នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងពន្លឿនការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅក្នុងរយៈពេល ២ខែខាងមុខ បើទោះជាមានអ្នករិះគន់លើគម្រោងនេះក៏ដោយ។ រីឯអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជាគួរបង្ហាញតម្លាភាពជាសាធារណៈលើគម្រោងព្រែកជីកហ្វូណនតេជោនៅមុនការសាងសង់។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី៣០ ខែឧសភាថា រដ្ឋាភិបាលនឹងពន្លឿនការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅខែសីហាខាងមុខ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការពន្លឿនសាងសង់ព្រែកជីកហ្វូណនតេជោ គឺដោយសារតែមានការរិះគន់ និងសង្ស័យថា គម្រោងនេះ បម្រើដល់ផលប្រយោជន៍ចិន ប៉ុន្តែ លោកបដិសេធថា ព្រែកជីកនេះ គឺបម្រើផលប្រយោជន៍សេដ្ឋកិច្ចខ្មែរ ហើយទុនសម្រាប់ការសាងសង់ភាគច្រើនជារបស់ខ្មែរផងដែរ។
លោក ហ៊ុន ម៉ាណែត៖«ប៉ុន្តែឥឡូវនេះ យើងបានចរចាហើយ សូមជម្រាបលោកយាយ លោកតាថា ខ្មែរយើងនឹងមានភាគច្រើននៅក្នុងគម្រោងនេះតែម្ដង នៅក្នុងការសាងសង់ ហើយការបើកមិនចាំយូរនាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើតែម្ដង។ អ៊ីចឹង យើងនឹងបើកការដ្ឋាននៅក្នុងខែ៨ ខាងមុខនេះ កុំឱ្យអ្នកខ្លះថា ហេធ្វើៗ មិនកើត ធ្វើអ៊ីចេះធ្វើមិនកើត។ អត់ទេ»។
នេះគឺជាការបញ្ជាក់ពីពេលវេលានៃការសាងសង់ជាក់លាក់លើកដំបូង ខណៈកន្លងមករដ្ឋាភិបាលកម្ពុជា គ្រាន់តែបង្ហើបថា គម្រោង ដែលមានតម្លៃ ១ពាន់ ៧រយលានដុល្លារអាមេរិកនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ត្រឹមឆ្នាំ២០២៨។ កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណននេះ ក្រោមកិច្ចព្រមព្រៀងសាងសង់ ប្រតិបត្តិការ និងផ្ទេរ ដែលមានរយៈពេល ៥០ឆ្នាំ។ ទោះជាយ៉ាងណា ក្ដី ប្រធានលេខាធិការរដ្ឋាន នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៤ ឧសភាថា គម្រោងព្រែកជីកនេះ នឹងមានកញ្ចប់ទុនវិនិយោគរបស់ក្រុមហ៊ុនឯកជនខ្មែរចំនួន ៥១ ភាគរយ ចំណែក ៤៩ ភាគរយទៀត ជាទុនវិនិយោគរបស់ក្រុមហ៊ុនបរទេស។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តឱ្យបាននូវអ្វី ដែលខ្លួនបានអះអាងអំពីគម្រោងព្រែកជីកហ្វូណនតេជោកន្លងមក នេះគឺជារឿងល្អ។ ទោះជាយ៉ាងណាក្ដី បណ្ឌិត រ៉ូ វណ្ណៈ ថា រដ្ឋាភិបាលគួរតែបង្ហាញតម្លាភាព និងរបាយការណ៍នៃផលប៉ះពាល់ជាសាធារណៈនៅមុនការសាងសង់ផងដែរ។
បណ្ឌិត រ៉ូ វណ្ណៈ ថ្លែងថា ការបង្ហាញតម្លាភាព និងរបាយការណ៍នៃផលប៉ះពាល់ជាសាធារណៈ គឺពិតជាមានសារសំខាន់ ដោយសារតែពលរដ្ឋ នៅតាមដងព្រែកចង់ដឹងអំពីសំណង ដែលនឹងទទួលបាន និងពលរដ្ឋទូទៅចង់ដឹងអំពីតម្លៃនៃការដឹកជញ្ជូនឆ្លងកាត់។ បណ្ឌិត រ៉ូ វណ្ណៈ ថា សហគមន៍អន្តរជាតិ ក៏ចង់ដឹងថា គម្រោងនេះនឹងមិនបម្រើផលប្រយោជន៍ចិន ឬគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ជាដើម។
បណ្ឌិត រ៉ូ វណ្ណៈ៖«ប្រសិនបើយើងប្រើប្រាស់មធ្យោបាយ ដូចជាផ្លូវល្បឿនលឿន ដូចជាការប្រើប្រាស់ព្រែកជីកហ្នឹង ទោះបីជាគម្រោងBOTក៏ដោយ ប៉ុន្តែពលរដ្ឋ ឬប្រជាពលរដ្ឋខ្មែរជាអ្នកបង់ឈ្នួល អ៊ីចឹងហើយ វាទាមទារឱ្យមានតម្លាភាព ដើម្បីធ្វើម៉េចឱ្យគម្រោងហ្នឹង វាចំណាយតិចហើយ មានប្រសិទ្ធភាពខ្ពស់ គុណភាពវាល្អ ដូចយើងមើលផ្លូវជាតិជាគំរូអ៊ីចឹង ធ្វើប៉ុន្មានឆ្នាំហើយខូច»។
ចំណែកនាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមស៊ិន សេនធើរ (Stimson Center) លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីកន្លងមកថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ ផ្ដល់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ នៃប្រទេសកម្ពុជា ប៉ុន្តែលោកមើលឃើញបញ្ហាចំនួន៥ រួមមាន ភាពមិនច្បាស់លាស់ នៃការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងការផ្លាស់ទីលំនៅរបស់ពលរដ្ឋនៅជុំវិញតំបន់គម្រោង តម្លាភាពនៃគម្រោង ការមិនឱ្យគណៈកម្មការទន្លេមេគង្គចូលមកពាក់ព័ន្ធក្នុងគម្រោងនេះ និងផលវិបាកផ្នែកភូមិសាស្ត្រនយោបាយជាដើម។
រដ្ឋាភិបាលកម្ពុជាតែងតែថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោម្ដងហើយម្ដងទៀត ជាពិសេស ក្រោយពីអ្នកជំនាញ របស់វៀតណាមវាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយ ដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងមានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនទៀតផង។
រដ្ឋាភិបាលកម្ពុជាលើកឡើងថា ការសាងសង់ព្រែកជីកនេះ គឺដើម្បីបង្កើនមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយការចំណាយ និងចម្ងាយផ្លូវដឹកជញ្ជូន ជាពិសេស គឺកាត់បន្ថយការពឹងដង្ហើមរបស់វៀតណាមដកតាមរយៈការពឹងពាក់ផ្លូវទឹករបស់វៀតណាមទៅកាន់លំហសមុទ្រអន្តរជាតិ។
ទោះជាយ៉ាងណាក្ដី សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសវៀតណាមតែងតែដាក់ការសង្ស័យទៅលើការសាងសង់ ព្រែកជីកហ្វូណនតេជោនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញថា មានគោលនយោបាយងាកទៅរកប្រទេសចិនពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោងធំៗ នៅកម្ពុជា ដែលសាងសង់ក្រោមកម្ចី នៃក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនចន្លោះពី ១ពាន់លានដុល្លារទៅ ២ពាន់លានដុល្លារនាពេលកន្លងមក រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រះលានយន្តហោះសៀមរាបអង្គរអន្តរជាតិ និងព្រះលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាលជាដើម។ គម្រោងខ្លះ ក៏បានដិតដាមដោយរឿងអាស្រូវនៃការតវ៉ា អំពើហិង្សា និងការចាប់ខ្លួនពលរដ្ឋជាច្រើននាក់ ដោយសារតែជម្លោះដីធ្លីរ៉ាំរ៉ៃផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
