កម្មករប្រមូលសំរាមស៊ីនទ្រីជាង ១ពាន់នាក់ រួមគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ស្នើសុំទូទាត់និងផ្ដល់ប្រាក់ការងារដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពរស់នៅជាមុនសិន ទើបពួកគាត់ត្រឡប់ចូលធ្វើការវិញ។ ប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលសិទ្ធិការងារ យល់ថា ក្នុងកាលៈទេសៈនេះ អាជ្ញាធរគួរគិតគូរផ្ដល់កញ្ចប់ថវិកាការងារណាមួយ ជូនពួកគាត់ ដើម្បីលើកទឹកចិត្តកម្មករប្រមូលសំរាម និងរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតឡើងវិញ។
អ្នកបើកឡានដឹកសំរាមនៃក្រុមហ៊ុនស៊ីនទ្រី លោក សឹង សុភ័ក្ត្រ ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១៣ ខែតុលា ថាក្រុមកម្មករ មានអ្នកបោសសំរាម ប្រមូល និងដឹកសំរាមជាង១ពាន់នាក់ ផ្ដិតមេដៃរួមគ្នា ដាក់ញត្តិជូនអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ស្នើសុំប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំឲ្យពួកគាត់ ដោយមានចេញលិខិតផ្លូវការ ថានឹងបើកឲ្យកម្មករនៅពេលណា ពេលនោះពួកគាត់នឹងចេញធ្វើការប្រមូលសំរាមឡើងវិញ។
លោក បញ្ជាក់ថា ការប្រកាន់ជំហរទាមទារប្រាក់ការងារនេះ ព្រោះតែកម្មករចង់ទទួលបានប្រាក់យកទៅដោះស្រាយជីវភាពរស់នៅ និងសងបំណុលគេ ។ កម្មកររូបនេះ សង្ឃឹមថា សាលារាជធានីភ្នំពេញ នឹងផ្ដល់ជូនដំណោះស្រាយការងារនេះ តាមសំណើរបស់កម្មករ៖ «ខ្ញុំចង់ឲ្យសាលារាជធានីភ្នំពេញចេញជាលិខិត ព្រមព្រៀងពួកខ្ញុំទទួលបានប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលទាមទារហ្នឹង ។ ឲ្យសាលារាជធានីភ្នំពេញថាឲ្យមកចឹង គាត់វាយត្រាឲ្យមក ។ ពួកខ្ញុំចេញធ្វើការវិញហើយ ចង់បានតែចំណុចតើ ។ តែបានលុយហើយចេញធ្វើការវិញហើយ»។
អាជីវករលក់ខោរអាវនៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញ លោកស្រី ម៉ៅ លក្ខិណា ថ្លែងថា បញ្ហាសំរាមនេះ បង្កជាក្លិនស្អុយលាយឡំនឹងទឹកភ្លៀងជន់លិចតាមដងផ្លូវនានាក្នុងទីក្រុង ចាប់តាំងពីក្រុមកម្មករធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ។ លោកស្រី យល់ថា អាជ្ញាធរនិងក្រុមហ៊ុន គួរតែគិតគូរដោះស្រាយតម្រូវការរបស់កម្មករប្រមូលសំរាម ដើម្បីកែប្រែសោភ័ណភាព និងបរិស្ថានក្នុងទីក្រុងភ្នំពេញឲ្យបានល្អប្រសើរឡើងវិញ៖ «ខាងអាជ្ញាធរគួរតែផ្ដល់លុយឲ្យគាត់ទៅ។ គាត់កម្មករគ្មានរកអីក្រៅធ្វើអនាម័យហ្នឹង។ ណាមួយទៀតគួរតែលើកទឹកចិត្តគាត់ ឲ្យគាត់បានលុយច្រើនៗទៅ។ គាត់ធ្វើហ្នឹង គឺទាក់ទងនឹងសុខភាពខ្លាំងណាស់ ។ យើងប្រជាពលរដ្ឋ គួរតែដោះស្រាយថា ភ្នំពេញយើងត្រូវធ្វើឲ្យស្អាតទាំងអស់គ្នាអ៊ីចឹង។ យើងត្រូវស្រលាញ់ប្រទេសយើងទាំងអស់គ្នា ព្រោះយើងជិះទូកតែមួយ»។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ទាំងខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ គួរមានការសម្របសម្រួលណាមួយ ដើម្បីឲ្យកម្មករប្រមូលសំរាម ជឿទុកចិត្តបានថា ពួកគាត់នឹងទទួលបានការទូរទាត់ប្រាក់ការងារនៅពេលវេលាជាក់លាក់ណាមួយ ។ លោក យល់ថា រដ្ឋអាចបញ្ចេញថវិកា ទូរទាត់ឲ្យកម្មករស៊ីនទ្រីជាង២ពាន់នាក់បាន ដើម្បីឲ្យពួកគាត់វិលចូលធ្វើការប្រមូលសំរាមដែលនៅរាយប៉ាយក្នុងទីក្រុង ចំពេលមានជំនន់ទឹកភ្លៀងបន្ថែមទៀតនេះ៖ «វាអាចខ្ទង់លើសពីរលានដុល្លារសម្រាប់កម្មករប្រមាណជាង ២ពាន់នាក់ ទៅតាមអតីតភាពការងាររបស់ពួកគាត់។ បើសិនជារដ្ឋាភិបាលមានឆន្ទៈនៅក្នុងការដោះស្រាយ ទឹកប្រាក់ប៉ុណ្ណឹង បើប្រៀបធៀបនឹងការកក់ស្ទះសំរាមរាប់ម៉ឺនតោនក្នុងរាជធានីភ្នំពេញ។ ខ្ញុំគិតថា វាគួរតែជាបញ្ហាអាទិភាព ដើម្បីធានាថា កម្មករគាត់ចូលធ្វើការងារវិញ។ គាត់ទទួលបាននូវការទូទាត់ មួយចំនួនហើយមានការធានា ហើយយើងអាចដោះស្រាយបញ្ហាសំរាមហ្នឹងទៀតសោត។ ទី៣នោះ គឺស្ថេរភាពការងាររបស់កម្មករនិយោជិក»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅល្ងាចថ្ងៃទី១៣ តុលា បានទេ ដោយលោកមិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី១២ តុលា រដ្ឋបាលសាលារាជធានីភ្នំពេញ ឲ្យដឹងតាមលិខិតជូនដំណឹងមួយថា កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម នៅតែបន្តធ្វើការទាមទារខុសច្បាប់។ សាលារាជធានីភ្នំពេញនៅតែអំពាវនាវដល់កម្មករឲ្យបញ្ឈប់ការធ្វើកូដកម្មតទៅទៀត និងវិលចូលធ្វើការតាមវេនរបស់ខ្លួនវិញ ដើម្បីកុំឲ្យបាត់អត្ថប្រយោជន៍ការងាររបស់ពួកគេដែលមានចែងក្នុងច្បាប់។
បើទោះបីជាយ៉ាងនេះក្ដី ក្រុមកម្មករស៊ីនទ្រី ប្រកាន់ជំហរថា នឹងមិនព្រមចូលធ្វើការវិញទេ ដរាបណាខាងក្រុមហ៊ុននិងសាលារាជធានីភ្នំពេញ មិនទូទាត់ប្រាក់ការងារជូនពួកគាត់ជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។