សង្គមស៊ីវិលស្នើរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ និងដាក់ទោសអ្នកផ្ដល់អាវុធដល់ជនល្មើស បាញ់បោះសេរី
2024.05.10
មន្ត្រីអង្គការសង្គមស៊ីវិល ទទូចដល់អាជ្ញាធរឲ្យរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ និងដាក់ទោសអ្នកផ្ដល់អាវុធ ដល់ជនល្មើស ដែលប្រើប្រាស់អាវុធបាញ់បោះដោយសេរីបង្កការភ័យខ្លាចដល់ពលរដ្ឋ និងអសន្តិសុខសង្គម។ ការស្នើសុំនេះ បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ឧសភា បានឃាត់ខ្លួនខ្មាន់កាំភ្លើង២នាក់ ករណីបាញ់បោះក្នុងរាជធានីភ្នំពេញ។
មន្ត្រីអង្គការសង្គមស៊ីវិល បង្ហាញការសោកស្ដាយចំពោះ ពលរដ្ឋដែលរងរបួស ពីការបាញ់បោះយ៉ាងអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ឧសភា ថា លោកសោកស្ដាយ ដែលជនសង្ស័យគ្មានសិទ្ធិប្រើប្រាស់អាវុធ តែអាចប្រើប្រាស់អាវុធ បាញ់មកលើជនរងគ្រោះបាន។ លោកក៏ទទូចដល់អាជ្ញាធរឲ្យស្រាវជ្រាវ រកប្រភពកាំភ្លើងនេះឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការចរាចរណ៍អាវុធគ្រឿងផ្ទុះដោយខុសច្បាប់នៅកម្ពុជា និងផ្ដន្ទាទោសដល់អ្នកដែលផ្ដល់កាំភ្លើងដល់ជនល្មើស។
លោក យង់ គិមអេង៖ «គួរតែស្រាវជ្រាវដែរថា ប្រសិនបើអាវុធណាមួយពាក់ព័ន្ធនឹងជនណាម្នាក់ត្រូវតែដាក់ទោសជនហ្នឹង ដែលបណ្ដែតបណ្ដោយឲ្យអាវុធរបស់គាត់ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ជនល្មើស ដែលយកមកប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់សង្គមជាតិ ពីព្រោះអាវុធ ដែលរដ្ឋាភិបាលផ្ដល់ជូនគឺដើម្បីការពារសន្តិសុខ ប៉ុន្តែបើអាវុធនោះធ្លាក់ទៅដល់ជនល្មើសគឺវាបង្កអសន្តិសុខទៅដល់សង្គមវិញ»។
នាយកដ្ឋានព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ ឧសភា ថា ក្រោយពីមានករណីខ្មាន់កាំភ្លើងបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងបួសធ្ងន់ស្រាល នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលវេលាម៉ោងជិត២ទាបភ្លឺថ្ងៃទី៧ ឧសភា អាជ្ញាធរនៅល្ងាចថ្ងៃដែលនោះ បានស្រាវជ្រាវ និងចុះបង្ក្រាបជនសង្ស័យម្នាក់ គឺលោក ថុល តាំង និងបានដកហូតរថយន្តមួយគ្រឿងម៉ាក នីសាន់ (NISSAN) រួមទាំងអាវុធខ្លីចំនួនមួយដើម។ អាជ្ញាធរឲ្យដឹងថា មូលហេតុ ដែលជនសង្ស័យបាញ់ទៅលើក្រុមយុវជនទាំងនោះ ជនសង្ស័យចោទថា ពួកគេប៉ុនប៉ងលួចទ្រព្យសម្បត្តិសង្សាររបស់ខ្លួន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ដដែលនោះឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើម្នាក់ទៀត ដែលបានបាញ់តដៃជាមួយអាជ្ញាធរជាច្រើនគ្រាប់ នៅចំណុចផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
អាជ្ញាធរបានប្រាប់ក្រុមអ្នកសារព័ត៌មានពេលចុះបង្ក្រាបកាលពីយប់ថ្ងៃទី៧ ឧសភាថា ជនសង្ស័យម្នាក់នេះ គឺជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
អាជ្ញាធរឲ្យដឹងថា បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅតុលាការដើម្បីបន្តនីតិវិធី។
នេះមិនមែនជាលើកទី១ទេ ដែលជនល្មើស ប្រើប្រាស់អាវុធបាញ់បោះយ៉ាងអនាធិបតេយ្យ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ មានករណីផ្ទុះអាវុធជាង២០០(២០៣)គ្រាប់ ដែលឮចេញពីពិធីខួបកំណើតមួយ នៅចំណុចផ្ទះលំហែលើខ្នងភ្នំគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងករណីអាជ្ញាធរឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅខារ៉ាអូខេមួយកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយបានរឹបអូសកាំភ្លើងខ្លីចំនួន៤ដើម គ្រាប់កាំភ្លើងចំនួន ៥០គ្រាប់ រួមទាំងឧបករណ៍ផលិតគ្រឿងញៀន និងគ្រឿងញៀនមួយចំនួនទៀតកាលចុងខែមេសា កន្លងទៅថ្មីៗនេះ ។ នេះគេនៅមិនទាន់និយាយដល់ការបាញ់បោះដោយសេរីបង្កឡើងដោយជនជាតិចិនមួយចំនួនក្នុងពេលកន្លងទៅនោះផង។
ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ត្រូវហាមឃាត់ការប្រើប្រាស់ ការទិញ និងការឲ្យខ្ចីជាដើម ចំពោះជនស៊ីវិលនៅកម្ពុជា។ ការប្រើប្រាស់អាវុធ ត្រូវបានអនុញ្ញាតសម្រាប់ តែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិប៉ុណ្ណោះ ហើយក្រសួងទាំងពីរជាអ្នកគ្រប់គ្រងការត្រួតពិនិត្យ និងការចុះបញ្ជីអាវុធ គ្រឿងផ្ទុះ និងរំសេវ ដើម្បីធានាការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ។ ជនណា ដែលយកអាវុធ គ្រឿងផ្ទុះ និងរំសេវ ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី ហាសិបម៉ឺនរៀល (៥០០.០០០) ដល់ពីរលានរៀល(២.០០០.០០០) ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕