គណៈសង្ឃថា ការបកស្រាយរបស់លោក សុខ ទូច រឿងពង្រឹងវិន័យមិនអាចទទួលយកបាន
2018.10.23

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតបំភ្លឺថា សន្ទរកថារបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឲ្យព្រះសង្ឃជាច្រើនអង្គមិន ពេញព្រះទ័យ និងមានចំណុចមួយចំនួនមិនអាចទទួលយកបានឡើយ។
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ប្រធានបទនៃការពង្រឹងវិន័យសង្ឃ គឺជា សមត្ថកិច្ចរបស់គណៈសង្ឃនាយក និងថេរសភាពុទ្ធសាសនាដែលមានភារកិច្ចរៀបចំចាត់ចែង និង បកស្រាយលើបញ្ហានេះ មិនមែនជាសមត្ថកិច្ចរាជបណ្ឌិត្យសភាកម្ពុជា និងលោក សុខ ទូច នោះទេ។
កាលពីថ្ងៃទី១៩ ខែតុលា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិមួយថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដូច្នេះ លោកស្នើឲ្យមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្រសួងធម្មការ ដើម្បីរៀបចំ ច្បាប់ស្ដីពី''ការពង្រឹងវិន័យសង្ឃ'' សម្រាប់អោយរដ្ឋសភាជាតិ ពិនិត្យ និងអនុម័ត។ លោក សុខ ទូច អះអាងថា ព្រះសង្ឃមួយចំនួនក្នុងសម័យបច្ចុប្បន្ន មិនទាន់បានគោរពប្រតិបត្តិត្រឹមត្រូវតាមវិន័យនៅឡើយទេ ដូចជាសង្ឃ ខ្លះមិនបានសិក្សារៀនសូត្រ ហើយចេះជេរ និងសង្ឃខ្លះប្រើសម្ភារៈនិយមជាដើម៖ «សម័យអង្គ ឌួង ម៉េចក៏កែបាន ចុះសម័យតេជោ ម៉េចក៏កែមិនបាន ពេលឃើញខុស ម្តេចក៏កែមិនបាន..ត្រូវតែកែ ព្រោះសាសនាជារបស់រដ្ឋ អ៊ីចឹងសូមស្នើឲ្យអោយគេរៀបចំច្បាប់ ហើយយើងធ្វើទៅសភាទៅ ហើយសភាបើយល់ថាត្រឹមត្រូវ រឿងអីដែលយើងមិនត្រូវធ្វើការកើត ដើម្បីអី គឺដើម្បីពុទ្ធបរិស័ទ និងការរីកចម្រើន នៃព្រះពុទ្ធសាសនា។ សម័យគេកែបាន សម័យនេះកែ។ សម័យនេះ អត់មានទូរស័ព្ទ ឥឡូវព្រះតេជព្រះគុណកំពុងតែថតកូណា ប្រើសុទ្ធតែទូរស័ព្ទទៀត។ សម័យព្រះអង្គសូត្រមន្ត មិនអាចអត់មានផ្លិតបានទេ ដល់ឥឡូវព្រះអង្គនៅមុខវាំងសែលហ្វីហើយបង្ហោះទៀត»។
ក្នុងលិខិតបំភ្លឺចុះថ្ងៃទី២២ ខែតុលា ចាត់ទុកទង្វើរបស់លោក សុខ ទូច ថា បានរំលោភបំពានយ៉ាងគឃ្លើនមកលើស្ថាប័នគណៈសង្ឃនាយក និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនាខ្មែរយ៉ាងធ្ងន់ធ្ងរ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា លោកព្រមទទួលយកការបកស្រាយបំភ្លឺរបស់គណៈសង្ឃនាយកនិងមិនមានអ្វីត្រូវឆ្លើយឆ្លងទៀតនោះទេ។ ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនមានគម្រោងចង់បន្តសិក្សាស្រាវជ្រាវដើម្បីរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងព្រះសង្ឃទៀតដែរ៖ «មានតែអរគុណព្រះអង្គហើយ ដែលបានឆ្លើយតបហើយសម្រាប់ខ្ញុំ គឺមិនដឹងឆ្លើយតបថាម៉េចទេ ព្រោះលោកបានបំភ្លឺអស់ហើយ។ កិច្ចការទាំងអស់នេះ មិនមែនខ្ញុំជាអ្នកលើកឯណាគឺមន្ត្រីសង្ឃ ជាពិសេសគឺព្រះអង្គតែម្ដង ហើយបូកនឹងវិទ្យាស្ថានសង្គមសាស្ត្រ និងមនុស្សសាស្ត្រ បើកកម្មវិធីនេះ ហើយគេគ្រាន់តែហៅខ្ញុំទៅបើកតើ។ ការបើកនោះ ខ្ញុំគ្រាន់តែផ្ដល់ជាគំនិតប៉ុណ្ណឹងទេ»។
អាស៊ីសេរី បានព្យាយាមទាក់ទងទៅប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន ជាច្រើនលើកនៅថ្ងៃទី២៣ ខែតុលា តែមិនទទួលទូរស័ព្ទ។
ទោះយ៉ាងណាក្ដីលិខិតបំភ្លឺនោះ បញ្ជាក់ថា បច្ចុប្បន្ននេះ គណៈសង្ឃនាយកនិងថេរសភាពុទ្ធសាសនា បានប្រឹងប្រែងពង្រឹង និងបណ្ដុះបណ្ដាលធនធានព្រះសង្ឃគ្រប់កម្រិត ព្រមទាំងដាស់តឿនព្រះ សង្ឃគ្រប់អោយយកព្រះទ័យទុកដាក់ពង្រឹងធម៌វិន័យ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ។ គណៈសង្ឃនាយក ក៏តែងតែចេញប្រកាសក្នុងអនុសំវច្ឆរៈមហាសន្និបាត ឬកិច្ចប្រជុំរបស់ព្រះសង្ឃទូទាំងប្រទេស និងចេញបទបញ្ញត្តិអមពុទ្ធវិន័យជាហូរហែរួចមកហើយ៕