អាជ្ញាធរ​រឹប​អូស​បាន​ភ្លុក​ដំរី​ជិត​មួយ​តោន​បង្កប់​ក្នុង​ដុំ​ឈើ​នៅ​កំពង់ផែ​ព្រះសីហនុ

ដោយ មាន ឫទ្ធិ
2017.12.06
ភ្លុក​ដំរី​ គយ​ចាប់​បាន ២០១៦ ៨៥៥ ភ្លុក​ដំរី​ជាង​កន្លះ​តោន (៦១៣​គីឡូ​ក្រាម) ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​ទុក​អីវ៉ាន់​មួយ​នា​​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA

អាជ្ញាធរ​រឹបអូស​បាន​ភ្លុក​ដំរី​ជិត​មួយ​តោន បង្កប់​ក្នុង​ដុំ​ឈើ លាក់​ទុក​ក្នុង​កុងតឺន័រ​ចំនួន ៣​ទូ នៅ​កំពង់ផែ​ព្រះសីហនុ។ ភ្លុក​ដំរី​សរុប​ជិត ២៨០​ដុំ ត្រូវ​បាន​រក​ឃើញ​ក្នុង​កុងតឺន័រ រក្សាទុក​នៅ​កំពង់ផែ​ព្រះសីហនុ។ អាជ្ញាធរ​ឲ្យ​ដឹង​ថា កុងតឺន័រ​ទាំង ៣​ទូ​នេះ ដឹក​ជញ្ជូន​ដោយ​ក្រុមហ៊ុន ខេម ត្រែនស៊ីត អ៊ីមផត (Cam Transit Import) មក​ពី​ប្រទេស​ម៉ូហ្ស៊ំប៉ិច (Mozambique) កាត់​តាម​ប្រទេស​កូឌីវ័រ (Ivry Coast) និង​ចូល​មក​ដល់​កំពង់ផែ​ព្រះសីហនុ កាល​ពី​ចុង​ឆ្នាំ​២០១៦។

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) បាន​ស្រង់​ប្រសាសន៍​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ក្រោយ​ពី​​សង្ស័យ​ថា មាន​វត្ថុ​ចម្លែក​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ចាស់​ក្រុមហ៊ុន​បើក​កុងតឺន័រ​ទាំង​នោះ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ។ ប៉ុន្តែ​ដោយសារ​ម្ចាស់​ក្រុមហ៊ុន​កុងតឺន័រ​ពុំ​បាន​បង្ហាញ​វត្តមាន អាជ្ញាធរ​បាន​សម្រេច​ធ្វើការ​ឆែកឆេរ ទើប​រក​ឃើញ​ភ្លុក​ដំរី​ទាំង​នេះ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន អាជ្ញាធរ​ខ្មែរ​បាន​រក​ឃើញ​ភ្លុក​ដំរី​ចំនួន ១,៥​តោន លាក់​ទុក​ក្នុង​កុងតឺន័រ នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ម៉ូហ្ស៊ំប៉ិច ដូច​គ្នា​ដែរ។

​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា រដ្ឋាភិបាល​បាន​សម្រេច​រក្សាទុក​ភ្លុក​ដំរី​ទាំង​នេះ​ជា​ជាង​កម្ទេច​ចោល ដែល​ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ។

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ច្រក​ដឹក​ជញ្ជូន​សំខាន់​មួយ​ក្នុង​តំបន់​អាស៊ី​នៃ​ជំនួញ​ជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។