សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៥​នាក់​ទៅ​តុលាការ​រឿង​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុស​ច្បាប់

ដោយ យ៉ង ចាន់តារា
2024.04.20

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់ ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​ករណី ដឹកជញ្ជូន​ផលិត​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់​កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា។

ជនសង្ស័យ​ទាំងនោះ​រួមមាន​ជនជាតិ​ចិន​ម្នាក់ ជនជាតិ​ថៃ ២​នាក់ និង​ខ្មែរ ២​នាក់ ដែល​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឆ្មក់​បង្ក្រាប​បាន​នៅ​ទីតាំង​ខារ៉ាអូខេ​៦១៩ ស្ថិត​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃទី​១៥ ខែ​មេសា​។ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រឹបអូស​បាន​វត្ថុតាង​រួមមាន​កាំភ្លើងខ្លី​ចំនួន ០៤​ដើម​រួម​ជាមួយ​គ្រាប់កាំភ្លើង​ចំនួន ៥០​គ្រាប់ និង​ថ្នាំញៀន​ជាច្រើន​ប្រភេទ​រួមមាន កេតាមីន រាប់រយ​គ្រាប់ និង​ម៉ា​ទឹកកក​ជាច្រើន​កញ្ចប់ រួម​ទាំង​ឧបករណ៍​កែច្នៃ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ៣​គ្រឿង។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នួន នីណារ៉ូ ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ផលិត ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន និង​កាន់កាប់​ដឹកជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក លឹម ប៊ុនសុភ័ក្រ និង​អ្នកនាំពាក្យ​តុលាការខេត្ត​នេះ​គឺ​លោក រឿន លីណា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៩ ខែ​មេសា។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ថា មូលហេតុ​ដែល​ជនសង្ស័យ​ទាំងនោះ​អាច​នាំចូល​អាវុធ និង​ថ្នាំញៀន​ចូល​កម្ពុជា ដោយសារតែ​មន្ត្រី​តាម​ច្រកព្រំដែន​មួយចំនួន​អនុវត្ត​ធូររលុង និង​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ។

លោក អ៊ិន គង់ជិត៖ «សមត្ថកិច្ច និង​តុលាការ​ត្រូវ​ស្រាវជ្រាវ​អ្នកណា​ដែល​បាន​ផ្ដល់​អាវុធ​ឱ្យ​ពួកគេ នេះ​ជា​កត្តា​ធ្វើ​ឱ្យ​ពួកគេ​បាន​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។ ធម្មតា​ជនល្មើស ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ផ្សេងៗ គាត់​ដឹងខ្លួន​ថា ប្រឈម​ជាមួយ​សមត្ថកិច្ច អ៊ីចឹង​គាត់​ត្រូវ​រក​អាវុធ ដើម្បី​ការពារ​ទប់ទល់​នៅពេល​សមត្ថកិច្ច​បង្ក្រាប»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ដល់​តុលាការ និង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បើក​ការ​ស៊ើបអង្កេត​លើ​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនល្មើស​ដែល​តែងតែ​នាំចូល​អាវុធ និង​ថ្នាំញៀន​ផលិត​នៅ​កម្ពុជា​យក​មក​អនុវត្ត​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​កុំឱ្យ​បន្ត​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​សង្គមជាតិ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។