ប្រជាពលរដ្ឋ​ថា បញ្ហា​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ធ្វើ​ឱ្យ​គោល​នយោបាយ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព បរាជ័យ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា បញ្ហា​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​គោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព បរាជ័យ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ពី​ថ្នាក់​ជាតិ ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​គ្រឿង​ញៀន ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​ឱ្យ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព។

គោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ កាល​ពី​ខែមករា ឆ្នាំ២០២១ ជំនួស​ឱ្យ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​បាន​ដាក់​អនុវត្ត តាំងពី​ឆ្នាំ២០១១។ ទោះ​ជា​យ៉ាង​ក្ដី ប្រជាពលរដ្ឋ​យល់​ឃើញ​ថា គោល​នយោបាយ​មួយ​នេះ នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​នៅ​ទេ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី ប្រាក់ សុភា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ក្នុង​ភូមិ​របស់​លោកស្រី អំពើ​ចោរកម្ម និង​ឆក់​ពី​ក្រុម​ក្មេង​ទំនើង កើត​មាន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោកស្រី​យល់​ថា បញ្ហា​ទាំង​នេះ​កើត​មាន​ឡើង គឺ​បណ្ដាល​មក​ការ​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​អាជ្ញាធរ​ហាក់​ដូច​ជា​គ្មាន​ចេតនា​លុបបំបាត់​ការ​ជួញដូរ​គ្រឿងញៀន​ឡើយ ក្នុង​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ខ្លះ​បែរ​ជា​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿង​ញៀន​ទៅ​វិញ។ លើស​ពី​នេះ លោកស្រី ប្រាក់ សុភា បន្ថែម​ថា ប្រជា​សហគមន៍​របស់​លោកស្រី ដែល​កំពុង​ប្រឈម​ក្នុង​បណ្ដេញ​ចេញ​ពី​ទីលំនៅ ក៏​មាន​ការ​ភ័យ​ខ្លាច​ពី​ក្រុម​ក្មេង​ទំនើង​ដុត​លំនៅឋាន​ដែរ ព្រោះ​កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​តែង​ធ្វើការ​គំរាម​កំហែង​មក​លើ​ប្រជា​សហគមន៍ ដែល​នៅតែ​បន្ត​តវ៉ា​កុំ​ឱ្យ​មាន​ការ​រុះរើ​លំនៅឋាន​ចេញ​ពី​កន្លែង​ក្រុមហ៊ុន​ចាក់​ដី នៅ​បឹង​តា​មោក ដើម្បី​អភិវឌ្ឍ៖

«វា​មិន​មាន​សុវត្ថិភាព អ៊ីចឹង​ពួក​យើង​ជា​ពលរដ្ឋ ដែល​បាន​ចងក្រង​គ្នា​ជា​សហគមន៍ ពួក​យើង​តែងតែ​ផ្ដាំ​ផ្ញើ​គ្នា មាន​ការ​អី​ឱ្យ​ពួក​យើង​រត់រក​គ្នា នឹង​បោះ​ដៃ​ជួយ​គ្នា​ទៅ​អ៊ីចឹង ពីព្រោះ​អី​ពួក​ខ្ញុំ ដែល​ជា​ជន​រង​គ្រោះ​នេះ ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត ជឿជាក់​លើ​អាជ្ញាធរ​ទេ ហើយ​រាល់​ថ្ងៃនេះ ពួក​ខ្ញុំ​បារម្ភ​មួយ​វិញ​ទៀត បារម្ភ​ពី​ការ​ខ្លាច ដែល​គាត់​បណ្ដេញ​ចេញ​ដោយ​ការ​ដោះដូរ ពួក​ខ្ញុំ​មិន​ព្រម​ដោះដូរ គាត់​ប្រើ​ដោយ​ការ​ដុត ហើយ​ប្រាប់​មុខ​សញ្ញា​ឱ្យ​ពួក​ថ្នាំ​ញៀន​ហ្នឹង​ជា​អ្នក​ដុត​បំផ្លាញ»។

ក្រុម​ប្រជា​សហគមន៍​នៅ​បឹង​តាមោក កន្លងមក ក៏​ធ្លាប់​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​សាលា​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ដល់​ក្រុម​ប្រជាពលរដ្ឋ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ខណៈ​គោល​នយោបាយ​ទី៥ អំពី​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​បាន​ចែង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​លើក​កម្ពស់​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាម​យន្តការ​ផ្សះផ្សា នៅ​ថ្នាក់​ក្រុង ស្រុក ខណ្ឌ។

ស្រដៀង​គ្នា​នេះ ប្រជាពលរដ្ឋ​ម្នាក់​ទៀត ដែល​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ លោកស្រី សាន់ សុផា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​តែង​ឃើញ​សមត្ថកិច្ច​ចាប់​ក្រុម​ក្មេង​ទំនើង​ជា​រឿយៗ ទាក់ទង​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​នៅ​ក្នុង​ភូមិ​របស់​លោកស្រី ក៏​មាន​ការ​កើន​ឡើង​នូវ​អំពើ​ចោរកម្ម និង​ឆក់​ដែរ។ លោកស្រី​យល់​ថា ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​ក្រុម​យុវជន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់ និង​ជួន​កាល​បណ្ដាល​ឱ្យ​មាន​អំពើ​ហិង្សា​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ លោក សាន់ សុផា បន្ថែម​ថា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​គ្រឿងញៀន គេ​ត្រូវ​ចាប់​មេ​ជួញដូរ​គ្រឿង​ញៀន​ធំៗ ទើប​អាច​ទទួល​បាន​ជោគជ័យ៖

«រាជ​រដ្ឋាភិបាល​គួរ​តែ​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ជាពិសេស ចេញ​ពី​ប្រភព​ដើម ប្រភព​គ្រឿង​ញៀន អ៊ីចឹង​ទេ លុះត្រាតែ​យើង​បង្ក្រាប​ដូច​ដើម​ឈើ​អ៊ីចឹង វា​បេះ​តែ​ស្លឹក​អ៊ីចឹង​ស្លឹក​នៅ​តែ​ដុះ​ទេ លុះត្រាតែ​ជីក​ឫស​វា​ទៀត»។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​គ្រឿងញៀន (ADP) បង្ហាញ​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ចំនួន​ជិត ៩ពាន់ ២រយ​នាក់ (៩,១៥១) នាក់​ក្នុង​អំឡុង ៧ខែ ចាប់​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២២ ដែល​កើន​ឡើង ១៦% ពី​ចំនួន​ជិត ៨ពាន់​នាក់ (៧,៨៧៦) ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២១។ ការ​កើន​ការ​ប្រើប្រាស់​គ្រឿង​ញៀន គឺ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យយុវជន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ចោរកម្ម ឆក់ ប្លន់ ដើម្បី​យក​លុយ​ទៅ​ទិញ​គ្រឿង​ញៀន​មក​ប្រើប្រាស់។

ដោយឡែក រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ទាន់​ដាក់​ចេញ​ច្បាប់​ស្ដីពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ឡើយ​ទេ ទោះបីជា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ធ្លាប់​បាន​ជំរុញ​រដ្ឋាភិបាល​ឱ្យ​អនុម័ត​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​នេះ​ក្ដី។ ផលិតផល​គ្រឿង​ស្រវឹង ដូចជា ស្រា និង​ស្រាបៀរ ជាដើម ត្រូវ​បាន​រក​ឃើញ​ថា ជា​មូលហេតុ​នៃ​បញ្ហា​ជា​ច្រើន​នៅ​កម្ពុជា។ របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​សម្ព័ន្ធ​យុវជន ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ បង្ហាញ​ថា គ្រឿងស្រវឹង និង​គ្រឿងញៀន គឺ​ជា​បញ្ហា​ដ៏​ធំ​របស់​យុវជន ហើយ​ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយបញ្ហា​នេះ។ ចំណែក​ឯ​ស្ថាប័ន មូលនិធិ​អាស៊ី​វិញ រក​ឃើញ​ថា គ្រឿង​ស្រវឹង គឺ​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ ឬ​ដៃគូ​ស្និទ្ធស្នាល។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវ​បាន​កំណត់​ថា មាន​លក្ខណ​សម្បត្តិ ៧យ៉ាង គឺ​ទី១ ផ្ដល់​សេវា​សាធារណៈ ជាពិសេស សេវា​រដ្ឋបាល​ប្រកប​ដោយ​គុណភាព តម្លាភាព និង​ទទួល​បាន​ជំនឿ​ទុក​ចិត្ត។ ទី២ គ្មាន​បទ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ។ ទី៣ មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។ ទី៤ គ្មាន​អំពើ​អនាចារ គ្មាន​ការ​ជួញដូរ​មនុស្ស ជាពិសេស ស្ត្រី និង​កុមារ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ក្មេង​ទំនើង។ ទី៥ ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព។ ទី៦ មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ។ និង​ទី៧ ចុង​ក្រោយ​គេ គឺ​ឆ្លើយតប​បាន​ទាន់​ពេល​វេលា ចំពោះ​គ្រោះ​មហន្តរាយ និង​រាល់​ជំងឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ប្រកប​ដោយ​ប្រសិទ្ធភាព។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង គឹមអេង យល់​ស្រប ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​យល់​ថា ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព អាច​ជោគជ័យ​ទៅ​បាន​គឺ​ត្រូវ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី រួមមាន អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ​ថ្នាក់​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​ថា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ពលរដ្ឋ​ត្រូវ​តែ​ក្លាហាន​រាយការណ៍ ចំពោះ​ករណី​ជួញដូរ​គ្រឿង​ញៀន ដែល​ខ្លួន​បាន​ដឹង​ទៅ​កាន់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​របស់​ខ្លួន៖

«ជា​វិធានការ​ចាំបាច់ ធ្វើ​ម៉េច​ឱ្យ​ឃុំ​សង្កាត់​ហ្នឹង កាត់​បន្ថយ​ឱ្យ​បាន​នូវ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​សហគមន៍​ហ្នឹង ធ្វើ​បាន​អា​ហ្នឹង​ជា​ជោគជ័យ​មួយ​ជំហាន​មួយ​ធំ​ដែរ។ បើ​ធ្វើ​មិន​បាន​ទេ ជោគជ័យ គឺ​វា​នៅ​ឆ្ងាយ​ណាស់។

លោក យ៉ង គឹមអេង បន្ថែម​ថា ចំពោះ​បញ្ហា​ល្បែង​ស៊ីសង គឺ​ចាំបាច់​ត្រូវ​ឱ្យ​មាន​អាជ្ញាធរ​ថ្នាក់​ជាតិ ចាត់វិធានការ ក្នុង​នោះ​រដ្ឋាភិបាល​ត្រូវ​លុប​ចោល​អាជ្ញាប័ណ្ណ​ស៊ីសង​គ្រប់​ប្រភេទ​វិញ ទើប​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ងាយ​ស្រួល​លុប​បំបាត់​ល្បែង​ស៊ីសង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​ត្រូវ​បន្ថែម​ខ្ទង់​ថវិកា​ដល់​អាជ្ញាធរ​ឃុំ សង្កាត់​ដែរ ដើម្បី​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ក្រោម​ជាតិ​បំពេញ​មុខងារ​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព។ ដោយឡែក ចំពោះ​បញ្ហា​បរិស្ថាន និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ លោក យ៉ង គឹមអេង យល់​ឃើញ​ថា វា​គឺ​ជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​អ្នក​នយោបាយ ទើប​អាច​ដោះ​ស្រាយ​បាន

«កន្លង​មក​ដែល​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ខ្លះ​នោះ​គឺ យើង​ឃើញ​ថា យើង​ធ្វើ​បាន​តិច។ ពេល​ខ្លះ​ទៀត​ពាក់ព័ន្ធ​នឹង​ក្រសួង ពាក់ព័ន្ធ​នឹង​អី ដូចជា សារធាតុ​យក​មក​ផលិត​ទៅ​ជា​គ្រឿង​ញៀន ដូច​នៅ​ខាង​កំពង់ស្ពឺ​នៅ​អី​ហ្នឹង​គឺ ការ​ចាត់​វិធានការ​ហ្នឹង អត់​ដឹង​ថា ទៅ​ដល់​ណា ចុះ​ឡើង​ចុះ​ឡើង ដូចជា រក​ចាត់​វិធានការ​មិន​ឃើញ។ អ៊ីចឹង​ទៅ ប្រជាពលរដ្ឋ អ្នក​តាមដាន​អី​ហ្នឹង គាត់​យល់​ថា ប្រហែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធំ​ដុំ​ក៏​មិន​ដឹង​យ៉ាង បាន​ជា​ការ​ចាត់​វិធានការ​ហ្នឹង ស្ងាត់​ឈឹង​អ៊ីចឹង​ទៅ​ណា»។

គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២១ ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម លើក​កម្ពស់​អនាម័យ បរិស្ថាន សុខុមាលភាព​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​ដើម។ ទោះជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ ដើម្បី​អភិវឌ្ឍន៍​សង្គម តែង​លើក​ឡើង​ថា ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ ព្រោះ​គោល​នយោបាយ​នេះ​ត្រូវ​ពឹង​ផ្អែក​លើ​ស្ថានភាព​នយោបាយ និង​ស្ថានភាព​នីតិរដ្ឋ ខណៈ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ដែល​ជា​ឫស​គល់​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម នៅតែ​បន្ត​រីក​រាល​ដាល​តាម​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។