ក្រុមហ៊ុនកាស៊ីណូចិន ឌឹសិនជូរី (the Century) ព្រមផ្តល់សំណងដល់បុគ្គលិក ក្រោយមានការប្តឹងផ្តល់រឿងមិនព្រមដោះស្រាយបញ្ហានេះ។ តំណាងសហជីពសាទរចំពោះលទ្ធផលនេះ ព្រោះបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ សុខចិត្តទទួលយកសំណង ស្របពេលដែលបុគ្គលិកមួយចំនួនទៀតយល់ព្រមចូលធ្វើការវិញ។ ទោះបីយ៉ាងណាសហជីពថា យន្តការដោះស្រាយវិវាទការងារនេះ នៅមានភាពឆកល្វែងច្រើននៅឡើយ។
មន្ត្រីសហជីពឯករាជ្យ ថា ដំណោះស្រាយសំណងដល់បុគ្គលិក ក្រុមហ៊ុនកាស៊ីណូចិន ឌឹសិនជូរី នៅក្រុងព្រះសីហនុនោះ សមរម្យល្មម អាចទទួលយកបាន ដោយសារតែបុគ្គលិក ដែលរងផលប៉ះពាល់ ស្រុះស្រួលគ្នាព្រមទទួលយកសំណងនោះ ដើម្បីបញ្ចប់រឿង។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាលោក ម៉ម រិទ្ធី ដែលបញ្ជូនមន្ត្រីច្បាប់មួយរូប ដើម្បីអមតំណាងបុគ្គលិក នៅក្នុងការរកដំណោះស្រាយវិវាទការងារ ប្រាប់វិទ្យុអាស៊ីសេរី កាលយប់ថ្ងៃទី១៣ ខែមករា ថាលោករីករាយដែលភាគីថៅកែក្រុមហ៊ុន តាមរយៈការសម្របសម្រួលរបស់មន្ទីរការងារខេត្ត យល់ព្រមអនុវត្តច្បាប់ការងារ ដើម្បីទូទាត់សំណងដល់បុគ្គលិកទៅតាមទំហំនៃការខូចខាត៖ «បើយើងនិយាយពីដំណោះស្រាយ វាល្អចូល ៨០ % ហើយ ដោយសារតែកម្មករមួយចំនួន គាត់ត្រូវបានទទួលការងារថៅកែហៅចូលធ្វើការវិញ។ អ្នកមួយចំនួនទៀត គាត់ត្រូវបានទទួលសំណងទៅតាមផ្លូវច្បាប់។ យើងឃើញថាចំនួនលុយហ្នឹង បើទូទាត់តែផ្លូវច្បាប់នៅពេលជំនាន់កូវីដនេះ យើងឃើញថាច្រើនជាងកន្លែងដទៃ។ កន្លែងដទៃទៀត អត់គុណអត់ទូទាត់បែបនេះទេ។ នៅកន្លែងនេះយើងប្តឹងទាមទារទៅថៅកែហ្នឹង យើងទាមទារបានលុយជូនដំណឹង លុយជំងឺចិត្តអីទាំងអស់។ ដូច្នេះហើយលុយគាត់កើនចំនួនច្រើន»។
កម្មករនិយោជិតជាង ១០០នាក់ ដែលតំណាងដោយកញ្ញា ហ៊ឹម ហេង កញ្ញា ស្រ៊ី ស្រីលាង និងលោក រី រ៉ែន បានដាក់ពាក្យប្តឹង កាលពីចុងខែធ្នូ ឆ្នាំ ២០២១ សុំឲ្យក្រសួងការងារ ជួយធ្វើយ៉ាងណាឲ្យក្រុមហ៊ុនបនល្បែងកាស៊ីណូ អនឡាញ ឌឹសិនជូរី ដោះស្រាយបញ្ហាការងារជូនបុគ្គលិក ព្រោះជាងបីខែមកហើយ គ្មានដំណឹងអ្វីសោះពីក្រុមហ៊ុន ថាតើក្រុមហ៊ុននេះបើកឬបិទឲ្យពិតប្រាកដ។ ក្រុមបុគ្គលិកលើកឡើងក្នុងបណ្តឹងនោះ ថាភាពមិនច្បាស់លាស់ និងគ្មានដំណោះស្រាយបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់កម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានចាត់ការបណ្តឹងនោះ កាលពីថ្ងៃទី១២ ខែមករា ហៅភាគីក្រុមហ៊ុនតំណាងដោយលោកមេធាវី ថន យូសៀង និងខាងកម្មករតំណាងដោយកញ្ញា ហ៊ឹម ហេង និងកញ្ញា ស្រ៊ី ស្រីលាង ចូលជួបដោះស្រាយ។
ជាលទ្ធផលភាគីនិយោជក និងនិយោជិតព្រមព្រៀងផ្តល់សំណងពេញ ដល់បុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ ឬមិនរើសឲ្យចូលធ្វើការវិញ។ ដោយឡែក បុគ្គលិកដែលក្រុមហ៊ុនរើសចូលធ្វើការវិញ តែសម្រេចមិនចូលធ្វើការ ក្រុមហ៊ុនទុកពេលឲ្យពួកគាត់ ១៤ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែមករា។ បើរហូតដល់ថ្ងៃកំណត់នោះ ពួកគាត់នៅតែសម្រេចមិនចូលធ្វើការវិញ ក្រុមហ៊ុនចាត់ទុកថាពួកគាត់បោះបង់ចោលការងារ និងមិនបានទទួលប្រាក់សំណង ដូចអ្នកដែលក្រុមហ៊ុនបញ្ឈប់ ឬមិនហៅឲ្យចូលធ្វើការវិញនោះឡើយ។
ក្រុមហ៊ុនបនល្បែងអនឡាញចិន ឌឹសិនជូរី ដែលមានទីតាំងនៅក្រុងព្រះសីហនុនេះ មានបុគ្គលិកសរុប ៤៣៧ នាក់។ កាលពីចុងខែកញ្ញា ឆ្នាំ ២០២១ បុគ្គលិកទាំងអស់ឆ្លងជំងឺកូវីដ-១៩ និងស្លាប់ម្នាក់។ ទោះបីបុគ្គលិកកំពុងឆ្លងជំងឺពេញកាស៊ីណូនៅពេលនោះ ក៏ពួកគាត់ត្រូវបង្ខំឲ្យបន្តធ្វើការ រហូតអាជ្ញាធរខេត្តនេះ បញ្ជាឲ្យបិទបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេត។ បុគ្គលិកដែលឆ្លងជំងឺត្រូវបន្តសម្រាកព្យាបាលនៅទីតាំងកាស៊ីណូ។ បន្ទាប់មកក្រសួងតម្រូវឲ្យពួកគាត់ ទៅធ្វើចត្តាឡីស័កបន្តតាមផ្ទះ។ ប៉ុន្តែ មុនពេលទៅធ្វើចត្តាឡីស័កនោះ ក្រុមហ៊ុនបានតម្រូវឲ្យបុគ្គលិកដាក់ពាក្យលាឈប់ពីការងារ។
បុគ្គលិកដែលគ្មានតំណាងសហជីព ដែលស្មានថាការដាក់ពាក្យលាឈប់នោះ ជានីតិវិធីធ្វើចត្តាឡីស័ក ក្រោយមកកើតការសង្ស័យ ថាចាញ់បោកក្រុមហ៊ុន ក៏ទៅសុំដកពាក្យនេះវិញ។ ប៉ុន្តែ តំណាងក្រុមហ៊ុនថា បាត់ក្រដាសនេះអស់ហើយ។ ជាច្រើនខែមកទៀត ពួកគាត់នៅបន្តអត់ការងារធ្វើ និងគ្មានការជូនដំណឹងអ្វីសោះពីក្រុមហ៊ុន។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុននេះបានលួចបើកដំណើរការឡើងវិញ ដោយហៅបុគ្គលិកចាស់ៗ និងថ្មីខ្លះចូលធ្វើការស្ងាត់ៗ ដោយផាត់ចោលបុគ្គលិកជាច្រើនទៀត។ ដោយយល់ឃើញថា ក្រុមហ៊ុនគេចវេស មិនចង់ដោះស្រាយបញ្ហាកម្មករ ពួកកម្មករបានដាក់ពាក្យប្តឹងទៅក្រសួងការងារ កាលពីចុងខែធ្នូនោះ។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ដែលតាមដានរឿងនេះយ៉ាងដិតដល់ នៅតែហួសចិត្តនឹងរបៀបធ្វើការរបស់ក្រសួងការងារ ដែលមិនចាត់ការធ្វើអធិការកិច្ច និងដោះស្រាយបញ្ហាជូនកម្មករ ដែលគ្មានសហជីពតំណាង ឲ្យបានសមស្រប និងទាន់ពេលវេលា គឺចាំទាល់តែពួកគាត់ដាក់ពាក្យប្តឹង ទើបចាត់ការ បើទោះបីជាដឹងថាបញ្ហានេះ កើតមានតាំងពីថ្ងៃដំបូង ពេលផ្ទុះករណីកូវីដនៅក្រុមហ៊ុននេះមកម្ល៉េះ៖ «រឿងទាំងអស់វាគួរតែក្រសួងឬមន្ទីរ ត្រូវចុះអធិការកិច្ច ដើម្បីជួយទៅដល់កម្មករ វាមិនចាំបាច់ត្រូវមានបណ្តឹង ឬមួយមានអ្នកសហជីពដូចជាពួកខ្ញុំអី ដើម្បីទៅជួយកម្មករទេ។ វាត្រូវតែក្រសួងដែលជាអាណាព្យាបាលហ្នឹង ព្យាយាមជួយកម្មករជំនួសអ្នកសហជីព។ បើមិនដូច្នេះទេ វាបាត់កាតព្វកិច្ចជាអ្នកដែលការពារប្រជាជន ការពារកម្មករហើយ។ យើងឃើញថាករណីនេះ ទាល់រហូតមានពាក្យបណ្តឹងមានអី បានមានការគិតតាមប្រព័ន្ធផ្លូវច្បាប់ហ្នឹងឡើងវិញ ខ្ញុំគិតថាវាមិនមែនជាគំរូល្អទេ»។
ឥឡូវទោះជាមានដំណោះស្រាយខ្លះ ជុំវិញបញ្ហាការងារនេះក្ដី ក៏អាជ្ញាធរក្រុងព្រះសីហនុ នៅមិនទាន់បញ្ចេញរបាយការណ៍នៃលទ្ធផលនៃការស៊ើបអង្កេត ទៅលើការបើកបនល្បែងកាស៊ីណូអនឡាញ ឌឹសិនជូរី នេះនៅឡើយ។ បុគ្គលិកដែលបានចូលធ្វើការវិញនៅទីនោះ ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា កាស៊ីណូនេះ នៅតែបើកដំណើរការបនល្បែងអនឡាញ។ ល្បែងអនឡាញនេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកថាល្បែងខុសច្បាប់ និងហាមឃាត់តាំងពីឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។