កម្ពុជា-ថៃ​មិន​ទាន់​ដោះ​ស្រាយ​វិវាទ​ប្រដាល់​សេរី​នៅ​ឡើយ

ដោយ ឡេង ម៉ាលី
2023.02.03
Share on WhatsApp
Share on WhatsApp
កម្ពុជា-ថៃ​មិន​ទាន់​ដោះ​ស្រាយ​វិវាទ​ប្រដាល់​សេរី​នៅ​ឡើយ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។
Photo AKP

វិវាទ​ការ​ប្រើប្រាស់​ឈ្មោះ «គុនខ្មែរ» (Kun Khmer) និង «មួយ​ថៃ» (Muay Thai) ក្នុង​វិញ្ញាសា​​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ កំពុង​មាន​ភាព​ចម្រូងចម្រាស ដោយសារ​ភាគី​ថៃ​នៅ​តែ​បដិសេធ​មិន​ជញ្ជួន​កីឡាករ​ឱ្យ​ចូលរួម​ប្រកួត​ក្រោម​ឈ្មោះ​គុនខ្មែរ ចំណែក​ភាគី​កម្ពុជា​នៅ​តែ​រក្សា​គោលជំហរ​ប្រើ​ឈ្មោះ គុនខ្មែរ (Kun Khmer) ដដែល ទោះ​បី​ភាគី​ថៃ​មិន​បញ្ជូន​កីឡាករ​មក​ចូលរួម​ប្រកួត​ក៏​ដោយ។

ភាគី​កម្ពុជា​រក្សា​ការ​សម្រេច​ប្ដូរ​ឈ្មោះ​លើ​វិញ្ញាសា​ប្រដាល់​ពី «មួយ​ថៃ» ទៅ «គុន​ខ្មែរ»។ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី៣ កុម្ភៈ​ថា ការ​សម្រេច​នេះ យោង​ទៅ​តាម​ធម្មនុញ្ញ​របស់​ស៊ីហ្គេម​ក្នុង​ចំណាត់ថ្នាក់ទី៣ ដែល​អនុញ្ញាត​ឱ្យ​បណ្ដា​ប្រទេស​ជា​ម្ចាស់​ផ្ទះ​អាច​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ប្រពៃណី​ជាតិ ចូល​ទៅ​ក្នុង​ការ​ប្រកួត​បាន។ លោក​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​សម្របសម្រួល កាល​ពី​ថ្ងៃ​ទី១៤ មករា ភាគី​កម្ពុជា​ក៏​បាន​ពន្យល់​ទៅ​តំណាង​ភាគី​ថៃ អំពី​ការ​ប្ដូរ​ឈ្មោះ “គុនខ្មែរ” ដែរ ហើយ​តំណាង​ភាគី​ថៃ ពុំ​មាន​ការ​ឆ្លើយ​តប ឬ​ប្រតិកម្ម​អ្វី​នោះ​ទេ។

លោក វ៉ាត់ ចំរើន៖ «គាត់​និយាយ​តាម​ហ្នឹង​ទៅ ប៉ុន្តែ​យើងៗ ធ្វើ​ម៉េច​ឱ្យ​តែ​ចិត្ត​ប្រជាជន​របស់​យើង អំពី​ការ​រក្សា​បាន​អត្តសញ្ញាណ​ជាតិ​របស់​យើង​ជា​ម្ចាស់​ផ្ទះ​ទៅ បាន​ហើយ។ យើង​កុំ​ថា​ឱ្យ​គេ​វិញ យើង​កុំ​ថា​ឱ្យ។ បើ​យើង​ថា​ឱ្យ​គេ​ទៅ វា​ទៅ​មកៗ វា​អត់​ចប់​ទេ»

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ បាន​ប្រកាស​ថា បន្ទាប់​ពី​ការ​ប្រជុំ​ពិសេស រវាង​ប្រទេស​ចំនួន៨ រួម​មាន ថៃ (Thai) ឡាវ (Lao) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា (Myanmar) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (Philippine) វៀតណាម (Vietnam) រួម​ទាំង​កម្ពុជា បាន​សម្រេច​អនុម័ត​លើ​វិញ្ញាសា​ចំនួន​១៩ ដើម្បី​ដាក់​ចូល​ប្រកួត​នៅ​ស៊ីហ្គេម និង​បាន​គាំទ្រ អនុម័ត​ប្រើ​ឈ្មោះ «គុន​ខ្មែរ» សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី តំណាង​គណៈកម្មការ​អូឡាំពិក​ថៃ​បញ្ជាក់​ថា មូលហេតុ​ដែល​ភាគី​ថៃ ឯកភាព​ឱ្យ​ប្ដូរ​ឈ្មោះ «មួយ​ថៃ» ទៅ «គុន​ខ្មែរ» គឺ​ដោយ​ភាគី​ថៃ​យោគយល់​លើ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ ហើយ​គណៈកម្មាធិការ​អូឡាំពិក​ថៃ មិន​អាច​រារាំង​បាន​ទេ ព្រោះ​គេ​មិន​ចង់​មាន​ជម្លោះ​រវាង​ប្រទេស។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ប្រទេស​ថៃ លោក ឆៃយាផាក់ សិរីវឌ្ឍ (Chaiyaphak Siriwat) ប្រាប់​សារ​ព័ត៌មាន​ថៃរ៉ាដ (Thai Rath) ថា គណៈកម្មការ​អូឡាំពិក​ថៃ(NOC) នឹង​មិន​បញ្ជូន​កីឡាករ​ប្រដាល់​ថៃ​ឱ្យ​ចូលរួម​ប្រកួត «គុន​ខ្មែរ» ឡើយ ដោយសារ​សហព័ន្ធ​ប្រដាល់​ថៃ​អន្តរជាតិ (IFMA) បដិសេធ​ចូលរួម។ លោក​អះអាង​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំណត់​ប្រភេទ​កីឡា កាល​ពី ថ្ងៃ​ទី១៤ ខែមករា កម្ពុជា​មិន​បាន​លើក​ឡើង​ពី​ការ​ប្ដូរ​ឈ្មោះ មួយ​ថៃ ទៅ គុន​ខ្មែរ ឡើយ។ ក្នុង​នោះ ភាគី​កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ បាន​យល់​ព្រម​ឱ្យ​សហព័ន្ធ​ប្រដាល់​ថៃ​អន្តរជាតិ (IFMA) ជា​អ្នក​រៀបចំ​ការ​ប្រកួត។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី៣០ មករា ភាគី​កម្ពុជា បែរ​ជា​ផ្លាស់ប្ដូរ​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទៅ​វិញ។

ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​ប្រដាល់​ថៃ​អន្តរជាតិ (IFMA) លើក​ឡើង​ថា សហព័ន្ធ​ប្រដាល់​មួយ​នេះ នឹង​មិន​បញ្ជូន​កីឡាករ​ខ្លួន​ឱ្យ​ចូលរួម​ប្រកួត «គុន​ខ្មែរ» ឡើយ ដោយសារ​ពួក​គេ គ្មាន​ទំនុក​ចិត្ត​លើ​ការ​រៀបចំ​បច្ចេកទេស​ការ​ប្រកួត និង​ការ​ឱ្យ​ពិន្ទុ​ពី​ចៅក្រម ដែល​ចេញ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ប្រតិកម្ម​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ក៏​គ្មាន​ទំនុក​ចិត្ត​លើ​គណៈកម្មការ ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​ប្រដាល់​ថៃ​អន្តរជាតិ (IFMA) ដែរ។

ជម្លោះ «គុន​ខ្មែរ» និង «មួយ​ថៃ» នេះ កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស នៅ​ពេល​មាន​ការ​ប្រកួត​រវាង​គូ​ឯក​ប្រទេស​ទាំង២ លើ​សង្វៀន​ថៃ​ហ្វៃ (Thai Fight) ម្ដងៗ ដែល​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​កីឡា​ប្រដាល់​ប្រទេស​ទាំង២ តែងតែ​ឌឺដង​ដាក់​គ្នា​លើ​បណ្ដាញ​សង្គម​ទៅ​លើ​ការ​ឱ្យ​ពិន្ទុ និង​ការ​រៀបចំ​ការ​ប្រកួត។

ទាក់ទង​នឹង​រឿង​ជម្លោះ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កាល​ពី​ថ្ងៃ​ទី៣១ មករា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ បញ្ឈប់​ការ​ឈ្លោះ​ប្រកែក​គ្នា ជុំវិញ​រឿង​ប្ដូរ​ឈ្មោះ​កីឡា​ប្រដាល់​ប្រពៃណី មួយ​ថៃ និង គុន​ខ្មែរ ដែល​ជា​ឈ្មោះ​ភាគី​កម្ពុជា​ប្រើប្រាស់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី៣២ នៅ​ខែឧសភា។

ដោយឡែក អ្នក​តាមដាន​ស្ថានការណ៍​អន្តរជាតិ យល់​ឃើញ​ថា ជម្លោះ​ការ​ប្រើប្រាស់​ឈ្មោះ គុន​ខ្មែរ និង មួយថៃ នេះ អាច​ជា​ចេតនា​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែល​ជា​ទម្លាប់​តែងតែ​បង្កើត​រឿង ឬ​ព្រឹត្តិការណ៍​ប្រជាភិថុតិ​រាល់​ឆ្នាំ ដែល​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ម្ដងៗ។ ពួក​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ដឹកនាំ​កម្ពុជា ជាង ៣០ឆ្នាំ​កន្លង​មក ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស និង​លើក​ស្ទួយ​វិស័យ​កីឡា សិល្បៈ និង​វប្បធម៌​ឡើយ។ ទន្ទឹមគ្នា​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​តួនាទី​ម្ចាស់​ផ្ទះ​រៀបចំ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដើម្បី​បង្ហាញ​ពី​ឧត្ដមភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក ទោះបីជា​ពហុកីឡាដ្ឋាន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ជា​លុយ​ជំនួយ​របស់​មិត្ត​ដែកថែប​ចិន​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។