កម្មកររោងចក្រមួយឈ្មោះ ប្រេស្ទិច ហ្គាមិន (Prestige Garment) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាច្រើននាក់ បាននាំគ្នា ធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ មិនចូលធ្វើការ ទាមទារឲ្យថៅកែរោងចក្រទទួលយកសហជីព ឲ្យចូលធ្វើការវិញ។ សង្គមស៊ីវិល ឃ្លាំមើលសិទ្ធិការងារ បញ្ជាក់ថា តាមច្បាប់ការងារ ថៅកែរោងចក្រ មិនអាចបញ្ឈប់បុគ្គលិក ដោយគ្រាន់តែ ពួកគេបង្កើតសហជីពទេ ព្រោះនេះជាសិទ្ធិរបស់កម្មករ ក្នុងការបង្កើតសហជីពការពារផលប្រយោជន៍របស់ក្រុមកម្មករ។
តំណាងកម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន ដែលរងការបញ្ឈប់ គឺ លោក ហួន សុវ៉ិត។ លោក ហួន សុវ៉ិត ឲ្យដឹងថា រោងចក្រ ប្រេស្ទិច ហ្គាមិន ទើបចាប់ដំណើរការនៅ ខែឧសភា ហើយមកដល់ចុងឆ្នាំ២០១៨រោងចក្រមួយនេះ មិនទាន់មានកម្មករទេ ខណៈដែលថៅកែជនជាតិចិន តែងបានអនុវត្តច្បាប់តឹងរ៉ឹង រំលោភច្បាប់ការងារ បង្ខំឲ្យស្ត្រីមានផ្ទៃពោះ ឈប់សម្រាកបានតិចតួច បង្ខំឲ្យកម្មករថែមម៉ោង និងមិនអនុញ្ញាតឲ្យកម្មករបង្កើតសហជីព ដោយខ្លួនឯងទេ គឺ តម្រូវឲ្យរដ្ឋបាលរោងចក្រជាអ្នកបង្កើតសហជីព ទើបបាន។
លោក ហួន សុវ៉ិត អះអាងថា ការបញ្ឈប់រូបលោក រដ្ឋបាលរោងចក្រមិនបានបញ្ជាក់ហេតុផលទេ ប៉ុន្តែលោកសន្និដ្ឋានថា គឺ ភាគីរោងចក្រមិនពេញចិត្ត ព្រោះកម្មករបាននាំគ្នាបង្កើតសហជីព ដោយខ្លួនឯង ហើយបោះឆ្នោតឲ្យលោក ធ្វើជាប្រធានសហជីពនោះ៖ «គេអត់មានអីបញ្ជាក់ជាមួយយើងច្រើននោះទេ គឺគេគ្រាន់ថាគេអត់មានពាក្យអីត្រូវនិយាយជាមួយយើងច្រើនទេ គឺសំខាន់គេថាគេអត់ជឿយើង តែ តាមការពិតមិនមែនទេបងមកពីគេដឹងពួកខ្ញុំថាចង់បង្កើតសហជីពដើម្បីតវ៉ាជាមួយរោងចក្រព្រោះ រោងចក្រនេះមានបញ្ហាពុករលួយច្រើន ធ្វើបាបតែកម្មករ កាន់ជើងតែចិន ម៉ោង៤អីមានការប្រើគ្នា បង្វែរចុះចេះណា គ្នាខ្លះមានផ្ទៃពោះផង ជួនកាលប្រើគ្នាឡើងខកជើងឡានឈ្នួលដឹកកម្មកររោងចក្រ»។
រោងចក្រ ប្រេស្ទិច ហ្គាមិន ស្ថិតនៅភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោក ហួន សុវ៉ិត រៀបរាប់ថា ក្រោយពេលកម្មករ ដឹងដំណឹងថា រោងចក្របញ្ឈប់រូបលោក នៅម៉ោង កម្មករ សម្រាក ពិសាអាហារថ្ងៃត្រង់រួច គឺម៉ោងប្រមាណជាង១១ ថ្ងៃត្រង់ ថ្ងៃទី២៤ ធ្នូ កម្មករជិត១០០នាក់ ជាមួយរូបលោក បាននាំគ្នាធ្វើកូដកម្ម នៅមុខរោងចក្រ មិនព្រមចូលធ្វើការវិញទេ។ ប៉ុន្តែ ក្រោយធ្វើកូដកម្មបានបន្តិច ភាគីរោងចក្របានផ្ញើសារតាមទូរស័ព្ទ និងព្រមានផ្ទាល់មាត់ថា នឹងបញ្ឈប់រាល់កម្មករ ដែលធ្វើកូដកម្ម មិនព្រមចូលធ្វើការវិញ៖ «ដល់ពេលខ្លះពួកគាត់ព្យាយាមនិយាយបង្វែរដែរ បងដោយសារអ្នកខ្លះត្រូវបានថៅកែចិនគំរាមតាមឆាតទូរស័ព្ទ។ ពួកគាត់បានបើកសារតាមឆាតមកឲ្យខ្ញុំ ស្តាប់ចិនថា អ្នកអត់ ធ្វើការពេលថ្ងៃនឹងនៅថ្ងៃស្អែកតាសហ៊ានចូលធ្វើការវិញ ក៏គេគំរាមបញ្ឈប់វិញដែរ»។
អាស៊ីសេរី មិនមានប្រភពសុំការបំភ្លឺ ពីខាងភាគីរោងចក្រ ប្រេស្ទិច ហ្គាមិន បានទេ នៅថ្ងៃទី២៤ ធ្នូ។
ក្នុងពេលកូដកម្ម ក្រុមកម្មករនៃរោងចក្រ ប្រេស្ទិច ហ្គាមិន ក៏បានធ្វើលិខិតផ្ទេរសិទ្ធិ ដើម្បីសុំពឹងពាក់សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា ដើម្បីជួយដោះស្រាយសំណើកម្មករ ១០ចំណុច ជាមួយភាគីរោងចក្រប្រេស្ទិច ហ្គាមិន ដូចជា ជួយអន្តរាគមន៍ឲ្យរោងចក្រទទួលយកសហជីព លោក ហួន សាវ៉ិត ចូលធ្វើការវិញ ឲ្យរោងចក្រធ្វើកាតបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ឲ្យកម្មករ នៅពេលកម្មករសុំច្បាប់កន្លះថ្ងៃ ក្រុមហ៊ុន ឬរោងចក្រ មិនត្រូវកាត់លុយ ឬកាត់ថ្លៃបាយកន្លះខែរបស់កម្មករទេ នៅពេលកម្មករឈឺ មានសំបុត្រពេទ្យ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលគ្រប់ចំនួនឲ្យកម្មករ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មករថែមម៉ោងជាដើម។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធមនុស្ស និងការងារ លោក ឃុន ថារ៉ូ អះអាងថា ទាំង ច្បាប់ស្ដីពីការងារ និងច្បាប់សហជីព កម្មករមានសិទ្ធិពេលលេញក្នុងការបង្កើត អង្គការវិជ្ជាជីវៈសហជីព ក្នុងការតំណាងឲ្យកម្មករ និយោជិក ដើម្បីបម្រើផលប្រយោជន៍ស្របច្បាប់ នៅក្នុងសហគ្រាស គ្រឹះស្ថាន ដោយអនុវត្តន៍ទៅតាមនីតិវិធី។ សង្គមស៊ីវិលរូបនេះ បន្តថា មេដឹកនាំសហជីព ទទួលបានការ ការពារពិសេសដោយច្បាប់ ទាំងមុនពេលបង្កើត និងក្រោយការបង្កើតសហជីព និង ហាមឃាត់និយោជក ក្នុងការជ្រៀតជ្រែកកិច្ចការ និងសកម្មភាពរបស់សហជីព ឬរកលេសណាមួយក្នុងការបញ្ឈប់មេដឹកនាំសហជីព។ ការបង្កើតសហជីពទៀតសោត មិនតម្រូវឲ្យមានការជូនដំណឹងជាមុន ដល់និយោជកទេ និងហាមឃាត់មិនឲ្យនិយោជករើសអើងសហជីព។ ចំណែកការបញ្ឈប់មេដឹកនាំសហជីពដោយខុសនីតិវិធីច្បាប់ និយោជកមានកាតព្វកិច្ចទទួលយកមេដឹកនាំសហជីពនោះ ឲ្យចូលធ្វើការវិញ។
តំណាងកម្មករ លោក ហួន សុវ៉ិត ថា មិនចង់ឲ្យវិវាទនេះ បន្តដល់មន្ទីរការងារ ខេត្តកណ្ដាល ឬក្រសួងការងារទេ ដូច្នេះ ទាមទារឲ្យភាគីរោងចក្រ ប្រេស្ទិច ហ្គាមិន ដោះស្រាយ សំណូមពរកម្មករ និងមិនត្រូវបញ្ឈប់សហជីព ដោយគ្មានហេតុផលដូច្នេះទេ។ តំណាងកម្មកររូបនេះ ព្រមានថា ប្រសិនបើភាគីរោងចក្រ នៅតែបន្តអូសបន្លាយមិនព្រមដោះស្រាយទេ នៅថ្ងៃបន្តបន្ទាប់នឹងមានកម្មករកាន់តែច្រើន ធ្វើកូដកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។