ពលរដ្ឋ​​នៅ​ជាប់​​ព្រែកជីក​ហ្វូណន​បារម្ភ​មិន​ទទួល​បាន​សំណង​សមរម្យ​ទោះ​រដ្ឋាភិបាល​ធានា​ផ្ដល់​ឱ្យ

ដោយ ប្រាជ្ញ​ ចេវ
2024.08.06
ពលរដ្ឋ​​នៅ​ជាប់​​ព្រែកជីក​ហ្វូណន​បារម្ភ​មិន​ទទួល​បាន​សំណង​សមរម្យ​ទោះ​រដ្ឋាភិបាល​ធានា​ផ្ដល់​ឱ្យ ទិដ្ឋភាពថ្ងៃសម្ពោធគម្រោងព្រែកជីកហ្វូណន ស្រុកកោះធំ ខេត្ត​កណ្ដាល កាលពីថ្ងៃទី៥ សីហា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ប្រជា​ពលរដ្ឋ​​​រស់​នៅ​​ជាប់​​​គម្រោង​ព្រែកជីក​ហ្វូណន កំពុង​ព្រួយ​បារម្ភ​ពី​ជីវភាព និង​ផ្ទះ​សម្បែង ខ្លាច​មិន​​ទទួល​បាន​សំណង​សមរម្យ​ បើ​ទោះ​បី​​ រដ្ឋាភិបាល​ធានា​ថា នឹង​ផ្ដល់​សំណង​ឱ្យ​​​​​ក្ដី​​។ ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ ពួក​គាត់​​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ មក​ដោះស្រាយ​នោះ​ឡើយ ខណៈ​ដែល​រដ្ឋាភិបាល​​​​​​ បើក​ការ​សាង​គម្រោង​ព្រែក​ជីក​ហ្វូណន ​ជា​ផ្លូវ​ការ​​ រួច​មក​ហើយ នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា ម្សិល​មិញ​។​​

ស្រប​​ពេល​ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ រាប់ពាន់​នាក់​​​ចូល​រួម​អបអរ​សាទរ​​​បើក​​ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​​ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់ ពី​គ្រោង​អភិវឌ្ឍន៍​មួយ​នេះ​ កំពុង​ព្រួយ​បារម្ភ​​ខ្លាច​ ពុំ​ទទួល​​បាន​សំណង​សមរម្យ​​ពី​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​បញ្ហា​​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​កើន​ឡើង​នៅ​ពេល​ខាង​មុខ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកតាហ៊ីង ឃុំ​ព្រែកថ្មី​ ស្រុក​កោះធំ​លោកស្រី ស៊្រន បញ្ញា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ​ខែ​សីហា ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​គម្រោង​ព្រែក​ជីក​ហ្វូណន​​មក លោកស្រី ដេក​ពុំ​សូវ​លក់​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​រដ្ឋាភិបាល ពុំ​ផ្ដល់​សំណង​សមរម្យ ដើម្បី​ដូរ​ទៅ​នៅ​កន្លែង​ថ្មី​។

លោក​ស្រី​បន្ថែម​ថា ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែក​តាហ៊ីង មាន​​ប្រមាណ​១០០​គ្រួសារ​ ដែល​ប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។ លោក​ស្រី​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ថា នឹង​មាន​គម្រោង​ ព្រែកជីក​ហ្វូណន​មក​ ពុំ​ដែល​ឃើញ​អាជ្ញាធរ​ មក​សួរ​នាំ​ពួក​ ​គាត់​ពី​សំណង​​នោះ​ឡើយ​។ ការណ៍​នេះ ធ្វើ​ឱ្យ​លោក​ស្រី និង​ពលរដ្ឋ​ផ្សេង​ៗ​ទៀត មិន​សូវ​ស្រណុក​ចិត្ត​ និង​ដេក​ភ័យ​រាល់ថ្ងៃ។

លោកស្រី ស៊្រន បញ្ញា៖ «មិន​ទាមទារ​ឱ្យ​លើស​សមត្ថភាព​ខ្ញុំ​​ទេ​ គ្រាន់​តែ​ឱ្យ​បាន​ដី​ធ្វើ​ផ្ទះ​វិញ​សមរម្យ ព្រោះ​អី យើង​ធ្វើ​ផ្ទះ​នេះ​ក៏​វា​អស់​ច្រើន​។ ណា​មួយ​វា​ជា​ដី​កេរ្តិ៍​មក​រហូត​ ហើយ​មិន​ដឹង​ទៅ​រក​ទិញ​ដី​នៅ​ណា​។​ បើ​សំណង​តិច​ពេក ក៏​មិន​ដឹង​ទិញ​នៅ​ឯណា​ ដូច​ដឹង​ស្រាប​ហើយ​ ដី​សម័យ​នេះ»

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចាយ​ដើម​ទុន​ប្រមាណ​ ១ពាន់ ៧រយ​លាន​ដុល្លារ​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន និង​គ្រោង​បញ្ចប់​គម្រោង​នេះ​នៅ​ឆ្នាំ​២០២៨។ រដ្ឋាភិបាល​អះអាង​ថា​ ចំណែក​ចំណាយ​៥១​ភាគរយ​លើ​គម្រោង​មួយ​នេះ រដ្ឋាភិបាល​បាន​មក​ពី​ការ​​កៀរគរ​ពី​សំណាក់​​ក្រុម​ឧកញ៉ា និង​អ្នក​ជំនួញ​​ឱ្យ​​​ដាក់​ទុន​​​​វិនិយោគ។ រីឯ ចំណាយ ​៤៩​ភាគ​រយៈ​ទៀត​ គឺ​ជា​ការ​​វិនិយោគ​រួម​គ្នា រវាង​សហ​គ្រាស​សាធារណៈ​របស់​រដ្ឋ​គឺ​ សហគ្រាស​ ​កំពង់​ផែ​ស្វយ័ត​ព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្រុម​ហ៊ុន​ក្នុង​ស្រុក និង​ក្រុម​ហ៊ុន គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) ក្រោម​កិច្ច​ព្រមព្រៀង​សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ឬBOT

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បង្ហាញ​ ពី​ថវិកា​ដែល​នឹង​ចំណាយ​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​ រាប់​រយ​លាន​ដុល្លារ​ក្ដី ​ ក៏​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល មិន​ដែល​បង្ហាញ​ថា​តើ ​រដ្ឋ​នឹង​មាន​លុយ​ប្រមាណ​ភាគរយ ចំណាយ​លើ​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ ដែល​​ត្រូវ​ប៉ះពាល់​នោះ​​​ឡើយ។ ​ការណ៍​នេះ​ ដែល​ធ្វើ​ឱ្យ​ ពលរដ្ឋ​ភាគ​ច្រើន ពុំ​សូវ​សប្បាយ​ចិត្ត​ ព្រោះ​ពុំ​ដឹង​ពី​ផែនការ​ ជាក់លាក់​របស់​រដ្ឋាភិបាល។

ចំណែក ​ពលរដ្ឋ​ម្នាក់​ទៀត ​រស់​នៅ​ភូមិ​ជ័យ​ឧត្ដម​​ឃុំ​សំរោងធំ ស្រុក​កៀន​ស្វាយ​ លោក ហេង ចុងយ៊ាន​ លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​​ ​ជ័យ​ឧត្ដម ប្រមាណ​១០០​នាក់ ​ដែល​ប៉ះពាល់​ជា​មួយ​នឹង​ គម្រោង​ព្រែក​ជីក​ហ្វូណន ហើយ​ ក៏​​ពុំ​ទាន់​ ទទួល​បាន​សំណង​​នោះ​ដែរ​។​ លោក​បារម្ភ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល ពុំ​បាន​ផ្ដល់​សំណង​សមរម្យ​ ដូច​ទៅ​នឹង​ តំបន់​អភិវឌ្ឍន៍​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​តវ៉ា​ជា​ហូរហែ​កន្លង​ទៅ​នោះ​ គឺ​ជា​រឿង​ព្រួយ​បារម្ភ​។ ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរ​តែ​គិត​គូរ ​​​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ នោះ​ជា​ការ​ប្រសើរ។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន ទម្រាំ​នឹង​អាច​ទិញ​ដី និង​កសាង​ផ្ទះ​នៅ​បាន​ គឺ​ត្រូវ​ចំណាយ​ពេល ១០ ​ទៅ​២០​ឆ្នាំ ទើប​អាច​សន្សំ​លុយ​គ្រប់​ ហើយ​មក​ដល់​ពេល​នេះ​ ស្រាប់​តែ​​​ជួប​ហានិភ័យ​ទៀត។ តែ​យ៉ាង​ណា លោក​ថា ប្រជា​ពលរដ្ឋ​ ​ពុំ​ប្រឆាំង​នឹង​​ការ​អភិវឌ្ឍ​នោះ​​ឡើយ​​ ក៏​ប៉ុន្តែ​ អ្វី​ដែល​​ពលរដ្ឋ​ចង់​បាន​គឺ​សំណង​ ដើម្បី​ដូរ​ទៅ​នៅ​កន្លែង​ថ្មី ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​​ឡើង​វិញ។ លោក​ថា ប្រសិន​បើ ​​គ្មាន​សំណង​សមរម្យ​​ទេ ពលរដ្ឋ​កាន់​​​លំបាក​ ខណៈ​ដែល​ពលរដ្ឋ​ខ្លះ នៅ​ជំពាក់​​បំណុល​ធនាគារ​នៅ​ឡើយ ដោយ​សារ​តែ​យក​មក​ធ្វើ​ផ្ទះ។

លោក ហេង ចុងយ៊ាន៖ «កង្វល់​របស់​ប្រជាជន​វា​ទូទៅ​ហើយ​ កង្វល់​គ្រប់​តែ​គ្នា​ម្នាក់ៗ​ ចាំ​តែ​ស្ដាប់​ដំណឹង​ផល​ប៉ះពាល់​គ្រប់​តែ​គ្នា។​ ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​សំណង​ឱ្យ​បាន​សមរម្យ​ដើម្បី ដោះដូរ​ទី​កន្លែង​រស់​នៅ​ឱ្យ​បាន​សមរម្យ»

ជុំវិញ​រឿង​នេះ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​មួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) លោក ស៊ុន ចាន់ថុល ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា​ ថា រដ្ឋាភិបាល​សន្យា​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ ដោយ​សារ​គម្រោង​ព្រែក​ជីក​ហ្វូណន​ ហើយ​​ លោក​ក៏​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ព្រួយ​បារម្ភ។ ប៉ុន្តែ​​លោក​ពុំ​បញ្ជាក់​នោះ​ទេ​​ ថា​តើ​ពលរដ្ឋ​នឹង​ទទួល​សំណង​ប៉ុន្មាន​​​ ហើយ​នឹង​ចាប់​ផ្ដើម​ ផ្ដល់​សំណង ​ជូន​ពលរដ្ឋ​ នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

លោក ស៊ុន ចាន់ថុល៖ «ខ្ញុំបាទ​សូម​ធ្វើ​ការ​បញ្ជាក់​អះអាង​ជូន​បង​ប្អូន​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ជា​សេនាធិការ​នឹង​គិតគូរ​ សិក្សា​យ៉ាង​លម្អិត​ និង​វាស់​វែង​ច្បាស់​លាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ​ សំដៅ​ធានា​ក្នុង​ការ​ផ្ដល់​សំណង​យ៉ាង​សមស្រប​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ។​ អាស្រ័យ​ហេតុ​នេះ ​សូម​បងប្អូន​ប្រជា​ពល​រដ្ឋ​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ និង​កុំ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ប៉ះ​ពាល់​នេះ»

ការ​យឺតយ៉ាវ និង​ពុំ​ទាន់​ច្បាស់​លាស់​ពី​សំណង​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​ដែល​​រង​ផល​ប៉ះពាល់ ​នាំ​​គ្នា​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក​ (Facebook) ជា​បន្ត​បន្ទាប់​ ​​ដោយ​រៀបរាប់​ អាណិត​ស្រណោះ ​ស្រុក​កំណើត ​និង​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ជា​យូរ​មក​ហើយ​​​​។ ​ជាក់ស្ដែង​ ពលរដ្ឋ​ម្នាក់​ ដែល​មាន​គណនី​ ហ្វេសប៊ុក (Facebook) ឈ្មោះ ម៉ូលីដិន សេង (Moliden Seng ) បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​៥ ​ខែ​សីហា​ថា​​ ខណៈ​​​អ្នក​ដទៃ​​ អបអរ​ ការ​បើក​ គម្រោង​ព្រែក​ជីក​ហ្វូណន​​​​ លោក​ស្រី​ ​កំពុង​ស្រណោះ​ ដី​ផ្ទះ​ ដែល​ជា​ជម្រក​ដ៏​កក់ក្ដៅ ​ធ្លាប់​រស់​នៅ​តាំង​ពី​ក្មេង លោក​ថា ​បន្តិច​ទៀត​ទី​នេះ ​នឹង​ត្រូវ​ក្លាយ​ជា​ផ្លូវ​ ទឹក​មាន​កប៉ាល់​ ជិះ​កាត់​។ ចំណែក លោក​ស្រី​ មិន​ដឹង​ថា​ជីវិត​ទៅ​មុខ​ទៀត​យ៉ាង​ណា​នោះ​ទេ។

លោក​ស្រី​បន្ថែម​ថា​ ប្រសិន​បើ ​បាន​សំណង​សមរម្យ​ ដែល​អាច​ទិញ​ដី​ថ្មី​ រស់​នៅ​ និង​សង់​ផ្ទះ​បាន​វិញ​នោះ ​គឺ​ជា​រឿង​ល្អ។ ដូច្នេះ លោកស្រី ​​សង្ឃឹម ​ថា​រដ្ឋ​នឹង​ផ្ដល់​សំណង​ជា​ទី​​ពេញ​ចិត្ត​ដល់​ប្រជាជន​ដែល​​ប៉ះពាល់​ ឱ្យ​សម​នឹង​តម្លៃ​ ដែល​​ពួកគាត់​ បាន​​ខំ​លះបង់​ផ្ទះ​សម្បែង ​ដើម្បី​គម្រោង​ព្រែក​ជីក​មួយ​នេះ។

ទាក់ទិន​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា​ គម្រោង​ព្រែកជីក​ហ្វូណន​ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​សំណាក់​ប្រជា​ពលរដ្ឋ​​។​ លោក​បន្ថែម​ថា​ ដើម្បី​ឱ្យ​ពលរដ្ឋ​លែង​ភ័យ​បារម្ភ​ និង​ សប្បាយ​ចិត្ត​នោះ​ រដ្ឋាភិបាល​ត្រូវ​ប្រកាស​ឱ្យ​​ពលរដ្ឋ​បាន​ដឹង​លម្អិត​ ពី​ផែន​ការ​ ផ្ដល់​សំណង​សមរម្យ​ជូន​គាត់។

លោក អំ សំអាត៖ «អ្វី​ដែល​សំខាន់​នោះ​គឺ អាជ្ញាធរ​ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​គួរតែ​មាន​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ទៅ​ដល់​ប្រជាពលរដ្ឋ​អំពើ ការ​ផ្ដល់​សំណង និង​ផល​ប៉ះពាល់ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ។ ប្រសិន​បើ​លោក​ពុំ​ទទួល​បាន​ព័ត៌មាន​ គ្រប់គ្រាន់​ទេ អ៊ីចឹង​ប្រជាពលរដ្ឋ លោក​មាន​ការ​ព្រួយ​បារម្ភ។ អ៊ីចឹង​ការ​ផ្ដល់​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​សមរម្យ ឬ​សម​ស្រប​របស់​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ គឺ​ជា​រឿង​ល្អ​បំផុត»

គម្រោង​ព្រែក​ជីក​ហ្វូណន​ គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ ២០២៨ ដោយ​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅកាន់​សមុទ្រ​របស់​កម្ពុ​ជា និង​ឆ្លងកាត់ ខេត្ត​កណ្ដាល តាកែវ កំពត និង​កែប ដែល​មាន​ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ ផ្ដួច​ផ្ដើម​ដោយ​លោក ហ៊ុន សែន។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​ពលរដ្ឋ​​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន ឱ្យ​បាន​ពេញ​លេញ ក្នុង​នោះ​រួម​ទាំង​ផល​ប៉ះពាល់​បរិស្ថាន​ផង។ បន្ថែម​ពី​នោះ ​ពលរដ្ឋ​ក៏​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​​សំណង​​ឱ្យ​ឆាប់ បើ​ពុំ​ដូច្នេះ​ទេ ​ពួក​គាត់​ពុំ​ព្រម​រុះរើ​​ផ្ទះ​ចេញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។