ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ក្រចេះ​អាច​ស្លមាស​ដុំ​ពី​រ៉ែ​មាស​ខ្មែរ​បាន ៦០​គីឡូក្រាម​ក្នុង​ពេល​សាកល្បង​៣​ខែ

កម្ពុជា​ចាប់ផ្ដើម​កត់ត្រា​ទិន្នន័យ​ស្ល​រ៉ែមាស​លើក​ដំបូង ដែល​ដំណើរការ​ដោយ​រោងចក្រ​ក្រុមហ៊ុន​ចិន នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ទៅ​ពិនិត្យ​ដំណើរការ​កត់ត្រា​ទិន្នន័យ​ស្លរ៉ែ​មាស​លើក​ទី​១ របស់​ក្រុមហ៊ុន ស៊ីង យ័ន កាំង យៀក (Xing Yuan Kanng Yeak Co., Ltd) កាលពី​ថ្ងៃទី​១០ ខែ​តុលា។

ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ជាក់​ថា ទិន្នន័យ​ស្ល​រ៉ែ​មាស​លើក​ទី​១ របស់​ក្រុមហ៊ុន​នេះ គឺ​ថ្លឹង​កំហាប់​រ៉ែ​មាស (Gold Concentrates) មាន​ទម្ងន់ ជាង​៧​ពាន់​៨​រយ​ក្រាម (៧ ៨៤៩ ក្រាម​) ឬ​ជិត​៨​គីឡូក្រាម ដែល​យក​ទៅ​ស្ល​អាច​ចាក់ចេញ​ជា​ដុំមាស (Gold Doré) បាន​ចំនួន ០៧​ដុំ មាន​ទម្ងន់​សរុប​ជាង ៨​ពាន់​២​រយ​ក្រាម (៨ ២១២,២៧ ក្រាម​) ឬ​ជាង​៨​គីឡូក្រាម ដែល​មាន​អត្រា​ភាព​សុទ្ធ ៩៩.%

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា តាម​គម្រោង​សាកល្បង ៣​ខែ ដំបូង ក្រុមហ៊ុន​គ្រោង​ផលិត​ឱ្យ​បាន ២០​គីឡូក្រាម​មាស ក្នុង​មួយ​ខែ។ ប្រសិនបើ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្រុមហ៊ុន​គ្រោង​ផលិត​ឱ្យ​បាន ចំនួន ៦០​គីឡូក្រាម។

ក្រុមហ៊ុន​ចិន ស៊ីង យ័ន កាំង យៀក (Xing Yuan Kanng Yeak Co., Ltd) ទទួល​បាន​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ​មាស ពី​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ខែ​សីហា ឆ្នាំ​២០១៨ លើ​ទំហំ​ដី​ចំនួន ២៨ គីឡូម៉ែត្រ​ក្រឡា ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​រ៉ែ​មាស​របស់​ខ្លួន​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ ក្រោយ​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​បាន​ដំឡើង​ខ្សែ​សង្វាក់​ផលិតកម្ម​អាជីវកម្ម​របស់​ខ្លួន តែ​ដោយសារ​តែ​បញ្ហា​កូវីដ-១៩ ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចប់​ការ​សាងសង់ និង​រៀបចំ​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២២​នេះ។

នេះ​ជា​កំណត់ត្រា​លើក​ទី​២ អំពី​រោងចក្រ​ក្រុមហ៊ុន​បរទេស ដែល​ចម្រាញ់​រ៉ែ​មាស​របស់​កម្ពុជា​។ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ទី​១ មាន​លក្ខណៈ​ឧស្សាហកម្ម របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី រ៉ឺណេសសង់ មីនីរ៉ាល (Renaissance Minerals (Cambodia) Limited) ត្រូវ​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ជីក​យក​រ៉ែ​ប្រមាណ​ជិត ២​លាន​តោន​ក្នុង ១​ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត ៩០% (Gold Dore Bars) ប្រមាណ ៣​តោន​នៅក្នុង ១​ឆ្នាំ សម្រាប់​រយៈពេល​ប៉ាន់ស្មាន​ដំបូង​ចំនួន ៨ឆ្នាំ។

មេដឹកនាំ​រដ្ឋាភិបាល​រំពឹង​ថា អាជីវកម្ម​របស់​ក្រុមហ៊ុន​អូស្ត្រាលី​នឹង​ផ្ដល់​ចំណូល​ថវិកា​ជាតិ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេងៗ ចំនួន ៤០​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។