កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​តវ៉ា​ប្រឆាំង​នឹង​សមត្ថកិច្ច​ថៃ​យក​លុយ​ដឹក​អីវ៉ាន់​​ចូល​កម្ពុជា

ដោយ ហ៊ុំ ចំរើន
2017-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​អូស​រទេះ​ខ្មែរ​តវ៉ា​បិទ​ផ្លូវ​នៅ​គល់​ស្ពាន​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រឆាំង​នឹង​សមត្ថកិច្ច​ថៃ ដែល​យក​ថ្លៃ​ដឹក​ទំនិញ​ខ្ពស់ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ Photo provided
ក្រុម​កម្មករ​អូស​រទេះ​ខ្មែរ​តវ៉ា​បិទ​ផ្លូវ​នៅ​គល់​ស្ពាន​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រឆាំង​នឹង​សមត្ថកិច្ច​ថៃ ដែល​យក​ថ្លៃ​ដឹក​ទំនិញ​ខ្ពស់ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ Photo provided
Photo provided

ក្រុម​កម្មករ​អូស​រទេះ​​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា តវ៉ា​បិទ​ផ្លូវ​នៅ​គល់​ស្ពាន​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សមត្ថកិច្ច​ថៃ ឈប់​​យក​ប្រាក់​ដឹក​ទំនិញ​​ចូល​ពី​ថៃ មក​កម្ពុជា តាម​អំពើ​ចិត្ត​បន្ត​ទៀត។ សមត្ថកិច្ច​ថៃ តម្រូវ​ឲ្យ​​​ក្រុម​កម្មករ​អូស​រទេះ​បង់​ប្រាក់​ដឹក​ទំនិញ​ចំនួន ២០០​បាត ឬ​ប្រមាណ ២​ម៉ឺន ៣​ពាន់​រៀល​ក្នុង​មួយ​ជើង។

​​​​​​​​​​​​​ក្រុម​កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត បាន​ប្រតិកម្ម​ទៅ​នឹង​សមត្ថកិច្ច​ថៃ ប្រចាំ​ច្រក​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា មួយ​នេះ​ថា ទារ​ប្រាក់​ដឹក​ទំនិញ​​ពី​ពួកគាត់​ច្រើន​ហួសហេតុ​មិន​អាច​ទទួល​យក​បាន​ឡើយ។

តំណាង​កម្មការិនី​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់ អ្នកស្រី សៅ ភារី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា សមត្ថកិច្ច​ថៃ បាន​យក​ប្រាក់​​ដឹក​ទំនិញ​ចាប់ហួយ​ពី​ពួកគាត់​ចំនួន​ពី ២០០ ទៅ ១​ពាន់​បាត ឬ​ស្មើ​ប្រមាណ ២​ម៉ឺន ៣​ពាន់ ទៅ​ជាង ១០​ម៉ឺន​រៀល (១១៥.០០០) ក្នុង​មួយ​ជើង។ អ្នកស្រី​អះអាង​ថា តម្លៃ​នេះ​គឺ​ខុស​ពី​​ពេល​មុនៗ​ឆ្ងាយ​ណាស់ ​ដែល​សមត្ថកិច្ច​ថៃ ត្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ជើង។ អ្នកស្រី​សង្កត់ធ្ងន់​ថា​ តម្លៃ​ពី ២០០ ទៅ ១​ពាន់​បាត ដែល​សមត្ថកិច្ច​ថៃ បង្ខំ​ឲ្យ​ពួកគាត់​បង់​ប្រាក់​រាល់​ថ្ងៃ​នោះ​ គឺ​មិន​អាច​ធ្វើ​ឲ្យ​ពួកគាត់​​បាន​ប្រាក់​ចំណេញ​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​​ប្រចាំ​ថ្ងៃ​បាន​ឡើយ៖ «នៅ​ខាង​ថៃ ទារ ២០០​បាត ហើយ​មក​ដល់​ខ្មែរ​បង់​ឲ្យ​គយ ២០០​បាត​ទៀត​ ហើយ​ណា​មួយ​នៅ​កម្មករ​រុញ និង​សណ្ដោង​រទេះ​ទៀត មាន​អី​សល់?  រាល់​ខ្ញុំ​ធ្វើ​ការ​ឲ្យ​តែ​ហត់​ទេ មិន​បាន​ប្រាក់​កម្រៃ​អី​សោះ»

​​​​​​​​​​​​​​​​ទាក់ទង​នឹង​បញ្ហា​នេះ​ ប្រធាន​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក វិច អូន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ថៃ ពិត​ជា​បាន​យក​ប្រាក់​ពី​ក្រុម​កម្មករ​អូស​រទេះ​ច្រើន​ហួសហេតុ​ប្រាកដ​មែន​ ហើយ​លោក​ថា កន្លង​ទៅ​សមត្ថកិច្ច​ព្រំដែន​កម្ពុជា ក៏​បាន​ស្នើ​សុំ​ទៅ​ខាង​ភាគី​ថៃ ដែរ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ៖ «ខ្ញុំ​បាន​ផ្ញើ​ដំណឹង​នេះ​ជូន​ទៅ​អង្គកុងស៊ុល ដើម្បី​​ធ្វើ​ការ​ចរចា​ដោះស្រាយ​ជាមួយ​ភាគី​ថៃ បើ​ខាង​យើង​លូកដៃ​ទៅ​វា​ផុត​ដែន យើង​បាន​ត្រឹម​តែ​សំណូមពរ​ទេ​ ព្រោះ​ជា​ដែន​ប្រទេស​គេ។ អ៊ីចឹង​យើង​សំណូម​ពរ​ខាង​អង្គកុងស៊ុល​យើង​ប្រចាំ​ប្រទេស​ហ្នឹង ឲ្យ​គាត់​ចរចា​ដោះស្រាយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា​ បញ្ហា​​ដែល​សមត្ថកិច្ច​ថៃ យក​ប្រាក់​តាម​អំពើ​ចិត្ត​​ពី​ក្រុម​កម្មករ​អូស​រទេះ ដោយសារ​ភាព​ទន់​ខ្សោយ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​មួយ​នេះ ដែល​មិន​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ ឲ្យ​បាន​ពេញដៃ​ពេញ​ជើង៖ «ទាក់ទង​ទៅ​លើ​សភា​ពាណិជ្ជកម្ម​ហ្នឹង​ហើយ​ជា​អ្នក​ដោះស្រាយ​ទៅ​លើ​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា។ អ៊ីចឹង​គួរ​តែ​ក្រោក​ឡើង ព្រោះ​ខាង​មន្ទីរ និង​ខាង​ក្រសួង​ទាំង​អស់​នោះ បង្កើត​ឡើង​មិន​មែន​ជា​កម្រងផ្កា​លំអ​សង្គម​ទេ»

កម្មករ​អូស​រទេះ​ឲ្យ​ដឹង​ថា នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត មាន​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​​កម្ពុជា-​ថៃ ទាំង​អស់​ជាង ១០០​គ្រឿង។ បន្ទាប់​ពី​​ក្រុម​កម្មករ​តវ៉ា​ប្រមាណ ១​ម៉ោង សមត្ថកិច្ច​ថៃ បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ជួប​ដោះស្រាយ​នៅ​ច្រក​ព្រំដែន​ខាង​​ទឹក​ដី​ថៃ នៅ​ព្រឹក​ថ្ងៃ​ដដែល ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ទេ។ ដោយ​ខាង​ភាគី​​ថៃ សម្រួល​ត្រឹម​តែ​​មិន​យក​ប្រាក់​ចំពោះ​​​រទេះ​ដែល​ដឹក​ទំនិញ​តម្លៃ​ប្រមាណ​​​ពី ៥​ម៉ឺន ៥​ពាន់ (៥៥,០០០) រៀល​ចុះ​ក្រោម និង​ជា​របស់​ដែល​មាន​វិក្កយបត្រ​ត្រឹមត្រូវ។ តែ​ក្រុម​កម្មករ​មិន​ព្រម​តាម​សំណើ​នេះ ហើយ​ពួកគេ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Cambodia Freedom

ពី Siem Reap

មូល​ហេតុ​ដែល​ថៃ​យក​លុយ​ពី​កម្ម​ករ​អូស​រទេះ​ចេញ​ពី​ថៃ​ចូល​ខ្មែរ​គឺ​គ្រប់​យ៉ាង​ខ្មែរ​ជា​អ្នក​បង្រៀន​ពួក​គេ​ បើ​គ្មាន​ខ្មែរ​បង្រៀន​ទេ​គឺ​គេ​មិន​យក​នោះ​ទេ​ពី​ព្រោះ​ទំ​និញ​ដឹក​ចេញ​ពី​ថៃ​មក​ខ្មែរ​ហើយ​មិន​មែ​ន​ដឹក​ចេញ​ពី​ខ្មែរ​ទៅ​ថៃ​ឯ​ណា​ បើ​និយាយ​អោ​យ​ចំ​ពេល​ដែល​ដឹក​ទំ​និញ​ចេញ​ពី​ថៃ​មក​ខ្មែរ​គឺ​ខ្មែរ​ជា​អ្នក​យក​លុយ​បាន​ត្រូវ​ពី​ព្រោះ​ត្រូវ​បង់​ពន្ធ​ទំ​និញ​នាំ​ចូល​ ចំ​ណែក​​ខាង​ថៃ​គឺ​មិន​ចាំ​បាច់​បង់​ពន្ធ​ទេ​ព្រោះ​ទំនិញ​នាំ​ចេញ​ ប៉ុន្តែ​នេះ​គេ​រៀន​តាម​ខ្មែរ​ ពី​ព្រោះ​ប៉ូសិល​បន្តោ​ប្រ​វេសន៍​ខ្មែរ​ពេល​ដែល​ខ្មែរ​ចេញ​យក​ ១០០ បាត ចូលយក ១០០ បាត​ កុំ​ថា​ឡើយ​ខ្មែរ​ទោះ​បី​ជន​បរទេស​ក៏​យក​លុយ​ដែរ ហើយ​អោយ​លុយ​ខ្មែរ​អត់​យក​ទៀតគឺយក​តែ​លុយ​បាត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ថៃ​ឃើញ​គេ​យក​តាម​ខ្មែរ​

Mar 29, 2017 11:03 PM

គេហទំព័រ​ទាំងមូល