សង្គមស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ជនជាតិ​តៃវ៉ាន់​ធ្លាក់​ពី​លើ​អគារ​ស្លាប់​នៅ​ប៉ោយប៉ែត

ដោយ សុជីវី
2024.03.05
សង្គមស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ជនជាតិ​តៃវ៉ាន់​ធ្លាក់​ពី​លើ​អគារ​ស្លាប់​នៅ​ប៉ោយប៉ែត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ថ្លែង​កាលពីថ្ងៃទី៤ មីនា ២០២៤។
រូប​៖ ហ្វេសប៊ុកស្នងការខេត្ត​បន្ទាយមានជ័យ

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ស៊ើបអង្កេត និង​បង្ហាញ​ការពិត អំពី​ករណី​ជនជាតិ​តៃវ៉ាន់ (Taiwan) ម្នាក់​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​កាល​ចុងខែ​កុម្ភៈ កន្លងទៅ​។ សង្គម​ស៊ីវិល​ថា ជនបរទេស​ដែល​ស្លាប់​នោះ អាច​មិនមែន​ជា​ករណី​ធ្វើ​អត្តឃាត​នោះ​ទេ ប៉ុន្តែ​ជនរងគ្រោះ​អាច​រត់គេច​ពី​កន្លែង​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ការ​ជួញដូរ​មនុស្ស​ក៏​អាច​ថា​បាន។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ករណី​ជនបរទេស​ធ្លាក់​ពីលើ​អគារ​ស្លាប់ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​ស្វែងរក​ការពិត​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ការ​លើកឡើង​នេះ​បន្ទាប់ពី​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ហ្សេង យុន ឆេង (ZHENG YUN CHENG) បាន​ធ្លាក់​ពីលើ​អគារ​កម្ពស់​ជាន់​ទី​៥ ដែល​ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ V9 ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​លើ​ថ្លុកឈាម​កាល​ពី​ថ្ងៃទី​២៩ ខែកុម្ភៈ​កន្លង​ទៅ​។ ប៉ូលិស​ក្រុង​ប៉ោយប៉ែត​សន្និដ្ឋាន​ថា ជនបរទេស​រូប​នេះ ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី​៤ ខែមីនា​ថា ក្រោយ​សមត្ថកិច្ច​ជំនាញ និង​ពេទ្យ​បាន​ត្រួតពិនិត្យ​សាកសព​ជនជាតិ​តៃវ៉ាន់ ហ្សេង យុនឆេង ( ZHENG YUN CHENG) សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនជាតិ​តៃវ៉ាន់​រូប​នេះ បានធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ប៉ះពាល់​ត្រង់​ក្បាល និង​ដងខ្លួន​ធ្ងន់ធ្ងរ ទើប​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​។ របាយការណ៍​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បញ្ជាក់​ថា មិត្តភ័ក្ដិ​ជនរងគ្រោះ​ឈ្មោះ ហុង ឈុន យូ (Hung Chun Yu) បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ថា អំឡុង​ពេល​ធ្វើការ​មិត្ត​របស់​លោក​គឺ ហ្សេង យុន ឆេង មិន​មាន​បញ្ហា​នៅ​កន្លែងធ្វើការ​នោះ​ទេ ប៉ុន្តែ​មិត្ត​របស់​លោក​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​មាន​បញ្ហា​ជាមួយ​សង្សារ​របស់​គាត់។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គ​ការ​សង់ត្រាល់ (Central) លោក ឌីថេ ហូយ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែ​មីនា ថា ករណី​ជនជាតិ​តៃវ៉ាន់​ធ្លាក់​ពីលើ​អគារ​នៅ​ក្រុង​ប៉ោយប៉ែត អាជ្ញាធរ​ហាក់​ពុំបាន​ស៊ើបអង្កេត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​សន្និដ្ឋាន​ថា ជនបរទេស​រូប​នោះ​ស្លាប់​ដោយសារតែ​ការ​ធ្វើ​អត្តឃាត។ លោក​បញ្ជាក់​ថា កន្លង​មក​តាមរយៈ​ការ​សម្ភាស​ជាមួយ​ជនបរទេស​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ និង​បង្ខាំង ជនបរទេស​ដែល​ស្លាប់​ដោយសារតែ​លោត​ពីលើ​អគារ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ការ​ជួញដូរ និង​បង្ខាំង​ដោយ​ខុសច្បាប់ ដែល​ធ្វើ​ឱ្យ​ពួកគេ​គ្មាន​ជម្រើស ទើប​សម្រេច​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ស៊ើបអង្កេត​ករណីនេះ​ប្រកបដោយ​តម្លាភាព ដើម្បី​បញ្ជាក់​ថា ជនជាតិ​តៃវ៉ាន់​រូប​នោះ​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត ឬ​យ៉ាងណា ពីព្រោះ​សាកសព​ជនរងគ្រោះ​មាន​ស្លាកស្នាម​ជាំ​ក្រហម​នៅ​ក្រោម​ចង្កា និង​ស្មងជើង ដែល​ទំនង​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម។

លោក ឌីថេ ហូយ៉ា៖ «អាច​ថា លោត​សម្លាប់​ក៏​ថា បាន ព្រោះ​ពេលខ្លះ​គាត់ គេចខ្លួន​ទៅ​លោត ដើម្បី​រួច​ជីវិត ប៉ុន្តែ​មិន​រួច​ជីវិត​គាត់​ស្លាប់​ជាដើម។ វា​អាច​ចូលក្នុង​និយមន័យ​នៃ​អំពើ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ (Online) ដែល​គាត់​ធ្វើការ​កន្លែង​មួយ​អត់​មាន​សិទ្ធិ​សេរីភាព ហើយ​ត្រូវ​បាន​គេ​បង្ខាំង​ជាដើម វា​អាច​កើត​ចេញ​ពី​ហ្នឹង​តាមរយៈ​បទពិសោធន៍​នៃ​ការងារ គ្រាន់​ជា​ការ​សន្និដ្ឋាន​របស់​យើង​ថា វា​អាច​កើត​ចេញ​អំពី​ការ​ធ្វើ​កិច្ច​ការងារ​ក្នុងនាម​ជា​ទាសករ ឬ​ត្រូវ​បាន​គេ​ជួញដូរ ដូច​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ (UN) ចេញ​កន្លង​មក​ថា មាន​រហូត ១០​ម៉ឺន​នាក់ អ៊ីចឹង​ករណី​ការ​លោត​សម្លាប់​ខ្លួន​នេះ យើង​មើល​ឃើញ​ថា វា​ជា​រូបភាព​នៃ​ការ​សម្លាប់​ខ្លួន ប៉ុន្តែ​វា​អាច​ជា​ការ​លោត ដើម្បី​រត់គេច​ចេញ​អំពី​ទីតាំង​មួយ​ដែល​ត្រូវ​បាន​គេ​ធ្វើបាប»

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ពុំគួរ​មើល​រំលង​អំពី​ករណី​នៃ​ការ​ស្លាប់​របស់​ជនបរទេស​ដោយសារ​ការ​ធ្លាក់​ពីលើ​អគារ​នោះ​ទេ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ទាំងនេះ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
លោក សម រង្សី គាំទ្រ​សំណើ​របស់​លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ មិន​ឲ្យ​សង​ប្រាក់​កម្ចី​ខុសច្បាប់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។