្នក​ជំនាញ​រូប​នេះ លើក​ឡើង​ថា ការ​អាន​ច្រើន​នាំ​ឲ្យ​មានការ​អភិវឌ្ឍ​ផ្នែក​គំនិត និង​ពិចារណា​បែប​ស៊ីជម្រៅ និង​អភិវឌ្ឍ​ការ​សរសេរ​ទៀត​ផង ដែល​នាំ​ឲ្យ​ជោគជ័យ​ទាំង​ការសិក្សា និង​ការងារ។

ពិព័រណ៍​សៀវភៅ​កម្ពុជា ត្រូវ​បាន​ប្រារព្ធ​ឡើង​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ទិវា​អំណាន​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ឆ្នាំ​២០១៥ ក្នុង​គោលបំណង​តែមួយ​ដូចគ្នា​គឺ​ជំរុញ​ការ​អាន​នៅ​កម្ពុជា។ អ្នក​រៀបចំ​អះអាង​ថា ការរៀបចំ​ពិព័រណ៍​សៀវភៅ​ នឹង​ពង្រីក​បន្ថែម​ទៀត​ចេញពី​ទីក្រុង​ទៅកាន់​ទី​ជនបទ ដើម្បី​លើក​កម្ពស់​ការ​អាន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល