ពលរដ្ឋ និងសង្គមស៊ីវិលថា វិធានការរឹតបន្តឹងចំពោះអ្នកលេងល្បែងក្នុងកាស៊ីណូ ដើម្បីពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម នឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន នៅតែមាន។ ប៉ុន្តែអាជ្ញាធរថា ការចេញសេចក្តីណែនាំនេះ ក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងអប់រំដល់ប្រតិបត្តិករ និងអ្នកលេងល្បែងឱ្យយល់ពីកាតព្វកិច្ច និងការអនុវត្តច្បាប់។
ពលរដ្ឋលើកឡើងថា ក្រោយពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឆ្នោតផ្សងសំណាង បានរីករាលដាលឡើងវិញ នៅតាមទីប្រជុំជន តូបលក់អីវ៉ាន់ និងហាងកាហ្វេមួយចំនួនមក បានអូសទាញប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី ឱ្យទៅលេងសឹងរាល់ថ្ងៃ ដោយគ្មានបម្រាម ឬការត្រួតពិនិត្យពីអាជ្ញាធរឡើយ។
ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង លោកស្រី គឹម សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ តុលា ថា នៅមូលដ្ឋានរបស់លោកស្រី មានល្បែងស៊ីសង ឡូតូ និងឆ្នោតផ្សងសំណាង កំពុងមានសកម្មភាព និងអូសទាញអ្នកភូមិជាបន្តបន្ទាប់ ក្នុងនោះក៏មានសិស្សសាលា មន្ត្រីរាជការ និងយុវជនមួយចំនួនផងដែរ។ លោកស្រីបន្តថា វិធានការរបស់អាជ្ញាធរ ដែលរឹតត្បិតចំពោះអ្នកលេងល្បែង តែនៅក្នុងកាស៊ីណូ ហាក់មិនចំគោលដៅនោះទេ ព្រោះបនល្បែងនៅតាមមូលដ្ឋាន នៅតែបើកចំហសម្រាប់អ្នកមានលុយឱ្យចូលទៅលេង ដោយគ្មានការរើសអើងពីអាយុ និងជីវភាពនោះឡើយ។
លោកស្រី គឹម សម្បត្តិ៖ «ច្រើនលើកមកថា យាយៗចាស់ ប៉ុន្តែវាពាក់ព័ន្ធដល់សិស្សសាលាទៀត សិស្សសាលាវាចាក់ដែរហ្នឹង»។
ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៥ តុលា បានចេញសេចក្ដីណែនាំស្ដីពី ការរឹតត្បិតការលេងល្បែង ក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មនៅទូទាំងប្រទេស ដោយហាមឃាត់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានអាយុក្រោម១៨ឆ្នាំ បុគ្គលមានវិបត្តិស្មារតី បុគ្គលអសមត្ថភាពហិរញ្ញវត្ថុ បុគ្គលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន និងបុគ្គលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់វិទ្យុអាស៊ីសេរីថា ការចេញសេចក្ដីណែនាំនេះ ក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងអប់រំដល់ប្រតិបត្តិករ និងអ្នកលេងល្បែងឱ្យយល់ពីកាតព្វកិច្ច និងការអនុវត្តច្បាប់។ លោកបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនល្បែងផ្សងសំណាងមួយចំនួន ដែលបានពង្រីកអាជីវកម្មរបស់ខ្លួននៅតាមមូលដ្ឋាន កំពុងបំពានច្បាប់ ដោយកែប្រែពីអាជីវកម្មឆ្នោតផ្សងសំណាង ទៅជាល្បែងភ្នាល់ខុសច្បាប់។ លោក រស់ ភីរុណ លើកឡើងថា ករណីបង្ក្រាបល្បែងភ្នាល់ខុសច្បាប់ នៅតាមសហគមន៍ គឺជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចប្រចាំមូលដ្ឋាន។
លោក រស់ ភីរុណ៖ «ចំពោះករណីរឿងឡូតូ យើងកំណត់ថា ជាប្រភេទល្បែងផ្សងសំណាង ដោយយើងកំណត់រយៈពេលបញ្ចេញ ៥ដង ដែលគេហៅថាD៥ ជាលក្ខណៈបច្ចេកទេស។ មានន័យថាក្នុងមួយសប្ដាហ៍ចេញ ពីរដងបីដង។ ប៉ុន្តែបើគាត់ចេញញាប់ពេក អាហ្នឹងទៅជាប្រភេទល្បែងភ្នាល់ទៅវិញ អ៊ីចឹងហើយវាខុសពីការអនុម័ត ការអនុញ្ញាតឱ្យលេង។ មានន័យថា គាត់ធ្វើឱ្យក្លាយ អ្វីដែលស្របច្បាប់ ឱ្យទៅជាខុសច្បាប់។ អ៊ីចឹងហើយ ប្រជាពលរដ្ឋខ្មែរ យើងមិនអនុញ្ញាតឱ្យលេងទេ ហើយបើគាត់លេង អាហ្នឹងគឺគាត់ខុសច្បាប់ហើយ»។
លោក រស់ ភីរុណ ឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មចំនួនជិត២រយកាស៊ីណូ(១៨១) ហើយរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណ និងអនុញ្ញាតឱ្យដំណើរការល្បែងតែពីរប្រភេទប៉ុណ្ណោះ គឺកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែក ចំពោះល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិកវិញ រដ្ឋាភិបាលពុំមានការផ្ដល់អាជ្ញាប័ណ្ណ ឬអនុញ្ញាតឱ្យដំណើរការនៅកម្ពុជានោះឡើយ។
ល្បែងភ្នាល់ ឬឆ្នោតផ្សងសំណាង ដែលមានវត្តមាននៅតាមសហគមន៍ និងកំពុងពង្វក់ពលរដ្ឋនោះ គឺជាប្រភេទឆ្នោតឡូតូ ដែលគេអាចបញ្ជាឱ្យចេញលទ្ធផលតាមម៉ាស៊ីនកុំព្យូទ័រ នៅរៀងរាល់ ៥នាទីម្ដង និងឆ្នោតវៀតណាមដែលបង្កប់ខ្លួននៅតាមតូបលក់អីវ៉ាន់ និងហាងកាហ្វេ ដែលអ្នកលេងភ្នាល់តាមរយៈសារឆ្លើយឆ្លងនៅលើបណ្ដាញសង្គម។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា វិធានការរឹតត្បិតការលេងល្បែងរបស់អាជ្ញាធរនេះ ហាក់គ្មានប្រសិទ្ធភាពនោះទេ ព្រោះកន្លែងបនល្បែងតែងចង់បានភ្ញៀវទៅលេងច្រើន ដើម្បីបានលុយ។ លោកយល់ថា ល្បែងស៊ីសង គឺជាមូលហេតុ ដែលនាំឱ្យពលរដ្ឋខាតបង់លុយកាក់ និងពេលវេលារកស៊ី និងបង្កើតឱ្យមានអសន្តិសុខសង្គម អំពើចោរកម្ម ដូច្នេះអាជ្ញាធរគួរតែលុបបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ជាជាងចេញវិធានការ តែគ្មានអ្នកយកទៅអនុវត្ត។
លោក យង់ គិមអេង៖ «សម្រាប់អ្នកក្ស័យធនអីហ្នឹងថា តើធ្វើម៉េចបានដឹង?យើងមិនបានសម្ភាសមុនឯណា មុននឹងឱ្យចូល បើអ៊ីចឹងបើឱ្យសម្ភាសមុនវីវរ ប៉ុន្តែធ្វើម៉េចបានឱ្យដឹង»។
របាយការណ៍គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារអាមេរិក កើនឡើងជិត១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ទោះជាបែបនេះក្ដី ពលរដ្ឋ និងសង្គមស៊ីវិល យល់ឃើញថា ចំណូលដែលបានមកពីវិស័យល្បែងនេះ មិនមានផលចំណេញដល់សង្គមជាតិ និងពលរដ្ឋនោះទេ បើប្រៀបធៀបទៅនឹងផលប៉ះពាល់។ ស្នើពួកគាត់ ឱ្យរដ្ឋាភិបាល លុបបំបាត់ល្បែងស៊ីសងនៅតាមសហគមន៍ ដែលជាប្រភពនៃអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យពលរដ្ឋមួយចំនួន ខាតបង់ពេលវេលារកស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
