សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា ការអំពាវនាវ និងរឹតបន្តឹងច្បាប់តែមួយគ្រា មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានឡើយ។ ការលើកឡើងរបស់ពួកគាត់បែបនេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម មានមនុស្សស្លាប់៦នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ។
សង្គមស៊ីវិល និងអ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍មានភាពធូររលុង និងការបណ្តោយឲ្យជនល្មើសបង្កគ្រោះរួចខ្លួននោះ ជាមូលហេតុចម្បងធ្វើឲ្យពលរដ្ឋមិនសូវគោរពច្បាប់ និងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង។
អ្នកជំនាញផ្នែកកម្មវិធីសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ មករា ថា យន្តការសំខាន់ៗ ដែលអាចកាត់បន្ថយបញ្ហានេះបាន គឺទាល់តែអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ បង្កើនការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ទៅកាន់ពលរដ្ឋ និងកែលម្អផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ ហើយពលរដ្ឋគួរចូលរួមគោរពច្បាប់ និងឱ្យតម្លៃទៅលើអាយុជីវិតអ្នកដទៃ៖
«យើងសង្កេតឃើញសព្វថ្ងៃភាគច្រើនគាត់(ពលរដ្ឋ)មានប័ណ្ណបើកបរប៉ុន្តែឥរិយាបថរបស់គាត់ គឺគេហៅថាទំនើង គាត់មិនគោរព(ច្បាប់) គាត់អត់ចេះផ្ដល់ការអធ្យាស្រ័យជាដើម។ ហើយយើងឃើញថា ក៏មានវត្តមាននៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនហ្នឹងសម្រាប់អ្នកបើកបរឡានធំហ្នឹង គឺរហូតដល់ខាងសមត្ថកិច្ចគាត់ចាប់ធ្វើតេស្ត ដែលមានប្រហែល៦ទៅ៧ភាគរយនៃអ្នកបើកបរឡានធំហ្នឹងមានវត្តមានគ្រឿងញៀនទៅទៀត»។
ជាមធ្យម ក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៦នាក់ និងរងរបួងជាង១០នាក់ ហើយថ្ងៃខ្លះអាចឈានដល់មានមនុស្សស្លាប់១០នាក់ផងក៏មាន។ ជាពិសេសករណីគ្រោះថ្នាក់ ចរាចរណ៍កាន់តែកើតមានច្រើន នៅក្នុងថ្ងៃបុណ្យទានធំៗ ដែលមនុស្សឈប់សម្រាកពីការងារហើយធ្វើដំណើរកម្សាន្ត។ ជាឧទាហរណ៍ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០លើក បណ្ដាលឱ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាលចំនួន៤៧នាក់។
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថារយៈពេល៩ខែឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានកើតឡើងចំនួន២ពាន់២រយ ៨៦លើក(២.២៨៦) បណ្ដាលឱ្យមានអ្នកស្លាប់ជាង ១ពាន់ ៣រយនាក់ (១.៣៤២នាក់) របួសធ្ងន់និងស្រាលជាង ៣ពាន់នាក់។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈន៍ និងសន្តិភាព លោក យង់គិមអេង មានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើង គឺបណ្ដាលមកពី ការយល់ដឹងពីច្បាប់ចរាចរ និងសុជីវធម៌របស់អ្នកបើកបរមួយចំនួននៅមានកម្រិត ជាពិសេសការអនុវត្តច្បាប់មានភាពធូររលុង ដោយសារជនបង្កហេតុតែងតែរួចខ្លួនបន្ទាប់ពីផ្ដល់សំណងរដ្ឋប្បវេណីរួច។ លោកយល់ឃើញថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មានប្រសិទ្ធភាព រដ្ឋាភិបាលគួរជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ជាងមុន ដើម្បីឱ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នបន្ថែម៖
«ការអនុវត្តច្បាប់ យើងឃើញថា ជាផ្នែកមួយ ជាការរឹតបន្តឹង។ ខ្ញុំឮថា ការរឹតបន្តឹងហ្នឹង ធ្វើជាប្រចាំរាល់តែឆ្នាំហ្នឹង។ ប៉ុន្តែប្រសិទ្ធិភាពនៅតែពិបាកឃើញប្រសិទ្ធិភាពទូលំទូលាយនៅឡើយ»។
រដ្ឋាភិបាល បានដឹងជាយូរមកហើយថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការអនុវត្តច្បាប់ធូររលុង បើកបរលើសល្បឿនកំណត់ និងបើកបរដោយមានស្ថានភាពស្ររឹងជាដើម។ ក៏ប៉ុន្តែរដ្ឋាភិបាល មិនបានដោះស្រាយមូលហេតុទាំងនេះឲ្យមានប្រសិទ្ធិភាពទេ ផ្ទុយទៅវិញ បែរជាលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយនិងការប្រើប្រាស់ គ្រឿងស្រវឹងកាន់តែផុសផុលថែមទៀត។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ តែងតែអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាពិសេស លោក ហ៊ុន សែន ថែមទាំងធ្លាប់បង្កើតពាក្យស្លោកថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍តទៅទៀត» ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានដដែល។
មន្ត្រីសង្គមស៊ីវិល ថា រដ្ឋាភិបាល គួរតែមានការទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ឲ្យបានស្មើភាព លុបបំបាត់អំពើពុករលួយ និងរកវិធីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះឲ្យមានប្រសិទ្ធិភាព បើពុំនោះទេ ពលរដ្ឋខ្មែរ នឹងបន្តបាត់បង់អាយុជីវិត នៅលើដងផ្លូវកាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
