ប៉ូលិសសហព័ន្ធអាមេរិក (FBI) បានចាប់ខ្លួនមន្ត្រីភ្នាក់ងារកិច្ចការសម្ងាត់អាមេរិក (CIA) ម្នាក់ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា នៅកម្ពុជា រួចបញ្ជូនទៅកោះហ្គាំ (Guam) ដើម្បីឱ្យតុលាការសហព័ន្ធកាត់ទោស។ មន្ត្រីភ្នាក់ងារកិច្ចការសម្ងាត់អាមេរិករូបនេះ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទលួចបញ្ចេញព័ត៌មានសម្ងាត់របស់អាមេរិក ពាក់ព័ន្ធនឹងផែនការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល (Israel) លើប្រទេសអ៊ីរ៉ង់ (Iran) កាលពីដើមឆ្នាំនេះ។
នេះបើយោងតាមការចុះផ្សាយរបស់កាសែត ឌឹ ញូវយ៉ក ថាមស៍(The New York Times) នៅថ្ងៃទី១៣ ខែវិច្ឆិកា។
សារព័ត៌មានដដែលនេះ រាយការណ៍ឱ្យដឹងថា មន្ត្រីភ្នាក់ងារ CIA ដែលត្រូវបានចាប់ខ្លួននេះ មានឈ្មោះ អាស៊ីហ្វ រ៉ាហ៍មែន (Asif W. Rahman)។ តុលាការសហព័ន្ធអាមេរិកនៅរដ្ឋវីជីញ៉ា (Virginia) បានចោទប្រកាន់មន្ត្រីរូបនេះជាផ្លូវការកាលពីសប្តាហ៍មុន ពីបទចោទចំនួនពីរ ទាក់ទងនឹងការរក្សាទុក និងបញ្ជូនព័ត៌មានការពារជាតិដោយចេតនា។ លោក អាស៊ីហ្វ រ៉ាហ៍មែន ដែលធ្វើការឱ្យភ្នាក់ងារ CIA នៅក្រៅប្រទេស នឹងត្រូវបង្ហាញខ្លួននៅតុលាការអាមេរិកនៅកោះហ្គាំ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
