FBI ចាប់ខ្លួន​ភ្នាក់ងារ CIA ម្នាក់ នៅ​កម្ពុជា ក្រោយ​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ពី​ផែនការ​អ៊ីស្រាអែល​វាយប្រហារ​អ៊ីរ៉ង់

ប៉ូលិស​សហព័ន្ធ​អាមេរិក (FBI) បាន​ចាប់ខ្លួន​មន្ត្រី​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក (CIA) ម្នាក់ កាលពី​ថ្ងៃ​អង្គារ ទី១២ ខែវិច្ឆិកា នៅ​កម្ពុជា រួច​បញ្ជូន​ទៅ​កោះហ្គាំ (Guam) ដើម្បី​ឱ្យ​តុលាការ​សហព័ន្ធ​កាត់ទោស។ មន្ត្រី​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក​រូប​នេះ ត្រូវ​បាន​តុលាការ​អាមេរិក​ចោទ​ប្រកាន់​ពី​បទ​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​របស់​អាមេរិក ពាក់ព័ន្ធ​នឹង​ផែនការ​​វាយ​ប្រហារ​របស់​ប្រទេស​អ៊ីស្រាអែល (Israel) លើ​ប្រទេស​អ៊ីរ៉ង់ (Iran) កាលពី​ដើម​ឆ្នាំ​នេះ។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត ឌឹ ញូវយ៉ក ថាមស៍(The New York Times) នៅ​ថ្ងៃទី១៣ ខែ​វិច្ឆិកា។

សារព័ត៌មាន​ដដែល​នេះ រាយការណ៍​ឱ្យ​ដឹង​ថា មន្ត្រី​ភ្នាក់ងារ CIA ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ មាន​ឈ្មោះ អាស៊ីហ្វ រ៉ាហ៍មែន (Asif W. Rahman)។ តុលាការ​សហព័ន្ធ​អាមេរិក​នៅ​រដ្ឋ​វីជីញ៉ា (Virginia) បាន​ចោទ​ប្រកាន់​មន្ត្រី​រូប​នេះ​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន ពី​បទ​ចោទ​ចំនួន​ពីរ ទាក់ទង​នឹង​ការ​រក្សាទុក និង​បញ្ជូន​ព័ត៌មាន​ការពារ​ជាតិ​ដោយ​ចេតនា។ លោក អាស៊ីហ្វ រ៉ាហ៍មែន ដែល​ធ្វើ​ការ​ឱ្យ​ភ្នាក់ងារ CIA នៅ​ក្រៅ​ប្រទេស នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​អាមេរិក​នៅ​កោះ​ហ្គាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។