ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​លុប​បំបាត់​ល្បែង​ស៊ីសង​នៅ​តាម​មូលដ្ឋាន

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា វិធានការ​រឹត​បន្តឹង​ចំពោះ​អ្នកលេង​ល្បែង​ក្នុង​កាស៊ីណូ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន នៅតែ​មាន។ ប៉ុន្តែ​អាជ្ញាធរ​ថា ការ​ចេញ​សេចក្តី​ណែនាំ​នេះ ក្នុង​គោល​បំណង ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​អប់រំ​ដល់​ប្រតិបត្តិ​ករ និង​អ្នក​លេងល្បែង​ឱ្យ​យល់​ពី​កាតព្វកិច្ច និង​ការ​អនុវត្ត​ច្បាប់។

ពលរដ្ឋ​លើកឡើង​ថា ក្រោយពី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ ឆ្នោត​ផ្សងសំណាង បាន​រីក​រាលដាល​ឡើងវិញ នៅ​តាម​ទីប្រជុំជន តូប​លក់​អីវ៉ាន់ និង​ហាង​កាហ្វេ​មួយចំនួន​មក បាន​អូសទាញ​ប្រជាពលរដ្ឋ ក្មេង​ចាស់ ប្រុស​ស្រី ឱ្យទៅ​លេង​សឹង​រាល់ថ្ងៃ ដោយ​គ្មាន​បម្រាម ឬ​ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោកស្រី គឹម សម្បត្តិ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៦ តុលា ថា នៅ​មូលដ្ឋាន​របស់​លោក​ស្រី មាន​ល្បែងស៊ីសង ឡូតូ និង​ឆ្នោត​ផ្សងសំណាង កំពុង​មាន​សកម្មភាព និង​អូសទាញ​អ្នកភូមិ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​សិស្សសាលា មន្ត្រីរាជការ និង​យុវជន​មួយចំនួន​ផង​ដែរ​។ លោកស្រី​បន្ត​ថា វិធានការ​របស់​អាជ្ញាធរ ដែល​រឹតត្បិត​ចំពោះ​អ្នកលេង​ល្បែង តែ​នៅក្នុង​កាស៊ីណូ ហាក់​មិន​ចំ​គោលដៅ​នោះ​ទេ ព្រោះ​បន​ល្បែង​នៅ​តាម​មូលដ្ឋាន នៅតែ​បើកចំហ​សម្រាប់​អ្នកមាន​លុយ​ឱ្យ​ចូល​ទៅ​លេង ដោយ​គ្មាន​ការរើសអើង​ពី​អាយុ និង​ជីវភាព​នោះ​ឡើយ​។​

លោកស្រី គឹម សម្បត្តិ៖ «ច្រើន​លើក​មក​ថា យាយៗ​ចាស់ ប៉ុន្តែ​វា​ពាក់ព័ន្ធ​ដល់​សិស្សសាលា​ទៀត សិស្សសាលា​វា​ចាក់​ដែរ​ហ្នឹង»។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី៥ តុលា បាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី ការ​រឹតត្បិត​ការ​លេង​ល្បែង ក្នុង​កាស៊ីណូ ឬ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស ដោយ​ហាមឃាត់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ បុគ្គល​មាន​វិបត្តិ​ស្មារតី បុគ្គល​អសមត្ថភាព​ហិរញ្ញវត្ថុ បុគ្គល​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ឬ​ថ្នាំញៀន និង​បុគ្គល​យក​មក​ជាមួយ​នូវ​អាវុធ​គ្រប់​ប្រភេទ។

អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចេញ​សេចក្ដីណែនាំ​នេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​អប់រំ​ដល់​ប្រតិបត្តិ​ករ និង​អ្នក​លេងល្បែង​ឱ្យ​យល់​ពី​កាតព្វកិច្ច និង​ការអនុវត្ត​ច្បាប់​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​មួយចំនួន ដែល​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន កំពុង​បំពាន​ច្បាប់ ដោយ​កែប្រែ​ពី​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង ទៅជា​ល្បែងភ្នាល់​ខុសច្បាប់។ លោក រស់ ភីរុណ លើកឡើង​ថា ករណី​បង្ក្រាប​ល្បែងភ្នាល់​ខុសច្បាប់ នៅ​តាម​សហគមន៍ គឺជា​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន។

លោក រស់ ភីរុណ៖ «ចំពោះ​ករណី​រឿង​ឡូតូ យើង​កំណត់​ថា ជា​ប្រភេទ​ល្បែង​ផ្សងសំណាង ដោយ​យើង​កំណត់​រយៈពេល​បញ្ចេញ ៥​ដង ដែល​គេ​ហៅថាD៥ ជា​លក្ខណៈ​បច្ចេកទេស​។ មានន័យថា​ក្នុង​មួយ​សប្ដាហ៍​ចេញ ពីរ​ដង​បី​ដង​។ ប៉ុន្តែ​បើ​គាត់​ចេញ​ញាប់​ពេក អាហ្នឹង​ទៅជា​ប្រភេទ​ល្បែងភ្នាល់​ទៅវិញ អ៊ីចឹង​ហើយ​វា​ខុសពី​ការ​អនុម័ត ការ​អនុញ្ញាត​ឱ្យ​លេង​។ មាន​ន័យថា គាត់​ធ្វើ​ឱ្យ​ក្លាយ អ្វី​ដែល​ស្របច្បាប់ ឱ្យ​ទៅ​ជា​ខុសច្បាប់​។ អ៊ីចឹង​ហើយ ប្រជាពលរដ្ឋ​ខ្មែរ យើង​មិន​អនុញ្ញាត​ឱ្យ​លេង​ទេ ហើយ​បើ​គាត់​លេង អាហ្នឹង​គឺ​គាត់​ខុសច្បាប់​ហើយ»។

លោក រស់ ភីរុណ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ល្បែង​ពាណិជ្ជកម្ម​ចំនួន​ជិត​២​រយ​កាស៊ីណូ​(១៨១) ហើយ​រាជរដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ និង​អនុញ្ញាត​ឱ្យ​ដំណើរការ​ល្បែង​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ​កាស៊ីណូ និង​ល្បែង​ផ្សងសំណាង។ ដោយឡែក ចំពោះ​ល្បែង​លេង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ រដ្ឋាភិបាល​ពុំ​មាន​ការ​ផ្ដល់​អាជ្ញាប័ណ្ណ ឬ​អនុញ្ញាត​ឱ្យ​ដំណើរការ​នៅ​កម្ពុជា​នោះ​ឡើយ។

ល្បែងភ្នាល់ ឬ​ឆ្នោត​ផ្សងសំណាង ដែល​មាន​វត្តមាន​នៅ​តាម​សហគមន៍ និង​កំពុង​ពង្វក់​ពលរដ្ឋ​នោះ គឺជា​ប្រភេទ​ឆ្នោត​ឡូតូ ដែល​គេ​អាច​បញ្ជា​ឱ្យ​ចេញ​លទ្ធផល​តាម​ម៉ាស៊ីន​កុំព្យូទ័រ នៅ​រៀងរាល់ ៥​នាទី​ម្ដង និង​ឆ្នោត​វៀតណាម​ដែល​បង្កប់ខ្លួន​នៅ​តាម​តូប​លក់​អីវ៉ាន់ និង​ហាង​កាហ្វេ ដែល​អ្នកលេង​ភ្នាល់​តាមរយៈ​សារ​ឆ្លើយឆ្លង​នៅ​លើ​បណ្ដាញ​សង្គម។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា វិធានការ​រឹតត្បិត​ការ​លេង​ល្បែង​របស់​អាជ្ញាធរ​នេះ ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​កន្លែង​បន​ល្បែង​តែង​ចង់បាន​ភ្ញៀវ​ទៅលេង​ច្រើន ដើម្បី​បាន​លុយ​។ លោក​យល់​ថា ល្បែងស៊ីសង គឺជា​មូលហេតុ ដែល​នាំ​ឱ្យ​ពលរដ្ឋ​ខាតបង់​លុយកាក់ និង​ពេលវេលា​រកស៊ី និង​បង្កើត​ឱ្យ​មាន​អសន្តិសុខ​សង្គម អំពើ​ចោរកម្ម ដូច្នេះ​អាជ្ញាធរ​គួរតែ​លុបបំបាត់​ល្បែងស៊ីសង​នៅ​តាម​មូលដ្ឋាន ជាជាង​ចេញ​វិធានការ តែ​គ្មាន​អ្នក​យក​ទៅ​អនុវត្ត។

លោក យង់ គិមអេង៖ «សម្រាប់​អ្នក​ក្ស័យធន​អីហ្នឹង​ថា តើ​ធ្វើ​ម៉េច​បានដឹង​?យើង​មិន​បាន​សម្ភាស​មុន​ឯណា មុននឹង​ឱ្យ​ចូល បើ​អ៊ីចឹង​បើ​ឱ្យ​សម្ភាស​មុន​វីវរ ប៉ុន្តែ​ធ្វើ​ម៉េច​បាន​ឱ្យ​ដឹង»។

របាយការណ៍​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​ល្បែង​ពាណិជ្ជកម្ម​បាន​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​១៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ និង​សង្គម​ស៊ីវិល យល់ឃើញ​ថា ចំណូល​ដែល​បាន​មក​ពី​វិស័យ​ល្បែង​នេះ មិន​មាន​ផល​ចំណេញ​ដល់​សង្គមជាតិ និង​ពលរដ្ឋ​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ផល​ប៉ះពាល់។ ស្នើ​ពួកគាត់ ឱ្យ​រដ្ឋាភិបាល លុបបំបាត់​ល្បែងស៊ីសង​នៅ​តាម​សហគមន៍ ដែល​ជា​ប្រភព​នៃ​អំពើ​ចោរកម្ម​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន ខាតបង់​ពេល​វេលា​រកស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។