តុលាការចោទប្រកាន់ឧកញ៉ាបាញ់សម្លាប់គូដណ្ដឹងចំនួន៣បទល្មើស

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២២ ខែ​មិថុនា ចោទប្រកាន់​អតីត​ឧញ៉ា ស្រី ស៊ីណា ដែល​ជា​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​២នាក់ នៅ​បុរី​ប៉េងហួត​បឹងស្នោ ចំនួន​៣​បទល្មើស រួម​មាន​បទ ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​រក្សា​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ញែក​សំណុំរឿង ជា​២​ករណី​ផ្សេង​គ្នា មួយ​ករណី​ពាក់ព័ន្ធ​អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​២នាក់ ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​លើ​អតីត​ឧកញ៉ា​រូប​នេះ ពី​បទ​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​តាម​មាត្រា ១៩៩ នៃ​ក្រប​ព្រហ្មទណ្ឌ និង​មាត្រា២០ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​រំសេវ។

ចំណែក​មួយ​ករណី​ទៀត ទាក់ទង​នឹង​អតីត​ឧកញ៉ា ស្រី ស៊ីណា ប្រើប្រាស់​អាវុធ​បាញ់ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ផ្សេង​ទៀត​រង​របួស ត្រូវ​បាន​តំណាង​អយ្យ​ការ​ចោទ​ប្រកាន់​អតីត​ឧកញ៉ា​រូប​នេះ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ តាម​មាត្រា ២៧ និង​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ដដែល។

ដោយឡែក តុលាការ​បាន​សម្រេច ដោះលែង​ជន​សង្ស័យ​ចំនួន​២​នាក់ ផ្សេង​ទៀត​មាន​ឈ្មោះ សាន សុខចំរើន និង​ឈ្មោះ ទិន ទូច ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោម​ហេតុផល​ថា ជន​ទាំង​ពីរ​នាក់​នេះ មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ខាង​លើ​នោះ​ទេ។

កាលពី​ថ្ងៃទី១៧ ខែមិថុនា ជនសង្ស័យ អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន២​នាក់​ ដែល​ជា​គូដណ្ដឹង​នឹង​គ្នា បាត់បង់​ជីវិត និង​មនុស្ស​២នាក់​ទៀត​រង​របួស។ជន​សង្ស័យ​បាន​ចូល​ទៅ​បាញ់​សម្លាប់​ជន​រងគ្រោះ​ដល់​ក្នុង​ផ្ទះ​តែ​ម្តង​ដោយសារ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ​របស់​ជន​បង្ក​ជ្រុល​ចូល​ព្រំ​ដី​របស់​ជន​រង​គ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។