អតិថិជន​កាន់​តែ​ច្រើន​ទាមទារ​ឱ្យ​លោក ឡេង ណាវ៉ាត្រា ដោះស្រាយ​បញ្ហា​បង់​លុយ​ហើយ​មិន​បាន​ផ្ទះ

ដោយ យ៉ង ចាន់តារា
2023.07.27
អតិថិជន​កាន់​តែ​ច្រើន​ទាមទារ​ឱ្យ​លោក ឡេង ណាវ៉ាត្រា ដោះស្រាយ​បញ្ហា​បង់​លុយ​ហើយ​មិន​បាន​ផ្ទះ ម្ចាស់បុរីឡេងណាវ៉ាត្រា លោកឧកញ៉ា ឡេង ណាវ៉ាត្រា។
រូប៖ ហ្វេសប៊ុក Leng Navatra

ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ទាមទារ​ឱ្យ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ផ្តល់​ដំណោះ​ស្រាយ​ករណី​បង់​ លុយ ៣ឆ្នាំ​ហើយ​តែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​តាម​ការ​សន្យា​ ខណៈ​កម្លាំង​សាងសង់​ផ្ទះ​ក្នុង​បុរី​ឧកញ៉ា​ រូប​នេះ​ថយ​ចុះ​ប្រមាណ​ ៨០ភាគរយ​។ បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ រក​ដំណោះស្រាយ​ កុំ​ឱ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ​ និង​បាត់បង់​ទំនុកចិត្ត​លើ​វិស័យ​ អចលនទ្រព្យ

អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា​ កាន់​តែ​ច្រើន​ឡើង​ទាមទារ​ឱ្យ​ ពន្លឿន​រក​ដំណោះស្រាយ​ដោយ​អះអាង​ថា​ បន្ទាប់​ពី​បង់​លុយ​ហើយ​មិន​បាន​ផ្ទះ​នោះ​ពួក​គាត់​កំពុង​ ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​បង់​សង​បំណុល​ស្រប​ពេល​ដែល​ចំណូល​ក៏​ធ្លាក់​ចុះ​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​នេះ​អ្នក​ទិញ​ផ្ទះ​ពី​លោក ឡេង ណាវ៉ាត្រា កាន់​តែ​ច្រើន​ បាន​ផ្សព្វផ្សាយ​សារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដើម្បី​ទាមទារ​រក​ដំណោះ​ស្រាយ​ ដោយ​អ្នក​ ខ្លះ​ផ្សព្វផ្សាយ​ជា​រូប​ភាព​ ខ្លះ​ជា​អត្ថបទ​ និង​ខ្លះ​ជា​វីដេអូ​ នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ និង​ខ្លះ​ទៀត​ សរសេរ​ក្នុង​ខ្ទង់​ខមិន​ (comment) ឆ្លើយ​ឆ្លង​លើ​ហ្វេសប៊ុក​លោក​ ឡេង ណាវ៉ាត្រា។

លោកស្រី លឹម ធីតា រស់​នៅ​រាជធានី​ភ្នំពេញ​ជា​អ្នក​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា នៅ​គម្រោង​៦អា ​ក្នុង​ស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​២០២០។ លោកស្រី​ កំពុង​ផ្សាយ​សារ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ និង​ដាក់​ក្នុង​ខ្ទង់​ខមិន​លោក ឡេង ណាវ៉ាត្រា ទាមទារ​រក​ដំណោះ​ស្រាយ​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ទេ​។

លោកស្រី​ឱ្យ​ដឹង​ថា​ ដើម្បី​បាន​លុយ​គ្រប់​សម្រាប់​ទិញ​ផ្ទះ​នៅ​ឆ្នាំ​២០២០​នោះ​ លោកស្រី​បាន​ ដេញ​តុងទីន​ និង​ខ្ចី​ធនាគារ​ថែម​មួយ​ចំនួន។ លោកស្រី​ថា​ ពេល​នេះ​ កំពុង​ជួប​ការ​លំបាក​ ក្នុង​ការ​សង​បំណុល​ទាំង​នោះ។

លោកស្រី លឹម ធីតា៖ «ពិបាក​មែន​ទែន​បាន​ន័យ​ថា ចំណូល​របស់​យើង​អត់​គ្រប់​ចំណាយ​។ ហើយ​ខ្ញុំ​ជំពាក់​លុយ​ចង​ការ​ធនាគារ​ហើយ​នាំ​គ្នា​ដេញ​តុងទីន​យក​ទៅ​ដើម្បី​ផ្សំ​គ្នា​ហើយ​រាល់​ថ្ងៃ​នេះ​បង់​ធនាគារ​នៅ​ឡើយ​ទាំង​ចំណូល​របស់​យើង​អត់​គ្រប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផង»

អ្នក​ទិញ​ផ្ទះ​ពី​គម្រោង​លោក ឡេង ណាវ៉ាត្រា ម្នាក់​ទៀត​រស់​នៅ​ខេត្ត​កំពង់ស្ពឺ ​លោកស្រី ចាន់ ទី ថា​ រយៈពេល​៣ឆ្នាំ​ហើយ​ដែល​លោកស្រី​បង់​លុយ​ទៅ​ ហើយ​មិន​ដែល​ទទួល​ បាន​ការ​បក​ស្រាយ​អ្វី​ពី​ក្រុមហ៊ុន​ទេ។ លោកស្រី​ ឱ្យ​ដឹង​ថា​ លោកស្រី​ លក់​សម្លៀក​បំពាក់​មិន​ដាច់​ហើយ​ ត្រូវ​បង់​សង​បំណុល​ធនាគារ​ប្រចាំ​ខែ ដូច្នេះ​លោកស្រី​ចង់​ឱ្យ​លោក ឡេង ណាវ៉ាត្រា សង​លុយ​ត្រឡប់​មក​លោកស្រី​វិញ​ បើ​មិន​បាន​ផ្ទះ។

លោកស្រី ចាន់ ទី៖ «ខ្ញុំ​ចង​ការ​ពី​គេ​១ម៉ឺន ត្រូវ​៥រយ​ការ​៥ភាគរយ​ហើយ​លុយ​ត្រូវ​ហានិភ័យ​ខ្លាំង​មែនទែន​តែ​ម្តង។ សម្រាប់​ខ្ញុំ​បញ្ហា​ឥឡូវ​នេះ​ខ្ញុំ​ចង់​បាន​លុយ​មក​វិញ ព្រោះ​ដោយសារ​យើង​ត្រូវ​ការ​យក​មក​សង​គេ​វិញ»

ទាំង​អតិថិជន​ដែល​អាស៊ីសេរី​បាន​សម្ភាសន៍​ និង ​អ្នក​ដែល​ផ្សព្វផ្សាយ​សារ​លើ​ហ្វេសប៊ុក​ លើក​ឡើង​ថា​ ក្រុមហ៊ុន​តម្រូវ​ឱ្យ​ពួក​គាត់​ទិញ​ដោយ​បង់​ថ្លៃ​ពេញ​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ១ម៉ឺនដុល្លារ​ គឺ​បញ្ចុះ​ពី​ការ​លក់​២ម៉ឺន​៨ពាន់ដុល្លារ​ក្នុង​ផ្ទះ​១ល្វែង​មក​ត្រឹម​១ម៉ឺន​៨ពាន់ដុល្លារ​ ហើយ​សន្យា​ រយៈពេល​១ឆ្នាំ ​កន្លះ​ទទួល​បាន​ផ្ទះ ​ប៉ុន្តែ​ជាក់​ស្តែង​មិន​បាន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡេង ណាវ៉ាត្រា បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ច្រើន​ដង​តែ​មិន​មាន​អ្នក​ទទួល។

នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា បាន​ចេញ​លិខិត​បដិសេធ​សារ​ លើ​ម្ចាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ Ratyna Cool ជុំវិញ​ការ​ចោទ​ថា​ បង់​លុយ​ទិញ​ផ្ទះ​ ២៥​ខែ​ហើយ តែ​សសរ​ធ្វើ​ផ្ទះ​១ដើម​ក៏​មិន​ឃើញ​មាន។ ​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា​ បញ្ជាក់​ថា សារ​នេះ​ខុស​ការ​ពិត​នាំ​ឱ្យ​មហាជន​យល់​ច្រឡំ​លើ​ក្រុមហ៊ុន។

ទោះ​យ៉ាងណា​ក្រុមហ៊ុន​ លោក ឡេង ណាវ៉ាត្រា បាន​អញ្ជើញ​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ​ ទៅ​សម្រប​សម្រួល នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ ម្ចាស់​ហ្វេសប៊ុកRatyna Cool ​បញ្ជាក់​ថា​ មិន​ទាន់​ ផ្តល់​សម្ភាសន៍​ឱ្យ​អាស៊ីសេរី ទេ​រង់​ចាំ​ជួប​ភាគី​ក្រុមហ៊ុន​សិន។

អតីត​អ្នក​ទីផ្សារ​លក់​ផ្ទះ​ឱ្យ​លោក ឡេង ណាវ៉ាត្រា ​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ លោក​មិន​ដឹង​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្វើ​ផ្ទះ​ឱ្យ​អតិថិជន​យឺតយ៉ាវ​នេះ​ទេ ប៉ុន្តែ​លោក​ថា​ គ្រឿង​ចក្រ​ និង​កម្លាំង​សាងសង់​នៅ​គម្រោង​ ៦អា ​កន្លែង​កំពុង​មាន​ជម្លោះ​នេះ​ថយ​ចុះ​រហូត​ដល់​៨០​ភាគរយ។

អតីត​អ្នក​ទីផ្សារ​៖ «កម្លាំង​ជាង​ធ្វើ​វា​ស្បើយ​ជាង​ចាប់​ផ្តើម​ដំបូង ដូចជា​ថយ​ច្រើន​ដែរ កម្លាំង​ជាង​ថយ​ចូល​ពី​៧០ ទៅ ៨០​ភាគរយ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក​ យ៉ង គិមអេង ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​បើក​ចំហ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ លើ​ពលរដ្ឋ និង​ការពារ​កុំ​ឱ្យ​មហាជន​បាត់បង់​ទំនុក​ចិត្ត​លើ​វិស័យ​អចលន​ទ្រព្យ។

លោក យង់ គិមអេង៖ «វា​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ដែរ។ អ្នក​ដទៃ​មិន​ដឹង ប៉ុន្តែ​ពេល​ឮ​ធ្វើ​ឱ្យ​មាន​ការ​រារែក​​ដែរ ចំពោះ​ការ​ដែល​គេ​ទៅ​ទិញ​ទៅ​វិនិយោគ​ទៅ​លើ​ចលន​ទ្រព្យ​ទៅ​ថ្ងៃ​ក្រោយ​នេះ​ជា​រឿង​មួយ​សំខាន់​ដែរ»

ក្រៅ​ពី​អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា គឺ​មាន​ឧកញ៉ា​ ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ជួប​បញ្ហា​ក្ស័យ​ធន​លើ​វិស័យ​អចលន​ទ្រព្យ​ដែរ ហើយ​រង​បណ្តឹង​ពី​ពលរដ្ឋ​រាប់​ពាន់​នាក់​ដូចជា​ ឧកញ៉ា ជា សារ៉ន ​និង​ ឧកញ៉ា ហ៊ី គឹមហុង ខណៈ​ឧកញ៉ា​មួយ​ចំនួន​ទៀត ​បាន​រត់​គេច​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។