ប្រជាពលរដ្ឋ និងអ្នកនយោបាយ កំពុងចាប់អារម្មណ៍ខ្លាំងទៅលើព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំរបស់កម្ពុជា។
នៅលើគណនីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនក៏កំពុងផ្តោតទៅព្រឹត្តិការណ៍សំខាន់មួយនេះដែរ។ ជាមួយគ្នានេះ ពួកគេមួយចំនួនក៏បានរិះគន់ចំៗទៅលើរឿងលោក ហ៊ុន សែន មិនយកកម្រៃលើសេវាកម្មនានានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។
ពលរដ្ឋភាគច្រើនអបអរសាទរ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣នេះ។
ក្តីរំពឹងរបស់ពួកគាត់ គឺកម្ពុជាអាចបង្ហាញមុខមាត់ និងវប្បធម៌របស់ដូនតា ទៅដល់ជាតិសាសន៍ដទៃបានស្គាល់ឲ្យកាន់តែទូលំទូលាយថែមទៀតលើឆាកអន្តរជាតិ។ ផ្ទុយទៅវិញពួកគាត់យល់ឃើញថា បើម្ចាស់ផ្ទះរៀបចំមិនត្រឹមត្រូវ នឹងធ្វើឲ្យកម្ពុជា បាក់មុខមាត់ទៅវិញទេ។
ការចាប់ផ្ដើមដំបូងពួកគេមើលឃើញ នូវចំណុចមួយចំនួនមិនត្រឹមត្រូវ នាំឲ្យខាតបង់ប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរនោះ គឺត្រង់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដោយអត្តនោម័តិថា កម្ពុជាជាប្រទេសតូច តែមាន«បេះដូងធំ»។
ពួកគេថា បេះដូងធំនេះ គឺធំដោយជំងឺ ធ្វើឲ្យរីកហួសមាឌ ឬខុសប្រក្រតី និងជាការអួតអាងហួសពីការពិត។
ជុំវិញការរិះគន់បែបនេះ ម្ចាស់គណនី ហ្វេសប៊ុក មួយឈ្មោះ ថា៖ ភា ស៊ីងហ្គល (Phea Single)បានបញ្ចេញមតិ គាំទ្រគំនិតលោក ហ៊ុន សែន ដោយគាត់បានសរសេរថា «គេធ្វើនេះដើម្បីឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់ថា ខ្មែរប្រទេសតូចតែបេះដូងធំ ឆ្កួតតែអ្នកនៅក្រៅប្រទេសមួយចំនួន»។
ឆ្លើយតបនឹងទស្សនៈបែបនេះ ម្ចាស់គណនីហ្វេសប៊ុក មួយឈ្មោះថា វណ្ណ ណាត (Van Nath) បានបញ្ចេញយោបល់តបថា «បេះដូងធំហ្នឹងបានអីមកវិញ បើខ្លួនឯងក្ររហាមយ៉ាងនេះ...?
ឆ្លើយតបហ្នឹងរឿងបេះដូងធំនេះដែរ ម្ចាស់គណនីហ្វេសប៊ុកផ្សេងមួយទៀត ឈ្មោះ ស៊ាងអ៊ី ត្បូងឃ្មុំ បាន Commentចំអកឲ្យវិញដែរថា «បេះដូងហ្នឹងចូលខ្យល់ទេ ទើបហើមធំនោះ ការពិតប្រជាពលរដ្ឋខ្មែរបេះដូងជិតដាច់ដង្ហើមទៅហើយ...»។
ដោយចង់អួតអាងថាកម្ពុជាតូចតែ «បេះដូងធំ» នេះ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមកម្ពុជា បានសម្រេចធ្វើរឿងមួយឲ្យខុសពីគេ គឺមិនយកលុយថ្លៃហូបចុក និងស្នាក់នៅពីប្រតិភូកីឡាស៊ីហ្គេមបរទេសក្នុងម្នាក់ៗ ៥០ដុល្លារ ដែលសរុបប្រមាណស្មើ ៧លានដុល្លារ។
ការសម្រេចបែបនេះ រដ្ឋាភិបាលកម្ពុជាហាក់មើលរំលងពលរដ្ឋខ្លួនឯង ដែលកំពុងក្រីក្ររាប់លាននាក់ បានជំពាក់បំណុលធនាគារវ័ណ្ឌក នាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បែកបាក់គ្រួសារ ខ្លះចោលប្តី ខ្លះចោលប្រពន្ធកូននៅស្រុកកំណើត។
ត្រង់ចំណុចនេះ ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ ទីន ទីន លី (Tintin Ly) បញ្ចេញទស្សនៈ ឬcommentតបដែរថា «Free ឱ្យគេ.... ដើម្បីឲ្យគេការពារអំណាចតពូជ..»។
រីឯម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះ លុយ តុង(Louy Tong) បានដាក់ការសង្ស័យថា តើអាចទេ ? នេះជាយុទ្ធសាស្រ្តទិញទឹកចិត្តមុនការបោះឆ្នោត ជំនួសឲ្យសារុង ក្រមា ប្ដូរមកឲ្យជាសំបុត្រចូលទស្សនាសេវាកំសាន្តនានា ដោយមិនគិតប្រាក់កម្រៃ ឬហៅថា Freeនោះ (តើអាចទេ ប្តូរពីសារុងក្រមា មក ជាការ free of tickets and entertainment...?)
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះ ស៊ីហាន យ៉ង់ (Shehan Yang) យល់ឃើញថា៖ «ប្រទេសអ្នកមាន គេមិនថោកមកទទួលរបស់ហ្វ្រី (Free) ពីប្រទេសដែលក្រជាងខ្លួននោះទេ គេនឹងបង់លុយសម្រាប់កីឡាករគេមិនខានឡើយ»។
រីឯ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស៊ុន គីមសុង (Son Kimsong) បានបញ្ចេញយោបល់ដែរថា បើគាត់សុខចិត្តយកលុយមកឧបត្ថម្ភចាស់ជរាគ្មានទីពឹងប្រសើរជាង...!! ។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះ រ៉ាន់អន ឡុងសា (Ran Orn Longsa) បញ្ចេញទស្សនៈមិនពេញចិត្តនឹងរឿងនេះដែរថា៖ «ទស្សនាស៊ីហ្គេម មិនយកលុយ ជូនទាំងអាហារ ប្រជាជនជាប់ខ្នោះដៃព្រោងព្រាតនៅប្រទេសថៃ កម្ពុជា កិត្តិយសល្អខ្លាំងមែន...»?
ចំណែក ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ មនោ ទេព(Mono Tep) បានបញ្ចេញ យោបល់ជុំវិញបញ្ហានេះដែរថា៖ «បើខ្ញុំដឹកនាំប្រទេសវិញខ្ញុំមិន Free ជូនប្រតិភូ SeaGame ទេ ត្រូវ Free លិខិតឆ្លងដែន ឬPassport ឱ្យពលករខ្មែរ ចំណាកស្រុកវិញប្រសើរជាង...»។
កម្ពុជាជាប្រទេសមានសេដ្ឋកិច្ចក្រីក្រតោកយ៉ាកជាងគេ ក្នុងតំបន់ និងបន្តខ្ចីបុលលុយពីបរទេសជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីរស់។
រឿងនេះដែរ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លើកឡើងថា ការមិនយកកម្រៃលើសេវាកម្មនានា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGAMES) គឺជានយោបាយប្រជាភិថុតិ និងទិញទឹកចិត្តពលរដ្ឋពីសំណាក់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។