មន្ត្រីសង្គមស៊ីវិលជំរុញពលរដ្ឋឱ្យចេះគិតស៊ីជម្រៅ
2023.01.26

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកពង្រឹងសិទ្ធិអំណាចយុវជន លើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ចេះគិតពិចារណាឱ្យបានស៊ីជម្រៅនៅឡើយទេ ដែលងាយក្លាយជាជនរងគ្រោះដោយអំពើបោកប្រាស់ផ្សេងៗ។ ពួកគាត់ជំរុញឱ្យពលរដ្ឋ ត្រូវចេះគិតពិចារណាឱ្យស៊ីជម្រៅ ដោយមានហេតុផល និងភស្តុតាង ដើម្បីការពារខ្លួនពីការបោកប្រាស់ផ្សេងៗ ជាពិសេស ពីអ្នកនយោបាយប្រជាភិថុតិ។ ដើម្បីគិតឱ្យបានស៊ីជម្រៅ តើប្រជាពលរដ្ឋត្រូវមានទម្លាប់ និងការគិតបែបណាខ្លះ?
អ្នកជំនាញពង្រឹងសិទ្ធិអំណាចយុវជនលើកឡើងថា ការគិតពិចារណាស៊ីជម្រៅ គឺជាជំនាញមួយដែលចាំបាច់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់បុគ្គលផ្ទាល់ខ្លួន និងសង្គមជាតិ។ ទោះជាយ៉ាងណាក្ដី សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងពេលថ្មីៗនេះ អាចបញ្ជាក់បានថា ពួកគេមិនទាន់មានការគិតពិចារណាបែបស៊ីជម្រៅនៅឡើយទេ។ ជាក់ស្ដែងប្រជាពលរដ្ឋមួយចំនួននៅតែបន្តចាញ់បោក ល្បិចបោកប្រាស់របស់អ្នកជំនួញទុច្ចរិតតាមអនឡាញ (Online) និងបន្តបោកប្រាស់គ្នាតាមរយៈ ការរកស៊ីតាមកម្រៃជើងសារ ជាបណ្ដាញជាដើម។ ក្រៅពីនេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក៏បានប្រមូលផ្ដុំគ្នាទៅរស់នៅជើងភ្នំគូលែន កាលពីខែសីហា ឆ្នាំ២០២២ ដោយខ្លាចទឹកជំនន់លិចផែនដី តាមការបោកប្រាស់របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា ដែរ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន និងសិទ្ធិពលរដ្ឋ ដើម្បីសមធម៌សង្គម នៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន ហៅកាត់ថា YRDP លោក ហង់ សូវៀត ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋជាច្រើននៅតែចាញ់បោកការបោកប្រាស់ពីអ្នកនយោបាយប្រជាភិថុតិ បណ្ដាលមកពីពួកគេមិនមានទម្លាប់តាមដានព័ត៌មានអំពីបញ្ហាសង្គម និងទម្លាប់អានឱ្យបានច្រើន ដើម្បីអភិវឌ្ឍការគិតរបស់ខ្លួន។ លោកបន្ថែមថា ប្រជាពលរដ្ឋក៏អាចពង្រឹងការគិតបែបស៊ីជម្រៅដោយខ្លួនឯងបានដែរ តាមរយៈការគិតដោយផ្អែកលើភស្តុតាង និងហេតុផលត្រឹមត្រូវ។ មានបទពិសោធន៍បង្រៀនអំពីវិធីសាស្ត្រគិតឱ្យបានស៊ីជម្រៅជិត ១០ឆ្នាំ លោក ហង់ សូវៀត បន្ថែមថា ដើម្បីគិតបានស៊ីជម្រៅ ពលរដ្ឋត្រូវបើកគំនិតឱ្យទូលាយក្នុងការពិភាក្សាពីបញ្ហាណាមួយ ហើយមុននឹងទទួលយកគំនិតអ្នកដទៃ គេត្រូវបញ្ជាក់ពីហេតុផល និងភស្តុតាង ដែលមានប្រភពច្បាស់លាស់ ដោយផ្អែកទៅលើច្បាប់ជាតិ អន្តរជាតិទ្រឹស្ដី ឬលទ្ធផលរបាយការណ៍ស្រាវជ្រាវ។
លោក ហង់ សូវៀត៖ «ដើម្បីឱ្យយើងគិតបានល្អ គិតបានយល់ពីបញ្ហាបានស៊ីជម្រៅ យើងទាមទារឱ្យដឹងមូលហេតុពិតប្រាកដនៃបញ្ហាដែលកំពុងកើតមានឡើង យើងអាចរត់តាមបញ្ហា អ៊ីចឹងដើម្បីបានមូលដ្ឋានដឹងបញ្ហា ទាល់តែយើងតាមដាន ទាល់តែយើងស្ដាប់។ តាមដានហ្នឹងតាមដានអី? គឺតាមដានព្រឹត្តិការណ៍វិវដ្ដស្រុកទេសរបស់ខ្លួនហ្នឹង បញ្ហាដែលកើតមានហ្នឹង»។
ជុំវិញរឿងនេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា ដើម្បីការពារខ្លួនពីការបោកប្រាស់នៅលើបណ្ដាញសង្គម ប្រជាពលរដ្ឋត្រូវបង្កើនគុណភាពការគិតពិចារណាស៊ីជម្រៅរបស់ខ្លួន តាមរយៈការអានឱ្យបានច្រើន និងត្រូវចេះស្វែងយល់ពីការប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព ពីអ្នកដែលមានជំនាញ។ លោកបន្ថែមថា ដើម្បីបញ្ចៀសការចាញ់បោកអ្នកនយោបាយបែបប្រជាភិថុតិ ប្រជាពលរដ្ឋគួរចំណាយពេលវេលាយ៉ាងតិច ១ម៉ោងក្នុង១ថ្ងៃ ដើម្បីស្ដាប់ព័ត៌មានអំពីការវិវឌ្ឍនយោបាយ ពីសារព័ត៌មានដែលមានវិជ្ជាជីវៈ ដូចជាសារព័ត៌មាន វី.អូ.ឌី (VOD) វី.អូ.អេ (VOA) និងវិទ្យុអាស៊ីសេរីជាដើម។ បណ្ឌិត ប៉ា ច័ន្ទរឿន បន្ថែមថា ប្រជាពលរដ្ឋមិនត្រូវជឿទៅលើការឃោសនារបស់បុគ្គលនយោបាយ ឬគណបក្សណាមួយទាំងស្រុង ដោយមិនបានពិចារណាពីការលើកកម្ពស់យុត្តិធម៌សង្គមនោះឡើយ ហើយពលរដ្ឋត្រូវតាមដានសកម្មភាពរបស់អ្នកនយោបាយ ដោយផ្អែកលើលទ្ធផលការងារជាក់ស្ដែង ដែលអាចនាំផលប្រយោជន៍ដល់សាធារណៈ ជាជាងការពារតែក្រុមបក្សពួកខ្លួនឯង.
បណ្ឌិត ប៉ា ចន្ទរឿន៖ «សាររបស់អ្នកនយោបាយដាក់ចេញមក ផ្សព្វផ្សាយទៅហ្នឹង គួរតែយកចិត្តទុកដាក់ គិតពិចារណា ប្រៀបធៀប ការអនុវត្តកន្លងមករបស់ពួកគេហ្នឹង វាឆ្លើយតបពាក្យពេជ្រការសន្យាហ្នឹងអត់ បើសិនជាពួកគាត់ចេះតាមដានអ៊ីចឹង ប្រជាពលរដ្ឋប្រហែលអាចគេចផុត ការចាញ់បោកអ្នកនយោបាយប្រជាភិថុតិហ្នឹង បានមួយផ្នែកធំ»។
អ្នកវិភាគនយោបាយលើកឡើងថា ការគិតបែបស៊ីជម្រៅ គឺជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការពិត និងដំណោះស្រាយបញ្ហានៅក្នុងសង្គម។ អ្នកជំនាញលើកឡើងថា ប្រជាពលរដ្ឋដែលមានការគិតបែបស៊ីជម្រៅ ពួកគាត់នឹងអាចដឹងកាន់តែច្បាស់ពីការឆបោករបស់អ្នកនយោបាយ។ ជាក់ស្ដែង បើសិនជាប្រជាពលរដ្ឋមានការគិតបែបស៊ីជម្រៅ ពួកគាត់នឹងស្វែងរកការពិតដោយខ្លួនឯង និងមិនបាច់មានការជំរុញពីអ្នកដ៏ទៃឡើយ ទាក់ទងនឹងការវិវត្តផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌នៅក្នុងប្រទេស។
ក្រៅពីបញ្ចៀសកុំឱ្យចាញ់បោកពីអ្នកធ្វើអាជីវកម្មទុច្ចរិត ការបោកប្រាស់តាមបណ្ដាញសង្គម និងចាញ់បោកអ្នកនយោបាយប្រជាភិថុតិដែលការពារប្រយោជន៍បក្សពួក គ្រួសារជាធំ។ ការគិតពិចារណាស៊ីជម្រៅ ក៏ជំរុញឱ្យមានសន្តិភាពបែបវិជ្ជមានដែរ តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋក្លាយជាពលរដ្ឋសកម្ម។ អ្នកដែលមានការគិតបែបស៊ីជម្រៅ គឺជាបុគ្គលមានសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង និងមានការទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួន។
យុវជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ថ្លែងថា ការគិតពិចារណាស៊ីជម្រៅគឺជាមូលដ្ឋានគ្រឹះដែលបានធ្វើឱ្យកញ្ញា ក្លាយជាសកម្មជនបរិស្ថានដ៏សកម្មរហូតមកដល់សព្វថ្ងៃ។ កញ្ញាបន្ថែមថា ក្រោយពីទទួលបានវគ្គបណ្ដុះបណ្ដាលអំពីការគិតពិចារណាស៊ីជម្រៅ នៅអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) កញ្ញាបានស្គាល់ខ្លួនឯងកាន់តែច្បាស់ តាមរយៈការកំណត់គោលបំណង និងតម្លៃនៅក្នុងជីវិត។ ម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សជួរមុខ ពីអង្គការ ហ្វ្រន់ឡាញ ឌិហ្វិនឌើរ៍ (Frontline Deffender) រូបនេះ លើកឡើងថា ដោយសារការគិតបែបស៊ីជម្រៅ បាននាំឱ្យកញ្ញាមានភាពម្ចាស់ការលើជីវិតខ្លួនឯង និងយល់ដឹងកាន់តែច្បាស់ពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យធនធានធម្មជាតិ ត្រូវបានបំផ្លិចបំផ្លាញ និងទាញយកដោយគ្មានតម្លាភាព។ កញ្ញាបន្ថែមថា កញ្ញាសុខចិត្តផ្លាស់ប្ដូរអាជីពពីគ្រូបង្រៀនក្នុងក្របខ័ណ្ឌរដ្ឋ មកធ្វើជាសកម្មជនបរិស្ថានវិញ ដោយសារកញ្ញាបានយល់ច្បាស់ពីសិទ្ធិ និងតួនាទីដ៏សំខាន់របស់យុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កញ្ញា ឡុង គន្ធា៖ «យើងអត់ទាន់ចេះគិតពិចារណាស៊ីជម្រៅ ធ្វើឱ្យយើងអត់ហ៊ានចូលរួមនៅក្នុងការងារសង្គមទេ។ អត់ដឹងថាអីខុស អត់ដឹងថាអីត្រូវទេ។ និយាយទៅ ខ្ញុំដឹងតែអ្វី ដែលគេឱ្យខ្ញុំដឹង ហើយខ្ញុំជឿតែតាមហ្នឹង វាល្អហើយ បែបហ្នឹងវាល្អហើយអ៊ីចឹងទៅណា បានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀត។ ប៉ុន្តែ នៅពេលដែលយើងទទួលបានការគិតពិចារណាស៊ីជម្រៅ វាធ្វើឱ្យខ្ញុំបានដឹង។ អ៊ីចឹង ខ្ញុំបានចាប់ផ្ដើមចេះគិត ចេះពិចារណា ចាប់ផ្ដើមចេះប្រមូលព័ត៌មាន ដើម្បីមុននឹងសម្រេចចិត្ត អ៊ីចឹងធ្វើឱ្យខ្ញុំមានជំនាញគិតពិចារណាហ្នឹង ធ្វើឱ្យខ្ញុំឈានជើងចូលធ្វើកិច្ចការសង្គម»។
ជុំវិញរឿងនេះដែរ ព្រះសង្ឃមួយអង្គព្រះនាម ជា វុទ្ធី មានថេរដីកាថា ការគិតពិចារណាស៊ីជម្រៅ គឺជារបៀបគិតដែលអាចឱ្យបុគ្គលម្នាក់ស្វែងរកក្ដីសុខពិតប្រាកដបាន។ ព្រះអង្គយល់ឃើញថា អ្នកខ្លះបើទោះបីជាបានរៀនខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិច្រើន ឬមានអំណាច តួនាទីធំយ៉ាងណាក្ដី ក៏មិនអាចបញ្ជាក់បានថាបុគ្គលនោះមានការគិតពិចារណាស៊ីជម្រៅ ដើម្បីទទួលបានក្ដីសុខឡើយ បើសិនជាពួកគេធ្វើទង្វើគ្មានគុណធម៌។ ជាមួយគ្នានេះ ព្រះអង្គ ជា វុទ្ធី មានថេរដីកាបន្ថែមថា ប្រសិនបើអ្នកនយោបាយមានការគិតពិចារណាស៊ីជម្រៅ នោះក៏នឹងអាចនាំឱ្យមានការផ្សះផ្សានយោបាយផងដែរ ព្រោះអ្នកនយោបាយដែលមានការគិតបែបស៊ីជម្រៅ គេមិនប្រើប្រាស់ការស្អប់ ការគុំកួនជាមួយអ្នកនយោបាយណាមួយឡើយ។
ព្រះអង្គ ជា វុទ្ធី៖ «អ្នកដែលគិត ហើយចង់បំផ្លាញអ្នកដទៃ ដែលគិតស៊ីជម្រៅហើយបំផ្លាញអ្នកដទៃ តម្លៃវាអត់មាន តែបើសិនជាគាត់គិតហើយ បើទោះបីជាគាត់មិនមានទ្រព្យ ការគិតរបស់គាត់នៅក្នុងការបម្រើផលប្រយោជន៍រួមគ្នា ដើម្បីយុវជនជំនាន់នេះ ហើយនឹងក្រោយទៀត អាហ្នឹងគឺតម្លៃរបស់គាត់កាន់តែខ្លាំងឡើង»។
អ្នកជំនាញក្នុងវិស័យអប់រំលើកឡើងថា នៅក្នុងប្រព័ន្ធអប់រំថ្នាក់ជាតិ មិនបានបញ្ចូលជំនាញការគិតពិចារណាបែបស៊ីជម្រៅ ឱ្យកូនសិស្សបានសិក្សាឡើយ ដោយមេរៀនកម្មវិធីសិក្សាចំណេះទូទៅ បង្រៀនតែមេរៀនឱ្យសិស្សចងចាំតាមមេរៀនដែលគ្រូបានបង្រៀនតែប៉ុណ្ណោះ និងមិនបានផ្ដល់ឱកាសដល់សិស្សពិភាក្សា ដេញដោលគ្នាពីបញ្ហានៅក្នុងសង្គមឡើយ។ ការគិតពិចារណាបែបស៊ីជម្រៅ ក៏ត្រូវបានគេចាត់ទុកជាផ្នែកមួយក្នុងការ លើកកម្ពស់ការគោរពសិទ្ធិមនុស្សដែរ ព្រោះប្រជាពលរដ្ឋដែលមានការគិតដូចនេះ នឹងចេះស្វែងយល់អំពីតួនាទី និងសិទ្ធិរបស់ខ្លួន ហើយមានភាពក្លាហាន ចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គមជាតិ៕