មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង២​ពាន់​ករណី​ក្នុង​រយៈពេល​៤​ខែ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន នៃ​របប​លោក ហ៊ុន សែន មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅតែ​រីក​រាលដាល​គ្រប់​ច្រកល្ហក។ របាយការណ៍​អាជ្ញាធរ​បង្ហាញ​ថា ក្នុង រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង ២​ពាន់​ករណី។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍ថា​ការ ចាប់​បាន​អ្នក​ចែកចាយ និង​សេព​គ្រឿងញៀន​កំប៉ិកកំប៉ុក​មិន​មាន​ប្រសិទ្ធភាព​ដើម្បី​ការ​បង្ការ​គ្រឿងញៀន​នោះ​ទេ។ លោក​បន្ថែម​ថា ដើម្បី​បោសសំអាត​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​នោះ គឺ​អាជ្ញាធរ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ហើយ​ត្រូវ​រក​មធ្យោបាយ​ទប់ស្កាត់​ការ​នាំចូល​គ្រឿងញៀន​តាម​ច្រក​ព្រំដែន និង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង នៅ​ពីក្រោយ​ការ​រកស៊ី​គ្រឿងញៀន​ធំៗ​ឲ្យ​បាន​ច្រើន ជាជាង​ចាប់​តែ​អ្នក​ប្រើប្រាស់​កំប៉ិកកំប៉ុក​ស្ទើរតែ​រក​ពន្ធនាគារ​ដាក់​គ្មាន៖ «គួរតែ​មាន​វិធានការ​ទៅលើ​ឫសគល់​នៃ​គ្រឿងញៀន ជាជាង​ការ​បង្ក្រាប​របេះ​របោះ​នេះ​មួយ​នោះ​មួយ ហើយ​យក​បញ្ហា​ដែល​បង្ក្រាប​នោះ​មក​ដាក់​ជា​របាយការណ៍​ដែល​មើល​ទៅ​វា​មាន​ចំនួន​ច្រើន និង​អោយ​ល្អមើល ប៉ុន្តែ​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នេះ វា​នៅតែ​ជា​បញ្ហា និង​ឧបសគ្គ​ចម្បង​ដដែល​ដោយសារតែ​ការ​កម្ចាត់​នៃ​ឫសគល់​គ្រឿងញៀន មិន​សូវ​មាន​ប្រសិទ្ធភាព។ ការ​បង្ក្រាប​ទៅ​លើ​មុខសញ្ញា​ធំៗ វា​គឺជា​ជម្រើស​អាទិភាព​មួយ​ដែល​ត្រូវ​ធ្វើ»។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក អ៊ិន សុង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ក្នុង​រយៈពេល​៤​ខែ ដើម​ឆ្នាំ​២០១៨​នេះ កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន បាន​ជាង ២​ពាន់ (២.១៦៦) ករណី ហើយ​ឃាត់ខ្លួន​មនុស្ស​ជាង ៣​ពាន់ (៣.៤០៤) នាក់ ក្នុង​នោះ​មាន​ជនបរទេស​៧១​នាក់។ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង ៦៤គីឡូ កញ្ឆា​ជាង ២២​គីឡូ និង​ដើម​កញ្ឆា​ជាង ១២​ម៉ឺន​ដើម។

លោក សន ជ័យ មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សព្វថ្ងៃ​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើតឡើង​នៅ​ក្នុង​រង្វង់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ដែរ ដូចជា​ចាប់​បានតែ​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​តូចតាច ហើយ​ទាញ​យក​ប្រយោជន៍​ក្រុម​គ្រួសារ​ពួកគេ​បន្ថែម​ទៀត។ ករណី​នេះ ខ្លះ​ទៀត គឺ​ពលរដ្ឋ ក៏​រិះគន់​ដែរ​ថា មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ មិន​ត្រឹមតែ​មិន​ហ៊ាន​ចូលរួម​ទប់ស្កាត់​ទេ តែ​ថែម​ទាំង​ជួយ​សម្រួល​ជំនួញ​នេះ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ទៀត​ផង៖ «ខ្ញុំ​ឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន ហើយ​កន្លែង​ប្រើប្រាស់​នេះ គឺ​ដូច​ជា​មាន​ទំនាក់ទំនង​ណាមួយ​ពិសេស​ជាមួយ​នឹង​អាជ្ញាធរ​ដែរ»។

កាលពី​ឆ្នាំ​ពី​២០១៦ និង​ឆ្នាំ​២០១៧ ការ​ចរាចរណ៍ និង​ជួញដូរ​គ្រឿងញៀន​មិន​មាន​ការ​ថយចុះ​ទេ។ ជាក់ស្ដែង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ថា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បាន​ជាង ៨​ពាន់ (៨.១៧៣) ករណី ហើយ​ចាប់​ជនសង្ស័យ​បាន​ជាង​១​ពាន់ (១.៧៩៥) នាក់ និង​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង ២៩៦​គីឡូក្រាម។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា ៤៥ ចែងថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ទៅ ២​លាន​រៀល។

ចំពោះ​ការ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹងត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្ត​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅតាម​ស្ថាន​ទម្ងន់ ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។