មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល ឱ្យ​មាន​វិធានការ​ច្បាប់​ម៉ត់ចត់ ចំពោះ​មន្ត្រី​ប៉េអិម ដែល​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល ឱ្យ​មាន​វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​មន្ត្រី​ប៉េអិម ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ទទួល​ផល​ពី​ការ​ជួញដូរ​គ្រឿង​ញៀន។ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​ជា​មួយ​ការ​ជួញដូរ​គ្រឿងញៀន រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​សារធាតុ​ញៀន​លើ​មន្ត្រី​ប៉េអិម​ទូទាំង​ប្រទេស និង​ត្រូវ​លុបបំបាត់​ការ​ជ្រើសរើស​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​តាម​រយៈ​សែស្រឡាយ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​មិន​មាន​វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ទៅ​លើ​កម្លាំង​ប្រដាប់​អាវុធ ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿង​ញៀន​នោះ​ទេ នោះ​ចរាចរណ៍​គ្រឿង​ញៀន​នៅ​តែ​អាច​បន្ត​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ប្រទេស។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើក​ឡើង​ថា បញ្ហា​ចរាចរណ៍ និង​ការ​ប្រើប្រាស់​គ្រឿងញៀន ដែល​នៅ​បន្ត​រីក​ដុះដាល​នៅ​ទូទាំង​ប្រទេស គឺ​បណ្ដាល​មក​ពី​មន្ត្រី​មាន​អំណាច និង​កង​កម្លាំង​ប្រដាប់​អាវុធ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន។ លោក​បន្ត​ថា ដើម្បី​កាត់​បន្ថយ ឬ​លុបបំបាត់​ការ​ប្រើប្រាស់ និង​ចរាចរណ៍​គ្រឿង​ញៀន​បាន រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នោះ​ឱ្យ​បាន​តឹងរ៉ឹង និង​ត្រូវ​បង្កើត​អង្គភាព​ថ្មី​មួយ​ដោយ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​មន្ត្រី ដែល​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ជា​ជាង​ទុក​ឱ្យ​អង្គភាព​សាមី​ស្វែងរក​មន្ត្រី​ខិលខូច​ក្នុង​អង្គភាព​ផ្ទាល់​ខ្លួន ដែល​នឹង​មិនសូវ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

លោក កើត សារ៉ាយ៖«ត្រូវតែ​មាន​អង្គភាព​សម្ងាត់ ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​អង្គភាព​ផ្សេងៗ ដែល​ជា​អ្នក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រឿង​ទាំង​អស់​នេះ បើ​មិន​ដូច្នេះ​ទេ គឺ​ថា មនុស្ស​ខូច​នៅ​តែ​ព្យាយាម​ប្រព្រឹត្ត​រឿង​ខូច​បាន ដូច្នេះ ការ​ដែល​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​គ្រឿង​ញៀន គឺ​នឹង​មិន​អាច​ទៅ​រួច​ទេ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ បាន​ឃាត់​ខ្លួន​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចំនួន ៦នាក់ កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ជុំវិញ​ការ​ទទួល​ផល​ពី​អំពើ​ជួញដូរ​គ្រឿង​ញៀន។ ក្នុងចំណោមមន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់នេះ ក៏​មាន​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក ទិត្យ វណ្ណៈ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុកភ្នំស្រួច លោក យស ឌីណា ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សាធារណជន​លើក​ឡើង​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​កន្លង​មក ធ្វើ​ឡើង​ក្នុង​រូបភាព​គ្រាន់តែ​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ។ ជាក់ស្ដែង មន្ត្រីនគរបាលខេត្តកែប៥នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ខែកញ្ញា​កន្លង​ទៅ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តកែប លោក សម្បត្តិ សុធារដ្ឋ អន្តរាគមន៍​ឱ្យ​ដោះលែង​វិញ ដោយ​លើក​ឡើង​ថា ជា​ការ​យល់​ច្រឡំ​ទៅ​វិញ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​បញ្ជូន​សំណុំរឿង​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង ៦នាក់ ទៅ​ដល់​តុលាការ​ខេត្តព្រះសីហនុ​រួច​ហើយ។

លោក អេង ហ៊ី៖«បើ​យើង​នៅ​តែ​បន្ត កុំ​ថា​ឡើយ ដែល​គាត់​ទទួល​ផល​ពី​បទល្មើស​គ្រឿង​ញៀន សូម្បី​តែ​អ្នក ដែល​ប្រើប្រាស់​ក្នុង​កង​រាជ​អាវុធហត្ថ​កន្លង​ទៅ បើសិនជា​រក​ឃើញ ក៏​យើង​បាន​បណ្ដេញ​ចេញ​ពី​កង​រាជ​អាវុធហត្ថ​ផង​ដែរ ហើយ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស គឺ​យើង​ត្រូវ​អនុវត្ត​តាម​ច្បាប់»។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក លី ចាន់ដារ៉ាវុត គាំទ្រ​ចំពោះ​ចំណាត់​ការ​ច្បាប់​ទៅ​លើ​មន្ត្រី​កង​រាជ​អាវុធហត្ថ ។ ទោះជា​យ៉ាង​ណា​ក្ដី លោក​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មន្ត្រី​រាជការ​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​គ្រឿងញៀន លុះត្រាតែ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​បញ្ឈប់​ការ​ជ្រើសរើស​មន្ត្រី​រាជការ​តាម​រយៈ​បក្ខពួក។

លោក លី ចាន់ដារ៉ាវុត៖«បញ្ហា​នៅ​កម្ពុជា​មិនមែន​គ្រាន់តែ​ថា ឧក្រិដ្ឋជន​អ្នក​លក់​ទេ ប៉ុន្តែ​គ្រឿងញៀន​ចូល​មក​មន្ត្រី​ក៏​ពាក់ព័ន្ធ​នឹង​ការ​លក់ ឬ​ក៏​ជា​អ្នក​ឈរ​កាង​នៅ​ពី​ក្រោយ​ហ្នឹង​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​យើង​មិន​អាច​បង្ក្រាប​គ្រឿងញៀន​បាន​ទេ​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ​ខ្ញុំ​យល់​ថា បើសិនជា​យើង​មិន​ហ៊ាន​វះកាត់​មន្ត្រី ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ទេ នោះ​ប្រទេស​កម្ពុជា​នឹង​មិន​អាច​គេច​ផុត​ពី​គ្រោះ​កំណាច ឬ​ក៏​វិបត្តិ​គ្រឿងញៀន ដែល​កំពុង​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​ហ្នឹង​ធ្លាក់​ចុះ​គុណភាព ហើយ​បង្ក​អសន្តិសុខ​ច្រើន​នោះ​ទេ»។

សាធារណជន​លើក​ឡើង​ថា ដោយសារ​មេ​ជួញដូរ​គ្រឿងញៀន ភាគ​ច្រើន គឺ​ជា​បុគ្គល​មាន​អំណាច និង​មន្ត្រី​ដែល​មាន​តួនាទី​គ្រាក់ៗ ក្នុង​ជួរ​រដ្ឋាភិបាល ដូច្នេះ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន មិន​បាន​ធ្វើ​ឡើង​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ករណី​ឃាត់​អ្នក​ជួញដូរ​គ្រឿង​ញៀន​ភាគ​ច្រើន ធ្វើ​ឡើង​តាម​បែប​ពាល​ស៊ី​ពាល ដែល​មាន​ន័យ​ថា មេ​ជួញដូរ​គ្រឿងញៀន ចង់​កម្ចាត់​មេ​ជួញដូរ​គ្រឿង​ញៀន​ដូច​គ្នា​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។