ពលរដ្ឋ​រិះគន់​ថា លោក ហ៊ុន សែន ផ្ដល់​មេធាវី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ច្បារអំពៅ​ដើម្បី​កេង​ចំណេញ​នយោបាយ

ដោយ ហ៊ុំ ចំរើន
2024.06.22
ពលរដ្ឋ​រិះគន់​ថា លោក ហ៊ុន សែន ផ្ដល់​មេធាវី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ច្បារអំពៅ​ដើម្បី​កេង​ចំណេញ​នយោបាយ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ​រិះគន់​ថា មេដឹកនាំ​គណបក្សកាន់អំណាច លោក ហ៊ុន សែន កំពុង​កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ តាមរយៈ​ការ​ផ្ដល់​មេធាវី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​ឃាតកម្ម​នៅ​បុរី​បឹងស្នោរ ខណ្ឌ​ច្បារអំពៅ។ ពួកគាត់​ថា ទង្វើ​លោក ហ៊ុន សែន គឺ​ចង់​បិទបាំង​មិន​ឱ្យ​មហាជន​ចាប់អារម្មណ៍ ចំពោះ​កំហុស​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​របស់​បក្ស​កាន់អំណាច ដែល​បាន​ផ្ដល់​គោរមងារ​ឧកញ៉ា​ដល់​ខ្មាន់កាំភ្លើង។

បន្ទាប់ពី​ឃាតកម្ម​ស្លាប់​មនុស្ស​ពីរ​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ រដ្ឋាភិបាល​ហាក់​ខ្នះខ្នែង​ក្នុង​ការ​ផ្ដល់​មេធាវី​ឱ្យ​គ្រួសារ​ជនរងគ្រោះ ដក​គោរមងារ​ឧកញ៉ា​ពី​ខ្មាន់កាំភ្លើង និង​បិទ​មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​ទៀត។

ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែមិថុនា ថា ករណី​បាញ់សម្លាប់​មនុស្ស​ឆៅៗ ដល់​ក្នុងផ្ទះ​បែបនេះ បើសិនជា​មិន​ផ្ទុះ​កំហឹង និង​មានការ​ឈឺឆ្អាល​ពី​មហាជន​ទេ នោះ​លោក ហ៊ុន សែន នឹងមិន​បញ្ជូន​មេធាវី​ឱ្យមក​ជួយ​ឡើយ​។ លោកស្រី​បន្ត​ថា ការ​ផ្ដល់​មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល ជួយ​ដើរ​ក្ដី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​នេះ គឺជា​ប្រពៃណី​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន និង​កែច្នៃ​ព្រឹត្តិការណ៍ ឱ្យ​មហាជន​យល់ថា រដ្ឋាភិបាល​តែងតែ​គិតគូរ​ពី​យុត្តិធម៌​សង្គម ទាំង​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នេះ​ហើយ ជា​អ្នកស្នើ​គោរមងារ​ឧកញ៉ា ដល់​ខ្មាន់កាំភ្លើង​នោះ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ថា​ទៅ គាត់​(​លោក ហ៊ុន សែន​) កេង​ចំណេញ​នយោបាយ​។ ព្រោះ​អី កាល​ណា​ដែល​បុគ្គល​ល្បី មាន​បញ្ហា​អ្វី​កើតឡើង គឺ​គាត់​ចេញមុខ​ធ្វើជា​តួ​ហេរ៉ូ (Hero) ភ្លាម ដើម្បី​ជួយ​បាំង​មុខ​។ ការពិត​របប​ហ្នឹង គាត់​អ្នកបង្កើត​ខ្លួនឯង ហើយ​គាត់​ខ្លាច​សម្ដែង​ជា​តួ​ហេ​រ៉ូ ដើម្បី​សម្ដែង​ឱ្យ​ប្រជាជន​ដឹង ថា​គាត់​ហ្នឹង ជា​មេដឹកនាំ​ដ៏​ល្អ​មួយ»

ការ​រិះគន់​របស់​ពល​រដ្ឋ​ខាង​លើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៨ ខែមិថុនា បាន​បញ្ជូន​មេធាវី​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ លោក គី តិច ឱ្យ​ទៅ​ជួយ​ការពារ​ក្ដី​គ្រួសារ​ជនរងគ្រោះ​ពីរ​នាក់ ដែល​បាន​ស្លាប់​ក្នុងករណី​បាញ់សម្លាប់ បង្កឡើង​ដោយ​ឧកញ៉ា ស្រី ស៊ីណា។ តែ​ទន្ទឹម​នឹង​ការ​ផ្ដល់​មេធាវី​ទាំងនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ក៏​មិន​ភ្លេច​ថត​វីដេអូ​ចាក់​ផ្សាយ​នោះ​ដែរ ដោយ​ឱ្យ​ឪពុកម្ដាយ​ជនរងគ្រោះ កញ្ញា ឃីន កញ្ចនា ឈរ​សំពះ​អរគុណ​ដល់​លោក ហ៊ុន សែន ដែល​បាន​ចូលរួម​រំលែក​ទុក្ខ និង​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឱ្យ​ពួកគាត់។

សកម្មជន​បរិស្ថាន និង​ជា​អ្នក​តាមដាន​សង្គម កញ្ញា លីម គីមស័រ លើកឡើង​ថា នេះ​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ ដែល​ឈឺឆ្អាល​តែ​ចំពោះ​ជនរងគ្រោះ​ណា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ ឬ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​សង្គម​។ ទោះជា​យ៉ាងណា កញ្ញា​បន្ត​ថា ប្រជាពលរដ្ឋ​គួរតែ​ងាក​មក​ពិចារណា​លើ​បញ្ហា​ចំពោះមុខ ដោយ​ផ្ដោត​ទៅ​លើ​មូលហេតុ​ដែល​នាំឱ្យ​មា​នករណី​ឃាត​កម្ម​នេះ​កើតឡើង ដើម្បី​ដាក់បន្ទុក​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​វិធានការ​ដាក់ទោស​ជនល្មើស​តាមច្បាប់​។​

កញ្ញា លីម គីមស័រ៖ «អ៊ីចឹង​យើង​កុំ​បាច់​ទៅ​ខ្វល់ខ្វាយ​ជាមួយនឹង​ការបង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ​របស់​គ្រួសារ​លោក ហ៊ុន សែន​។ អ្វីដែល​យើង​ត្រូវ​ផ្ដោត តើ​បុគ្គល​ម្នាក់​ហ្នឹង នឹង​ជាប់ទោស​ដែរឬទេ​? តើ​បុគ្គល​ម្នាក់​ហ្នឹង នឹង​ជាប់គុក​នៅ​ផ្លូវ​មុខ ហើយ​ចេញ​តាមផ្លូវ​ក្រោយ​ដែរឬទេ​? ហ្នឹង​ជា​អ្វី​ដែល​យើង​ត្រូវ​តាមដាន​ទាំងអស់គ្នា»

កាលពី​ថ្ងៃទី​១៧ ខែមិថុនា ជនសង្ស័យ គឺ​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់ប្រហារ​ជាច្រើន​គ្រាប់ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ២​នាក់​បាត់​បង់ជីវិត និង​មនុស្ស ២​នាក់​ទៀត​រងរបួស​។ ជនសង្ស័យ​បាន​ចូល​ទៅ​បាញ់សម្លាប់​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ ដោយសារ​ទំនាស់​រឿង​ស្នួលហាល​ខោអាវ​របស់​ជន​បង្ក​ជ្រុល​ចូល​ព្រំ​ដី​របស់​ជនរងគ្រោះ។

ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​មានឈ្មោះ ឡុង លីសុង និង​ឈ្មោះ ឃីន កញ្ចនា ដែល​ត្រូវជា​គូ​ដណ្ដឹង​នឹង​គ្នា​។ ពួកគេ ជា​និស្សិត​បញ្ចប់​ការសិក្សា​និង​មាន​មុខ​របរ​ជា​អ្នក​ថតរូប ហើយ​មាន​ស្ទូឌីយោ​ថតរូប​ដ៏​ល្បី​ទៀត​ផង​។ កាល​នៅ​មាន​ជីវិត ជនរងគ្រោះ​តែងតែ​ត្រូវ​បាន​អតិថិជន​ជាច្រើន រួម​ទាំង​ក្រុម​គ្រួសារ​របស់​អភិជន ជួល​ទៅ​ថតរូប​នៅក្នុង​កម្មវិធី​សំខាន់ៗ ហើយ​ថែមទាំង​ធ្លាប់​បាន​ចូល​ថតរូប​ក្នុង​កម្មវិធី​នៅ​ព្រះបរមរាជវាំង​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​គ្រួសារ​ជនរងគ្រោះ និង​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល លោក គី តិច ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​២២ ខែមិថុនា​។ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​មិនអាច​ទាក់ទង​បាន​ដូចគ្នា។

ប្អូនស្រី​ជនរងគ្រោះ លោក ឡុង លីសុង គឺ​កញ្ញា ឡុង លីហ័រ បាន​បង្ហោះ​វីដេអូ នៅ​ថ្ងៃទី​២២ ខែមិថុនា អំពី​ពិធីបុណ្យ និង​ការ​បញ្ចុះសព​ជនរងគ្រោះ​ទាំងពីរ​នៅ​ឯ​ខេត្តកំពត ដោយ​បាន​រៀបរាប់​អំពី​ការឈឺចាប់ ចំពោះ​គ្រួសារ​ទាំងសងខាង​ដែល​សក់ស​ជូន​ដំណើរ​សក់ខ្មៅ រោងការ​ប្រែ​ទៅជា​រោងបុណ្យ ដោយ​ដៃ​ខ្មាន់កាំភ្លើង សម្លាប់​មេ​បង្គោលគ្រួសារ ដោយ​មិន​ញញើត​ដៃ និង​វិចារណញ្ញាណ។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ ជន​បង្ក គឺ​អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​២​សំណុំរឿង គឺ «​ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​ប្រើ​អាវុធ​ខុសច្បាប់»

ទាក់ទិន​រឿង​នេះ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា មិន​ចង់​ឃើញ​រដ្ឋាភិបាល ផ្ដល់​មេធាវី​ឱ្យ​ជនរងគ្រោះ ដោយ​គ្រាន់តែ​ដើម្បី​ទប់​ពី​ប្រតិកម្ម​របស់​មហាជន​នោះឡើយ​។ លោក​បន្ត​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​ជន​បង្ក​ត្រូវ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​គ្មាន​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បាន​ដេក​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ដូចដែល​ឧកញ៉ា​ឧក្រិដ្ឋជន​មួយ​ចំនួន ធ្លាប់ធ្វើ​កន្លងមក​នោះ​ទេ។

លោក ស៊ឹង សែន​ករុណា៖ «យើង​មើល​ដូច​ករណី មេធាវី​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក គី តិច កា​ពារ​រឿង​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ប៉ុន្តែ​ឮ​តែ​ពលរដ្ឋ​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​អ្វី​ដែល​ជា​ភាព​ប្រាកដ​ប្រជា​ទេ​។ គឺ​សំណង​មកដល់​ពួកគាត់​ហ្នឹង គឺ​អត់​ទាន់​បាន​ទទួល​នៅឡើយ​។ អ៊ីចឹង​យើង​អត់​ចង់​ឃើញ​គ្រាន់តែ ជា​ការ​ដាក់​មេធាវី​ជា​រូបភាព ដើម្បី​ទប់​អំពី​ប្រតិកម្ម​នានា​ទេ»

ប្រជាពលរដ្ឋ រួម​ទាំង​អ្នកឃ្លាំមើល ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​មេធាវី​ស្ម័គ្រចិត្ត​ឱ្យ​ជួយ​ការពារ​ក្ដី​ពលរដ្ឋ​ទូទៅ ដែល​រង​ការរំលោភ​សិទ្ធិ ការបំពាន​ដីធ្លី និង​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌​ពី​អ្នក​មាន​អំណាច​ដែរ ដើម្បី​បង្ហាញ​ពី​សិទ្ធិ​ពលរដ្ឋ​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់ ដែល​ពុំ​មែន​ផ្ដល់​មេធាវី​តែ​ក្នុងករណី​ល្បីៗ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ផ្នែក​នយោបាយ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។