បទល្មើស​នេសាទ​នៅ​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង នៅតែ​បន្ត​កើតមាន

ដោយ យ៉ង ចាន់តារា
2023.11.30
បទល្មើស​នេសាទ​នៅ​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង នៅតែ​បន្ត​កើតមាន ទិដ្ឋភាពបទល្មើសនេសាទ និងឧបករណ៍ស្បៃមុង នៅស្ទឹងសង្កែ ខេត្ត​បាត់ដំបង ដែលពលរដ្ឋថតបាន កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង អះអាង​ថា បទល្មើស​ក្នុង​ស្ទឹង​សង្កែ នៅតែ​បន្ត​កើតមាន តាមរយៈ​ការ​ដាក់​ស្បៃ​មុង ឬ​អ៊ុយ យក​កូន​ត្រី​ដែល​កំពុង​ធ្វើ​ឱ្យ​ហិនហោច​ធនធាន​មច្ឆជាតិ​នៅក្នុង​ស្ទឹង​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​ជលផល​បង្កើន​ការ​ចុះ​ល្បាត​ទាំងថ្ងៃទាំងយប់ និង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ធានា​ពី​លំនឹង​ធនធាន​មច្ឆជាតិ​ក្នុង​ស្ទឹង។

ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់ ធ្លាក់​ខ្យល់​រំហើយ ទឹកស្ទឹង​ស្រក​បន្តិច គេ​សង្កេត​ឃើញ​ថា ការ​នេសាទ​ក្នុង​ស្ទឹង​សង្កែ ហាក់​មាន​ភាព​មមាញឹក ជាពិសេស​នៅត្រង់​ទំនប់​ស្ទាក់​ទឹក សាលាតាអន ក្នុង​នោះ​ក៏​មាន​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​ផង​ដែរ។

ពលរដ្ឋ​នៅ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ លោក ខឹម សុភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៩ វិច្ឆិកា ថា លោក​សង្កេត​ឃើញ​អ្នកនេសាទ​មួយចំនួន​កំពុង​ងាក​មក​ប្រើប្រាស់​ស្បៃ​មុង ឬ​ហៅថា​អ៊ុយ ដាក់​យក​ត្រី​តូច​ធំ​ជាច្រើន​ទីតាំង ខណៈ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពពួក​កូន​ត្រី និង​ប្រភេទ​ត្រី​កម្រ​។ លោក​បន្ត​ថា ទោះបី​មាន​បទល្មើស​នេសាទ​ប្រភេទ​នេះ​ច្រើន​ក្ដី តែ​អាជ្ញាធរ​ជលផល​ចុះទៅ​បង្ក្រាប​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​អ្នកនេសាទ​ច្រើន​នាំគ្នា​លើក​ស្បៃ​អ៊ុយ​ចាប់​យក​ត្រី​នៅ​ពេល​យប់។

លោក ខឹម សុភ័ណ្ឌ៖ «លើក​មុន​ខ្ញុំ​សួរ​ដែរ សួរ​អ៊ំ​ជលផល​ម្នាក់​នោះ​គាត់​ថា ប្រសិនបើ​មិន​ឱ្យ​គាត់​(​អ្នកនេសាទ​)​រក​ត្រូវ​ច្បាប់​ខ្លះ ខុសច្បាប់​ខ្លះ នឹង​ដាច់​ច្រក​ឆ្នាំង​។ ហើយ​ជាពិសេស​អ្នក​មក​ពី​ព្រៃ​ចាស់ មក​រក​(​ត្រី​) នៅ​ខាងលើ​ដែរ​តើ ព្រោះ​ព្រៃ​ចាស់​ឥឡូវ​អត់​មាន​ត្រី​មានអី​ទេ ហើយ​ចេះតែ​សម្រុក​បើកកាណូត​បើក​អី​មក​រក​តាមផ្លូវ​តិចៗ​រហូត បាន​យក​ត្រី​មក​លក់​ខាងលើ​ដែរ​! គាត់​និយាយ​អ៊ីចឹង»

ពលរដ្ឋ​នៅ​តាម​ដងស្ទឹង​សង្កែ អះអាង​ថា អ្នកនេសាទ ដែល​មក​រក​ត្រី​នៅ​ស្ទឹង​សង្កែ ភាគច្រើន​មិនមែន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទេ ពោល​គឺ​ពួកគេ​មក​ពី​តំបន់ និង​ស្រុក​ផ្សេងៗ​គ្នា។

ពលរដ្ឋ​ម្នាក់ទៀត​នៅ​ភូមិ​ព្រែក​នរិន្ទ លោកស្រី ស៊ុន សោភ័ណ្ឌ ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​នេសាទ​នៅ​តាម​ដងស្ទឹង​សង្កែ បាន​ប្រើប្រាស់​ស្បៃ​មុង ឬ​អ៊ួន​ក្រឡា​ញឹក​នេះ ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា មក​ម្ល៉េះ ដោយ​ត្រី​ដែល​ពួកគេ​នេសាទ​បាន​នោះ សុទ្ធតែ​ជា​កូន​ត្រី​ល្អិតៗ ដែល​លើក​ចេញពី​ស្ទឹង​ក្នុង​មួយ​កន្លែង មិន​តិច​ជាង ៥​រយ​គីឡូក្រាម​ឡើយ​។ លោកស្រី​រៀបរាប់​ថា ការ​បើក​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​ខុសច្បាប់​សម្រាប់​នេសាទ​កូន​ត្រី​បែបនេះ នឹង​បណ្ដាល​ឱ្យ​ផល​នេសាទ​នៅ​រដូវប្រាំង​ធ្លាក់ចុះ​ខ្លាំង ហើយ​ទិន្នផល​ត្រី​កាន់តែ​ធ្លាក់ចុះ​នៅ​ឆ្នាំ​បន្ទាប់។

លោកស្រី ស៊ុន សោភ័ណ្ឌ៖ «(ត្រី​)​ប៉ុណ្ណា​ក៏​យក​ដែរ ធំ​មិន​ទាន់​ទេ អ្នករក​នោះ តូច​ធំ​យក​ទាំងអស់​។ ភាគច្រើន​គ្មាន​ធំ​នោះ​ទេ សម្បូរ​តែ​តូចៗ​ហ្នឹងឯង​។ ប៉ុន​ម្រាមដៃ​ម្រាមជើង»H112923PK-A2

ការប្រើប្រាស់​ឧបករណ៍​នេសាទ​ប្រភេទ​ស្បៃមុង ស្បៃ​អ៊ុយ​ទាំងនោះ គឺជា​ការ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ក្នុង​ទឹក ព្រោះ​វា​បាន​ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំ ដែល​រារាំង​ដល់​ការ​ធំធាត់ និង​ការ​បន្ត​ពូជ​របស់​ពួកវា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​បាត់ដំបង លោក ជួង សុភា និង​អភិបាល​ស្រុក​ឯក​ភ្នំ លោក ម៉ិល សុផល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៩ វិច្ឆិកា។

ទាក់ទិន​រឿង​នេះ អ្នកសម្របសម្រួល​កម្មវិធី​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា មន្ត្រី​ជលផល​គួរ​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នេះ នៅ​ពេលយប់​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គួរ​ចុះ​អប់រំ​ប្រជា​នេសាទ ពី​ផល​ប៉ះពាល់​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​បទ​បញ្ញត្ត​លើ​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស។

លោក អ៊ិន គង់ជិត៖ «ការដែល​យើង​នាំគ្នា​ចូលរួម​បង្ការ​ទប់ស្កាត់​ហ្នឹង​វា​បាន​ធ្វើ​ឱ្យ​ទិន្នផល​ត្រី វា​មាន​ស្ថិរភាព​យូរអង្វែង​ទៅ សម្រាប់​តែ​ប្រជា​នេសាទ​គ្នា​គាត់​ហ្នឹងឯង​។ ហើយ​ពួកគាត់​មិន​គិតគូរ​លើ​បញ្ហា​អស់ហ្នឹង វា​នាំ​ឱ្យ​បាត់បង់​ផល​នេសាទ​ធ្ងន់ធ្ងរ ហើយ​អ៊ីចឹង​វា​នាំ​ឱ្យ​ផល​ចំណូល​ធ្លាក់ចុះ ហើយ​នាំ​ឱ្យធ្វើ​ចំណាកស្រុក​ទៀតហើយ»

កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា កម្លាំង​នគរបាល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ចំណុច​បឹង​តាអួរ ស្ថិត​ក្នុង​ភូមិ​កំពង់​ប្រហុក ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ដោយ​បាន​កាប់​បំផ្លាញ និង​ដុត​ចោល​នូវ​សាច់​មង​ប្រវែង​ជាង ៥​រយ​ម៉ែត្រ បង្គោល​ចំនួន​ជាង ១​រយ​ដើម ឡុក​ចំនួន ០២​គ្រឿង និង​លែង​កូន​ត្រី​ចម្រុះ​ចូល​ធម្មជាតិ​វិញ​ចំនួន ៧០​គីឡូក្រាម។

ទោះជា​បែបនេះ​ក្ដី ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ហាក់​ទទួល​បាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​ករណី​បទល្មើស​នេសាទ ដែល​មាន​ពាសពេញ​ស្ទឹង រហូត​ទៅដល់​តំបន់​បឹង​ទន្លេសាប។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជលផល និង​ប្រជា​នេសាទ​ខ្លួនឯង​ផ្ទាល់ ចូលរួម​ទប់ស្កាត់ និង​មិន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ធានា​លើ​ស្ថិរភាព​ត្រី​ក្នុង​ស្ទឹង ដែល​ជា​ការ​គិតគូរ​ប្រយោជន៍​យូរអង្វែង ជាជាង​ប្រយោជន៍​មួយ​ពេល​ធ្វើ​ឱ្យ​ហិនហោច​ធនធាន​ធម្មជាតិ​ក្នុង​ស្ទឹង​សង្កែ រហូត​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។