យុវជនជាជនរងគ្រោះពីគ្រឿងញៀន និងសង្គមស៊ីវិលស្នើដល់យុវជនឲ្យនៅឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
គ្រឿងញៀនជាវិបត្តិសង្គមមួយ ដែលបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយសារគ្រឿងញៀន បានអូសទាញពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ឲ្យភ្លើតភ្លើនភ្លេចការរៀនសូត្រ បំផ្លាញពេលវេលា បំផ្លាញថវិកា បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ។
យុវជនរងគ្រោះពីបញ្ហាគ្រឿងញៀនម្នាក់ នៅខេត្តបាត់ដំបង ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ តាំងពីរៀននៅថ្នាក់វិទ្យាល័យ។ យុវជនសុំមិនបញ្ចេញឈ្មោះ ដើម្បីលាក់អត្តសញ្ញាណឲ្យដឹងថា មូលហេតុដែលលោកប្រើប្រាស់គ្រឿងញៀន គឺបណ្ដាលមកពីបញ្ហាវិបត្តិគ្រួសារ និងការអូសទាញពីមជ្ឈដ្ឋានជុំវិញខ្លួន។ លោកឲ្យដឹងទៀតថា នៅពេលប្រើប្រាស់គ្រឿងញៀន បានធ្វើឲ្យលោកមានអារម្មណ៍ថា រីករាយមួយរយៈពេលខ្លី ប៉ុន្តែពេលប្រើដល់កម្រិតញៀនខ្លាំង គឺធ្វើឲ្យពិបាកក្នុងខ្លួនអស់កម្លាំង ដេកមិនចង់ងើប មិនស្រេក និងមិនឃ្លាន។
យុវជនរងគ្រោះពីបញ្ហាគ្រឿងញៀន៖ «អាហ្នឹងដល់ពេលទៅហើយទៅទៀត ដល់ពេលអត់ គឺធ្វើអ្វីអត់កើត ទាល់តែមានទើបធ្វើការកើត ហើយវាពិបាក ស្ទើរតែស៊ីសាច់ខ្លួនឯង»។
យុវជនរូបនេះបន្តថា នៅមុនពេលលោកប្រើប្រាស់គ្រឿងញៀន លោកជាក្មេងដឹងខុសដឹងត្រូវ និងរៀនសូត្រក៏ពូកែ ហើយគ្រួសារ និងអ្នកជុំវិញខ្លួនស្រឡាញ់រាប់អាន។ ប៉ុន្តែចាប់តាំងពីលោកប្រើប្រាស់សារធាតុញៀនមក លោកក្លាយជាមនុស្សឆេវឆាវ ការរៀនសូត្រក៏ធ្លាក់ចុះ ហើយលោកហាក់ឃ្លាតឆ្ងាយពីគ្រួសារ និងមនុស្សជុំវិញខ្លួន។
យុវជនរងគ្រោះពីបញ្ហាគ្រឿងញៀន៖ «មានពេលមួយទៅលេងនៅពេលការប្អូនពួកម៉ាក ដែលស្គាល់គ្នាពីតូចៗមកអង្គុយជិតគ្នានៅតុស៊ីការហ្នឹង ។ ដល់ពេលម៉ែគេឃើញយើងអង្គុយជិតគ្នាហ្នឹង គេមកដឹកដៃកូនគេទៅវិញ ឲ្យអង្គុយតុផ្សេងវិញ ហើយគេនិយាយឲ្យយើងឮថា ហែងទៅដើរស្អីជាមួយពួកអាអស់ហ្នឹង?មានការងារស្អី ។ វាដូចមិនសមដូចអ្នកដែលយើងបានគោរពពីមុនមកហ្នឹង ទៅជាអីចឹងវិញ»។
គ្រឿងញៀនគឺជាសារធាតុគីមី ដែលមានឥទ្ធិពលដល់ដំណើរការជាធម្មតារបស់រាងកាយ និងខួរក្បាល ហើយធ្វើឲ្យការអភិវឌ្ឍចុះខ្សោយខ្លាំង ចំពោះយុវជន។ ក្នុងនោះគ្រឿងញៀនខុសច្បាប់ មាន ២ប្រភេទធំ គឺគ្រឿងញៀនធម្មជាតិដូចជា អាភៀន កញ្ឆា និងថ្នាំជក់ជាដើម និងគ្រឿងញៀនសំយោគ ដែលបង្កើតឡើងពីសារធាតុផ្សំលាយចូលគ្នាច្រើនមុខ ដូចជា មេតំហ្វេតាមីន (ICE) អិចស្ត្រាស៊ី ឬថ្នាំគ្រវីក្បាល ( MDMA ) ជាដើម។
គ្រឿងញៀនជាអ្នកសម្រេចចិត្តជំនួសអ្នកប្រើប្រាស់ ហើយប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម បេះដូង នឹងបង្កជាបញ្ហាសុខភាពដូចជា ញ័រដៃញ័រជើង មិនអាចគ្រប់គ្រងខ្លួនឯងបាន ថប់ដង្ហើម និងបាត់បង់ជីវិត ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ឬបេះដូងជាដើម និងជំងឺឆ្លងដូចជា ជំងឺថ្លើម អេដស៍ និងជំងឺកាមរោគ។
នៅចុងខែមករា ដើមឆ្នាំ២០២៤នេះ អាជ្ញាធរបានបង្ក្រាបករណីគ្រឿងញៀនធំៗមួយចំនួន និងដកហូតបានគ្រឿងញៀនជាង ២តោនកន្លះ ហើយឃាត់ខ្លួនជនបរទេសចំនួន៥នាក់ នៅរាជធានីភ្នំពេញ ព្រះសីហនុ និងខេត្តព្រះវិហារ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ បង្ហាញថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ៨ពាន់ករណី ដោយរឹបអូសបានគ្រឿងញៀនប្រមាណ ៤តោន និងឃាត់ខ្លួនជនសង្ស័យជិត ២ម៉ឺននាក់។
ថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានដាក់ចេញគោលការណ៍ឲ្យបន្តអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដោយចាត់វិធានការទប់ស្កាត់ និងបញ្ចៀសឲ្យបាន មិនឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន ពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលយកទៅផលិតគ្រឿងញៀន អប់រំឲ្យយុវជនប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ជំរុញការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» និងពង្រីកសមត្ថភាពមណ្ឌលអប់រំ បន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាជាដើម។
ទាក់ទិនបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជនរងគ្រោះបញ្ហាគ្រឿងញៀន និងក្រុមគ្រួសាររបស់ពួកគេ តែងត្រូវបានសាច់ញាតិ បងប្អូន សហគមន៍ រើសអើងដោយសារតែមានសមាជិកគ្រួសារប្រើប្រាស់គ្រឿងញៀន។ លោកបន្តថា បញ្ហាគ្រឿងញៀននេះ បានបំផ្លាញអនាគតយុវជនរាប់ម៉ឺននាក់ និងប៉ះពាល់ដល់សង្គមជាតិទាំងមូល ដែលទាមទារឲ្យរដ្ឋាភិបាលបង្កើនការបង្ក្រាប និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀននៅកម្ពុជា។
លោក អំ សំអាត៖ «ត្រូវតែបង្កើនការបង្ក្រាប និងការទប់ស្កាត់លំហូរ និងចរាចរណ៍គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាព ទី១ គឺត្រូវតែលុបបំបាត់អំពើពុករលួយ កុំឲ្យមានការពាក់ព័ន្ធជាមួយអំពើពុករលួយនៅក្នុងបញ្ហាគ្រឿងញៀន។ ទី២ មន្ត្រីទាំងអស់ជាពិសេសមន្ត្រីកងកម្លាំង ដែលមានតួនាទីក្នុងការបង្ក្រាបទៅលើបញ្ហាគ្រឿងញៀន ត្រូវនៅឲ្យឆ្ងាយអំពីគ្រឿងញៀន កាលណាបើកងកម្លាំងមានការពាក់ព័ន្ធ នោះបញ្ហាគ្រឿងញៀនមិនងាយនឹងធ្វើការបង្ក្រាបទេ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បីឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៧ ខែមករា។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាននិយាយថា ពីមុនប្រទេសកម្ពុជាគ្រាន់តែតំបន់ឆ្លងកាត់គ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្លាយជាកន្លែងផលិតលក់ក្នុងស្រុកតែម្ដង។ លោកបង្ហាញពីចំនួនអ្នកជាប់ពន្ធនាគារ គិតត្រឹមឆ្នាំ២០២៣ បានកើនឡើងដល់ជាង ៤ម៉ឺន ២ពាន់នាក់(៤២.២៣៤) ក្នុងនោះស្ត្រីជាង ២ពាន់ ៥រយ ( ២.៥៧៦)នាក់។ លោកបញ្ជាក់ថា អ្នកជាប់ពន្ធនាគារសរុបទាំងជាង ៤ម៉ឺន ២ពាន់នាក់ គឺមាន ៥១ភាគរយ ជាប់ដោយសារគ្រឿងញៀន ខណៈឆ្នាំ២០២២ អ្នកជាប់ឃុំសរុបជិត ៤ម៉ឺននាក់(៣៩.០០០) នៅក្នុងពន្ធនាគារទូទាំងប្រទេស។
អតីតមន្ត្រីជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងជាមន្ត្រីគណបក្សភ្លើងទៀន លោក ខឹម មុន្នីកុសល ដែលកំពុងភៀសខ្លួនទៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ មករា ថា ដើម្បីបន្សាបសារធាតុញៀន ពីជនរងគ្រោះ គឺអាចប្រើប្រាស់ថ្នាំតាមបែបវិទ្យាសាស្ត្រ ចិត្តវិជ្ជា ការអប់រំ ការធ្វើលំហាត់ប្រាណ ដើម្បីស្ដារកាយនីតិសម្បទា និងបញ្ជូនពួកគេទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនជាដើម។ ប៉ុន្តែលោកសង្កេតឃើញ ជនរងគ្រោះមួយចំនួន វិលត្រឡប់មកប្រើប្រាស់គ្រឿងញៀនឡើងវិញ ក្រោយពីចេញពីមណ្ឌលបន្សាបគ្រឿងញៀន ដោយសាររដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់គ្រឿងញៀនឲ្យបានច្បាស់លាស់។
លោក ខឹម មុន្នីកុសល៖ «ប៉ុន្តែបើក្រឡេកមើលមកខាងសហគមន៍យើង ជាពិសេសនៅតាមភូមិឃុំ យើងអត់ទាន់មានយន្តការ ដើម្បីមើលថែទាំបន្តលើកទឹកចិត្តអ្នកទាំងអស់ហ្នឹងទេ។ មកវិញឃើញតែសហគមន៍ នៅជក់ដដែលហ្នឹង អីចឹងពេលខ្លះគាត់ជានៅមជ្ឈមណ្ឌល យើងទទួលស្គាល់ថា គាត់ជាហើយ គាត់ត្រឡប់មកវិញ ភូមិ ឃុំរបស់គាត់ហ្នឹងវានៅតែមានអ្នកជក់ វានៅតែមានអ្នកលក់ អ៊ីចឹងគាត់ងាយនឹងវិលត្រឡប់ទៅរកការប្រើប្រាស់គ្រឿងញៀនសារឡើងវិញ»។
យុវជនជាជនរងគ្រោះ បញ្ហាគ្រឿងញៀនលើកឡើងថា យុវជនដទៃទៀតកុំចង់សាកល្បងប្រើប្រាស់គ្រឿងញៀន ហើយត្រូវតែនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ពួកគេស្នើដល់រដ្ឋាភិបាលឲ្យបង្កើតមណ្ឌលបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឲ្យបានច្រើននៅទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋនៅតាមមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។