ក្រុមជនពិការមួយចំនួនលើកឡើងថា ការប្រគំតន្ត្រីនៅលើទីតាំងចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលកំណត់ឱ្យនោះ ពុំទទួលបានជោគជ័យឡើយ ដោយសារទីតាំងទាំងនោះគ្មានអ្នកទៅគាំទ្រ។ ពួកគាត់បន្ថែមថា មានជនពិការមួយចំនួនប្ដូរទៅច្រៀងនៅកន្លែងផ្សេងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ចាប់តាំងពីសាលារាជធានីភ្នំពេញ សម្រេចមិនឱ្យជនពិការប្រគំតន្ត្រីនៅតាមភ្លើងស្ដុប ក្រុមជនពិការខ្លះអះអាងថា ការប្រគំតន្ត្រីរបស់ពួកគាត់នៅលើទីតាំងទាំង៣ ដូចជានៅរមណីយដ្ឋានវត្តភ្នំ និងសួនច្បារវត្តបទុមវតី ជាដើម មិនទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនឡើយ។
ប្រធានសមាគមតន្ត្រីជនពិការកម្ពុជា លោក ជា ហន លើកឡើងថា ការរៃអង្គាសប្រាក់ក្នុងការប្រគំតន្ត្រីជនពិការនៅទីតាំងវត្តភ្នំ និងសួនច្បារវត្តបទុមវតី កន្លងមកនេះ មានថ្ងៃខ្លះទទួលបានប្រាក់ជាង ១០ម៉ឺនរៀល និងថ្ងៃខ្លះទៀតទទួលបានប្រាក់មិនដល់ ១០ម៉ឺនរៀល ដែលទឹកប្រាក់ទាំងនេះ មិនគ្រប់គ្រាន់ក្នុងការចំណាយលើថ្លៃដឹកជញ្ជូនឧបករណ៍ភ្លេង និងការរៀបចំឆាកនោះទេ៖ « ហើយក្នុងមួយក្រុមមាន ៤ - ១០នាក់ឯណោះ ថវិកាពីការរៃអង្គាសមកវាតិចជាងចំណាយ » ។
កាលពីខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរជ្រើសទីតាំងរមណីយដ្ឋានវត្តភ្នំ ធ្វើជាកន្លែងប្រគំតន្ត្រីសម្រាប់ជនពិការ ព្រោះលោកថា ការបណ្ដោយឱ្យជនពិការនាំគ្នាប្រគំតន្ត្រីរៃអង្គាសថវិកានៅតាមភ្លើងស្ដុបនានា ក្នុងរាជធានីភ្នំពេញ អាចបង្កឱ្យមានបញ្ហាសណ្ដាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍។ ក្រោយមកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានប្រគល់ឧបករណ៍តន្ត្រីដែលជាជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជនពិការចំនួន ៥ក្រុម ដែលឧបករណ៍ទាំងនេះសុទ្ធតែជារបស់ថ្មី និងទាន់សម័យ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែងថា នៅទីតាំងទាំង៣ ក្រុមជនពិការមានសិទ្ធិជ្រើសរើសដោយខ្លួនឯង ដើម្បីសម្ដែងស្វែងរកប្រាក់កម្រៃ។ លោកបន្តថា ក្រៅពីការផ្ដល់ឧបករណ៍តន្ត្រី រដ្ឋាភិបាលក៏បានផ្ដល់ថវិកាមួយលានរៀលជាប្រចាំខែ សម្រាប់ក្រុមតន្ត្រីជនពិការនីមួយៗផងដែរ៖ « ប៉ុន្តែប្រគំមិនប្រគំ វាជាសិទ្ធិរបស់ពលរដ្ឋទេ ព្រោះរដ្ឋាភិបាលមិនអាចទៅបង្គាប់បញ្ជាថា ឲ្យទៅប្រគំកន្លែងនេះ ឬកន្លែងនោះទេ » ។
ទោះជាយ៉ាងណា ប្រធានសមាគមតន្ត្រីជនពិការកម្ពុជា លោក ជា ហន បញ្ជាក់ថា ក្នុងចំណោមក្រុមតន្ត្រីជនពិការទាំង ៥ក្រុម គឺមានតែ ៣ក្រុមប៉ុណ្ណោះ ដែលទទួលបានទឹកប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១លានរៀល រីឯចំនួន ២ក្រុមទៀតដែលពុំមានការចុះសម្រុងគ្នា ពុំទទួលបានទឹកប្រាក់ឧបត្ថម្ភនេះឡើយ។ លោកបញ្ជាក់ថា ក្នុងរយៈពេល ២ខែចុងក្រោយ ទឹកប្រាក់ឧបត្ថម្ភចំនួន ១លានរៀលប្រចាំខែនេះ ហាក់ពុំទាន់មានដំណឹងនៅឡើយ៖ « ១លានរៀលហ្នឹង យើងដកថ្លៃផ្ទះ អ៊ីចឹងសល់ ៨០ម៉ឺន យើងចែកម្នាក់ៗ ២ម៉ឺនរៀល។ ហើយសូមបញ្ជាក់ផងដែរ ឧបករណ៍ដែលគាត់ឲ្យមកហ្នឹង មិនមែនឧបករណ៍យកមកលេងអ៊ីចឹងទេ តែគឺសម្រាប់គេជួល ហើយឧបករណ៍ហ្នឹងមិនត្រូវបានគេជួលសូម្បីមួយពេល ឬមួយដង » ។
ស្របពេលការប្រគំតន្ត្រីនៅតាមទីតាំងទាំង៣ ក្នុងរាជធានីភ្នំពេញ មិនអាចដោះស្រាយជីវភាពសម្រាប់ជនពិការបាននៅនេះ លោក ជា ហន អះអាងថា ជម្រើសចុងក្រោយរបស់ក្រុមតន្ត្រីជនពិការមួយចំនួន បានលួចទៅច្រៀងតាមភ្លើងស្ដុបឡើយវិញ និងទៅសុំអង្វរច្រៀងតាមភោជនីយដ្ឋាន រីឯក្រុមតន្ត្រីជនពិការខ្លះទៀត បាននាំគ្នាទៅប្រគំតាមផ្សារ និងខាងមុខរោងចក្រនានា ព្រោះលោកថា ការប្រគំនៅទីតាំងទាំងនេះ មិនចាំបាច់រៀបចំឆាក និងត្រូវការសមាជិកតិច ហើយប្រាក់រៃអង្គាសបានវិញ ក៏ច្រើនល្មមអាចដោះស្រាយជីវភាពប្រចាំថ្ងៃ។
រីឯប្រធានសមាគមតន្ត្រីសំនៀងជនពិការ លោក ចាប តូ ក៏បានថ្លែងថា ក្រុមតន្ត្រីជនពិការរបស់លោកកំពុងត្រៀមចេញទៅសម្ដែងនៅតាមខេត្តវិញ។ លោកបន្តថា បើពឹងអាស្រ័យលើការរៃអង្គាសថវិកាពីការប្រគំតន្ត្រីលើទីតាំងដែលរដ្ឋាភិបាលផ្ដល់ឱ្យមិនអាចដោះស្រាយជីវភាពរបស់ជនពិការខ្លះដែលត្រូវចំណាយលើថ្លៃទឹកភ្លើង ម្ហូបអាហារ និងថ្លៃផ្ទះជួលជាប្រចាំខែ៖ « ដោយសារមិនសូវមានកម្លាំងចិត្តលេងនៅពេលគ្មានមនុស្សមើលច្រើន » ។
លោកបញ្ជាក់ថា ក្រៅពីចុះទៅសម្ដែងនៅតាមខេត្ត ក្រុមតន្ត្រីជនពិការរបស់លោកក៏អាចសម្ដែងនៅតាមរោងបុណ្យនានា និងនៅក្នុងពិធីមង្គលការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។