ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់លិចទឹកក្នុងរដូវវស្សា នាខេត្តសៀមរាប បានពឹងផ្អែកទៅលើការធ្វើស្រែប្រាំង ដើម្បីប្រមូលផលស្រូវចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក៏ប៉ុន្តែ ការធ្វើស្រែប្រាំងរយៈពេលជិត១ខែចុងក្រោយនេះ កំពុងប្រឈមមុខនឹងការខ្វះទឹកស្រោចស្រព។ ក្រុមអ្នកភូមិបានស្វះស្វែងគ្រប់មធ្យោបាយ ដោយស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយទៅលើភាពរាំងស្ងួតដែលកំពុងគំរាមកំហែងដំណាំស្រូវរាប់សិបហិកតារ។
ក្រុមប្រជាកសិករចំនួន ៦ភូមិនៃសង្កាត់ក្របីរៀល ចម្ងាយជាង ២០គីឡូម៉ែត្រភាគខាងត្បូងឆៀងខាងលិចពីទីក្រុងសៀមរាប បានអះអាងថា ស្រូវប្រាំងរបស់ពួកគេដែលធ្វើនៅតាមតំបន់ទំនាបបឹងទន្លេសាប ចំនួនជាង ៤៥០ហិកតារ កំពុងគំរាមកំហែងដោយការខ្វះទឹក ហើយប្រឈមមុខនឹងការខូចខាតមិនបានទទួលផល។
ភូមិទាំង៦ដែលកំពុងជួបប្រទះលើបញ្ហាស្រែប្រាំងនោះ គឺភូមិក្រសាំង ភូមិព្រៃពោធិ៍ ភូមិទទា ភូមិរកា ភូមិពពីស និងភូមិត្រពាំងវែង។
កសិករម្នាក់នៅភូមិក្រសាំង ក្នុងចំណោមកសិករជាច្រើនទៀត គឺលោក ឆ្លាម ចាម។ លោកបានអះអាងថា ស្រែប្រាំងចំនួន ៤៥០ហិកតារនៅតំបន់រាំងក្នុង ច័ន្ទប៉ោង និងរាំងរហែក កំពុងតែខ្វះទឹកស្រោចស្រព នៅពេលដែលស្រូវទើបតែមានអាយុ២ខែ។
លោក ឆ្លាម ចាម បានមានប្រសាសន៍ទៀតថា លោក គឺជាកសិករម្នាក់ក្នុងចំណោមកសិករជាច្រើនទៀតដែលមានស្រែប្រាំង កំពុងប្រឈមមុខនឹងការខ្វះទឹកនោះ។ ជាច្រើនថ្ងៃមកហើយ គឺលោកបានស្វះស្វែងទៅជួបមន្ត្រីសង្កាត់ក្របីរៀល និងអ្នកគ្រប់គ្រងផ្នែកទឹក ក៏ប៉ុន្តែមិនបានលទ្ធផលអ្វីទេ ធ្វើឱ្យរូបលោកអស់សង្ឃឹម៖ «ខ្ញុំឡើងចុះៗរាល់តែថ្ងៃ សុំគេ ព្រោះទឹកវាមិនអាចប្រើប្រាស់គ្រប់ដល់ទៅ ៦ភូមិ ហើយមេទឹកគ្នាក៏ឡើងចុះៗទៅមកៗទាំងអស់។ ខ្ញុំទៅទាំងយប់ណោះ យប់មិញចុះប្រជាពលរដ្ឋគ្នាអត់ហើយ ស្រេកឃ្លានចេះតែទៅ។ បើនៅទៀតពីពេលនេះ គឺខូចហើយ បើរយៈពេលតែ២-៣ថ្ងៃទៀតនោះ បើថាបាន វាអាចរស់ទៅមុខទៀតបាន»។
ប្រជាកសិករនៅភូមិផ្សេងទៀតក៏មានការព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះ ដោយថា ពួកគេមានដីតិចតួច ខ្លះ ១ហិកតារកន្លះ ខ្លះក៏១ហិកតារ សម្រាប់ធ្វើស្រែប្រាំង ប៉ុន្តែបើស្រែប្រាំងគ្មានទឹក ក្រៀមស្វិតទៀត គឺពួកគេនឹងមិនមានស្បៀងអាហារគ្រប់គ្រាន់ទេក្នុងឆ្នាំនេះ។
បុរសឈ្មោះ ខន វីស គឺជាអ្នកភូមិពពីស បានមានប្រសាសន៍ថា រូបគាត់ គឺជាកសិករម្នាក់ដែលមានរបរធ្វើស្រែតែមួយមុខគត់ ហើយនៅពេលដែលស្រែប្រាំងខ្វះទឹកដូច្នេះ បើអាជ្ញាធរមិនជួយដោះស្រាយរឿងទឹកបានទេ គឺមានតែគ្រួសារគាត់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ទៅរកការងារធ្វើនៅតាមខេត្ត ឬក៏ឆ្លងដែនទៅប្រទេសថៃ៖ «រាំងអត់ទឹក ដោយសារគេបិទបាំងខាងលើផងទៅ ក៏ទឹកនេះវាតិចតួច ដែលឱ្យធ្លាក់ទៅវាមិនអាចនឹងស្រពស្រែបានទាន់ពេលវេលា។ ព្រួយអត់ទឹកស្រេចហើយ ស្រូវទើបតែមិនទាន់មូលដើមផង តែអត់ទឹក ប៉ុណ្ណេះទៅ ដឹងថា ងាប់ទៅហើយ បើខ្លះប្រេះក្រហែងហើយ។ អត់ជួយដឹងតែស្លាប់ ទីពឹងតែលើស្រូវ អត់ស្រូវ អត់មានរបរអ្វី មានតែចោលស្រុកចោលស្រែ ទៅធ្វើកម្មករគេទៅថៃ ទៅអីណាណីពេញតែវាលពេញតែកាល។ មិនដឹងជារកដំណោះស្រាយទៅយ៉ាងម៉េច បារម្ភមិនដឹងធ្វើយ៉ាងម៉េចទេ គឺចង់ឱ្យតែគេជួយដោះស្រាយទឹក»។
ក្រុមអ្នកភូមិបានឱ្យដឹងថា ពួកគេបានខូចខាតស្រូវប្រាំង ដោយសារតែការខ្វះទឹកនេះរយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ។ ប្រសិនបើឆ្នាំនេះស្រូវប្រាំងខូចខាត ដោយសារខ្វះទឹកជាលើកទី៣ គឺមានន័យថា វាមិនដូចជាពាក្យដែលប្រមុខរដ្ឋាភិបាលដែលតែងអះអាងថា នឹងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ។
កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ ក្រុមកសិករបានធ្វើពាក្យស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ឱ្យជួយដោះស្រាយ។ ក្រុមអ្នកភូមិចង់ឱ្យមន្ត្រីរដ្ឋាភិបាលជួយបើកទឹកនៅក្នុងបារាយណ៍ទឹកថ្លា បង្ហូរទៅជួយសង្គ្រោះស្រូវប្រាំង ក៏ប៉ុន្តែមន្ត្រីសង្កាត់ក្របីរៀល និងមន្ត្រីពាក់ព័ន្ធដទៃទៀត ហាក់មានការឆ្លើយតបយឺតយ៉ាវ។
វិទ្យុអាស៊ីសេរី បានចុះទៅពិនិត្យមើលស្រែប្រាំងមួយចំនួននៅតំបន់រាំងក្នុង ដែលចុះជ្រៅទៅតាមវាលទំនាបនៃបឹងទន្លេសាប។ ការចុះពិនិត្យដើរដោយថ្មើរជើង បានប្រទះឃើញស្រែប្រាំងមួយចំនួនបានរីងស្ងួតទឹក និងដីប្រេះក្រហែង។ នៅតាមស្រែដែលដីកំពុងប្រេះក្រហែងទាំងនោះ គឺស្រូវពង្រោះខ្លះបានប្រែពណ៌ពីបៃតង ទៅជាលឿង បម្រុងឈានដល់ការក្រៀមស្វិតខូច។
ទោះយ៉ាងណា មន្ត្រីសង្កាត់ក្របីរៀល បានអះអាងថា គេមិនបានព្រងើយកន្តើយជុំវិញកង្វល់របស់ប្រជាកសិករជាច្រើនគ្រួសារ ដែលកំពុងប្រឈមមុខនឹងការខូចខាតស្រែប្រាំងនោះទេ។
ចៅសង្កាត់ក្របីរៀល លោក ចៀម ថែ បានមានប្រសាសន៍ថា ការគំរាមកំហែងទៅលើស្រែប្រាំងរាប់រយហិកតារ នៅក្នុងសង្កាត់របស់លោកនោះ បណ្ដាលមកពីមន្ត្រីគ្រប់គ្រងទឹកបានបិទទឹកនៅតំបន់ទឹកវិល។ លោកចៅសង្កាត់ដដែល បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ ខែមេសា គឺលោកបានចាត់ចៅសង្កាត់រងទី១ម្នាក់ ឱ្យទៅដោះស្រាយ ដោយបានបើកទឹកសម្រុកបញ្ចូលទៅកាន់តំបន់ស្រែប្រាំងទាំងនោះវិញហើយ។ លោកចៅសង្កាត់សង្ឃឹមថា ការបង្ហូរទឹកនោះប្រហែលជាអាចជួយសង្គ្រោះស្រូវប្រាំងបានទាន់ពេលវេលា៖ «ខ្ញុំបិទគ្រប់មុខកន្លែងអស់ហើយ សម្រុកទៅតែមួយកន្លែងនោះឯង។ មិនទាន់បានពេញអស់ទេ ប៉ុន្តែទៅហើយទឹក។ មិនទាន់ថាយ៉ាងម៉េចទេ ប៉ុន្តែចាំមើលប្រហែលជាខ្ទង់ល្ងាចបានគេអាចរាយការណ៍មកទៀត។ ទឹកនេះ វាអសកម្ម និងទឹកវិល គេបិទគេអត់បានប្រាប់មកខាងក្របីរៀល ប៉ុន្តែប្រហែលជាមិនអីទេ»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប លោក នួន គ្រឹះស្នា បានមានប្រសាសន៍ថា ក្នុងរដូវប្រាំងឆ្នាំនេះមិនមែនមានតែស្រែប្រាំងក្នុងសង្កាត់ក្របីរៀល ប៉ុណ្ណោះដែលជួបបញ្ហាខ្វះទឹក គឺស្រែប្រាំងចំនួនជាង ៤.០០០ហិកតារ នៅតំបន់ផ្សេងទៀតក៏ជួបប្រទះរឿងខ្វះទឹកដូចគ្នា ក៏ប៉ុន្តែតំបន់ណាដែលស្ថិតនៅក្នុងផែនការទឹករបស់មន្ទីរ គឺជួយសង្គ្រោះបានភាគច្រើន៖ «ស្រុកដែលជួបរាំងស្ងួត ហើយយើងសង្គ្រោះបានជោគជ័យ មានស្រុកជីក្រែង ១.២០០ហិកតារ នៅក្នុងផែនការ។ ស្រុកពួក ក្របីរៀល នេះ យើងអន្តរាគមន៍ជោគជ័យ ហើយនៅតែតំបន់ខាងក្រោមៗដែលអត់មាននៅក្នុងផែនការរបស់មន្ទីរ។ គាត់ធ្វើនៅមាត់ទន្លេអី អាហ្នឹងយើងអត់បានជួយសង្គ្រោះទេ ព្រោះវាអត់មានប្រភពទឹក»។
ក្រុមកសិករមួយចំនួនរស់នៅសង្កាត់ក្របីរៀល បានអះអាងថា បើទោះបីជាពេលនេះអាជ្ញាធរកំពុងបើកទឹកបារាយណ៍ បង្ហូរសម្រុកទៅជួយសង្គ្រោះស្រែប្រាំងរបស់ពួកគេចំនួន ៤៥០ហិកតារ នៅតំបន់រាំងក្នុង ច័ន្ទប៉ោង និងរាំងរហែក នោះហើយក៏ដោយ ក៏គេមិនរំពឹងថា ស្រូវប្រាំងខ្លះដែលក្រៀមខូចទៅហើយ អាចលូតលាស់ឡើង ដើម្បីឱ្យប្រមូលផលបានទេ។ ក្រុមអ្នកភូមិបានបញ្ជាក់ថា ការខ្វះទឹករយៈពេលជិត១ខែកន្លងមកនេះ អាចនឹងធ្វើឱ្យស្រូវប្រាំងរបស់ពួកគេប្រមាណ ២៥% មិនមានសង្ឃឹមទទួលផលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។