ពលរដ្ឋរិះគន់ថា មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងកេងចំណេញប្រជាប្រិយភាពនយោបាយ តាមរយៈការផ្ដល់មេធាវីឱ្យគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងករណីឃាតកម្មនៅបុរីបឹងស្នោរ ខណ្ឌច្បារអំពៅ។ ពួកគាត់ថា ទង្វើលោក ហ៊ុន សែន គឺចង់បិទបាំងមិនឱ្យមហាជនចាប់អារម្មណ៍ ចំពោះកំហុសរបស់មេដឹកនាំរដ្ឋាភិបាលរបស់បក្សកាន់អំណាច ដែលបានផ្ដល់គោរមងារឧកញ៉ាដល់ខ្មាន់កាំភ្លើង។
បន្ទាប់ពីឃាតកម្មស្លាប់មនុស្សពីរនាក់នៅខណ្ឌច្បារអំពៅ រដ្ឋាភិបាលហាក់ខ្នះខ្នែងក្នុងការផ្ដល់មេធាវីឱ្យគ្រួសារជនរងគ្រោះ ដកគោរមងារឧកញ៉ាពីខ្មាន់កាំភ្លើង និងបិទមិនឱ្យមានការផ្សព្វផ្សាយព័ត៌មានបន្តទៀត។
ពលរដ្ឋនៅខេត្តបាត់ដំបង ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែមិថុនា ថា ករណីបាញ់សម្លាប់មនុស្សឆៅៗ ដល់ក្នុងផ្ទះបែបនេះ បើសិនជាមិនផ្ទុះកំហឹង និងមានការឈឺឆ្អាលពីមហាជនទេ នោះលោក ហ៊ុន សែន នឹងមិនបញ្ជូនមេធាវីឱ្យមកជួយឡើយ។ លោកស្រីបន្តថា ការផ្ដល់មេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ជួយដើរក្ដីឱ្យគ្រួសារជនរងគ្រោះនេះ គឺជាប្រពៃណីនយោបាយរបស់លោក ហ៊ុន សែន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន និងកែច្នៃព្រឹត្តិការណ៍ ឱ្យមហាជនយល់ថា រដ្ឋាភិបាលតែងតែគិតគូរពីយុត្តិធម៌សង្គម ទាំងដែលថ្នាក់ដឹកនាំរដ្ឋាភិបាលនេះហើយ ជាអ្នកស្នើគោរមងារឧកញ៉ា ដល់ខ្មាន់កាំភ្លើងនោះ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ថាទៅ គាត់(លោក ហ៊ុន សែន)កេងចំណេញនយោបាយ។ ព្រោះអី កាលណាដែលបុគ្គលល្បី មានបញ្ហាអ្វីកើតឡើង គឺគាត់ចេញមុខធ្វើជាតួហេរ៉ូ(Hero)ភ្លាម ដើម្បីជួយបាំងមុខ។ ការពិតរបបហ្នឹង គាត់អ្នកបង្កើតខ្លួនឯង ហើយគាត់ខ្លាចសម្ដែងជាតួហេរ៉ូ ដើម្បីសម្ដែងឱ្យប្រជាជនដឹង ថាគាត់ហ្នឹង ជាមេដឹកនាំដ៏ល្អមួយ»។
ការរិះគន់របស់ពលរដ្ឋខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមិថុនា បានបញ្ជូនមេធាវីស្ម័គ្រចិត្ត ដែលដឹកនាំដោយ លោក គី តិច ឱ្យទៅជួយការពារក្ដីគ្រួសារជនរងគ្រោះពីរនាក់ ដែលបានស្លាប់ក្នុងករណីបាញ់សម្លាប់ បង្កឡើងដោយឧកញ៉ា ស្រី ស៊ីណា។ តែទន្ទឹមនឹងការផ្ដល់មេធាវីទាំងនេះ ប្រព័ន្ធផ្សព្វផ្សាយ របស់កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ក៏មិនភ្លេចថតវីដេអូចាក់ផ្សាយនោះដែរ ដោយឱ្យឪពុកម្ដាយជនរងគ្រោះ កញ្ញា ឃីន កញ្ចនា ឈរសំពះអរគុណដល់លោក ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខ និងផ្ដល់មេធាវីការពារក្ដីឱ្យពួកគាត់។
សកម្មជនបរិស្ថាន និងជាអ្នកតាមដានសង្គម កញ្ញា លីម គីមស័រ លើកឡើងថា នេះជាទម្លាប់របស់លោក ហ៊ុន សែន ទៅហើយ ដែលឈឺឆ្អាលតែចំពោះជនរងគ្រោះណាដែលមានឈ្មោះល្បីល្បាញ ឬទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងសង្គម។ ទោះជាយ៉ាងណា កញ្ញាបន្តថា ប្រជាពលរដ្ឋគួរតែងាកមកពិចារណាលើបញ្ហាចំពោះមុខ ដោយផ្ដោតទៅលើមូលហេតុដែលនាំឱ្យមានករណីឃាតកម្មនេះកើតឡើង ដើម្បីដាក់បន្ទុកទៅរដ្ឋាភិបាលឱ្យមានវិធានការដាក់ទោសជនល្មើសតាមច្បាប់។
កញ្ញា លីម គីមស័រ៖ «អ៊ីចឹងយើងកុំបាច់ទៅខ្វល់ខ្វាយជាមួយនឹងការបង្កើតព្រឹត្តិការណ៍ផ្សេងៗរបស់គ្រួសារលោក ហ៊ុន សែន។ អ្វីដែលយើងត្រូវផ្ដោត តើបុគ្គលម្នាក់ហ្នឹង នឹងជាប់ទោសដែរឬទេ?តើបុគ្គលម្នាក់ហ្នឹង នឹងជាប់គុកនៅផ្លូវមុខ ហើយចេញតាមផ្លូវក្រោយដែរឬទេ?ហ្នឹងជាអ្វីដែលយើងត្រូវតាមដានទាំងអស់គ្នា»។
កាលពីថ្ងៃទី១៧ ខែមិថុនា ជនសង្ស័យ គឺឧកញ៉ា ស្រី ស៊ីណា បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឱ្យមនុស្សចំនួន ២នាក់បាត់បង់ជីវិត និងមនុស្ស ២នាក់ទៀតរងរបួស។ ជនសង្ស័យបានចូលទៅបាញ់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះ ដោយសារទំនាស់រឿងស្នួលហាលខោអាវរបស់ជនបង្កជ្រុលចូលព្រំដីរបស់ជនរងគ្រោះ។
ជនរងគ្រោះ ដែលបាត់បង់ជីវិតមានឈ្មោះ ឡុង លីសុង និងឈ្មោះ ឃីន កញ្ចនា ដែលត្រូវជាគូដណ្ដឹងនឹងគ្នា។ ពួកគេ ជានិស្សិតបញ្ចប់ការសិក្សានិងមានមុខរបរជាអ្នកថតរូប ហើយមានស្ទូឌីយោថតរូបដ៏ល្បីទៀតផង។ កាលនៅមានជីវិត ជនរងគ្រោះតែងតែត្រូវបានអតិថិជនជាច្រើន រួមទាំងក្រុមគ្រួសាររបស់អភិជន ជួលទៅថតរូបនៅក្នុងកម្មវិធីសំខាន់ៗ ហើយថែមទាំងធ្លាប់បានចូលថតរូបក្នុងកម្មវិធីនៅព្រះបរមរាជវាំងផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគ្រួសារជនរងគ្រោះ និងប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២២ ខែមិថុនា។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ក៏មិនអាចទាក់ទងបានដូចគ្នា។
ប្អូនស្រីជនរងគ្រោះ លោក ឡុង លីសុង គឺកញ្ញា ឡុង លីហ័រ បានបង្ហោះវីដេអូ នៅថ្ងៃទី២២ ខែមិថុនា អំពីពិធីបុណ្យ និងការបញ្ចុះសពជនរងគ្រោះទាំងពីរនៅឯខេត្តកំពត ដោយបានរៀបរាប់អំពីការឈឺចាប់ ចំពោះគ្រួសារទាំងសងខាងដែលសក់សជូនដំណើរសក់ខ្មៅ រោងការប្រែទៅជារោងបុណ្យ ដោយដៃខ្មាន់កាំភ្លើង សម្លាប់មេបង្គោលគ្រួសារ ដោយមិនញញើតដៃ និងវិចារណញ្ញាណ។
ដោយឡែកនៅថ្ងៃដដែលនោះ ជនបង្ក គឺអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់២សំណុំរឿង គឺ «ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»។
ទាក់ទិនរឿងនេះ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មិនចង់ឃើញរដ្ឋាភិបាល ផ្ដល់មេធាវីឱ្យជនរងគ្រោះ ដោយគ្រាន់តែដើម្បីទប់ពីប្រតិកម្មរបស់មហាជននោះឡើយ។ លោកបន្តថា អ្វីដែលលោកចង់ឃើញនោះ គឺជនបង្កត្រូវតុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបានដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដូចដែលឧកញ៉ាឧក្រិដ្ឋជនមួយចំនួន ធ្លាប់ធ្វើកន្លងមកនោះទេ។
លោក ស៊ឹង សែនករុណា៖ «យើងមើលដូចករណី មេធាវីរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោក គី តិច កាពាររឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ប៉ុន្តែឮតែពលរដ្ឋថា មកទល់ពេលនេះ មិនទាន់មានអ្វីដែលជាភាពប្រាកដប្រជាទេ។ គឺសំណងមកដល់ពួកគាត់ហ្នឹង គឺអត់ទាន់បានទទួលនៅឡើយ។ អ៊ីចឹងយើងអត់ចង់ឃើញគ្រាន់តែ ជាការដាក់មេធាវីជារូបភាព ដើម្បីទប់អំពីប្រតិកម្មនានាទេ»។
ប្រជាពលរដ្ឋ រួមទាំងអ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលផ្ដល់មេធាវីស្ម័គ្រចិត្តឱ្យជួយការពារក្ដីពលរដ្ឋទូទៅ ដែលរងការរំលោភសិទ្ធិ ការបំពានដីធ្លី និងពលរដ្ឋដែលរងភាពអយុត្តិធម៌ពីអ្នកមានអំណាចដែរ ដើម្បីបង្ហាញពីសិទ្ធិពលរដ្ឋស្មើគ្នានៅចំពោះមុខច្បាប់ ដែលពុំមែនផ្ដល់មេធាវីតែក្នុងករណីល្បីៗដើម្បីទាញយកប្រជាប្រិយភាពផ្នែកនយោបាយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
